អានអត្ថបទ
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៨,១៦៦ ដង)
អនុភាពនៃការអនុមោទនាបុណ្យ

|
វិហារវិមាន
ព្រះអនុរុទ្ធត្ថេរសួរថា ម្នាលទេវតា នាងមានសម្បុរដ៏រុងរឿង ។ល។ ដូចផ្កាយព្រឹក កាលនាងកំពុងរាំនោះសម្លេងទិព្វទាំងឡាយ គួរស្តាប់ គួររីករាយ នៃចិត្ត រមែងលាន់ឮ អំពីអវយវៈតូចធំដោយសព្វគ្រប់ កាលដែលនាងកំពុងរាំនោះ ក្លិនទិព្វទាំងឡាយ មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត រមែងផ្សាយចេញអំពីអវយវៈតូចធំ ដោយសព្វគ្រប់ កាលនាងងាកកាយ គ្រឿងប្រដាប់ទាំងឡាយឰដ៏ផ្នូងសក់ ក៏ឮសូរគឹកកង ដូចតូរ្យតន្រ្តីប្រកបដោយអង្គ ៥ គ្រឿងប្រដាប់ត្រចៀក ត្រូវខ្យល់បក់ប៉ះ ក៏កម្រើកដោយខ្យល់ ឮសូរគឹកកងដូចតូរ្យតន្ត្រី ប្រកបដោយអង្គ ៥ ផ្កាកម្រងណាឰសិរ្សៈរបស់នាង មានក្លិនក្រអូប ជាទីរីករាយនៃចិត្ត (ក្លិននៃផ្កាកម្រងនោះ) រមែងផ្សាយទៅសព្វទិស ដូចដើមឪឡោក នាងតែធុំក្លិនក្រអូបនោះ តែងឃើញរូប ដែលមិនមែនជារបស់មនុស្ស ម្នាលទេវតា អាត្មាសួរហើយ នាងចូរប្រាប់ នេះ ជាផលនៃកម្មអ្វី ។ ទេវតាឆ្លើយថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន (នាងវិសាខា) ជាសម្លាញ់របស់ខ្ញុំ បានឲ្យជាងធ្វើមហាវិហារទៀបក្រុងសាវត្ថីឧទ្ទិសចំពោះសង្ឃ ខ្ញុំជ្រះថ្លា រីករាយ ចំពោះវិហារនោះ ព្រោះឃើញនូវផ្ទះគឺវិហារ ជាទីស្រឡាញ់នេះ ទើបវិមានដែលខ្ញុំបានហើយ ដោយអនុមោទនា ដ៏បរិសុទ្ធនោះឯង ជាវត្ថុអស្ចារ្យ គួររមិលមើល ក៏ខ្ពស់ទៅឰដ៏អាកាស អស់១៦យោជន៍ជុំវិញ ដោយបុញ្ញរឹទ្ធិនៃខ្ញុំ ផ្ទះកំពូល ជាលំនៅរបស់ខ្ញុំ ដូចគេចែកដោយចំណែកស្មើគ្នា រុងរឿងទូទៅអស់ ១០០យោជន៍ជុំវិញ ឯស្រះបោក្ខរណី ទាំងឡាយ របស់ខ្ញុំ ក្នុងទីនេះ ដែលពួកត្រីទិព្វនៅអាស្រ័យហើយ មានទឹករងថ្លាក្រាលដោយខ្សាច់មាស ដេរដាសដោយឈូកផ្សេងៗ ធ្លូកដោយឈូកសទាំងឡាយ មានក្លិនក្រអូប ជាទីគាប់ចិត្ត ដែលខ្យល់បក់ផ្សាយទៅ ដើមព្រីង ខ្នុរ ត្នោត ដូង ព្រៃនិងឈើផ្សេងៗ ទាំងឡាយ ដុះជិតលំនៅ ខាងក្នុង មិនបាច់ដាំឡើយ (វិមាននោះ)សឹង រងំដោយតូរ្យតន្រ្តីផ្សេងៗ គឹកកង ដោយពួកស្រី្តអប្សរ ទោះជនណា ឃើញ ខ្ញុំក្នុងការយល់សប្តិ ជននោះឯង គង់ត្រេកអរ វិមានបែបនេះ ជាទីអស្ចារ្យ គួររមិលមើល ភ្លឺព្រោងព្រាត ដោយសព្វគ្រប់ កើតឡើង ដោយបុញ្ញកម្មទាំងឡាយរបស់ខ្ញុំ បុគ្គលគួរធ្វើនូវបុណ្យទាំងឡាយ ។ ព្រះអនុរុទ្ធត្ថេរសួរថា វិមានដែលនាងបានហើយ ដោយអនុមោទនា ដ៏បរិសុទ្ធនោះ ឯង ជាទីអស្ចារ្យ គួររមិលមើល ម៉្យាងទៀត នារីណា បានឲ្យនូវទាន នាងចូរប្រាប់នូវគតិ របស់នារីនោះ តើទៅកើតក្នុងទីណា ។ ទេវតាឆ្លើយថា បពិត្រលោកដ៏ចម្រើន ស្រីសំឡាញ់របស់ខ្ញុំណាបានឲ្យជាងធ្វើមហាវិហារដើម្បីសង្ឃ ស្រីសំឡាញ់នោះ (គឺនាងវិសាខា) ជាស្រ្តីមានធម៌ ដឹងច្បាស់ បានឲ្យទានហើយ បានទៅកើតក្នុងទេវលោកជាន់ និម្មានរតី បានជាបជាបតីនៃទេវរាជ ឈ្មោះសុនិមិ្មត លោកម្ចាស់សួររក នូវនារីណាថា នារីនោះទៅកើតក្នុងទីណា ផលនៃកម្មរបស់នារីនោះ គប្បីគិតឡើយ ។ បពិត្រលោកដ៏ចម្រើន ខ្ញុំបានដោះស្រាយ តាមសេចក្តីពិត មិនប្រែប្រួល ព្រោះហេតុនោះ លោកម្ចាស់ចូរបបួលពួកជនដទៃ ថា អ្នកទាំងឡាយ ចូរត្រេកអរឲ្យទានចំពោះសង្ឃផង អ្នកទាំងឡាយចូរមានចិត្តជ្រះថ្លា ស្តាប់ធម៌ផង ការបានអត្តភាពជាមនុស្ស ដែលគេកម្របាន ដោយងាយ អ្នកទាំងឡាយ ក៏បានហើយ ព្រះពុទ្ធ មានសម្លេងដូចព្រហ្ម មានព្រះចម្មាដូចមាស ជាអធិបតីក្នុងផ្លូវ បានសម្លែងនូវទាន ជាផ្លូវណា ទក្ខិណាទាន (ដែលបុគ្គលឲ្យហើយ) ចំពោះសង្ឃណា ជាទានមានផលច្រើន អ្នកទាំងឡាយ ចូរត្រេកអរឲ្យទានទាំងឡាយ (នោះ)ចំពោះសង្ឃ (នោះ) ចុះ បុគ្គលទាំងឡាយណា ៨ ពួកដែលសប្បុរសទាំងឡាយ សរសើរហើយ បើរាប់ជាគូរបាន ៤គូ បុគ្គលទាំងឡាយនោះ ជាសាវ័កនៃព្រះសុគត លោកគួរដល់ទក្ខិណាទាន ទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនុ៎ះ ជាទានមានផលច្រើន បុគ្គល ៤ ពួក តាំងនៅក្នុងមគ្គ បុគ្គល ៤ ពួកតាំងនៅក្នុងផល នេះឈ្មោះថាព្រះសង្ឃ លោកប្រតិបត្តិត្រង់ ប្រកបដោយបញ្ញានិងសីល បុណ្យឲ្យផល ក្នុងបច្ចុប្បន្ន ដែលពួកសត្វជាមនុស្សប្រាថ្នា នូវបុណ្យកាលបូជាកាលធ្វើ បានឲ្យហើយចំពោះសង្ឃ ជាទានមានផលច្រើន ព្រោះថា ព្រះសង្ឃនុ៎ះ ជាព្រះសង្ឃមានគុណ ធំទូលាយ ព្រះសង្ឃនុ៎ះ ដូចជាសាគរ ដែលទ្រទ្រង់នូវទឹក មានជម្រៅរាប់មិនបាន ពួកសាវ័កអ្នកមានសេចក្តីព្យាយាម ប្រសើរជាងនរៈទាំងនេះ ជាអ្នកប្រសើរមែនពិត ជាអ្នកធ្វើនូវពន្លឺ គឺញាណ សម្តែងនូវធម៌ ពួកសត្វណាបានឲ្យទាន ឧទ្ទិសចំពោះសង្ឃ (ទាននោះ) ឈ្មោះថា ពួកសត្វទាំងនោះ បានឲ្យល្អហើយ បូជាតូច ល្អហើយ បូជាធំ ល្អ ហើយ សង្ឃគតា ទក្ខិណាទាននោះ ដែលបុគ្គលដំកល់ទុកល្អហើយជាទាន មានផលច្រើន ដែលព្រះពុទ្ធទ្រង់ជ្រាបច្បាស់ នូវលោក ទ្រង់ត្រាស់សរសើរហើយថា ជនទាំងឡាយណា កាលរឮករឿយនូវបុណ្យ ប្រាកដដូច្នោះ រមែងកើតសេចក្តីត្រេកអរ ត្រាច់រង្គាត់ទៅក្នុងលោក ជនទាំងនោះ កម្ចាត់បង់នូវមន្ទិល គឺសេចក្តីកំណាញ់ ព្រមទាំងឬស ជាអ្នកមិនមានគេតិះដៀលបាន រមែងទៅកាន់ឋានសួគ៌ ។ ចប់វិហារវិមាន ដកស្រង់ពីព្រះត្រៃបិដក ភាគ ៥៥ ទំព័រ ៩១-៩៥ ដោយ៥០០០ឆ្នាំ |