អានអត្ថបទ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៧,៩៦៨ ដង)
ចំណុចខ្វះខាតនៃជីវិត

|
ចំណុចខ្វះខាតនៃជីវិត
ពេលខ្លះ យើងអាចកើតសេចក្ដីសង្ស័យឡើងថា បុគ្គលនោះគេល្អគ្រប់យ៉ាង ការចេះដឹង និងសមត្ថភាពផ្សេងៗទៀតក៏ល្អ ការប្រព្រឹត្តជាទូទៅក៏ល្អ ឯមុខនាទីការងារក៏ខ្ពង់ខ្ពស់ សេចក្ដីព្យាយាម ព្រមទាំងអធ្យាស្រ័យមេត្រីភាព ក៏គួរឲ្យគោរពរាបអាច ប៉ុន្តែ ហេតុដូចម្ដេចទើបគេនោះមិនចម្រើនរុងរឿងឲ្យសមនឹងការងារ មានតែរឿងរ៉ាវមិនចេះចប់ទៅវិញ ពុំនោះសោតទេ គឺមិនមានអ្នកណាឃើញដល់សេចក្ដីល្អរបស់គេទាំងនោះ ម្ដេចក៏សេចក្ដីល្អដែលគេធ្វើនោះមិនជួយគេផងហ្ន៎។ យើងអាចសង្ស័យយ៉ាងនេះក្នុងអ្នកដទៃ ពេលខ្លះក៏សង្ស័យចំពោះខ្លួនឯង។ កាលគិតរកចម្លើយត្រឹមត្រូវមិនឃើញ ក៏ត្រឡប់ជាគិតយល់ថា ធ្វើល្អមិនបានល្អ ទៅវិញ។ តាមពិតមនុស្សយើងជាទូទៅ រមែងមានល្អ ហើយក៏មិនមានល្អផងដែរ ប៉ុន្តែកាលណាមានល្អច្រើនទៅនៅក្នុងផ្នែកផ្សេងៗ យើងក៏រមែងមើលរំលងនូវអ្វីដែលមិនល្អទាំងអ្វីដែលមិនល្អនោះមាននៅក្នុងខ្លួនផងដែរ។ ដូចក្នុងករណីខាងដើមអ៊ីចឹង មនុស្សដែលយើងមើលថាល្អនោះ យើងសាកសង្កេតរកចំណុចខ្វះខាត ដែលធ្វើឲ្យគេមិនបានចម្រើនរុងរឿងក្នុងជីវិតទៅមើល យើងនឹងអាចមើលបាន ទាំងដែលចំណុចខ្វះខាតដែលយើងបានរកឃើញនោះ អាចជាចំណុចខ្វះខាតដ៏សំខាន់ខ្លះរបស់គេក៏មានដែរ គឺគេអាចល្អខាងក្ដៅដែលយើងមើលឃើញគ្រប់យ៉ាង តែគេអាចខ្វះសេចក្ដីល្អខាងក្នុង ពុំនោះសោតទេ គឺគេខ្វះសេចក្ដីល្អពីជាតិមុនមក។ ការខ្វះខាតសេចក្ដីល្អខាងក្នុង ដែលជាចំណុចខ្វះខាតខ្លាំងនោះ គឺខ្វះខាតការនឹករលឹកដល់សេចក្ដីល្អរបស់អ្នកដទៃ ព្រមទាំងទទួលយកថាជាសេចក្ដីល្អពិតហើយចារឹកទុកក្នុងបេះដូងរបស់ខ្លួន នឹងរកឱកាសតបស្នងរហូតទៅ។ កតញ្ញុតាធម៌ ចាត់ជាគុណធម៌ដ៏សំខាន់ ជាភូមិឋាននៃជីវិត បុគ្គលណាមាននូវកតញ្ញុតាធម៌ បុគ្គលនោះគឺជាអ្នកមានគ្រឹះនៃជីវិតមាំទាំ ជីវិតរបស់គេ រមែងរុងរឿងខ្ពង់ខ្ពស់តទៅ។ បុគ្គលណាខ្វះខាតនូវកតញ្ញតាធម៌ឈ្មោះថា ខ្វះខាតនូវគ្រឹះដ៏មាំទាំក្នុងជីវិត សូម្បីបុគ្គលនោះមានសេចក្ដីល្អផ្សេងៗជាខាងក្រៅមួយរយមុខក៏ដោយ បើខ្វះខាតនូវកតញ្ញុតាធម៌ហើយ គឺមិនអាចរុងរឿងទៅបានយូប៉ុន្មានឡើយ។ ដូចអគារធំៗ ដែលគ្រឹះមិនមាំទាំដូច្នោះឯង សូម្បីតាក់តែងលម្អធ្វើឲ្យស្អាតស្រស់យ៉ាងណាក៏ដោយ ថ្ងៃណាមួយមិនយូឡើងនឹងបាក់ស្រុតជាមិនខានមានអគារខ្លះសាងមិនទាន់ទាំងរួចផង ក៏ត្រូវស្រុតបាក់ទៅហើយ យ៉ាងណា មនុស្សដែលលខ្វះខាតនូវកតញ្ញុតាធម៌ក៏ឈ្មោះថាខ្វះខាតនូវគ្រឹះមាំនៃជីវិតដូចគ្នាដែរ។ ព្រោះដូច្នេះ ក្នុងករណីដែលយើងឃើញថា គេល្អគ្រប់យ៉ាង ហេតុដូចម្ដេចបានជាមិនចម្រើននោះ គឺគេអាចមានការខ្វះខាតនូវអ្វីៗ ដែលយើងមិនអាចដឹង ឬមិនអាចមើលឃើញបាន ព្រោះថាគ្រប់យ៉ាងមិនអាចកើតឡើងបានឡើយ កាលណាបើខ្វះបច្ច័យគ្រប់គ្រាន់។ កតញ្ញុតាធម៌ ត្រូវឲ្យប្រព្រឹត្តទៅដល់បុព្វការីទាំងអស់ មិនចំពោះតែមាតាបិតានោះទេ គឺយើងមិនត្រូវរមិលគុណដល់អ្នកណាៗឡើយ សូម្បីតែអ្នកដទៃដែលធ្លាប់មានគុណបន្តិចបន្តួចយ៉ាងណាក៏ដោយ ដូចជាត្រឹមតែបាយមួយដុំ ទឹកមួយផ្តិលជាដើមដែលគេបានឲ្យដល់យើងដោយទឹកចិត្ត គឺយើងត្រូវចាំទុកថា នោះជាគុណបុណ្យដែលយើងគួររកឱកាសតបស្នងឲ្យបាន យ៉ាងហោចណាស់ក៏ម្ដងដែរ យ៉ាងនេះ ទើបឈ្មោះថាជាមនុស្សល្អ។ មនុស្សយើងគ្រប់គ្នា ក៏គួរតែនឹករលឹកមើលថា តើខ្វះខាតនូវចំណុចការដឹងគុណនេះដែរឬទេ កុំចេះតែសង្ស័យថាក្រែងធ្វើល្អមិនបានល្អនោះ ធ្វើជាមនុស្សត្រូវតែយល់ពីហេតុផល។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |