images/articles/2423/444vered.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៨,០៨៤ ដង)
បុរសម្នាក់មានជម្ងឺ បានទៅរកគ្រូពេទ្យឲ្យព្យាបាលគាត់ ។ គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្របញ្ជាឲ្យទិញថ្នាំ ។ គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ ក្នុងបន្ទប់តាំងសក្ការៈបូជា ។ គាត់អង្គុយគោរពរូបថតនោះ ។ គាត់ថ្វាយផ្កា ដុតធូបរួចថ្វាយបង្គំបីដង ។ គាត់យកសំបុត្រទិញថ្នាំនោះមកសូត្រថា “ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល ពីរគ្រាប់ពេលល្ងាច” ។ គាត់ចេះតែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃពេគមួយជីវិត ព្រោះគាត់មានជំនឿខ្លាំងណាស់លើគ្រូពេទ្យ ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ ។
គាត់ចង់ដឹងឲ្យច្បាស់ដែមទៀត អំពីសំបុត្រទិញថ្នាំនោះ ក៏រត់ទៅជួបគ្រូពេទ្យហើយ សួរថា “ហេតុអ្វីបនាលោកគ្រូពេទ្យចេញសំបុត្រទិញថ្នាំនេះឲ្យខ្ញុំ ? តើវាជួយខ្ញុំយ៉ាងម៉េច?” ក្នុងឋានៈជាអ្នកចេះ គ្រូពេទ្យពន្យល់ថា “អើ ជម្ងឺរបស់អ្នកយ៉ាងនេះ នេះជាហេតុជាឫសគល់របស់ ជម្ងឺ ។ បើអ្នកលេបថ្មាំដែលខ្ញុំបានចេញសំបុត្រឲ្យទិញ វានឹងរលីងដាច់ឫសគល់ហេតុរបស់ជម្ងឺអស់ ។ កាលណាហេតុវាបានរលីងដាច់ឫសគល់អស់ហើយ ជម្ងឺនឹងបានជាសះស្បើយជាស្វ័យប្រវត្តិ” ។
បុរសនោះគិតថា “អា ! អស្ចារ្យហើយ ! គ្រូពេទ្យខ្ញុំមានប្រាជ្ញាណាស់ សំបុត្រទិញថ្នាំរបស់គាត់មានប្រយោជន៍ណាស់! “ ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់ចាប់ផ្តើមឈ្លោះប្រកែកជាមួយអ្នកជិតខាងថា ៗគ្រូពេទ្យខ្ញុំល្អបំផុត គ្រូពេទ្យឯទៀតសុទ្ធតែឥតប្រយោជន៍” ។ ប៉ុន្តែតើគាត់បានចំណេញអ្វី អំពីការឈ្លោះប្រកែកនោះ ? ពេញមួយជីវិត គាត់ចេះតែឈ្លោះប្រកែកឥតបានផលអ្វីសោះ ។ ប្រសិនបើគាត់លេបថ្នាំនោះទើបគាត់នឹងបានជាសះស្បើយពីជម្ងឺពីទុក្ខរបស់គាត់ ។ ទាល់តែធ្វើយ៉ាងហ្នឹងទើបថ្នាំជួយគាត់បាន ។
បុគ្គលអ្នកបានរដោះទុក្ខគ្រប់រូប ប្រៀបដូចជាជាគ្រូពេទ្យដោយករុណាធម៌ ព្រះអង្គប្រទានសំបុត្រទិញថ្នាំ និងដំបូន្មានដល់ប្រជាជនអំពីរបៀបរដោះខ្លួនឲ្យរួចផុតពីទុក្ខ បើអ្នកនោះ ចេះតែពង្រីកជំនឿខ្វាក់ចំពោះបុគ្គលនោះ ៗ ដោយបង្វែរសំបុត្រទិញថ្នាំឲ្យទៅជាគម្ពីរ រួចចេះតែប្រឹងឈ្លោះប្រែកជាមួយនិកាយដទៃទៀត ដោយអះអាងថា ការប្រៀនប្រដៅរបស់អ្នកបង្កើតសាសនារបស់ខ្លួន ខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែ គ្មានអ្នកណាខ្វល់នឹងប្រតិបត្តនិងការប្រៀនប្រដៅគ្មានខ្វល់នឹងលេបថ្នាំ ដែលគេបានចេញសំបុត្រឲ្យទិញនោះ ដើម្បីបំបាត់ជម្ងឺនោះចោលឲ្យអស់សោះ ។
ជំនឿលើគ្រូពេទ្យមានប្រយោជន៍ណាស់ វាអាចលើកទឹកចិត្ត អ្នកជម្ងឺឲ្យគោរពតាមការណែនាំរបស់គាត់ ។ ការយល់ពីគុណភាពឱសថវាមានប្រយោជន៍នោះ លើងទឹកចិត្តអ្នកឲ្យលេបឱសថ ។ ប៉ុន្តែ បើឥតលេបឱសថពិតៗទេ អ្នកមិនអាចបានជាសះស្ប់យពីជម្ងឺឡើយ ។ អ្នកត្រូវលេបឱសថដោយខ្លួនឯងផង ។
ដកស្រង់ចេញពីសៀវភៅៈ សិល្បៈនៃការរស់នៅ (វិបស្សនាកម្មដ្ឋាន )
រៀបរៀងដោយៈ ស.ន. ហ្គោឥនកា លិល្លីយុំា ហាត
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ
images/articles/2430/12c.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩,៨២៣ ដង)
ការទទួលទានសុរា ហេតុអ្វីថាមានបាប សុរានោះទទួលទានទៅ ជាថ្នាំកែរោគក៏មាន ជាគុណឲ្យទទួលទានបាយបានក៏មាន ?
ការផឹកសុរា បានជាថាបាប, ព្រះបរមគ្រូទ្រង់ហាមពុំឲ្យសេពសុរានោះ ព្រោះជារបស់នាំឲ្យស្រវឹង នាំឲ្យខូចចិត្ត ដ្បិតមនុស្សយើងសព្វថ្ងៃនេះមានស្រវឹងនៅពេញខ្លួនហើយ ។ សេចក្ដីស្រវឹងនេះ លោភោ គឺសេចក្ដីជាប់ជំពាក់ ឬ ចំណង់ចង់បាន នេះជាស្រវឹងប្រការ ១ ទោសោ គឺសេចក្ដីក្រោធខឹង នេះស្រវឹងប្រការ ១ មោហោ គឺសេចក្ដីល្ងង់វង្វេងពុំស្គាល់ខុសត្រូវ នេះជាស្រវឹងប្រការ ១ ។
ស្រវឹងទាំងអស់នេះ តែងមាននៅសម្រាប់រូបមកហើយ ៗ មកថែមផឹកទឹកស្រវឹងចូលទៅទៀត ស្រវឹងថ្មីក៏នាំស្រវឹងចាស់ឲ្យមានកម្លាំងក្លាហានឡើង គឺខ្លួនអ្នកលោភ ក៏នាំឲ្យលោភខ្លាំងឡើង ខ្លួនអ្នកទោសៈ ឬ មោហៈមានៈទិដ្ឋិ ក៏នាំឲ្យចម្រើនទោសៈមោហៈមានះទិដ្ឋិខ្លាំងក្លាឡើង ។ មួយទៀត ពាក្យជាអាថ៌កំបាំង ឬ កេរ្តិ៍ខ្មាសជារបស់មិនគួរនាំចេញសម្ដែងប្រាប់គេនោះ ក៏អាចនាំចេញបង្ហាញគេបានទាំងអស់ ។
មួយទៀតនាំឲ្យកើតជម្លោះប្រកែក ជួនក៏ត្រូវព្រះរាជអាជ្ញា បង់ទ្រព្យធនទៅផ្សេងៗ ។ មួយទៀត ទោសសុរានេះ នាំឲ្យកើតរោគឆាប់ងងឹតភ្នែក ឆាប់ជរាគ្រាំគ្រាទ្រោមទ្រុឌ ទោសយ៉ាងនេះឯង បានថាមានបាបក្នុងលោកនេះមួយទៀត ។ ប្រាក់ដែលទៅទិញសុរានោះក្នុងមួយឆ្នាំៗ បើជាប្រមូលទុក គង់បាននៅច្រើន ទុកទិញបាយត្រីចំណីឯទៀតចែកកូនប្រពន្ធអាស្រ័យជាជាង ។
(សៀវភៅ គតិលោក)
ដោយ៥០០០ឆ្នាំ
images/articles/2431/1112tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៦,៣០៦ ដង)
តាមព្រះពុទ្ធសាសនា ស្នេហ៍មុខដែលនាំឲ្យគេស្រឡាញ់ចូលចិត្ត គឺសំដីទន់ភ្លន់ ចរិយាសុភាពរាបសារ ទឹកមុខញញឹមជានិច្ច ជាមួយទឹកចិត្តប្រកបដោយមេត្តា ករុណា មានចិត្តល្អ ចេះជួយធុរៈអ្នកដទៃ ។ គាថានេះ មិនថាត្រឹមមនុស្សដែលស្រឡាញ់ចូលចិត្ត សូម្បីសត្វតិរច្ឆានក៏ចូលមកជិត យកមនុស្សនោះជាមិត្តដែរ ។ ព្រះពុទ្ធបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សដែលគេស្រឡាញ់ ឬស្អប់ មកអំពីអំពើរបស់ខ្លួនឯង ។
ដកស្រង់ពីសៀវភៅ តួនាទីរបស់ព្រះសង្ឃក្នុងសង្គមខ្មែរ
ដោយ៥០០០ឆ្នាំ
images/articles/2479/image.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ១០០,០២៤ ដង)
មនុស្សដែលមានសេចក្ដីសុខ មិនមែនថាគេចេះតែបាននូវអារម្មណ៍ ល្អ ៗ ឯង ៗ ទៅនោះទេ នេះមកអំពីអ្នកនោះឯង ចេះសិក្សាត្រូវតាមសេចក្ដីពិតនៃអារម្មណ៍ ចេះឲ្យអភ័យ និងចេះគិតរកចំណុចល្អ ដើម្បីសេចក្ដីសុខស្ងប់នៃចិត្ត ។ អ្វី ៗ ដែលយើងជួបប្រទះរាល់ថ្ងៃ ទាំងអារម្មណ៍ក្នុងគំនិត បើយើងមិនចេះគិតឲ្យបានសុខខ្លួនឯងទេ យើងក៏រមែងកើតទុក្ខរាល់ថ្ងៃហ្នឹងឯង ។ យើងតែងស្វែងរករបស់ដែលមានតម្លៃ ថ្លៃ ៗ ក្រៅខ្លួន បណ្ដោយឲ្យខ្លួនឯងកើតទុក្ខ ព្រោះការស្វែងរកចង់បាននោះ ដោយប្រការផ្សេង ៗ ទៅវិញ ប៉ុន្តែ បើយើងស្វែងរកឃើញតម្លៃនៃជីវិតខ្លួនឯង នៅត្រង់ការឈ្នះសេចក្ដីទុក្ខ យើងមានតែការរស់នៅដោយសេចក្ដីស្ងប់ចិត្ត ជាមួយនឹងគ្រប់អារម្មណ៍នោះឯង ៕៚ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2480/image.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៨២,០៧៥ ដង)
បើយើងរៀនចេះអំពីលោកនេះ គឺលោកនេះមិនបានបង្រៀនឲ្យយើងមកគ្រប់គ្រងហួងហែងឡើយ សត្វលោកសោកសៅព្រោះហេតុតែការហួងហែងថារបស់យើងហ្នឹងឯង ដូច្នេះការដែលយើងរស់នៅយ៉ាងមានសេចក្ដីសុខ មិនមែនព្រោះការគ្រប់គ្រងហួងហែងទេ គឺព្រោះការចេះលះបង់ទេតើ ។ បើអ្នកដែលយើងស្រឡាញ់ទៅចោលយើង គឺយើងកុំឃុំឃាំងគាត់អី ឲ្យអភ័យទៅ ហើយក៏មិនលំបាកនឹងឃុំឃាំងខ្លួនឯងទុកក្នុងសេចក្ដីសោកសៅដែរ មិនចាំបាច់បរិភោគស្រាបំភ្លេចទុក្ខនោះឡើយ ត្រូវចេះរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អ រស់នៅជាមួយនឹងការមានស្មារតី ប្រសើរណាស់ ៕៚
ប.ស.វ
ដោយ៥០០០ឆ្នាំ
images/articles/2487/image.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥៨,៣០២ ដង)
៙. យល់សប្ដិល្អហើយបានយូរយ៉ាងណាក៏ដោយ ទីបំផុតត្រូវតែភ្ញាក់ យ៉ាងណាមិញ សេចក្ដីស្រឡាញ់ចំពោះអ្វី ៗ ក្រៃលែងប៉ុនណាក៏ដោយ ក៏យ៉ាងនោះដែរ ចុងក្រោយគឺត្រូវតែព្រាត់ចាកនូវអ្វី ៗ នោះទៅ។ ៙. កុំឲ្យខាតពេលព្រោះការស្រឡាញ់ គឺត្រូវស្រឡាញ់សេចក្ដីល្អ។
៙. នឹកឃើញដល់ការស្រឡាញ់សេចក្ដីល្អ ក៏នឹកឃើញដល់បុគ្គលសំខាន់ ៗ ដូចជាព្រះសម្មាសម្ពុទ្ធ ព្រះបច្ចេកពុទ្ធ ព្រះអគ្គសាវក័ សាវិកា ព្រះពុទ្ធមាតា ព្រះពុទ្ធបិតា កន្សៃសារពេជ្ញជាដើម គ្រប់អង្គទាំងនេះ គឺជាលទ្ធផលនៃការស្រឡាញ់សេចក្ដីល្អ ជាបុគ្គលប្រសើរក្នុងលោក គួរជ្រះថ្លាណាស់។
៙. ស្រឡាញ់អ្វី ៗ ក៏ដោយ កុំភ្លេចស្រឡាញ់ខ្លួន ព្រោះខ្លួនជាទីពឹងនៃខ្លួនឯង។
៙. ទុក្ខតិច ទុក្ខខ្លាំងក្នុងចិត្ត សុទ្ធតែព្រោះសេចក្ដីស្រឡាញ់ដោយតណ្ហា ជាបច្ច័យទាំងអស់។
៙. ក្រឹត្យក្រមនៃសេចក្ដីសុខក្នុងចិត្ត គឺឋិតនៅត្រង់ព្រមទទួលថា គ្រប់យ៉ាងក្នុងលោករមែងប្រែប្រួល។
៙. រវល់តែចង់បានរបស់ដែលអត់ ធ្វើឲ្យភ្លាត់ ខានបានសុខជាមួយនឹងរបស់ដែលមាន។ ៙. មិនចាំបាច់និយាយដល់របស់ដែលអត់ សូម្បីតែរបស់ដែលមាន កំពុងប្រាកដ ក៏ត្រូវលះចោលដែរ គឺនៅត្រង់មិនចាប់ប្រកាន់ហ្នឹងឯង នេះជាតួវិបស្សនា។
៙. តណ្ហាស្វែងរកអ្វី ៗ ឲ្យយើង ចំណែកសតិប្បដ្ឋានវិញ មិនមានយើងជាអ្នកបានអ្វី ៗ ឡើយ ហើយក៏មិនមានយើងខាតបង់អ្វីដែរ។
៙. មានអ្វីឲ្យជាប់ជំពាក់ . . . ព្រោះលោភៈ
. មានអ្វីឲ្យខឹងស្អប់ . . . ព្រោះទោសៈ
. មានអត្តាតួខ្លួន . . . ព្រោះទិដ្ឋិ
. មានតែបរមត្ថនាមរូប . . . ព្រោះសតិប្បដ្ឋាន៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2492/image.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧២,៨១៤ ដង)
៙ អារម្មណ៍ទាំង ៦ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ជាធម្មជាតិកណ្ដាល ៗ មិនមានពុល មិនមានពិសអ្វីក្នុងខ្លួនឯងទេ ប៉ុន្តែចិត្តដែលដឹងអារម្មណ៍នោះ លុះនៅក្នុងអំណាចតណ្ហា ប្រៀបបីដូចជារោងចក្រផលិតចេញនូវសេចក្ដីទុក្ខ ដោយយកអារម្មណ៍ទាំង ៦ នោះឯងជាវត្ថុធាតុដើម ។ ដរាបណាដែលនៅមិនទាន់បានលះតណ្ហាជាហេតុនាំឲ្យទុក្ខកើតទេ រោងចក្រនៅតែផលិតសេចក្ដីទុក្ខរឿយ ៗ តែបើលះតណ្ហាបានពេលណា រោងចក្រក៏ត្រូវបិទ ចំណែកអារម្មណ៍ទាំង ៦ មានការប្រព្រឹត្តទៅជាធម្មជាតិសុទ្ធ ៗ មិនមានការផលិតកែច្នៃអ្វីឡើយ ជាអារម្មណ៍របស់ វិបស្សនា និងជាអារម្មណ៍ក្នុងជីវិតព្រះអរហន្ត ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2493/IMG_30201794611.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៨៧,៧៥៣ ដង)
យល់សប្តិល្អណាស់ចប់ត្រឹមភ្ញាក់ ក្រេបចន្ទត្រជាក់រសកាមា
មានអ្នកស្រឡាញ់ជុំត្រៀបត្រា ចប់ត្រឹមមរណាចាកចោលទៅ។
ភ្លៀងខ្លាំងប៉ុនណាគង់តែរាំង មានរឿងភាន់ភាំងកេរ្តិ៍អាស្រូវ
ទុក្ខខ្លាំងគង់តែស្រាកស្រាន្តទៅ គ្មានរឿងអ្វីនៅមិនរសាយ។
ខ្យល់ព្យុុះមិនស្មើនឹងខ្យល់មាត់ មិនបានផ្ទៀងផ្ទាត់ហើយបរិយាយ
ដល់ពេលស្ងប់ខ្យល់ក្តៅស្អុះកាយ មានរឿងសប្បាយមិនយូរយារ។
យប់ស្ងាត់បាត់ងុយគួរកម្មដ្ឋាន តែបែរជាបានរឿងឈ្លោះគ្នា
ក្នុងចិត្តមិនស្ងាត់ព្រោះវេរា យកពេលវេលាសាងសត្រូវ។
ទឹកស្រះថ្លាយង់មើលឃើញដី ចិត្តមនុស្សអប្រិយ៍ល្អក់ហើយជ្រៅ
ម្លប់មានមិនជ្រកស្រែកថាក្តៅ ក្នុងចិត្តមួម៉ៅបន្ទោសមេឃ។
ទឹកដក់លើភ្នំហៀរធ្លាក់ជ្រោះ ហៀរហូរធ្លាក់ចុះចូលដល់ព្រែក
រឿងក្នុងចិត្តគិតខ្លាំងពន់ពេក សម្រក់ទឹកភ្នែកជាសមុទ្រ។
ក្បូនជីវិតសត្វរសាត់ឆ្ងាយ រឿងរ៉ាវទាំងឡាយគួរឲ្យស្លុត
រលកជីវិតព្យុះសមុទ្រ គ្មានទីបំផុតវដ្តសង្សារ ។
ព្រោះហេតុចង់បានរបស់ដែលអត់ នាំឲ្យផ្លាតភ្លាត់ចាកសុខា
របស់មាន មិនគ្រប់នឹងតណ្ហា រស់រងទុក្ខាចិត្តខ្លួនឯង ។
ឈើត្រូវភ្លើងឆេះទៅជាធ្យូង សោកសៅភ្នែករូងភ្លើងអត់ផ្សែង
ដុតរោលចិត្តកាយឲ្យចំបែង ដុតរោលខ្លួនឯងភ្លើងកិលេស។
មានតែព្រះធម៌មិត្តកល្យាណ សតិប្បដ្ឋានកើតចំណេះ
រឿងរ៉ាវក្នុងចិត្តច្រើនដល់ម្ល៉េះ តែរឿងទាំងនេះជាបញ្ញត្តិ ។
កាយ វេទនា ចិត្ត និងធម្មា រលឹកគ្រប់គ្រាមិនមែនសត្វ
ទោះជាសតិក៏បរមត្ថ ប្រាជ្ញាលះកាត់ក្ដីកង្វល់ ។
នមោ តស្ស នមស្ការ ត្រៃរត្នអស្ចារ្យខ្ញុំសូមដល់
ព្រះពុទ្ធព្រះធម៌សង្ឃនិមល ប្រាថ្នាមគ្គផលដល់និព្វាន៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2494/IMG_30201793941.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧៦,៤៥៦ ដង)
ក្នុងលោកនេះមិនមានអ្នកណា គាំទ្រយើង ជួយយើង ស្រឡាញ់យើង ស្មោះនឹងយើង ឲ្យដូចជាខ្លួនយើងគោរពធ្ងន់ក្នុងការងារល្អនោះឡើយ , ការងារល្អ ជាមន្តស្នេហ៍របស់មនុស្ស ។ ឧបសគ្គ សម្រាប់ឲ្យមានព្យាយាម មិនមែនសម្រាប់ឲ្យចុះចាញ់ទេ , ខ្វះសេចក្ដីអត់ធន់ ការងារមិនបានល្អ , ខ្វះការតស៊ូ ការងារមិនសម្រេច , រវល់តែរឿងស្នេហា កាន់ការងារធំមិនបាន , ព្រោះសេចក្ដីប្រមាទ ការងារដែលចេះស្ទាត់ហើយ ត្រូវបរាជ័យ ដូចបុគ្គលល្ងង់ខ្លៅ ៕
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2500/Un______titled-1.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៩៥,៥៣៣ ដង)
ជីវិតមានតម្លៃជាង អ្វី ៗ ដែលយើងស្ដាយ ត្រូវយកជីវិតមកបូជាព្រះរតនត្រ័យ បានសម ណា៎ កូនសំឡាញ់ព្រះពុទ្ធ ទាំងអស់គ្នា ! កុំលះបង់ជីវិតមួយថ្ងៃ ៗ កើតទុក្ខយំសោក ដើម្បីអ្នកមានកិលេសណាម្នាក់ឲ្យសោះ ធ្វើបែបហ្នឹងវាមិនមានតម្លៃអ្វីទេ ហើយក៏កុំចាំបាច់ខឹងស្អប់អី ត្រូវឲ្យអភ័យ កុំចំណាយជីវិតក្នុងរឿងឥតប្រយោជន៍ ត្រូវយកជីវិតមកសងគុណម៉ែឪយើង ធ្វើអ្វី ៗ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង ដល់សង្គមជាតិ ព្រះសាសនា កុំបន្ថោកជីវិតខ្លួនឯងឲ្យសោះ យើងកើតទាន់ព្រះពុទ្ធសាសនា ត្រូវដឹងថា ជីវិតមានតម្លៃណាស់ ស្មើនឹង អរិយមគ្គអង្គ ៨ ផ្លូវទៅកាន់ព្រះនិព្វាន ឯណោះណា៎ ! សូមកុំកាត់ផ្ដាច់ឧបនិស្ស័យរបស់ខ្លួន ត្រូវខិតខំបន្តឧបនិស្ស័យឲ្យបានសម្រេច កុំចាញ់ឧបសគ្គក្នុងជីវិតនេះឡើយ ឧបសគ្គមិនឈ្នះសេចក្ដីព្យាយាមទេ នេះជាដំណើរផ្លូវរបស់យើង ក្រោកឡើងដើរតទៅទៀត ម្នាក់ឯងក៏ត្រូវតែដើរដែរ ទុកចិត្តលើព្រះធម៌ចុះ ព្រះពុទ្ធបិតានៅចាំកូនខាងមុខឯណោះ ស្រូតរូតរះឡើង ៕ សាធុ ! សាធុ !៚
ដោយ៥០០០ឆ្នាំ
images/articles/2508/image.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ២៨,០១២ ដង)
កុំគ្រាន់តែ...
កុំគ្រាន់តែស្ដាប់ គិតផង
កុំគ្រាន់តែយល់ ធ្វើផង
កុំចេះតែជឿ ពិចារណាផង
កុំគ្រាន់តែដឹងគុណ តបគុណផង
កុំសាងតែវត្ត សាងព្រះសង្ឃផង
កុំគ្រាន់តែបួស រៀនធម៌ផង
កុំគ្រាន់តែកាន់សាសនា ប្រតិបត្តផង
កុំធ្វើបុណ្យនៅតែវត្ត ធ្វើនៅក្រៅផង
កុំធ្វើតែទាន រក្សាសីលផង
កុំសុំសីលតែមុខលោក រក្សាឱ្យបានល្អផង
កុំគ្រាន់តែនិយាយ គិតពីអាម្មណ៍អ្នកដទៃផង
កុំគ្រាន់តែចង់មានតែឯង គិតពីសុខទុក្ខគេផង
កុំគ្រាន់តែរស់សម្រាប់ស្លាប់ រៀនធម៌ផង។
ភិក្ខុ គូ សុភាព
ដោយ៥០០០ឆ្នាំ
images/articles/2511/image.jpeg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣២,៤១៤ ដង)
វាចាធម្មទានមានឥទ្ធិពល
ជួបគ្នារាល់ថ្ងៃត្រូវលៃលក
កុំឲ្យកាន់យករករឿងឈ្លោះ
មុខមាត់វាចាការអនុគ្រោះ
បើមិនដូច្នោះរស់រងទុក្ខ ។
ក្រោធមានកម្លាំងខ្លាំងអស្ចារ្យ
ទម្លាយស្នេហាបានគ្រប់មុខ
អាវុធវាចាប្រហារសុខ
ពោលពាក្យស្មាញស្មុគគុកខ្លួនឯង ។
កុំចង់បានគេល្អគ្រប់មុខ
ចង់ហួសនាំទុក្ខនាំចំបែង
ថាគេអាក្រក់ភ្លេចខ្លួនឯង
ជេរគេក្ដែងៗខ្លួនឯងសោះ ។
ម្ដេចក៏មិនល្អខ្លួនឯងទៅ
ល្អនៅក្នុងផ្លូវនៃសប្បុរស
មធុភាណីស្ដីពីរោះ
ក្រែងបានសប្បុរសទាំងអស់គ្នា ។
កុំយកទឹកក្ដៅស្រោចបន្លែ
ដោយគិតថាថែនោះពុំជា
ប្រដៅកូនចៅក្រោធគ្រប់គ្រា
ប្រយត្ន័រងាបាត់គ្នាអស់ ។
បុប្ផភាណីសម្ដីផ្កា
វៀរចាកមុសាបុប្ផាស្រស់
វាចាក្រអូបវៀរអសុរោះ
វាចាខ្មួរខ្មោះអស់អ្នកស្ដាប់ ។
វាចាធម្មទានមានឥទ្ធិពល
ស្ដាប់យល់បានដល់ទីផុតស្លាប់
បងប្អូនកូនចៅត្រូវប្រញាប់
ទាន់មានធម៌ស្ដាប់ឆាប់សិក្សា ។
សទ្ធាជាដៃបញ្ចេញមក
ត្រងត្រាប់ស្ដាប់យកអត្ថថ្លៃថ្លា
ចាក់ធ្លុះសេចក្ដីដោយបញ្ញា
លះការខ្វាយខ្វល់ដល់និព្វាន ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2621/t55555555extpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៣៣,៣០២ ដង)
១. ហ្វឹកហាត់ មើលខ្លួនឯងឲ្យឃើញតូចឡើង ៗ ។ គប្បីជាមនុស្សខ្លួនតូចដោយសតិ កុំជាមនុស្សខ្លួនធំដោយកិលេស ចូរជាមនុស្សធម្មតា ៗ កុំប្រកាន់ថា អញជាមនុស្សសំខាន់ ។ នៅពេលមានអ្វីកើតឡើងដល់យើង កុំចេះតែគិតឲ្យសេចក្ដីសំខាន់ខ្លួនឯងយ៉ាងនេះ យ៉ាងនោះ ត្រូវចេះគិតដល់ធម្មតាធម៌ ។
២. ហ្វឹកហាត់ ឲ្យខ្លួនឯងជាអ្នកមិនសន្សំ ។ ការសន្សំអ្វី ៗ គ្រប់យ៉ាង គឺជាភារៈ មិនមានអ្វីដែលយើងសន្សំហើយ មិនមែនជាភារៈនោះឡើយ វៀរលែងតែសេចក្ដីល្អក្នុងការលះបាបប៉ុណ្ណោះ ក្រៅពីហ្នឹង សុទ្ធតែជាភារៈទាំងអស់ បើមិនច្រើន ក៏តិចដែរ ។
៣. ហ្វឹកហាត់ ឲ្យខ្លួនឯងជាមនុស្សសប្បាយ ៗ ។ មានបុគ្គលជាទីសប្បាយ មានធម៌ស្ដាប់ជាទីសប្បាយ និងមានបដិបទាជាទីសប្បាយ ជាដើម កុំទៅវង្វេងជាមួយរបស់សម្បូណ៌បែប ព្រោះតាមពិត របស់សម្បូណ៌បែបនោះមិនមានទេ វាគ្រាន់តែជាអារម្មណ៍នៃឆន្ទរាគៈតែប៉ុណ្ណោះ មានតែបុគ្គលល្ងង់ខ្លៅទេដែលលិចចុះក្នុងរបស់សម្បូណ៌បែប ព្រោះយល់ច្រឡំថា មានពិតក្នុងមាយាធម៌នោះ ៗ ។
៤. ហ្វឹកហាត់ ឲ្យខ្លួនឯងដឹងធម្មជាតិថា អ្វី ៗ សុទ្ធតែមានការកន្លងទៅ ។ ពេលដែលសុខ ត្រូវដឹងថា បន្តិចវានឹងកន្លងទៅ ពេលដែលមានទុក្ខ ក៏ត្រូវដឹងថា វានឹងកន្លងទៅដូចគ្នាដែរ នៅពេលដែលស្ថានការណ៍លំបាកយ៉ាប់ មកដល់ ត្រូវដឹងឲ្យទាន់ថា រឿងរ៉ាវទាំងនេះ វាមិនបាននៅជាមួយយើងរហូតទៅនោះឡើយ យើងត្រូវតែឈរនៅខាងសេចក្ដីល្អជានិច្ច ។
៥. ហ្វឹកហាត់ ឲ្យខ្លួនឯងចេះលះបង់ និងចេះព្រមចាញ់ប្រៀបអ្នកដទៃផង ។ ការដែលមនុស្សយើងព្រមចាញ់ប្រៀបអ្នកដទៃ ជាការចាំបាច់ ព្រោះបើយើងទាមទារតែពីត្រូវ អាងហេតុ អាងផល យ៉ាងនេះ យ៉ាងនោះ ដោយមិនព្រមចាញ់ប្រៀបគេ ចង់តែពីត្រូវគ្រប់យ៉ាង ចង់តែពីឈ្នះគេ ប៉ុន្តែបែរទៅជាមិនមានសេចក្ដីសុខក្នុងជីវិត ព្រោះត្រូវតស៊ូជាមួយមនុស្សជុំវិញខ្លួន ដើម្បីទាមទាររកឲ្យខ្លួនឯងត្រូវ និងឈ្នះគេតែម្យ៉ាង ដូច្នេះ មានតែការព្រមចាញ់ប្រៀបអ្នកដទៃហ្នឹងឯង ដើម្បីសេចក្ដីសុខក្នុងជីវិត និងដើម្បីបានឈ្នះនូវមានះក្នុងខ្លួនឯង ៕៚
ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/2651/tex______tpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៥៣,១៤០ ដង)
ប្រៀបដូចរោគដែលបានជាសះស្បើយហើយ យើងក៏មិនប្រាថ្នាត្រឡប់ទៅរករោគនោះវិញ យ៉ាងណា រឿងឈឺចាប់ រឿងដែលទទួលមិនបាន រឿងឲ្យយើងខូចចិត្ត និងរឿងដែលឲ្យយើងដោះស្រាយមិនបានជាដើម រឿងទាំងអស់នេះ វាដូចជាដានជើង ដែលយើងដើរកន្លងមក បើយើងមិនគិតដើរត្រឡប់ទៅវិញ ពោលគឺមិនគិតចង់បានរឿងអ្វីៗដែលកន្លងទៅហើយនោះ ដូច្នេះក៏មិនមានរឿងអ្វីឲ្យយើងកើតទុក្ខទៀតដែរ ត្រូវចាំថា ទុក្ខកើតមកអំពីចំណង់ខុសរឿង ខុសពីការពិត បើយើងបានសិក្សាទទួលយកការពិតដោយបញ្ញា យើងនឹងបានស្ងប់ចិត្តពិតប្រាកដ ពុំខានឡើយ ។ នៅក្នុងសុខវគ្គ ( វគ្គទី ១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
ជិឃច្ឆា បរមា រោគា សង្ខារា បរមា ទុក្ខា
ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង អ្នកប្រាជ្ញដឹងច្បាស់នូវសេចក្តីនោះតាមពិតហើយ (ក៏បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន) ព្រះនិព្វានជា បរមសុខ ។
ដកស្រង់ពី សៀវភៅសិក្សាព្រះសូត្រភាគទី១១
ដោយ៥០០០ឆ្នាំ
images/articles/2677/9655pic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦៨,០១១ ដង)
កូនអើយកេរ្តិ៍មេបា ចូររក្សាឲ្យស៊ប់សួន តំលៃថែនឹមនួន ស្មើនឹងខ្លួន មិនមានឡើយ ! ។ តម្លៃនៃពាក្យនីមួយ ៗ បើជនឯណាបានរកឃើញអាថ៌កំបាំងដល់ឬសគល់ពិតប្រាកដរបស់វា ហើយរើសយកមកប្រើធ្វើជាមគ្គុទ្ទេសក៏ជីវិត នរជននោះនឹងបន្លុះបាននូវប្រយោជន៍តាំងពីបច្ចុប្បន្នដល់បរលោកនាយ ៖
១- អ្វីទៅដែលមិនអាចធ្វើបាន និង អ្វីដែលអាចធ្វើបាន ?
២- ភាពក្លាហាន និង ការភ័យខ្លាច
៣- ភាពខ្ជិលច្រអូស និង ការព្យាយាម
៤- ភាពអន្ទះសារ និង ការអត់ធ្មត់
៥- ភាពជោគជ័យ និង ការបរាជ័យ !
ជំរៅអត្ថន័យនៃពាក្យនិមួយៗ បើយើងចេះវែកញែកពីតំលៃរបស់វា យើងនឹងចេះអភិវឌ្ឍខ្លួនឲ្យបានល្អ នេះគឺជាវិធីឈរជើងឲ្យហ្នឹងដើម្បីកុំឲ្យដួល ។ នៅសម័យពុទ្ធកាល ព្រះសារីបុត្តជាមាតាឬជាមេទ័ពធម៌(មានបញ្ញាដឹកនាំកុលបុត្រ)ព្រះមោគ្គល្លានជាបិតា ថែរក្សាការពារអ្នកព្រហើនកោងកាចដោយឬទ្ធិមកពីខាងក្រៅ ទើបព្រះសាសនាប្រកាសផ្សាយទៅតាមលំអាន មិនមានអ្វីជាឧបសគ្គ ៖ សម័យថ្ងៃមួយ មានព្រះអរហន្តវ័យក្មេង មួយអង្គកំពុងតែបញ្ចុកបបរ ភិក្ខុជរានៅជើងភ្នំ ស្រាប់តែមានគ្រុឌ(សត្វបក្សីធំអាចជាឥន្ទ្រីយ៍)ដេញតាមឆាបសត្វនាគ(សត្វពស់ដ៏ធំ)តំរង់មក ដៃម្ខាងរបស់លោកកាន់ ចាន បបរ ឯដៃម្ខាងទៀតលូកបក់ក្លាយជាភ្នំបាំងជិតមិនឲ្យសត្វគ្រុឌរកនាគឃើញ លុះវារកនាគមិនឃើញវាក៏ហើរចាកចេញទៅ។ព្រះអរហន្តអង្គនោះលោកពោលថា បើគ្មានយើង(លោកពោលនាមរបស់លោក) នៅទីនេះទេ ច្បាស់ជាមានការកាប់សម្លាប់គ្នាជាមិនខាន ! ។
ទីណាមានសមណៈសក្យបុត្រទីនោះនឹងមិនឲ្យមានការកាប់សម្លាប់គ្នាឡើយ ! ។ តាមរយះរឿងនេះ ពុទ្ធបុត្រគឺមិនអាចឈរមើលការវិវាទ ដោយមិនជួយរំងាប់ឬដើរចេញយករួចខ្លួនបានឡើយ ! ឯការខិតខំសាងកាយឲ្យមានឬទ្ធិហើយការពារសាសនាគឺជាកុសលទេតើ ! នៅពុទ្ធកាលបើគ្មានអ្នកមានឬទ្ធិទេ មិនដឹងជាពួកព្រាហ្មណ៍បៀតបៀនពុទ្ធបរិស័ទយ៉ាងណា?។ហេតុនេះបើយើងធ្វើមិនបាន សូមកុំសំគាល់ថាអ្នកដទៃដែលគេបង្អោនចិត្តទៅយកឬទ្ធិអភិញ្ញា បង្អោនចិត្តទៅយកឈាន កុំទើសចិត្តថាគេខុសអី បើយើងធ្វើមិនបាន(មិនបានសន្សំហេតុទុកមក) យ៉ាងហោចណាស់ក៏គេទទួលស្គាល់ថាធម៌នេះរមែងមាននៅក្នុងលោកយ៉ាងនេះក៏បានបុណ្យដែរ ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ
images/articles/2678/7tgttpic.jpg
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៦១,៤៧៣ ដង)
ចិត្តមានមុខងារគិត អារម្មណ៍មានមុខងារឲ្យចិត្តតោងដើម្បីគិត ឯចេតសិកមានមុខងារអូសទាញចិត្តឲ្យធ្វើការ ទាំងអស់គ្នា សីុសោយអារម្មណ៍ជាមួយគ្នា កើតរលត់ព្រមគ្នា ព្រោះហេតុនេះម្នាក់ៗ កើតពីបច្ច័យរៀងៗខ្លួន « សព្វេ ធម្មា អនត្តា » ធម៌ទាំងឡាយទាំងពួងអត់មានខ្លួនឯងទេ គឺកើតពីបច្ច័យទាំងអស់ ។
ចុះភវង្គចិត្តនៅឯណា ? ហើយសញ្ញាការចងចាំ ហេតុអីក៏វាចងចាំមិនភ្លេច បើវាគ្មានខ្លួនឯងផងនោះ ? សញ្ញាការចងចាំក៏កើតពីបច្ច័យដែរ ព្រោះពេលដួលបោកក្បាលរញ្ជួយខ្លាំងដល់កន្លែងវា វាក៏រលត់លែងចាំអ្វីបានដែរ ។
ចុះភវង្គដែលដើរតួជា មេម័រីឬជាបណ្ណាល័យផ្ទុកឯកសារអារម្មណ៍នោះវានៅទីណា ? ភវង្គ - ចុតិ - បដិសន្ធិ ក្នុងអភិធម្មមានពន្យល់ថា មនោទ្វារ (តាំងនៅក្លែបខាងមុខនៃខួរក្បាល) ជាការិយាល័យរបស់ចិត្តធ្វើការ តែទីស្នាក់ការឬលំនៅរបស់ចិត្ត មានបញ្ជាក់ថានៅហទយវត្ថុឬបេះដូង ការនេះស្របនឹងវិទ្យាសាស្ត្រដែលបានបង្ហាញពីការវិវត្តរបស់ទារកក្នុងផ្ទៃ គឺបេះដូងកើតមុនខួរក្បាល វាបញ្ជូនឈាមទៅចិញ្ចឹមគ្រប់ផ្នែកនៃរាងកាយដើម្បីវិវត្តពេញលក្ខណះពេញរូបពេញរាង ហើយតាមទ្រឹស្តីកង់តូមបង្ហាញថា ពេលស្លាប់មានរលកពត៌មានបញ្ចេញពីកូនបំពង់ក្នុងសីុតូប្លាសនៃកោសិកាប្រសាទ (Release information from Microtubles intra neuronal) ការស្លាប់ គឺជាការផ្សាយចេញនៃរលកសញ្ញាពីមីក្រូទីបុលនៃកោសិការប្រសាទ ។ វិទ្យាសាស្ត្របង្ហាញទៀតថា ការចងចាំរយះពេលយូរ គឺស្តុកនៅ Hypocampus គល់ខួរក្បាល អ្នកចូលរួមច្រោះអារម្មណ៍មាន Ganglion de la base or Amygdala , Zone limbic and Cortex ។
បើថាចិត្តជាផលិតផលនៃខួរក្បាល ចុះកុមារចាំជាតិនោះដូចម្តេចវិញ ? ដូច្នេះចិត្តគឺជាអង្គភាពមួយដាច់ដោយឡែកពីខួរក្បាល ដែលកើតឡើងតាមហេតុបច្ច័យ(ហេតុនិងគ្រឿងទ្រទ្រង់ឲ្យកើត) (Cause - Result ,Action - Reaction ) ការកើតឬបដិសន្ធិមានបច្ច័យចូលរួមគឺ ចិត្ត កម្ម អាហារ ឧតុ ដែលខ្វះមួយណាមិនបាន។ អានិសង្ឃនៃការរៀនបរិយត្តិនាំឲ្យបានសម្រេចជាព្រះអរហន្តបែកធ្លាយបដិសម្ភិទា៤ បើតស៌ូមិនបាន ក៏ខំសន្សំនិស្ស័យ តែគួរចងចាំថា មិនមែនទាល់តែទ្រទ្រងបិដកបានទើបរួចចាកទុក្ខនោះទេ អនុវត្តបានត្រឹមតែមួយគាថាក៏រួចចាកទុក្ខបានដែរ ! ទិសដៅសំខាន់បំផុតគឺ លះឧបាទានខន្ធ៥ ដែលជាមេទុក្ខទើបជារឿងសំខាន់ ! លះការមានះប្រកាន់តែប៉ុណ្ណោះ ទើបអស់ជាតិ ជរា ព្យាធិ មរណៈ ! ។
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ