អានអត្ថបទ
ផ្សាយ : ២៩ តុលា ឆ្នាំ២០២០ (អាន: ១៧,៨២៩ ដង)
ខ្លួនជាទីស្រឡាញ់នៃខ្លួនឯង

|
កូនជាទីស្រឡាញ់! ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា (បើបុគ្គលបានដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួន គប្បីរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អ) ។ ពាក្យថា (ខ្លួន) ក្នុងទីនេះ បានដល់ដំណើរជីវិតរបស់យើង ដំណើរជីវិតគឺជាក្រសែរបស់ចិត្ត ដូច្នេះដែលថារក្សាខ្លួន បានដល់ការរក្សាចិត្តហ្នឹងឯង ។ ពាក្យថា (រក្សាខ្លួន) បានសេចក្តីថារក្សាចិត្តទូន្មានចិត្តគ្រប់គ្រងដំណើរជីវិត អប់រំព្រហ្មចរិយធម៌ ឲ្យមានភាពភ្លឺ ស្វាងរុងរឿង និងឲ្យបានជួបប្រសព្វចំពោះសេចក្តីសុខក្សេមក្សាន្ត ។
ឪពុកម្តាយបានបញ្ជាក់ប្រាប់កូនហើយ ថាកូនត្រូវប្រយ័ត្នចំពោះគំនិតគិតចង់បានសប្បាយ ព្រោះបើមិនបានប្រយ័ត្នចំពោះគំនិតនេះទេ វានឹងនាំឲ្យកូនរកការសប្បាយក្នុងផ្លូវបិសាច ហើយកូនត្រូវប្រយ័ត្នចំពោះចិត្តស្រឡាញ់របស់កូនរៀងរាល់ថ្ងៃទៀតផង ទោះជាស្រឡាញ់អ្វីក៏ដោយព្រោះចិត្តស្រឡាញ់នាំឲ្យមានការហួងហែង ការហួងហែងជាមាត់ជ្រោះដ៏រអិល គឺថាវាងាយនឹងធ្វើឲ្យកូនធ្លាក់ចុះទៅក្នុងជម្លោះឈ្លោះទាស់ទែង ពោលនូវពាក្យអាក្រក់ ពាក្យកុហកពាក្យញុះញង់ និងប្រព្រឹត្តការបៀតបៀនដោយអំពើឃោរឃៅផ្សេងៗណាស់ ។ បើកូនដឹងថា ខ្លួនជាទីស្រឡាញ់របស់ខ្លួនកូនពិតប្រាកដហើយកូនត្រូវប្រយ័ត្នប្រយែងឲ្យណាស់ ចំពោះកិលេសដែលមានក្នុងចិត្តកូនខ្លួនឯង ។ កូនត្រូវពិចារណានូវព្រះពុទ្ធភាសិតមួយបាទនេះ ចិត្ថំ គុត្ថំ សុខាវហំ ព្យាយាមដេញខ្មាំងពីចិត្តសន្តានគ្រប់គ្រងស្ងួនចិត្តដោយ កម្មកល្យាណ នាំសុខមកបានក្សេមក្សាន្តពេកក្រៃ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
|