អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣៩៧ ដង)
ព្រហ្មយានពិតប្រាកដ

|
ព្រហ្មយានពិតប្រាកដ
វីតសោកត្ថេរៈ បានសន្សំបុណ្យទុកមកតាំងពីភពមុនៗ ក្នុង ព្រះសាសនានៃព្រះពុទ្ធសិទ្ធត្ថៈបានកើតក្នុងត្រកូលព្រាហ្មណ៍ សិក្សា សម្រេចក្នុងវិជ្ជា និង សិល្បសាស្ត្ររបស់ព្រាហ្មណ៍ ហើយលះបង់ កាមទាំងឡាយ បួសជាតាបសនៅក្នុងព្រៃ ។ ពេលមួយ បានដឹង ដំណឹងអំពីការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ក៏មានចិត្តរំភើប រីករាយ ហើយគិតថា ការបានចូលគាល់ព្រះសម្មាសម្ពុទ្ធ ជាការក្រ ណាស់ ដូច្នេះ យើងគួរចូលគាល់ព្រះអង្គក្នុងកាលឥឡូវនេះ ។ នៅ សល់តែមួយយោជន៍កន្លះទៀតប៉ុណ្ណោះ នឹងបានគាល់ព្រះពុទ្ធអង្គ ស្រាប់តែកើតខ្យល់ចាប់ធ្វើកាលកិរិយា នៅតាមផ្លូវនោះឯង ។ ដោយសញ្ញាដែលបញ្ជូនទៅហើយក្នុងព្រះពុទ្ធ ព្រះតាបសបាន កើតក្នុងទេវលោក ។ ចុះឡើងក្នុងទេវតានិងមនុស្សទាំងឡាយ ជា ច្រើនជាតិ ទើបជាតិចុងក្រោយនេះ កើតជាប្អូនប្រុសពៅបង្អស់ របស់ព្រះបាទធម្មាសោក មានព្រះនាមថា វីតសោកៈ ។ វីតសោករាជកុមារ ចម្រើនវយហើយ ក៏បានដល់នូវសេចក្តី សម្រេចក្នុងវិជ្ជា និង សិល្បសាស្ត្រ ដោយបានសិក្សារួមគ្នានឹង ខត្តិយកុមារទាំងឡាយ ថែមទាំងបានសិក្សានូវព្រះសុត្តន្តបិដក និង ព្រះអភិធម្មបិដក ទាំងដែលខ្លួននៅជាគ្រហស្ថ ដោយអាស្រ័យ ព្រះគិរិទត្តត្ថេរៈ ។ ថ្ងៃមួយបានទទួលកញ្ចក់អំពីដៃនៃជាងកាត់សក់ ក្នុងវេលាដាក់ព្រះមស្សុ (កោរពុកមាត់ពុកចង្កា ) បានសម្លឹងមើល ព្រះវរកាយ ឃើញមានស្បែកជ្រួញ សក់ស្កូវជាដើម ក៏ស្លុតសង្វេគ ញ៉ាំងចិត្តឱ្យធ្លាក់ចុះក្នុងវិបស្សនា លើកឡើងកាន់ភាវនាជាព្រះសោតាបន្ន លើអាសនៈនោះឯង បន្ទាប់មកក៏ចូលកាន់ផ្នួសក្នុង សម្នាក់ព្រះគិរិទត្តត្ថេរៈ ហើយសម្រេចព្រះអរហត្តក្នុងកាលមិនជា យូរប៉ុន្មានឡើយ ។ ក្នុងបិដកលេខ ៥៦,ទំព័រ ១៨៣ ព្រះវីតសោកត្ថេរៈ បាន សម្តែងថា ៖ កាលដែលកប្បកបុរស (ជាងកាត់សក់ ) ចូលមករកយើង ដោយគិតថា នឹងកាត់សក់របស់យើង ទើបយើងទទួលយកកញ្ចក់ អំពីដៃនៃកប្បកបុរសនោះ ហើយឆ្លុះមើលសរីរៈ ។ រាងកាយ ប្រាកដជារបស់ទទេ ភាពងងឹតគឺអវិជ្ជាក្នុងកាយនេះ ដែលជាដើម ហេតុនៃអំពើល្ងង់ខ្លៅ បានប្រាសចេញហើយ កិលេសដូចជាសំពត់ ចាស់ដែលដាច់ដាច ឬដូចជាពួកចោរ ដោយសេចក្តីថាលួចប្លន់នូវ កុសល យើងបានផ្តាច់ចោលហើយ ឥឡូវនេះ ភពថ្មីមិនមានទេ ។ ព្រះថេរគាថា អស់ត្រឹមប៉ុណ្ណេះ រឿងរ៉ាវនៃជីវិតរបស់ ព្រះវីតសោកត្ថេរៈ បង្ហាញឱ្យយល់ថា កំពុងឆ្លុះកញ្ចក់ សតិប្បដ្ឋាន ក៏កើតឡើងបាន ព្រហ្មយានដ៏ប្រសើរបានមកដល់ក្នុងខណៈនោះ បុគ្គលនោះ ជាអ្នកប្រាជ្ញ អាស្រ័យព្រហ្មយានចេញចាកលោក ។ នៅសង្ស័យទៀតទេ អ្វីជាតួបដិបត្តិ ? មិនមែនត្រង់នៅស្រុក ឬនៅព្រៃ ឬក៏នៅត្រង់ធ្វើអ្វីៗដែល ជាការខុសប្រក្រតីនៃជីវិតនោះទេ ។ បដិបត្តិធម៌ គឺបានដល់ បាន ដឹង បានឃើញ នូវធម៌ពិតជាបរមត្ថ ជាសភាវធម៌នៅក្នុងលោក ៦ លោកឯណានីមួយ មានលោកភ្នែកជាដើម ។ បដិបត្តិធម៌បាន ឃើញលោកសូន្យចាកមនុស្ស សត្វ វត្ថុ និង កន្លែងណាៗទាំងអស់ រូបារម្មណ៍ជាសភាវរូបក្នុងលោកភ្នែក ទោះជាចិត្តក្នុងមនោទ្វារគិត ថាជាមនុស្ស ឬវត្ថុនេះនោះ ឬក៏ជាទីក្រុង ជាវាលស្រែ ជាព្រៃ ជា អ្វីក៏ដោយ តែរូបជាសភាវៈប្រាកដក្នុងលោកភ្នែក មិនមែនសំឡេង មិនមែនក្លិន មិនមែនរស មិនមែនផោដ្ឋព្វៈ និង មិនមែនជាចក្ខុវិញ្ញាណដែលជាតួឃើញរូបនោះឡើយ ។ បដិបត្តិធម៌ដំបូង គឺកម្ចាត់អត្តសញ្ញា នៅពេលដែលបរមត្ថធម៌ប្រាកដដល់បដិបត្តិធម៌នោះ ។ បដិបត្តិធម៌គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ និង សម្មាសមាធិ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសតិភាគ១៦ រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |