images/articles/2679/erere455pic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦៤,៤៧៧ ដង)
ជីវិតគឺលំបាកខ្លាំងណាស់ទៅហើយ ហេតុនេះមិនត្រូវធ្វើចិត្តឲ្យតានតឹងថែមទៀតទេ ការធ្វើចិត្តឲ្យធូរស្រាល ( កុំគិតច្រើន ) ជីវិតក៏បានធូរស្បើយមួយកំរិតដែរ ។ នឿយជាមួយការងារត្រូវទ្រាំ នឿយជាមួយមនុស្សត្រូវរឹងមាំ មិនអាចបង្ហាញភាពទន់ជ្រាយឲ្យគេបានឃើញជាដាច់ខាត ! ។ ត្រូវដាស់តឿនខ្លួនឯងជាប់ជានិច្ចថា « បើព្រមដួល មានតែគេជាន់ថែមតែប៉ុណ្ណោះ » ។ ពេលខ្លះជីវិតគឺពិតជាមានការហត់នឿយណាស់ សឹងតែលែងចង់បោះជំហានទៅមុខ តែបើយើងធ្វើបែបនេះគឺមិនបានទេ ព្រោះជីវិតនេះមិនមែនជារបស់យើងតែម្នាក់ឯណា ហេតុនេះត្រូវតែសម្រេចចិត្តដើរទៅមុខទៀត ! អញដួលមិនបានទេ ! គ្មានអ្នកណារឹងមាំជាងខ្លួនឯងទេ គ្មានជាដាច់ខាត កុំរវល់តែមើលឆ្វេងស្តាំភ្លេចគិតពីខ្លួនឯង ! ។ រំឡឹករឿងចាស់ ពេលប៉ះរឿងថ្មី តែអ្វីៗមិនប្រែប្រួលទេ !
វិធាន៨យ៉ាងគួរយល់ដឹង ៖
១_ភាពរីករាយមិនមែនមានអារម្មណ៍តែមួយទេ តែវាចាំបាច់ណាស់សម្រាប់ជីវិត
២_ជោគជ័យមិនមែនមានន័យថារីករាយទេ
៣_គំនិតមើលមិនឃើញ តែវាសំខាន់ជាងអ្វីៗទាំងអស់
៤_ត្រូវអន្តរាគមជាមុនកុំចាំដោះស្រាយបញ្ហាតាមក្រោយ
៥_ដួលគឺត្រូវក្រោកឡើងដោយខ្លួនឯង បើមិនក្រោកគេនឹងជាន់ថែម
៦_ត្រូវចេះសុំជំនួយពីមនុស្សនិងចក្រវាឡនៅពេលជួបបញ្ហាដែលដោះស្រាយមិនចេញ
៧_ជីវិតគឺទទួលបានពីការស្លាប់ទេ !
៨_សេចក្តីស្រឡាញ់នៅក្នុងលោកមានច្រើនប្រភេទ តែវត្ថុុមួយគេមិនដែលស្រឡាញ់បានពីរដងឡើយ ចាំណា ! បើគេស្អប់ហើយ ចង់មានក្តីស្រឡាញ់ជាថ្មីគឺវាមិនដូចមុនឡើយ។ចានដីបែក បើចង់ប៉ះភ្ជិតទៅវិញ ការយកដីមកប៉ះវាមិនអាចទៅរួចឡើយ ទាល់តែយកមាសពេជ្រមកប៉ះទើបទៅរួច ! យ៉ាងណាមិញ សេចក្តីស្រឡាញ់សាជាថ្មីបើនៅតែប្រើស្ទីលចាស់វាមិនអាចទៅរួចទេ ទាល់តែដូរស្តាយថ្មី ! ! ! ។
ការចាកចេញពីផែនដីគួរមានកេរ្តិ៍ដំណែលដ៏ពិតប្រាកដ នោះគឺអំពើល្អដែលអាចគង់វង់នៅយូរអង្វែងបាន សេចក្តីស្លាប់គឺជាចំនួនថេរនៅលើអ័ក្សសនិទាន ដែលមានពិសោធលើរាងកាយនៅចុងបញ្ចប់នៃជីវិត ប៉ុន្តែនិរន្តរភាពគឺកេរ្តិ៍ឈ្មោះល្អ កុំភ្លេចណា ! ជីវិតគឺជាអ្វីដែលកំពុងរស់នៅឥឡូវនេះ ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2684/______xtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១២,០៧៩ ដង)
មុនពេលព្រះជិនស្រីយាងចូលបរមនិព្វានព្រះអង្គបានត្រាស់សង្ខេបនូវធម្មទេសនាទាំងបីពោធិកាលមានអត្ថន័យសំខាន់ពីរយ៉ាងគឺៈ
១- កុំប្រើជីវិតក្នុងក្តីប្រមាទៈ សង្ខារធម៌ទាំងឡាយមិនទៀង អ្នកទាំងឡាយ ចូរកុំមានក្តីប្រមាទឡើយ ចូរប្រើជីវិតប្រកបដោយប្រយោជន៍!
២- សេចក្តីសន្ទិះសង្ស័យៈ ម្នាលភិក្ខុទាំងឡាយ ! តើនៅមានសេចក្តីសង្ស័យចំពោះកិច្ចបដិបត្តិព្រះធម៌ឬទេ ចូរកុំធ្វើអ្វីទាំងនៅមានក្តីសង្ស័យមិនដាច់ស្រេច ចូរសួរមកចុះ ។ បើភិក្ខុណាមិនហ៌ានចូលមក ចូរចាត់គ្នាមក ការធ្វើអ្វីដោយក្តីសង្ស័យ មិនត្រឹមតែមិនបានប្រយោជន៍ប៉ុណ្ណោះទេ នៅមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ! ។
សរុបមកធម្មទេសនា៤៥ឆ្នាំ គឺមានខ្លឹមសារពីរយ៉ាងដូច្នេះឯង គឺការរស់នៅត្រូវប្រកបដោយសតិប្រុងស្មារតីកុំឲ្យមានការប្រព្រឹត្តិខុស និងការធ្វើអ្វីៗត្រូវចេះឲ្យប្រាកដ ពុំនោះទេ អាចមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងដល់អ្នកដទៃ ! នេះជាបណ្តាំរបស់បុគ្គលត្រាស់ដឹង និងជាអគ្គបុគ្គលក្នុងលោកមុនពេលយាងចូលបរមនិព្វាន ! ។
ចូរកុំប្រើជីវិតក្នុងក្តីប្រមាទ គឺព្រះមានព្រះភាគ ទ្រង់ត្រាស់បង្គាប់ ឲ្យរក្សាសីល ដែលសីលនោះជាបទដ្ឋាននៃសមាធិ ហើយអប់រំចិត្តដោយសមាធិជាបទដ្ឋាននៃវិបស្សនា ។បើពោលឲ្យខ្លីគឺអប់រំចំរើនក្នុងសតិប្បដ្ឋាន៤ ណាមួយទៅតាមចរិតអាធ្យាស្រ័យរៀងៗខ្លួន ។ យើងជាពុទ្ធបុត្រ មាតាបិតារបស់យើងលោកបរិនិព្វានអស់ទៅហើយ ! ព្រះរាហុលជាម្ចាស់បងរបស់យើងក៏លោកបរិនិព្វានទៅហើយដែរ យើងមិនគួរមានការធ្វេសប្រហែសមិនមានការគ្រប់គ្រងសតិស្មារតីឲ្យបានល្អនោះទេ ជាការមិនគួរសោះឡើយ ព្រោះមិនសក្តិសមនឹងធម្មទាយាទ ! សូមតាំងស្មារតីប្រុងប្រយ័ត្ន កំចាត់អកុសលគ្រប់វិនាទីពីក្នុងចិត្ត ។
មាគា៌រំលត់ទុក្ខ គឺនិព្វាននាំឲ្យរលត់ធម៌ បីយ៉ាងៈ
១- រលត់អវិជ្ជាៈ គឺរលត់ដោយបញ្ញាដែលជាញាណដឹងដ៏ក្រៃលែង
២- រលត់កិលេសៈ ដោយកម្លាំង សីល សមាធិ វិបស្សនា នៅក្នុងអរិយមគ្គ
៣- រលត់ទុក្ខៈ គឺជាដំណោះស្រាយដល់ឬសគល់នៃបញ្ហា បានដល់ការលែងកើតទៀត នេះគឺជាគោលដៅខ្ពស់បំផុតក្នុងពុទ្ធសាសនា ។
ប្រភពហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2685/_________tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៨,០៣៦ ដង)
ផលរបស់អាហារ៤តើដូចម្តេច?
១- ដុំអាហារនាំឲ្យកើតរូប
២- ផស្សាហារនាំឲ្យកើតវេទនា
៣- មនោសញ្ចេតនាហារនាំភពមកឲ្យ
៤- វិញ្ញាណាហារ នាំឲ្យកើតនាមរូបពេលបដិសន្ធិ (វិញ្ញាណជាបច្ច័យដល់នាមរូប) ។ ដើម្បីកុំឲ្យវិញ្ញាណមានកំសួល ឬចំហាយផ្សាយចេញទៅកើតទៀត (ឋាមពលរបស់វាគឺចេតនានិងតណ្ហា) ឲ្យតែនៅមានចេតនានិងតណ្ហាគឺនៅតែកើតទៀត ការចូលនិរោធគឺដើម្បីនិរោធវិញ្ញាណឲ្យស្ងប់កុំឲ្យរំជួល រួចហើយចំរើនធម៌លះឧបាទានដោយបញ្ញា ទើបពេលវិញ្ញាណផ្សាយចេញវា ចាប់រ៉ាដាភពមិនបាន ។
អាហារ៤នាំមកនូវភ័យ៤យ៉ាងៈ
១- កវឡឹង្ការាហារឬដុំអាហារជាដើមៈនាំមកនូវភ័យដោយការស្វែងរកនិងការប្រាថ្នា ។
២- ផស្សាហារៈកើតភ័យព្រោះការជាប់ជំពាក់ ឧ- ធ្លាប់ដេកក្នុងម៉ាសីុនត្រជាក់ អត់មិនបាន ។
៣- មនោសញ្ចេតនាហារៈអង្គធម៌បានដល់ចេតនា ការប្រមូលមក ការសន្សំកម្ម គឺការពេញចិត្តប៉ងប្រាថ្នានាំមកនូវភពនិងជាតិកំណើត។
៤- វិញ្ញាណាហារៈភ័យគឺការធ្លាក់ចុះកាន់កំណើត(បដិសន្ធិ)។លោកនេះសត្វគង់វង់ព្រោះអាហារ វិនាសទៅក៏ព្រោះតែអាហារ ការស្គាល់អាហារបច្ច័យគឺជារឿងសំខាន់ណាស់ ធម៌មួយចំរើនឡើងព្រោះតែអាហារ ធម៌មួយរលត់ទៅក៏ព្រោះតែអាហារ សំរួមជាអាហាររបស់សតិ ការមិនសំរួមនាំឲ្យរលត់សតិ ឬ ជាអាហាររបស់នីវរណៈ៥ជាដើម។
ភូតនិងសម្ភវេសីៈ
ភូតៈគឺជាវិញ្ញាណពួកសត្វដែលបានកាន់យកកំណើតហើយ ដែលអាចជាមនុស្សឬអមនុស្ស (សត្វក្រៅពីមនុស្សមានរុក្ខទេវតាជាដើម) ។ ឧ- ភូតៈទាំងឡាយដែលនៅតាមគេហដ្ឋានក្តី តាមអាកាសក្តី តាមដើមឈើក្តី តាមជ្រោះជ្រលងគិរីបព្វតា ។ ព្រះពុទ្ធបង្ហាត់ឲ្យចេះទាក់ទងជាមួយភូតទាំងឡាយថា ៖ ភូតៈទាំងឡាយ ! ចូរអ្នកកុំបីមានការធ្វេសប្រហែសឡើយ ចូរតាមបីបាច់រក្សាមនុស្សល្អ មនុស្សស្គាល់គុណស្គាល់ទោសឲ្យបានរួចផុតពីមហន្តរាយផ្សេងៗ។ល។
សម្ភវេសីៈ ពួកសត្វកំពុងស្វែងរកភពគឺទីកើត ហៅថាសម្ភវេសី។ខ្មោចតៃហោងដែលស្លាប់ភ្លាមៗ គឺសម្ភវេសី ឬ វិញ្ញាណរបស់គាត់នៅមិនទាន់រកភពឃើញ ទើបនៅបង្ហាញនិមិត្តរឿយៗឲ្យគេឃើញ មនុស្សនាំគ្នាហៅថាខ្មោចលង ។ ខ្មោចលងតែមនុស្សដែលមានក្រយៅឲ្យខ្មោចលងបាន ឬជួបវិញ្ញាណណាដែលកាចៗ ពួកគេពឹងលើគ្រាប់អេលិចត្រុងក្នុងលំហអាកាស នៃកាំរស្មីព្រះអាទិត្យ ហើយប្រើឋាមពលវិញ្ញាណស្រូបម្រមូលឲ្យកើតជាស្រមោលរូបរាងឡើង ធ្វើឲ្យភ្នែកយើងមើលឃើញតែស្ទាបប៉ះមិនបាន ដូចមើលភាពយន្ត ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2689/876pic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧៦,៥០៤ ដង)
សួរថា ព្រះពោធិសត្វបានទៅកាន់ទេវលោកអស់វារៈប៉ុន្មានដង ដោយអត្តភាពជាមនុស្ស ?
ឆ្លើយថា ព្រះពោធិសត្វទៅកាន់ទេវលោកអស់វារៈ ៤ ដង ដោយអត្តភាពជាមនុស្ស គឺ ក្នុងកាលទ្រង់នៅជាព្រះបាទមន្ធាតុចក្រពត្រាធិរាជ ១ ក្នុងកាលនៅជាព្រះបាទសាធិនរាជ ១ ក្នុងកាលនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ ១ ក្នុងកាលនៅជាព្រះបាទនិមិរាជ ១ ។
ព្រះពោធិសត្វនោះកាលនៅជាព្រះបាទមន្ធាតុ ទ្រង់អាស្រ័យនៅក្នុងទេវលោកអស់កាលរាប់ចំនួនឆ្នាំមិនបាន ក្នុងពេលដែលព្រះអង្គនៅក្នុងទេវលោកនោះ សក្កទេវរាជចុតិអស់ ៣៦ អង្គ ។ កាលព្រះពោធិសត្វនៅជាព្រះបាទសាធិនរាជ ទ្រង់នៅអស់ ៧ ថ្ងៃ ត្រូវជា ៧០០ ឆ្នាំ ដោយការរាប់ឆ្នាំរបស់មនុស្ស ។ កាលព្រះពោធិសត្វនៅជាគុត្តិលវីណាវាទកព្រាហ្មណ៍ និង ព្រះបាទនិមិរាជ ទ្រង់នៅអស់ប្រមាណមួយរំពេច ត្រូវជា ៧ ថ្ងៃ ដោយការរាប់ថ្ងៃរបស់មនុស្សលោក ។
(បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក រាជវគ្គ មឃទេវសូត្រ)
ដោយខេមរ អភិធម្មាវតារ
ដោយ៥០០០ឆ្នាំ
images/articles/2691/8765tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦៨,៩៣៨ ដង)
១. មិនបានទូលសួរ ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ឯសិក្ខាបទទាំងឡាយដែលតូចៗដោយលំដាប់ គឺសិក្ខាបទណាខ្លះ ។
២. ជាន់ដេរសំពត់វស្សិកសាដករបស់ព្រះមានព្រះភាគ ។
៣. ឲ្យមាតុគ្រាមថ្វាយបង្គំព្រះសរីរៈនៃព្រះមានព្រះភាគមុនគេ កាលដែលមាតុគ្រាមទាំងនោះយំទួញសោក ធ្វើសរីរៈនៃព្រះមានព្រះភាគឲ្យប្រឡាក់ដោយទឹកភ្នែក ។
៤. កាលព្រះមានព្រះភាគកំពុងធ្វើនិមិត្តជាឱឡារិក (បញ្ឆិតបញ្ឆៀង) និងធ្វើឱកាស (បំភ្លឺ ហេតុ) ជាឱឡារិក លោកមិនបានអារាធនាព្រះមានព្រះភាគថា សូមព្រះមានព្រះភាគគង់ នៅអស់មួយកប្ប (កំណត់អាយុ) ។
៥. ធ្វើសេចក្ដីខ្វល់ខ្វាយឲ្យមាតុគ្រាមបានបព្វជ្ជាក្នុងធម្មវិន័យ ។
កំហុសទាំង ៥ ដែលព្រះថេរៈទាំងឡាយលើកឡើងនេះ គ្រាន់តែលើកឡើងដើម្បីឲ្យព្រះអានន្ទទទួលស្គាល់ថាជា អំពើមិនល្អ ដែលមានក្នុងបទថា ឥទន្តេ អានន្ទ ទុក្កដំ នែអាវុសោ អានន្ទ នេះជាអំពីមិនល្អរបស់លោក ។ មិនមែនព្រះថេរៈទាំងឡាយដាក់ឲ្យព្រះអានន្ទត្រូវអាបត្តិទុក្កដ ហើយឲ្យព្រះអានន្ទសម្ដែងអាបត្តិទុក្កដទេ ។
(វិនយបិដក ចូឡវគ្គ បញ្ចសតិកក្ខន្ធកៈ បិដកលេខ ១១ ទំព័រ ៣៦៩)
ដោយ៥០០០ឆ្នាំ
images/articles/2693/75fpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤៧,៤២៧ ដង)
ក្នុងអរិយសច្ចៈ៤ មូលហេតុនៃទុក្ខព្រះមានព្រះភាគត្រាស់សម្តែងសង្ខេបថា « គឺឧបាទានក្ខ័ន្ធ៥ ជាមេទុក្ខ » ហេតុនេះបើយើងចង់បានក្តីសុខពិតប្រាកដ ត្រូវខំលះឧបាទានដែលប្រែមកថា លះការប្រកាន់មាំ ! ។ តើឧបាទាននោះមានអ្វីខ្លះ ? ព្រះពុទ្ធបានត្រាស់ពន្យល់ទៀតថា ឧបាទានមាន៤យ៉ាង តើអ្វីខ្លះ ?
១- កាមុបាទានៈ លោភៈជាប់ជំពាក់ក្នុងកាម ដែលមានកិលេសកាម និង វត្ថុកាម ត្រូវលះបង់ចេញ ។
២- សីលព្វត្តុបាទានៈ ការប្រកាន់មាំក្នុងផ្លូវខុស ធ្វើខ្លួនដូចគោ ដូចសុនខ ថាជាផ្លូវរួចចាកទុក្ខ បំពេញមិច្ឆាសីលប្រាសចាកមគ្គមានអង្គ៨ជាដើម ។
៣- អត្តវាទុបាទានៈ ការប្រកាន់មាំក្នុងតួខ្លួន គឺសក្កាយទិដ្ឋិ ប្រកាន់ថា រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ជារបស់ខ្លួន មានតួខ្លួននៅក្នុងខន្ធ៥ (មានព្រលឹងទៀងទាត់នៅក្នុងខ្លួនដែលមិនប្រែប្រួលតាមកម្ម) ។
៤- ទិដ្ឋុបាទានៈ ការប្រកាន់មាំក្នុងទិដ្ឋិ ប្រកាន់ថាការយល់ឃើញរបស់ខ្លួនសុទ្ធតែត្រឹមត្រូវជាងគេ ជាប់ប្រកាន់ក្នុងគំនិតទាំងពួងដែលគ្មានហេតុផល ប្រកាន់ស្អិតក្នុងគំនិតខ្លួនឯង ។
លះឧបាទានតាមទ្វារទាំង៦ លះការគិត ការជាប់ជំពាក់ ការអាល័យ ការខឹងក្រោធជាមួយលោកនេះ ឲ្យបានទើបផុតទុក្ខ បើលះមិនបានទេមិនរួចពីភពបី កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ និងសត្តាវាស៩ ដែលសរុបមកត្រឹមតែភព ជាតិកំណើតដែលមានតែទុក្ខនេះទេ ! តស៊ូព្យាយាមឡើង ! កុំរវល់តែទើសជាមួយអ្នកដទៃ ត្រូវទើសជាមួយខ្លួនឯងជានិច្ចបានរួចចាកទុក្ខបាន ! ។
ប្រភព ហ្វេសប៊ុកThong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2697/_________xtpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២២,៦១០ ដង)
កំចាត់ចោលភាពអាត្មានិយមកាន់តែច្រើន អំណាចអ្នកនឹងកាន់តែខ្លាំង ! ស្វែងរកការចាប់ផ្តើមវាគ្មានទីបញ្ចប់ទេ កុំអនុញ្ញាត្តិឲ្យការភ័យខ្លាចមករំខានការងារត្រឹមត្រូវរបស់អ្នកឲ្យសោះ ។ របស់សព្វយ៉ាងដែលយើងកំពុងតែពេញចិត្ត និងមិនពេញចិត្ត វាគ្រាន់តែជាគ្រឿងផ្សំមកពីដី ទឹក ភ្លើង ខ្យល់ តែប៉ុណ្ណោះ បើអ្នកមិនបានពិចារណាឲ្យរឿយៗទេ អ្នកនឹងជាប់ជំពាក់ កាលបើជាប់ជំពាក់អ្នកមិនអាចចាកចេញពីលោកនេះបានឡើយ ។
អំពើអាក្រក់នៅក្នុងលោក បើទោះជាមនុស្សអាក្រក់ឲ្យតំលៃ ក៏វានៅតែជាអំពើអាក្រក់ ដែលសូម្បីតែមនុស្សអាក្រក់ដូចគ្នាក៏ស្អប់ខ្ពើម ព្រោះវាជាអំពើថោកទាប អំពើល្អទោះជាអ្នកណាមិនឲ្យតំលៃក៏នៅតែអាចកំចាត់សភាវៈអាក្រក់បានដែរ ។ និរន្តរភាពក្នុងលោកគឺជាអន្តរកម្មរវាង អំពើល្អនិងអំពើអាក្រក់ដែលប្រយុទ្ធដើម្បីសាងអត្ថិភាពនៃលោករៀងៗខ្លួន បើនិយាយឲ្យដល់ទីជំរៅ ជីវិតគឺជាសមរភូមិនៃអាតូមនេះឯង ! ។ កុំ ដប់យ៉ាងនាំចិត្តឲ្យរីករាយ !
១- កុំប្រៀបធៀបៈ បើចង់ប្រៀបធៀបត្រូវគិតឲ្យឃើញថាខ្លួនខ្លាំង កុំប្រៀបធៀបឲ្យឃើញថាខ្លួនអន់ថោកទាបទន់ខ្សោយជាងគេ ។
២- កុំប្រកួតប្រជែងៈ លទ្ធផលរបស់វានាំមកតែភាពក្តៅក្រហាយតែប៉ុណ្ណោះ ។
៣- កុំរិះគន់ៈ វាជាអំពើរបស់មនុស្សទន់ខ្សោយទេ ជីវិតគ្មានអ្វីទៀងទាត់ឡើយ កង់ត្រាចកង់ធ្នង់ ម្តងគេម្តងយើងទេ ។
៤- កុំខឹងច្រើនៈ វាបានត្រឹមតែបំផ្លាញខ្លួនឯង វាគ្មានបានជួយអ្វីដល់យើងឡើយ មិនចាំបាច់ខឹងក៏គេដោះស្រាយបញ្ហាបានដែរ ។
៥- កុំសោកស្តាយៈ រឿងកន្លងហួសគឺវាហួសអស់ទៅហើយ យើងអាចកែប្រែបានគឺនៅថ្ងៃខាងមុខដើម្បីកុំឲ្យមានកំហុសតទៅទៀត ។
៦- កុំបារម្ភច្រើនៈ ក្តីបារម្ភមិនបានជួយឲ្យបញ្ហានៅថ្ងៃស្អែកធូរស្រាលនោះទេ វាបានត្រឹមតែលួចយកភាពរីករាយនៅថ្ងៃនេះទៅតែប៉ុណ្ណោះ បើដេកឲ្យលក់ភ្ញាក់ឡើងមានកម្លាំងទុកដោះស្រាយបញ្ហានៅថ្ងៃស្អែកវិញល្អជាង ។
៧- កុំស្តីបន្ទោសៈ ឲ្យតែជាមនុស្សគឺនៅតែមានកំហុសជាធម្មតា គេខុសហើយគេក៏ចេះឈឺចាប់នឹងកំហុសនេះដែរ យើងមិនចាំបាច់ស្តីបន្ទោសបន្ថែមទៀតនោះទេ ជួយគ្នាស្វែងរកដំណោះស្រាយកែប្រែកំហុសវិញល្អជាង ។
៨- កុំតូចចិត្ត កុំបន្ទោសខ្លួនឯងៈ វាជារោគសញ្ញាធ្លាក់ទឹកចិត្តដែលនាំឲ្យខូចសុខភាពផ្លូវចិត្តខ្លួនឯងទេ ក្រោកឈរឡើង ហើយបន្តដំណើរទៅមុខទៀត លោកនេះមិនមែនត្រូវបញ្ចប់តែត្រឹមនេះទេ ។
៩- កុំភ័យខ្លាចៈ វាមិនបានជួយឲ្យបញ្ហាបានធូរស្រាលនោះទេ វាកាន់តែធ្វើឲ្យបញ្ហាធំឡើងតែប៉ុណ្ណោះ ដោយសារការភ័យខ្លាច វានាំយើងឲ្យធ្វើខុសក៏មាន ឲ្យគ្រោះថ្នាក់ក៏មាន ។
១០- ធ្វើចិត្តឲ្យរីករាយ សើចដោយការពេញចិត្តយ៉ាងតិចបានម្តងក្នុងមួយថ្ងៃ ពិសេសនៅពេលអ្នកមិនអាចព្រលែងចោលរឿងខាងលើណាមួយបាន ! ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2698/_________tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤១,០៨៥ ដង)
កម្លាំងចិត្ត៥យ៉ាងយកឈ្នះការឈឺចាប់នៅពេលជិតស្លាប់ និងជួយបិទអបាយភូមិ៖
១- តាំងចិត្តកាត់ផ្តាច់ការអាល័យលោកនេះ
២- រក្សាចិត្តឲ្យស្ងប់កុំជ្រួលច្របល់ ដកដង្ហើមឲ្យស្រួល ដើម្បីឆ្លងកាត់ដំណាក់កាលនេះឲ្យបានល្អ នេះជាបទពិសោធចុងក្រោយក្នុងអត្តភាពរបស់យើង។
៣- ប្រមូលផ្តុំសេចក្តីល្អនៅក្នុងចិត្ត ចូលកាន់កម្មដ្ឋានបង្អែកដែលខ្លួនមាន(វសី ស្ទាត់ថ្នឹក)ឬក៏ រំលឹកគុណព្រះរតនៈត្រ័យ ដោយការភាវនា ពុទ្ធោៗ ឬ អរហំជាដើម។
៤- ប្រមូលសតិពិនិត្យខ្យល់ដង្ហើមដើម្បីបន្ថយទុក្ខវេទនាដែលប្រព្រឹត្តិទៅតាមផ្លូវកាយ ហើយប្រគល់អ្វីៗអោយកម្មដំណើរការចុះ។
៥- ឃុំគ្រងចិត្តឲ្យនៅដាច់តែឯង កាត់ផ្តាច់ពីអ្វីៗទាំងអស់ កុំតោងរឿងរ៉ាវខាងក្រៅ យកខ្លួនជាទីពឹងមួយមុខគត់។មានអ្វីកើតឡើង អារម្មណ៍សោកស្តាយក្តី អារម្មណ៍អាល័យក្តី ព្រះពុទ្ធត្រាស់ថា ការមិនប្រកាន់អារម្មណ៍នេះហើយជានិព្វាន ! សូមប្រគល់អ្វីៗអោយកម្មចាត់ចែងយើងនឹងអស់កង្វល់ ! ។
ការបានស្គាល់សច្ចៈធម៌នាំឲ្យមានការបញ្ចេញសេរីភាពប្រកបដោយការទទួលខុសត្រូវ និងការចេះប្រើយុត្តិធម៌ចំពោះខ្លួនឯង ដែលបុថុជ្ជនមិនប្រាថ្នាចង់ដឹងពីរឿងនេះទេ។ ការបានស្គាល់ធម៌ហើយ ប្រតិបត្តិតាមធម៌ដោយគោរពហៅថាជាវិញ្ញូជន ដែលជាជនមានការភ្ញាក់រលឹកជារៀងរហូត ។ទស្សនៈយោបល់ និងទស្សនៈវិស័យដឹកនាំឲ្យធ្វើ លោកនេះសំបូរណាស់ទស្សនះយោបល់ដែលនាំឲ្យមានការរិះគន់គ្នា តែទស្សនៈវិស័យដឹកនាំអោយធ្វើមិនសូវមានទេ ទើបមនុស្សក្រណាស់នឹងក្លាយជាមេដឹកនាំ។អ្នកមានទស្សនៈវិស័យដឹកនាំឲ្យធ្វើ កំរនឹងស្តីបន្ទោសអ្នកដទៃណាស់ តែគេជាមនុស្សពូកែពន្យល់ មនុស្សបែបណាក៏គេចេះពន្យល់ឲ្យយល់្ឲ្យឲ្យសាងប្រយោជន៍បានដែរ តំលៃនៃការគិតបែបនេះគឺមាននៅលើរូបចម្លាក់ខាងមុខក្ោក្លោងទ្វារអង្គរធំរួចហើយ។
គតិនិទាន ៖
១- សេចក្តីភ្ញាក់រលឹកអស្ចារ្យ គឺប្រឆាំងជានិច្ចទៅលើគំនិតដែលឲ្យផលមិនល្អ គំនិតមិនល្អគឺមកពីការយល់ដឹងពីភាពអោនលំទោនក្នុងការស្វែងយល់ដែលគ្មានតំលៃអ្វីសោះ ជំនួសឲ្យភាពសាមញ្ញគឺការសម្តែងមតិ៏ដោយក្លាហាននិងស្មោះត្រង់ក្នុងភាពត្រឹមត្រូវជានិច្ច ។
២- វិទ្យាសាស្ត្រដែលគ្មានសាសនាគឺជាមនុស្សខ្វិន ឯសាសនាដែលគ្មានវិទ្យាសាស្ត្រគឺជាមនុស្សខ្វាក់។អវិជ្ជា ទិដ្ឋិ កាមនិងភព ជាអន្លុងដែលសត្វលោកពិបាកឆ្លងផុត ការបរិបូរណ៍ដោយវិជ្ជានិងបរិសុទ្ធដោយទិដ្ឋិ គឺនៅពេលដែលត្រូវភ្លើងទុក្ខដុតរោល ទើបឈប់ក្រេបលំអងភព ។
៣- រឿងពីរយ៉ាងដែលគ្មានដែនកំណត់ នោះគឺសកលលោក និងភាពល្ងង់ខ្លៅរបស់មនុស្ស។
៤- ការធ្លាក់ក្នុងអន្លុងស្នេហ៍ គឺមិនមែនធ្លាក់ទៅទាំងអស់នោះទេ ភាគច្រើនគឺជារឿងឆ្កួតៗមួយដែលមនុស្សនាំគ្នាធ្វើដោយគ្មានការទទួលខុសត្រូវតែប៉ុណ្ណោះ ។
ប្រភព ហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2717/23eddd.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥,៣៥៧ ដង)
អាណិសូត្រ
(ព្រះសូត្រមានអត្ថដ៏ជ្រាវជ្រៅដែលជាពុទ្ធភាសិតនឹងបាត់បង់ ព្រះសូត្រដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោងនឹងចម្រើនឡើង)
ព្រះមានព្រះភាគទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ (សំភោរមង្គលសម្រាប់វាយហៅមហាជនមកប្រជុំក្នុងថ្ងៃមានមហោស្រព [អដ្ឋកថា]) របស់ពួកក្សត្រនាម ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈ នោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវរាងស្រោបដទៃភ្ជាប់អប់ទុក ។
ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវតួរាងចាស់របស់សំភោរឈ្មោះអានកៈខូចបាត់ទៅ សល់នៅតែរាងស្រោប ។
ម្នាលភិក្ខុទំាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រទាំងឡាយណា ដែលតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹងមិន ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់មិនដើម្បីដឹង ទាំងមិនសម្គាល់ធម៌ទាំងនោះថា គួររៀន ឬ គួរទន្ទេញឡើយ ។ បើព្រះសូត្រទាំងឡាយណា ដែលអ្នកប្រាជ្ញជាកវីបានធ្វើជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹងស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ។
ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃព្រះសូត្រដែលតថាគតសំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគតសម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទំាងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៍ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ បិដកលេខ ៣២ ទំព័រ ៣៦៣ )
ដោយ៥០០០ឆ្នាំ
images/articles/2751/dthvgcrdvxsfd.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៤៣,៧៥៨ ដង)
១- អបិច វេរីវេរមូលវេរសមុគ្ឃាតវេរសមុគ្ឃាតុបាយេហិ ម្យ៉ាងទៀត គប្បីជ្រាបសច្ចៈទាំងនេះ ដោយឧបមា ប្រកបដោយបុគ្គលមានពៀរ មូលហេតុនៃពៀរ ការដកចេញនូវពៀរ (ស្ងប់វេរា) និងឧបាយនៃការដកចេញនូវពៀរ ។
២- វិសរុក្ខរុក្ខមូលមូលុបច្ឆេទតទុបច្ឆេទុបាយេហិ ដើមឈើមានពិស ឫសនៃដើមឈើពិស ការកាត់គាស់នូវឫសឈើពិស និងឧបាយនៃការកាត់គាស់ឫសគល់ឈើពិសនោះ ។
៣- ភយភយមូលនិព្ភយតទធិគមុបាយេហិ ការមានភ័យ មូលហេតុនៃភ័យ ការរួចផុតពីភ័យ និងឧបាយនៃការរួចផុតចាកភ័យនោះឯង ។
៤- ឱរិមតីរមហោឃបារិមតីរតំសម្បាបកវាយាមេហិ ត្រើយអាយ អន្លង់ទឹកធំ ត្រើយនាយ និងសេចក្ដីព្យាយាមឱ្យបានដល់ត្រើយនាយនោះ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2755/dghcdrfxvdvszd.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៦,៣១៦ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់ប្រថាប់នៅនាដងព្រៃ ជិតក្រុងកុសិនារា ។ ក្នុងទីនោះឯង ព្រះអង្គទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ធ្លាប់មានសេចក្ដីត្រិះរិះចំពោះតថាគតថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះដែរឬ ? ( កិន្តិ = កឹ + ឥតិ ) ។
ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ ពុំដែលមានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគថា ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុចីវរខ្លះ... ព្រោះហេតុបិណ្ឌបាតខ្លះ... ព្រោះហេតុសេនាសនៈខ្លះ ព្រះសមណគោតមសម្ដែងធម៌ព្រោះហេតុភពតូចភពធំខ្លះ ដូច្នេះឡើយ ។
កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សាកសួរបញ្ជាក់អំពីសេចក្ដីត្រិះរិះរបស់ភិក្ខុទាំងឡាយ ចំពោះការត្រាស់សម្ដែងព្រះធម៌របស់ព្រះអង្គនោះ ថាដូចម្ដេច ទើបភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយ មានសេចក្ដីត្រិះរិះចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយមានសេចក្ដីត្រិះរិះ ចំពោះតថាគតយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ អាស្រ័យនូវសេចក្ដីអនុគ្រោះ ទើបសម្ដែងធម៌ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ធម៌ទាំងឡាយណា ដែលតថាគតត្រាស់ដឹងហើយ សម្ដែងហើយ ដូចជាសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ អ្នកទាំងឡាយរាល់រូបគប្បីព្រមព្រៀងគ្នា គប្បីរីករាយរកគ្នា កុំវិវាទគ្នា គប្បីសិក្សាក្នុងធម៌ទាំងនោះចុះ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងអំពីការសម្រុះសម្រួលគ្នា កុំឱ្យមានវិវាទនឹងគ្នាក្នុងអភិធម្ម ទាក់ទងដោយអត្ថនិងព្យញ្ជនៈ ។ សម្រុះសម្រួលក្នុងវិន័យ តាមដែលមានភិក្ខុត្រូវអាបត្តិ ជាការប្រព្រឹត្តល្មើស ឱ្យចេញចាកអកុសលធម៌ មកតាំងនៅក្នុងកុសលធម៌វិញ ។ សម្រុះសម្រួលក្នុងរឿងដែលនិយាយស្ដី មានវចីសង្ខារមិនល្អ វាយឫកដោយទិដ្ឋិ មានចិត្តអាឃាតព្យាបាទ មិនស្ដាប់គ្នា មិនត្រេកអររកគ្នា ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ភិក្ខុបើមិនលះបង់នូវធម៌នោះទេ នឹងមិនធ្វើឱ្យ ជាក់ច្បាស់នូវព្រះនិព្វានបានឡើយ ។
នៅខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានភិក្ខុពួកដទៃ សួរភិក្ខុនោះយ៉ាងនេះថា លោកដ៏មានអាយុ បានធ្វើឱ្យភិក្ខុទាំងនេះរបស់ពួកយើង ចេញចាកអំពីអកុសលធម៌ ហើយតាំងនៅក្នុងកុសលធម៌ដែរឬ ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងពោលដោយប្រពៃ គប្បីពោលយ៉ាងនេះថា ម្នាលអាវុសោ ក្នុងទីនេះ ខ្ញុំព្រះករុណាបានចូលទៅគាល់ព្រះដ៏មានព្រះភាគ ព្រះអង្គទ្រង់សម្ដែងព្រះធម៌ដល់ខ្ញុំព្រះករុណា ខ្ញុំព្រះករុណាបានស្ដាប់ព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយ បានសម្ដែងប្រាប់ដល់ភិក្ខុទាំងនោះ ភិក្ខុទាំងនោះ ក៏បានស្ដាប់ធម៌នោះ ហើយចេញចាកអកុសលធម៌ បានតាំងនៅក្នុងកុសលធម៌ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពោលយ៉ាងនេះ មិនឈ្មោះថាលើកតម្កើងខ្លួន មិនឈ្មោះថាសង្កត់សង្កិនបុគ្គលដទៃទេ ឈ្មោះថាជាអ្នកពោលប្ដេជ្ញានូវធម៌តាមធម៌ ម្យ៉ាងទៀត វាទៈនិងអនុវាទៈដែលប្រកបដោយហេតុណាមួយ រមែងមិនមកកាន់ឋានៈដែលអ្នកប្រាជ្ញគប្បីតិះដៀលបានឡើយ ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងនូវកិន្តិសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2756/rfrsxefcsd.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៩,២៥៥ ដង)
តាមខ្លឹមសារនៅក្នុងកេវដ្ដសូត្រ បិដកលេខ ១៥ គឺមហភូតរូប ៤ ដែលមិនជាប់ដោយឥន្ទ្រិយ មិនមែនជាទុក្ខសច្ច ដូចជាផែនដី ព្រៃភ្នំ ទន្លេសមុទ្រ ភ្នំមាសភ្នំប្រាក់ជាដើមនេះ មិនត្រូវលើកឡើងជាសំណួរថា រលត់អស់មិនមានសេសសល់ក្នុងទីណានោះទេ ពីព្រោះក្នុងធម្មជាតិទាំងអស់នេះ មិនមានវិសុទ្ធិ ៧ ។
អ្វីដែលត្រូវលើកយកមកសួរថា រលត់អស់មិនមានសេសសល់ក្នុងទីណា គឺនាមរូបក្នុងសត្វលោកដែលជាប់ដោយជីវិតិន្ទ្រិយ ជាទុក្ខសច្ចអាស្រ័យតណ្ហាជាសមុទយៈ ។ ឯចម្លើយត្រូវលើកយកព្រះនិព្វានជានិរោធសច្ចមកឆ្លើយថា នាមរូបដែលសន្មតថាសត្វលោកហ្នឹងឯង រលត់អស់មិនមានសេសសល់ក្នុងព្រះនិព្វានជានិរោធសច្ចនោះ ព្រោះការរលត់ទៅនៃអភិសង្ខារវិញ្ញាណ ។
អដ្ឋកថា កេវដ្ដសូត្រប្រាប់ថា អភិសង្ខារវិញ្ញាណស្សាបិ អនុប្បាទនិរោធេន អនុប្បាទវសេន ឧបរុជ្ឈតិ ព្រោះអនុប្បាទនិរោធនៃអភិសង្ខារវិញ្ញាណ ទើប ឧបរុជ្ឈតិ គឺនាមរូបរលត់ដោយអំណាចនៃការមិនកើតឡើង ។
អនុប្បាទនិរោធ គឺព្រះអដ្ឋកថាពន្យល់ក្នុងព្រះពុទ្ធដីកានៃកេវដ្ដសូត្រ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថា
ឯត្ថ នាមញ្ច រូបញ្ច អសេសំ ឧបរុជ្ឈតិ
វិញ្ញាណស្ស និរោធេន ឯត្ថេតំ ឧបរុជ្ឈតីតិ ។
នាម និងរូប រមែងរលត់ឥតមានសេសសល់ក្នុងព្រះនិព្វាននោះ នាម និងរូបនេះ រមែងរលត់ក្នុងព្រះនិព្វាននោះ ព្រោះរលត់ទៅនៃវិញ្ញាណ ។
ពាក្យថា ឯត្ថ គឺចង្អុលប្រាប់ចំពោះព្រះនិព្វាននោះ ដែលព្រះអង្គទ្រង់ត្រាស់កន្លះព្រះគាថាខាងដើមថា វិញ្ញាណំ អនិទស្សនំ អនន្តំ សព្វតោ បភំ ។
ចំពោះ អនុប្បាទនិរោធ នេះ នៅក្នុងបិដកលេខ ៦៧ ( ចូឡនិទ្ទេស ) ទំព័រ ៣៣ សម្ដែងប្រាប់ថា រលត់ដោយមគ្គញ្ញាណ ៤ មានសោតាបត្តិមគ្គជាដើម ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2757/sfdgcsddxdvgchfbcf.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥០,៨៣៤ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងសាមគ្រាម ក្នុងដែនសក្កៈ ។ សម័យនោះឯង និគណ្ឋនាដបុត្ត ទើបតែធ្វើមរណកាល ក្នុងដែនបាវា ។ ព្រោះកាលកិរិយានៃនិគណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថជាកូនសិស្ស បានបាក់បែកឈ្លោះប្រកែកគ្នាជា ២ ពួក ប្រកួតប្រកាន់ចាក់ដោតគ្នាដោយលំពែងគឺមាត់ ។
អដ្ឋកថាប្រាប់ថា ការឈ្លោះទាស់ទែងគ្នានេះ ព្រោះមកអំពីនិគណ្ឋនាដបុត្ត គិតឃើញថាលទ្ធិរបស់ខ្លួននេះ មិនអាចដឹកនាំសត្វឱ្យរួចផុតចាកទុក្ខបានឡើយ ជាលទ្ធិប្រាសចាកសារៈ ។ ដើម្បីកុំឱ្យ អ្នកដែលជឿតាមធ្លាក់ចុះកាន់អបាយភូមិ និគណ្ឋនាដបុត្ត មុននឹងមរណភាពបានប្រាប់កូនសិស្សពួកខ្លះដោយឧច្ឆេទវាទ ប្រាប់កូនសិស្សពួកខ្លះទៀតដោយសស្សតវាទ ដោយគិតថា ឱ្យកូនសិស្សទាំងអស់នេះវិវាទគ្នា កាលដែលវិវាទគ្នាហើយនឹងបានចូលទៅរកព្រះពុទ្ធសាសនា យកព្រះពុទ្ធសាសនាជាធំ ។
ក្នុងកាលនោះ ព្រះចុន្ទៈ ជាប្អូនបង្កើតរបស់ព្រះធម្មសេនាបតី លោកនៅចាំវស្សាក្នុងដែនបាវា បានជ្រាបរឿងរ៉ាវពួកនិគ្រន្ថដូច្នេះហើយ ក៏បាននិមន្តមករកព្រះអានន្ទជាព្រះឧបជ្ឈាយ៍ នៅនាសាមគ្រាម ហើយពិតទូលអំពីរឿងនោះឯង ។ ព្រះអានន្ទដ៏មានអាយុ និងព្រះចុន្ទៈ បាននិមន្តចូលគាល់ព្រះដ៏មានព្រះភាគ ក្រាបទូលព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបព្រះអានន្ទបន្តសេចក្ដីក្រាបទូលព្រះអង្គទៀតថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្ដីត្រិះរិះ យ៉ាងនេះថា អំណើះអត់អំពីព្រះដ៏មានព្រះភាគទៅ សូមកុំឱ្យមានវិវាទកើតឡើងក្នុងសង្ឃឡើយ ព្រោះថាវិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណដល់ជនច្រើន មិនជាសុខដល់ជនច្រើន មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើនដល់ជនច្រើន ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។
ព្រះអានន្ទលើកអំពីវិវាទក្នុងសង្ឃ ព្រោះអាជីវៈជាហេតុខ្លះ ព្រោះអធិប្បាតិមោក្ខជាហេតុខ្លះ ចំណែកព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា វិវាទព្រោះអាជីវៈ និងព្រោះអធិប្បាតិមោក្ខ ជាហេតុនេះ គ្រាន់តែជាការបន្តិចបន្តួចទេ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទដែលកើតឡើងក្នុងសង្ឃ ព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា វិវាទនោះ នឹងប្រព្រឹត្តទៅដើម្បីមិនជាគុណ មិនជាសុខ មិនជាប្រយោជន៍ មិនជាសេចក្ដីចម្រើន ដល់ជនច្រើន រមែងជាទុក្ខដល់ទេវតានិងមនុស្សទាំងឡាយ ។
ព្រះអដ្ឋកថាប្រាប់ថា កាលណាចូលដល់លោកុត្តរមគ្គ វិវាទរមែងស្ងប់រំងាប់ទៅដោយប្រការទាំងពួង គឺថា វិវាទរមែងមិនមានដល់បុគ្គលដែលបានសម្រេចនូវមគ្គទាំងឡាយ ( មានសោតាបត្តិមគ្គ ជាដើម ) ឡើយ ។ វិវាទព្រោះអាស្រ័យមគ្គ ឬព្រោះអាស្រ័យបដិបទា សំដៅយកមគ្គឬបដិបទាជាបុព្វភាគ បានដល់មគ្គប្បដិបទាជាចំណែកខាងដើម គឺនៅជាលោកិយហ្នឹងឯង ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់អំពីវិវាទមូល ៦ ប្រការ ៖
១-កោធនោ ហោតិ ឧបនាហី
២-មក្ខី ហោតិ បឡាសី
៣-ឥស្សុកី ហោតិ មច្ឆរី
៤-សថោ ហោតិ មាយាវី
៥-បាបិច្ឆោ ហោតិ មិច្ឆាទិដ្ឋី
៦-សន្ទិដ្ឋី បរាមាសី ហោតិ អាធានគ្គាហី ទុប្បដិនិស្សគ្គី ជាអ្នកស្ទាបអង្អែលនូវការយល់ខុសរបស់ខ្លួន និងជាអ្នកប្រកាន់មាំ លះបង់បានដោយកម្រ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុដែលមាននូវវិវាទមូល ដោយនូវប្រការនីមួយៗ ឈ្មោះថា មិនគោរពកោតក្រែងព្រះសាស្ដា មិនគោរពកោតក្រែងព្រះធម៌ មិនគោរពកោតក្រែងព្រះសង្ឃ និងមិនធ្វើឱ្យពេញលេញក្នុងសិក្ខា ភិក្ខុនោះ ឈ្មោះថាបង្កើតវិវាទក្នុងសង្ឃ ។ ព្រះពុទ្ធអង្គទ្រង់ត្រាស់ប្រទានឱវាទឱ្យព្យាយាមលះបង់នូវវិវាទមូលដ៏លាមកនោះចេញ ។
ជាបន្តក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពី អធិករណ៍ ៤ យ៉ាង និង អធិករណសមថៈ ៧ យ៉ាង ។ ជាទីបញ្ចប់ ព្រះអង្គទ្រង់ត្រាស់សម្ដែងនូវ សារាណីយធម៌ ៦ ប្រការ ព្រមទាំងអានិសង្សផង ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2758/dgvgcvsdzfcve.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦៤,៦០០ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ស្ដេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ សម័យនោះឯង មានភិក្ខុច្រើនអង្គ ប្រកាសអរហត្តផលក្នុងសម្នាក់ព្រះដ៏មានព្រះភាគ ហើយសុនក្ខត្តលិច្ឆវិបុត្ត បានចូលទូលសួរបញ្ហានឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុទាំងនោះ បានប្រកាសព្រះអរហត្តផល ដោយប្រពៃមែនពិត ឬថា មានភិក្ខុពួកខ្លះក្នុងចំណោមនេះ បានប្រកាសព្រះអរហត្តផលដោយអធិមានះ គឺគ្រាន់តែសម្គាល់ថាខ្លួនបានសម្រេចប៉ុណ្ណោះទេ ។
អធិមានះ គឺបុថុជ្ជនដែលចម្រើនសមថវិបស្សនា ហើយមានសេចក្ដីសម្គាល់ក្នុងធម៌លោកុត្តរៈ ដែលខ្លួនមិនទាន់បានសម្រេច ថាបានសម្រេចហើយ ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលថាមានដូច្នោះមែន ក្នុងរឿងនេះ ព្រះអង្គទ្រង់មានសេចក្ដីត្រិះរិះយ៉ាងនេះថា តថាគតនឹងសម្ដែងធម៌ដល់ភិក្ខុនោះ ធ្វើឱ្យបរិសុទ្ធ ឱ្យពិតប្រាកដ ។
ជាបន្ត ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់អំពីពួកភិក្ខុដទៃផ្សេងទៀត ដែលមាននូវឥច្ឆាចារ គឺមានការប្រាថ្នាអាក្រក់លាមក ជាមោឃបុរស តាក់តែងបញ្ហាចូលមករកតថាគតហើយ មិនបានចេះដឹងក្នុងបញ្ហានោះ ក៏ធ្វើដូចជាចេះដឹង មិនបានសម្រេចគុណវិសេស ធ្វើដូចជាបានសម្រេច ត្រាច់ទៅតាមស្រុកនិគម ពោលអួតនូវគុណវិសេសដែលមិនមានក្នុងខ្លួន ប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ នឹងជាទុក្ខដល់មោឃបុរសនោះ អស់កាលជាអង្វែង ។ ក្នុងរឿងនេះ ព្រះតថាគតទ្រង់ព្រះតម្រិះថា តថាគតនឹងសម្ដែងធម៌ដល់ពួកភិក្ខុអ្នកបដិបត្តិ ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ដល់ភិក្ខុទាំងនោះ ដោយប្រការដទៃផ្សេងអំពីពួកភិក្ខុដែលមាននូវអធិមានះនោះ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីកាមគុណ ៥ និងឋានៈដែលនាំឱ្យបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកលោកាមិសៈរមែងមាន ។ ពាក្យសម្ដីរបស់បុគ្គលដែលមានអធ្យាស្រ័យឱនទៅរកលោកាមិសៈ តែហាមាត់និយាយឡើង រមែងរអិលធ្លាក់ចូលទៅរកកាមគុណផង គេតែងត្រិះរិះរឿយៗ ប្រព្រឹត្តទៅក្នុងកាមគុណនោះផង តែងគប់រកនិងយកចិត្តទុកដាក់ចំពោះអ្នកដែលមានសភាពបែបនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយអានេញ្ជសមាបត្តិ ( សមាបត្តិដែលមិនញាប់ញ័រនឹងកាមគុណ មិនញាប់ញ័រនឹងរូប មិនញាប់ញ័រដោយកិលេស ) បុគ្គលនោះ មិនចង់ស្ដាប់ មិនផ្ចង់ត្រចៀក មិនតាំងចិត្តដើម្បីដឹង មិនសេពគប់ មិនយកចិត្តទុកដាក់ដោយសេចក្ដីគោរពឡើយ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងអំពីឋានៈដែលបុគ្គលពួកខ្លះក្នុងលោក មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ ឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ និងបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ។
ពិតមែនតែមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ប៉ុន្តែបើមិនបដិបត្តិសង្រួមឥន្ទ្រិយទេ រាគៈក៏គ្របសង្កត់ចិត្ត ព្រោះហេតុតែនៅមានអនុស័យ គឺកិលេសដែលនៅមិនទាន់បានលះហ្នឹងឯង ។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវសេចក្ដីស្លាប់ ឬដល់នូវទុក្ខវេទនាស្ទើរតែនឹងស្លាប់ ។
ព្រះពុទ្ធអង្គទ្រង់ប្រៀបទៅនឹងបុរសដែលត្រូវសរត្រាំដោយថ្នាំពិស កាលដែលគ្រូពេទ្យដកសរពិសនោះចេញហើយ ប្រាប់ឱ្យបុរសនោះថែរក្សាមុខរបួស មានការតមចំណីទាស់ជាដើម កុំឱ្យដំបៅរីក ប៉ុន្តែព្រោះតែបុរសនោះ មិនបានធ្វើតាមគ្រូពេទ្យ ក៏ដល់នូវសេចក្ដីស្លាប់ ឬទុក្ខវេទនាស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ការមិនសង្រួមឥន្ទ្រិយក្នុងទ្វារទាំង ៦ ដូចជាការមិនថែរក្សាមុខរបួស យ៉ាងនោះឯង ។ ពាក្យថាដល់នូវសេចក្ដីស្លាប់នេះ ក្នុងអរិយវិន័យ សំដៅយកភិក្ខុដែលពោលលាសិក្ខា ប្រព្រឹត្តទៅនៅក្នុងហីនភេទវិញ ឯចំណែកទុក្ខវេទនាស្ទើរតែនឹងស្លាប់នេះ សំដៅដល់ភិក្ខុដែលត្រូវអាបត្តិធ្ងន់ណាមួយ ដែលនាំឱ្យសៅហ្មងព្រម ។
ចំណែកបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ ហើយមានការប្រព្រឹត្តសង្រួមឥន្ទ្រិយក្នុងទ្វារទាំង ៦ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងនៅខាងចុងព្រះសូត្រនេះ ដែលមានខ្លឹមសារពីរោះដូចតទៅ ៖
ម្នាលសុនក្ខត្ត សេចក្ដីឧបមានេះ តថាគតបានធ្វើដើម្បីនឹងញ៉ាំងជនឱ្យដឹងសេចក្ដី ។ ឯសេចក្ដីក្នុងឧបមានុ៎ះដូចតទៅនេះ ។ ម្នាលសុនក្ខត្ត ពាក្យថា ដំបៅ នុ៎ះ ជាឈ្មោះនៃអាយតនៈ ដែលប្រព្រឹត្តទៅខាងក្នុងទាំង ៦ ។ ម្នាលសុនក្ខត្ត ពាក្យថា ពិសជាទោស នុ៎ះ ជាឈ្មោះនៃអវិជ្ជា ។ ម្នាលសុនក្ខត្ត ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃតណ្ហា ។ ម្នាលសុនក្ខត្ត ពាក្យថា គ្រឿងសម្រាប់រាវរក នុ៎ះ ជាឈ្មោះនៃស្មារតី ។ ម្នាលសុនក្ខត្ត ពាក្យថា សស្ត្រា នុ៎ះ ជាឈ្មោះនៃបញ្ញាដ៏ប្រសើរ ។ ម្នាលសុនក្ខត្ត ពាក្យថា ពេទ្យវះដ៏ជំនាញ នុ៎ះ ជាឈ្មោះនៃព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ។
ម្នាលសុនក្ខត្ត ភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈទាំង ៦ ដឹងច្បាស់ថាកិលេសជាឫសនៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬនឹងផ្ដេកផ្ដួលចិត្តទៅក្នុងកិលេស ពាក្យដូច្នេះនេះ មិនសមហេតុឡើយ ។ ម្នាលសុនក្ខត្ត ដូចផ្តិលសំរឹទ្ធិ ដល់ព្រមដោយពណ៌ ដោយក្លិន ដោយរស តែថាផ្តិលសំរឹទ្ធិនោះប្រឡាក់ដោយថ្នាំពិស ។ កាលបើមានបុរសអ្នកចង់រស់មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់ ។ ម្នាលសុនក្ខត្ត អ្នកសម្គាល់សេចក្ដីនោះថាដូចម្ដេច តើបុរសនោះ គួរផឹកទឹក នឹងផ្តិលសំរឹទ្ធិឯណោះ ដែលខ្លួនដឹងថា អាត្មាអញផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនផឹកទឹកនឹងផ្តិលសំរឹទ្ធិនុ៎ះទេ ។
ម្នាលសុនក្ខត្ត សេចក្ដីនេះមានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈ ៦ ដឹងថាកិលេសជាឫសនៃសេចក្ដីទុក្ខ ។បេ។ ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ ។ ម្នាលសុនក្ខត្ត ដូចជាអាសិរពិស មានពិសដ៏ពន្លឹក ។ កាលបើបុរសអ្នកចង់រស់ មិនចង់ស្លាប់ ចង់សុខ ខ្ពើមទុក្ខ មកដល់ ។ ម្នាលសុនក្ខត្ត អ្នកសម្គាល់សេចក្ដីនោះដូចម្ដេច តើបុរសនោះ គួរហុចដៃទាំងឡាយ ឬហុចមេដៃឱ្យដល់អាសិរពិសមានពិសដ៏ពន្លឹកឯណោះ ដែលខ្លួនដឹងថា អាសិរពិសនេះចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនហុចឱ្យអាសិរពិសនោះទេ ។
ម្នាលសុនក្ខត្ត សេចក្ដីនេះមានឧបមេយ្យដូចភិក្ខុនោះឯង ជាអ្នកធ្វើនូវការសង្រួមក្នុងផស្សាយតនៈ៦ ដឹងច្បាស់ថា កិលេសជាឫសនៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកមិនមានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬផ្ដេកផ្ដួលចិត្តទៅរកកិលេសពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។លុះព្រះមានព្រះភាគសម្ដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្ត មាន ចិត្តត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2759/dfcdfvdvx.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦៣,២៨៧ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ប្រថាប់នៅនាបុព្វារាម ឰដ៏មិគារមាតុប្រាសាទ ជិតក្រុងសាវត្ថី ។ គ្រានោះឯង គណកមោគ្គល្លានព្រាហ្មណ៍ បានចូលគាល់ព្រះដ៏មានព្រះភាគ ហើយក្រាបទូលសួរអំពី អនុបុព្វសិក្ខា ការសិក្សាជាលំដាប់ អនុបុព្វកិរិយា ការធ្វើជាលំដាប់ និង អនុបុព្វប្បដិបទា ការដែលមានបដិបទាជាលំដាប់ ក្នុងធម្មវិន័យនេះ ។
ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្ដែងប្រៀបទៅនឹងការចង្អុលបង្ហាញប្រាប់ផ្លូវ ដែលមានខ្លឹមសារនៅក្នុងព្រះសូត្រ បានធ្វើឱ្យព្រាហ្មណ៍ស្ដាប់យល់ ព្រមដោយសេចក្ដីជ្រះថ្លា ហើយបានពោលពាក្យដ៏ពីរោះ អនុមោទនាព្រះធម៌ទេសនា ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ ៖
កាលបើព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ គណកមោគ្គល្លានព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលទាំងឡាយណា ជាអ្នកមិនមានសទ្ធា ត្រូវការតែចិញ្ចឹមជីវិត ចេញចាកផ្ទះទៅចូលកាន់ផ្នួស ជាអ្នកលេង ជាអ្នកបិទបាំងទោសខ្លួន ជាអ្នកបញ្ឆោត ជាអ្នកមានចិត្តរាយមាយ មានមានះដុះឡើង មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មិនបានរក្សាទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវសេចក្ដីភ្ញាក់រលឹក មិនរមិលមើល ក្នុងសមណធម៌ ( ផ្នួស ) មិនមានការគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភច្រើន ជាអ្នកប្រព្រឹត្តធូរ ជាប្រធានក្នុងការបន្ធូរបន្ថយព្យាយាម ដាក់ធុរៈចោលក្នុងទីស្ងាត់ ជាអ្នកខ្ជិលច្រអូស មានព្យាយាមក្នុងអំពើថោកទាប ភ្លេចស្មារតី មិនដឹងខ្លួន មានចិត្តមិនបានតម្កល់មាំ មានចិត្តវិលខុស ឥតបញ្ញា ជាអ្នកល្ងង់ខ្លៅ ព្រះគោតមដ៏ចម្រើន មិនបាននៅរួមជាមួយនឹងបុគ្គលទាំងនោះទេ ។
ឯកុលបុត្រទាំងឡាយណា ដែលចេញចាកផ្ទះចូលទៅកាន់ផ្នួស ដោយសទ្ធា មិនជាអ្នកលេង មិនបានបិទបាំងទោសខ្លួន មិនជាអ្នកបញ្ឆោត មានចិត្តមិនបានរាយមាយ មិនមានមានះដុះឡើង មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានវាចារោយរាយ ជាអ្នករក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកដឹងប្រមាណក្នុងភោជន ប្រកបរឿយៗ នូវសេចក្ដីភ្ញាក់រលឹក ជាអ្នករមិលមើលក្នុងសមណធម៌ មានសេចក្ដីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា មិនជាអ្នកល្មោភច្រើន មិនបានប្រព្រឹត្តធូរ ដាក់ធុរៈក្នុងការបន្ធូរបន្ថយព្យាយាមចោល ជាប្រធានក្នុងទីស្ងាត់ មានព្យាយាមតឹងតែង មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន មានសតិតម្កល់ខ្ជាប់ ដឹងខ្លួន មានចិត្តតម្កល់មាំ មានចិត្តប្រកបដោយអារម្មណ៍តែមួយ មានបញ្ញា មិនល្ងង់ខ្លៅ ព្រះគោតមដ៏ចម្រើន រមែងនៅរួមជាមួយនឹងកុលបុត្រទាំងនោះ ។
បពិត្រព្រះគោតមដ៏ចម្រើន ដូចជាក្លិននៃឫស ឬមើម ណានីមួយ ឫសស្គា ប្រាកដជាប្រសើរជាងក្លិននៃឫសឬមើម ទាំងអម្បាលនោះ ក្លិននៃខ្លឹម ណានីមួយ ខ្លឹមចន្ទន៍ក្រហម ប្រាកដជាប្រសើរជាងក្លិននៃខ្លឹម ទាំងអម្បាលនោះ ក្លិនផ្កាណាមួយ ផ្កាម្លិះលា ប្រាកដជាប្រសើរជាងក្លិននៃផ្កាទាំងអម្បាលនោះ យ៉ាងណាមិញ ឱវាទរបស់ព្រះគោតមដ៏ចម្រើន ក្នុងធម៌ជាគ្រឿងដុសខាត់ចិត្តនៃសត្វដទៃ ( ឱ្យស្អាត ) ក៏យ៉ាងនោះឯង បពិត្រព្រះគោតមដ៏ចម្រើន ភាសិតរបស់ព្រះអង្គច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចម្រើន ដូចបុគ្គលផ្ងារឡើងនូវវត្ថុដែលផ្កាប់ ឬបើកនូវវត្ថុដែលគេបិទបាំង ពុំនោះ ដូចគេប្រាប់ផ្លូវដល់មនុស្សដែលវង្វេងផ្លូវ ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែករមែងមើលឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សម្ដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គសូមដល់នូវព្រះគោតមដ៏ចម្រើន ទាំងព្រះធម៌ ទាំងព្រះភិក្ខុសង្ឃ ជាទីពឹងទីរលឹក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើមទៅ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ
images/articles/2760/fxcgvxfdcvsfdxc.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៨,៥៧០ ដង)
១-ឯកត្តន័យ បញ្ញាឃើញការមិនដាច់សូន្យទៅនៃតំណរបស់សង្ខារធម៌ មានការសម្ពន្ធគ្នាដោយហេតុនិងផល រមែងលះនូវឧច្ឆេទទិដ្ឋិ ។
២-នានត្តន័យ បញ្ញាឃើញភាពផ្សេងគ្នានៃហេតុនិងផល គឺឃើញថា សង្ខារធម៌ដែលរលត់ទៅផ្សេងអំពីសង្ខារធម៌ដែលកើតឡើងថ្មីៗ រមែងលះនូវសស្សតទិដ្ឋិ ។
៣-អព្យាបារន័យ បញ្ញាឃើញក្នុងសភាពមិនខ្វាយខ្វល់នៃសង្ខារធម៌ជាផលដែលកើតអំពីបច្ច័យ ប្រាកដនូវលក្ខណៈមិនមានអំណាចបង្គាប់បញ្ជា ឬទាមទារតវ៉ា អង្វរករអ្វីឡើយ រមែងលះនូវអត្តទិដ្ឋិ ។
៤-ឯវំធម្មតាន័យ បញ្ញាឃើញធម្មតានៃសង្ខារធម៌យ៉ាងហ្នឹងឯង គឺឃើញសមគួរទៅតាមបច្ច័យ ពោលគឺបច្ច័យយ៉ាងណា ផលយ៉ាងនោះ រមែងលះនូវអកិរិយទិដ្ឋិ ។
កំណត់សម្គាល់ ន័យទី ១ គឺឃើញវដ្ដសង្សារមួយខ្សែតគ្នា ចុតិ បដិសន្ធិ ដែលសន្មតថាជាសត្វលោកត្រាច់រង្គាត់ក្នុងវាលវដ្ដសង្សារ ន័យទី ២ គឺឃើញថា ជាខណៈនៃធម៌ផ្សេងៗគ្នា គ្រាន់តែកើតបន្តគ្នាប៉ុណ្ណោះ ចំណែកន័យទី ៣ គឺឃើញផលដោយមិនមានការខ្វាយខ្វល់សូមកើត ឬទាមទារបង្គាប់បញ្ជាអ្វីឡើយ ឯន័យទី ៤ គឺឃើញហេតុ ឃើញបច្ច័យ ដែលញ៉ាំងផលឱ្យកើតឡើងយ៉ាងត្រឹមត្រូវ ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣
ដោយ៥០០០ឆ្នាំ