អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៨៤០ ដង)
វិជ្ជាចរណសម្បន្នោ

|
វិជ្ជាចរណសម្បន្នោ
ព្រះនាមទី ៣ របស់ព្រះអង្គគឺ « វិជ្ជាចរណសម្បន្នោ » វិជ្ជាចរណសម្បន្នោ ទ្រង់ព្រះនាមថា វិជ្ជាចរណសម្បន្នោ ព្រោះព្រះអង្គបរិបូណ៌ដោយវិជ្ជា៣ វិជ្ជា៨ និងចរណៈ១៥។ វិជ្ជា ៣ គឺ ១- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពីជាតិមុនៗ ២- ចុតូបបាតវិជ្ជា វិជ្ជាដឹងនូវចុតិ បដិសន្ធិ របស់មនុស្សសត្វ ៣- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការអស់អាសវៈ។ វិជ្ជា ៨ យ៉ាង គឺ៖ ១- វិបស្សនាវិជ្ជា វិជ្ជាពិចារណានូវនាម និងរូប ២- មនោមយិទ្ធិវិជ្ជា វិជ្ជាឫទ្ធិសម្រេចបានតាមចិត្ត ៣- ឥទ្ធិវិធវិជ្ជា វិជ្ជាសម្ដែងឫទ្ធិបាន ៤- ទិព្វសោតវិជ្ជា វិជ្ជាបានត្រចៀកទិព្វ ៥- ទិព្វចក្ខុវិជ្ជា វិជ្ជាបានភ្នែកទិព្វ ៦- បុព្វេនិវាសានុស្សតិវិជ្ជា វិជ្ជាដឹងកំណើតពីជាតិមុន ៧- អាសវក្ខយវិជ្ជា វិជ្ជាដឹងនូវការអស់អាសវៈ ៨- ចេតោបរិយញ្ញាណវិជ្ជា វិជ្ជាដឹងនូវចិត្តអ្នកដទៃ។ ចរណៈ ១៥ មានបីពួក គឺ៖ ១- ពួកសីល ២- ពួកព្រះសទ្ធម្ម ៣- ពួកឈាន សីលចែកជា ៤ យ៉ាងគឺ៖ ១- សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល និច្ចសីល ឧបោសថសីល អតិរេកសីល និង ចតុបារិសុទ្ធិសីល។ ២- ឥន្ទ្រិយសំវរៈ សង្រួមក្នុងឥន្ទ្រីយ៍ទាំង ៦ គឺចក្ខុន្ទ្រីយ៍ សោតិន្ទ្រីយ៍ ឃានិន្ទ្រីយ៍ ជិវ្ហិន្ទ្រីយ៍ កាយិន្ទ្រីយ៍ និងមនិន្ទ្រីយ៍។ ៣- ភោជនេ មត្តញ្ញុតា ដឹងប្រមាណក្នុងអាហារភោជន។ ៤- ជាគរិយានុយោគៈ ប្រកបរឿយៗ ក្នុងការភ្ញាក់រឭក។ ព្រះសទ្ធម្មមាន ៧ យ៉ាងគឺ៖ ១- សទ្ធា ជឿគុណព្រះរតនត្រ័យ ២- ហិរិ ខ្មាសបាប ៣- ឱត្តប្បៈ ខ្ពើមបាប ៤- ពហុសច្ចៈ ភាពជាអ្នករៀនចេះចាំច្រើន ៥- វិរិយៈ ព្យាយាម ៦- សតិ រឭកដឹង ៧- បញ្ញា ប្រាជ្ញាដឹងខុសត្រូវ។ ឈានមាន ៤ យ៉ាងគឺ៖ ១- បឋមជ្ឈាន ២- ទុតិយជ្ឈាន ៣- តតិយជ្ឈាន ៤- ចតុត្ថជ្ឈាន។ បឋមជ្ឈានមានអង្គ ៥ គឺ៖ ១- វិតក្កៈ ត្រិះរិះក្នុងអារម្មណ៍ ២- វិចារៈ ពិចារណាក្នុងអារម្មណ៍ ៣- បីតិ ពេញចិត្តក្នុងអារម្មណ៍ ៤- សុខៈ ងាយស្រួលក្នុងអារម្មណ៍ ៥- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។ ទុតិយជ្ឈានមានអង្គ ៤ គឺ៖ ១- វិចារៈ ពិចារណាអារម្មណ៍ ២- បីតិ ពេញចិត្តក្នុងអារម្មណ៍ ៣- សុខៈ ងាយស្រួលក្នុងអារម្មណ៍ ៤- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។ តតិយជ្ឈានមានអង្គ ៣ គឺ៖ ១- បីតិ ពេញចិត្តក្នុងអារម្មណ៍ ២- សុខៈ ងាយស្រួលក្នុងអារម្មណ៍ ៣- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។ ចតុត្ថជ្ឈានមានអង្គ ២ គឺ៖ ១- សុខៈ ងាយស្រួលក្នុងអារម្មណ៍ ២- ឯកគ្គតា ចិត្តមូលក្នុងអារម្មណ៍។ ព្រះគុណនេះ សំដៅយកព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ។ វិជ្ជាប្រែថា ការចេះដឹង ការយល់ប្លែក និងការចោះទម្លុះនូវអវិជ្ជា។ ពាក្យថា វិជ្ជាបានដល់វិជ្ជា ៣ និងវិជ្ជា ៨ ដែលបានរៀបរាប់ រួចហើយ។ ចរណៈ ប្រែថា ការប្រព្រឹត្តធម៌ជាគ្រឿងត្រាច់ទៅ។ ចរណៈនេះ សំដៅយកចរិយា ឬសីលធម៌របស់ព្រះសម្មាសម្ពុទ្ធដែលតែងតែមាន ចំពោះព្រះពុទ្ធគ្រប់ព្រះអង្គ មួយទៀតចរណៈនេះបានដល់ការប្រព្រឹត្តជាហេតុ ដើម្បីបាននូវផល គឺវិជ្ជា ព្រោះថា វិជ្ជា ៣ វិជ្ជា ៨ ទុកថាជាលទ្ធផលរបស់ព្រះអង្គ ដែលទ្រង់បានមកដោយចរណៈជាហេតុ។ ចរណៈនេះ លោកចែកចេញជា ១៥ យ៉ាងដូចបានរៀបរាប់ហើយ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ៥០០០ឆ្នាំ |