អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤២០ ដង)
ពិចារណាដោយវិធីចែកធាតុ

|
ពិចារណាដោយវិធីចែកធាតុ
ការពិចារណាបែបនេះ ជាការបដិបត្តិកៀកជិតនឹងវិបស្សនា ឬយកការចេះដឹងខាងវិបស្សនាវិជ្ជាមកប្រើជាប្រយោជន៍ បានដល់ការសម្លឹងមើលជីវិតនេះ សម្លឹងមើល សត្វបុគ្គល យើង គេ តាមសេចក្ដីពិតថា ត្រឹមតែជាគ្រឿងប្រកបផ្សំទាំងឡាយ។ ដោយធាតុទាំងឡាយផ្សេងៗប្រជុំចូលគ្នាហើយ ក៏សន្មតហៅគ្នាទៅថាមនុស្ស ហៅថាសត្វជាយើង ជាគេ ជាបុរស ជាស្ត្រីជាដើមអ៊ីចឹងទៅ។ បើនឹងចង្អុលបង្ហាញថា ត្រង់ណាជាមនុស្ស ជាសត្វ ជាយើង ជាគេ គឺរកមិនឃើញឡើយ ឃើញមានត្រឹមតែធាតុទាំងឡាយដូចជាធាតុរឹងខ្លះ ធាតុរាវខ្លះជាដើម ឬជារូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ តែប៉ុណ្ណោះឯង ឬពុំនោះសោត ក៏ជាអាយតនៈ មានភ្នែក ត្រចៀក ច្រមុះ ជាបសាទរូប និងអាយតនៈខាងក្រៅ ជារូប សម្លេង ក្លិន ជាដើម រួមមកគឺរូបធម៌ខ្លះនាមធម៌ខ្លះ។ កាលពិចារណាទៅតាមសេចក្ដីពិត បានចែកឲ្យជាចំណែកៗដូចនេះហើយ យើងរកអ្នកដែលយើងក្រោធនោះពុំឃើញឡើយ យើងរកអ្នកដែលយើងក្រោធនោះពុំឃើញឡើយ តើអ្នកក្រោធនឹងអ្វី? ក្រោធនឹង សក់ សរសៃ ឆ្អឹង ក្រោធនឹងរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ឬក៏ក្រោធនឹងអ្វីផ្សេងទៀត? ទីបំផុតក៏រកទំតាំងនៃសេចក្ដីក្រោធមិនបាន គឺមិនមានអ្វី ដែលសម្រាប់ឲ្យសេចក្ដីក្រោធចាប់តោងឡើយ។
មនុស្សយើងដែលចេះតែឈ្លោះគ្នា ស្អប់គ្នា គុំគួនគ្នា ព្រោះមិនបានមើលឲ្យឃើញដល់ធាតុពិតៗ ក្នុងខ្លួនម្នាក់ៗ រវល់តែជាប់ជំពាក់ប្រកាន់ថាជាអ្នកនេះ ថាជាអ្នកនោះ ម្ល៉ោះហើយបញ្ហាម៉ឺនសែនជំពូកនៅក្នុងខ្លួនម្នាក់ៗ ដោះស្រាយមិនចេះអស់។ អ្វីៗទាំងអស់សុទ្ធតែជាសភាវៈពិត ជាការពិត ជាសច្ចធម៌ ប៉ុន្តែដោយអំណាចនៃសេចក្ដីល្ងង់គឺអវិជ្ជា ក៏សំគាល់នូវការពិតខ្លះថាជាគ្រឿងនាំឲ្យរីករាយ ឯការពិតខ្លះទៀត ក៏សំគាល់ថាជាបញ្ហា។ កាលបើសំគាល់ថាជាបញ្ហាហើយ ក៏ខ្វាយខ្វល់ ភ័យព្រួយ ឬក៏ខឹងក្រោធហ្នឹងឯង។ ទោះជាយ៉ាងណាក៏ដោយ មនុស្សយើងដែលមិនបានអប់រំចម្រើនបញ្ញា មិនអាចពិចារណាចែកធាតុទៅបានទេ ឬគ្រាន់តែចែកទៅតាមការដែលបានស្ដាប់ បានអានមកប៉ុណ្ណោះ ដោយមើលមិនឃើញតាមសេចក្ដីពិតឡើយ ដូច្នេះហើយ ការកែខៃសេចក្ដីក្រោធដែលកើតឡើង រមែងមិនបានសម្រេច បើយ៉ាងនេះ គប្បីមានដំណើរការតាមវិធីជាបន្តទៀត។ ដកស្រង់ចេញពីសៀវភៅ វិធីរម្ងាប់សេចក្ដីក្រោធ ដោយ៥០០០ឆ្នាំ |