អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៧៤៥ ដង)
មិត្តរួមសុខទុក្ខ

|
មិត្តរួមសុខទុក្ខ
មិត្តល្អជំពូកទី ២ ជាមិត្តរួមសុខទុក្ខមានលក្ខណៈ ៤ យ៉ាងគឺ ១- គុយ្ហមស្ស អាចិក្ខតិ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត មនុស្សយើងម្នាក់ៗដែលនៅមានកិលេស គង់ជួបប្រទះនូវរឿងដែលនាំឲ្យកង្វល់ក្នុងចិត្ត បើយើងលាក់រឿងនោះមិនឲ្យអ្នកដទៃជួយដោះស្រាយ វាអាចយើងខ្លួនឯងដោះមិនចេញ មានខ្លះប្រព្រឹត្តអំពើផ្ដេសផ្ដាសឲ្យដល់ខ្លួនឯងទៀតផង ប៉ុន្តែបើចេះតែនិយាយប្រាប់ដល់មនុស្សមិនរើសមុខ វាអាចកាន់តែធ្ងន់ធ្ងរ ដូច្នេះដែលល្អបំផុតគឺមិត្តមានសន្ដានចិត្តល្អ មិត្តរួមសុខទុក្ខជាមួយយើង កាលដែលមិត្តល្អរបស់យើងបានដឹងហើយ គេមិនធ្វើព្រងើយឡើយ គេមានឧបាយដោះស្រាយ និងវិធីលួងលោមចិត្តយើងច្រើនយ៉ាង សម្រាប់ឲ្យយើងជាមិត្តល្អជាមួយអ្នកណា យើងត្រូវប្រាប់នូវអាថ៌កំបាំងរបស់យើងដល់អ្នកនោះ។ ការមិនមានរោគជាលាភយ៉ាងប្រសើរ សេចក្ដីសន្ដោសតាមមានតាមបានជាទ្រព្យដ៏ប្រសើរ ការសិ្នទ្ធស្នាលនឹងគ្នាជាញាតិដ៏ប្រពៃ ព្រះនិព្វានជាបរមសុខ។ ការបានឃើញនូវព្រះអរិយបុគ្គលទាំងឡាយ ជាការប្រពៃការនៅរួមជាមួយព្រះអរិយបុគ្គលទាំងនោះ នាំឲ្យកើតនូវសេចក្ដីសុខគ្រប់គ្រា គ្រប់វេលា បុគ្គលដែលអាចបាននូវសេចក្ដីសុខ ជានិច្ចកាលពិតប្រាកដ ព្រោះមិនបានជួបនូវសេចក្ដីសុខ ជានិច្ចកាលពិតប្រាកដ ព្រោះមិនបានជួបប្រទះនូវបុគ្គលពាលទាំងឡាយព្រោះថា បុគ្គលដែលត្រាច់រួមគឺសមាគមជាមួយជនពាល រមែងសោកសៅអស់កាលដ៏យូរអង្វែង ការនៅរួមជាមួយបុគ្គលពាលទាំងឡាយ ជាហេតុនាំឲ្យកើតទុក្ខជាប់ជានិច្ច ដូចជាការនៅរួមជាមួយនឹងសត្រូវ យ៉ាងនោះដែរ ចំណែកអ្នកមានបញ្ញាមានការនៅរួមជាមួយអ្នកប្រាជ្ញ រមែងជាសុខ ដូចការសមាគមគ្នានៃពពួកញាតិ អ៊ីចឹងដែរ។ អ្នកទាំងឡាយ ចូរសេពគប់ជាមួយនឹងអ្នកប្រាជ្ញ អ្នកមានបញ្ញាជាពហុស្សូត ជាអ្នកខ្មីឃ្មាតក្នុងការងារជាប្រក្រតី មានចរិយាវត្តល្អប្រពៃ ជាព្រះអរិយៈ ជាសប្បុរសមានបញ្ញាឈ្លាសវាងវៃ ឲ្យបានជាប់លាប់ជាអចិន្ត្រៃយ៍ បីដូចជាព្រះចន្ទដែលត្រាច់ទៅតាមផ្លូវដែលគេហៅថាផ្លូវនក្ខឫក្ស ដូច្នោះឯង។ ២- គុយ្ហមស្ស បរិគុយ្ហតិ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត មិត្តល្អប្រៀបបីដូចជាសំពត់រុំកាយ ឬប្រៀបដូចជាឪពុកម្ដាយដែលរក្សាកូនរបស់ខ្លួនយ៉ាងនោះឯង ពោលគឺមានចិត្តស្មោះត្រង់ មិនមានក្នុងផ្សេង ឯក្រៅផ្សេងនោះឡើយ ហើយហ៊ានពោលជំទាស់នឹងអ្នកដទៃ ដែលគេនិយាយអ្វីៗអាក្រក់ៗ រឿងនេះរឿងនោះ ខុសខ្លះត្រូវខ្លះ ដែលជារឿងរ៉ាវផ្ទាល់ខ្លួនរបស់សម្លាញ់។ តាមពិតរឿងអាថ៌កំបាំង មិនមែនសុទ្ធតែរឿងអាក្រក់ទាំងអស់នោះទេ រឿងល្អក៏មានដែរ ប៉ុន្តែជារឿងបាបកម្មអំពើខុសឆ្គាំឆ្គងរបស់ខ្លួនឯង គឺខ្លួនឯងមិនត្រូវលាក់ មិនត្រូវបិទបាំងទុកទេ ព្រោះវានាំឲ្យសៅហ្មងចិត្ត នៅពេលជិតស្លាប់យ៉ាងហោចក៏ត្រូវប្រាប់ដល់មិត្តរួមសុខទុក្ខរបស់ខ្លួនដែរ តែបើវាជារឿងរបស់អ្នកដទៃវវិញនោះ មិនត្រូវរើជជុះខ្វេះកកាយ ហែកកេរ្តិ៍បង្ហាញខ្មាស ដោយចង់ឲ្យអ្នកផ្សេងៗដឹងនោះឡើយ។ ទោសអ្នកដទៃមើលឃើញបានដោយងាយ សូម្បីតែតិចតួចឬតូចតាចក៏ដោយ ឯទោសរបស់ខ្លួនឯងវិញ មើលឃើញដោយលំបាក ទោះជាកំហុសនោះធំប៉ុនណាក៏មើលឃើញដែរ ព្រោះថាបុគ្គលនោះរមែងទម្លាក់ទោសដល់ជនដទៃ ដូចជាគេបោចអង្កាមបញ្ច្រាសខ្យល់ យ៉ាងនោះឯង ប៉ុន្តែគេរមែងបិទបាំងនូវទោសរបស់ខ្លួន ដូចជាព្រានព្រៃ បិទបាំងរាងកាយដោយគ្រឿងបិទបាំងផ្សេងៗ ក្នុងពេលរង់ចាំចាប់សត្វ ដូច្នោះដែរ។ ៣- អាបទាសុ ន វិជហតិ មិនបោះបង់មិត្តក្នុងគ្រាមានវិបត្តិ នៅពេលយើងមានភ័យ ឬវិបត្តិធំតូចអ្វីមួយនោះ មិត្តរួមសុខទុក្ខមិនលះបង់ចោលយើងឡើយ គឺនៅរាប់អានជាមិត្ត នៅជិតដិតនៅជួយលើកស្ទួយយើង នៅជាទីពឹង បីដូចជាអាវធំក្រាស់ក្នុងរដូវរងារ។ រឿងសំខាន់នៅត្រង់ការអប់រំចិត្ត តាមពិត មិនមានអ្វីគ្រប់គ្រាន់សម្រាប់យើងឡើយ បើយើងមិនរៀនឲ្យចេះល្មមនោះទេ ដូចជាទ្រព្យសម្បត្តិជាដើម ទ្រព្យសម្បត្តិដែលប្រសើរពិតមិនមែននៅលើច្រើនឬល្អៗ ចាក់គរយកទៅណាមិនអស់នោះឡើយ ប៉ុន្តែបើម្ចាស់ទ្រព្យចេះល្មមតាមមាន តាមបាន ចំពោះសម្បត្តិដែលបានមកប្រកបដោយធម៌នោះ ទោះជាសម្បត្តិនុះតិចក៏ដោយ ក៏ឈ្មោះថាជាទ្រព្យដ៏ប្រសើរក្រៃលែង ត្រង់កន្លែងនេះមិនងាយមនុស្សបានឃើញឡើយ ព្រោះលាភច្រើនពេក សម្លឹងទៅរកតែទ្រព្យសម្បត្តិមាសប្រាក់ច្រើនៗ ទុកឲ្យខ្លួនឯងក្រមួយជីវិត មកអំពីមិនចេះគ្រប់គ្រាន់នោះឯង។ មនុស្សខ្លះមានសម្បត្តិច្រើន ប៉ុន្តែជំពាក់បំណុលគេមិនតិចឡើយ ជំពាក់ទាំងជីវិតគេទៀតផង ព្រោះហេតុតែមិនចេះសន្ដោសចំពោះទ្រព្យ ល្មោភក្នុងសម្បត្តិ ក៏ប្រព្រឹត្តការកេងប្រវ័ញ្ចកាប់សម្លាប់លួចប្លន់ ។ល។ មនុស្សខ្លះទៀត ដល់ពេលមានបានមានបុណ្យមានស័ក្តិ ក៏បំភ្លេចមិត្តសម្លាញ់ ដែលធ្លាប់រួមសុខរួមទុក្ខ ថែមទាំងធ្លាប់មាននូវឧបការៈផ្សេងៗទៀតផងនោះ ចោលអស់រលីង មនុស្សរបៀបនេះនឹងមានកម្មពៀរ គឺមិនអាចមានមិត្តល្អតទៅទបានឡើយ។ ភ្នំមាសសុទ្ធដល់ទៅពីរ ក៏មិនអាចញ៉ាំងឲ្យមនុស្សមិនសន្ដោសម្នាក់ គ្រប់គ្រាន់បានឡើយ បុគ្គលដឹងសេចក្ដីនោះហើយគប្បីប្រព្រឹត្តឲ្យដឹងប្រមាណ។ កាលបើសេចក្ដីត្រូវការកើតឡើងហើយ មិត្តសម្លាញ់ទាំងឡាយនាំសេចក្ដីសុខមកឲ្យ សេចក្ដីសន្ដោសចំពោះបច្ច័យ តាមមានតាមបាន នាំសេចក្ដីសុខមកឲ្យ មនុស្សយើងគួរតែចាប់ផ្ដើមចម្រើននូវសេចក្ដីស្ងប់ ពីឥឡូវនេះទៅ បើចេះតែរង់ចាំ ក្រែងលោគ្មានពេល សេចក្ដីស្ងប់ជាសុខយ៉ាងប្រសើរបំផុត។
៤- ជីវិតំបិស្ស អត្ថាយ បរិច្ចត្តំ ហោតិ សូម្បីជីវិតក៏ហ៊ានលះបង់ ដើម្បីប្រយោជន៍របស់មិត្ត ឬមិនគិតដល់ជីវិតរបស់ខ្លួន ក្នុងកិច្ចការងារដែលត្រូវជួយមិត្ត។ មិត្តល្អកម្ររក ផ្ទុយមកវិញមានមនុស្សខ្លះ ព្រោះហេតុតែមានប្រាក់ ហ៊ានលះបង់ញាតិមិត្ត ព្រោះដើម្បីកិត្តិយសនិងការសរសើរ សូម្បីម៉ែឪឯងក៏ហ៊ានសម្លាប់ មិនចាំបាច់និយាយដល់អ្នកដទៃទៀតឡើយ។ តាមពិតកិត្តិយសរបស់មនុស្ស នៅត្រង់ការមានសីល មានពាក្យសម្ដីហ្មត់ចត់ស្រស់ល្អដូចផ្កា មានប្រាជ្ញាវាងវៃ កិរិយាប្រព្រឹត្តឱនលំទោនជាប្រក្រតី មិនរឹងត្អឹង ម្យ៉ាងទៀតបុគ្គលបានយសព្រោះព្យាយាមរវៀសរវៃ មិនខ្ជិលច្រអូស មិនញាប់ញ័រក្នុងអន្តរាយទាំងឡាយដែលមកដល់ខ្លួន ឈ្លាសវៃក្នុងការងារ មានប្រព្រឹត្តិជាប់តគ្នាជានិច្ចគឺមិនដាច់សេចក្ដីតស៊ូ ដោយឡែកទៀតបុគ្គលបានយសព្រោះចេះសង្គ្រោះ ជាអ្នកចងមិត្តបានល្អ ពោលយ៉ាងណាធ្វើយ៉ាងនោះ ប្រាសចាកសេចក្ដីកំណាញ់ និងជាអ្នកចេះដឹងនាំពន្យល់ហេតុការណ៍ផ្សេងៗ ជាអ្នកណែនាំអប់រំរឿយៗដល់អ្នកដទៃ។ ដើម្បីបានជាមនុស្សល្អ ត្រូវចេះដាសតឿនខ្លួនដោយខ្លួនឯង ធ្វើជាតម្រួតម្នាក់ត្រួតខ្លួនឯង ដោយកុំចាំបាច់ទាល់តែគេត្រួតកាលបើយ៉ាងនេះឈ្មោះថា គ្រប់គ្រង់ខ្លួនឯងបាន បុគ្គលណាគ្រប់គ្រងរក្សាខ្លួនឯងបាន បុគ្គលនោះជាអ្នកមានសតិ ជាធម្មតាបុគ្គលមានសតិមាំទាំ រមែងនៅជាសុខគ្រប់ឥរិយាបទទាំង ៤។ មានតែខ្លួនឯងប៉ុណ្ណោះ ដែលអាចជាទីពឹងឲ្យខ្លួនឯងបានព្រោះថាអ្នកដទៃមិនអាចលះបង់នូវកិលេសឲ្យយើងបានទេ ហេតុដូច្នេះហើយ បុគ្គលមានស្មារតី គប្បីរក្សាខ្លួនឲ្យបានល្អ ដាច់ខាតកុំបោះបង់ខ្លួនឯងចោល ក្នុងព្រៃជ្រៅគឺអវិជ្ជាឲ្យសោះ ព្រោះបើអត់អំពីខ្លួនឯងទៅមិនមានអ្នកណាមកជួយយើង ជំនួសយើងបានឡើយ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |