images/articles/1819/2026-07-14_15_44_46-Greenshot.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៧៦,៤៣៥ ដង)
មគ្គទាំង ៨ ប្រការនេះ លោកសង្គ្រោះចូលជាត្រៃសិក្ខាគឺ៖
១. សម្មាទិដ្ឋិ សេចក្ដីឃើញត្រូវសម្មាសង្កប្ប សេចក្ដីត្រិះរិះត្រូវសង្គ្រោះជាបញ្ញាសិក្ខាព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សាឲ្យកើតប្រាជ្ញា សេចក្ដីដឹងច្បាស់របស់ពិត របស់មែន ។
២. សម្មាវាចា សំដីត្រូវសម្មាកម្មន្ត ការងារត្រូវសម្មាអាជីវ ចិញ្ចឹមជិវិតត្រូវសង្គ្រោះជាសីលសិក្ខា ព្រោះជាគុណជាតិ ធ្វើបុគ្គលអ្នកសិក្សាឲ្យមានសីល គឺរក្សាកាយ វាចារាបសា។
៣. សម្មាវាយាម សេចក្ដីព្យាយាមត្រូវសម្មាសតិ សេចក្ដីរឭកត្រូវសម្មាសមាធិ ព្រោះជាគុណជាតិធ្វើបុគ្គលអ្នកសិក្សា ឲ្យមានចិត្តស្ងប់រម្ងាប់ ។
ការបើសង្គ្រោះយ៉ាងនេះ ក៏ធ្លុះសេចក្ដីឲ្យឃើញច្បាស់ថាមគ្គប្រកបដោយអង្គ៨ មានសេចក្ដីរួមចូលគ្នាជាត្រៃសិក្ខាដោយប្រការដូច្នេះ។អរិយមគ្គប្រកបដោយអង្គ ៨ នេះហើយ ដែលជាផ្លូវដ៏ប្រសើរអាចធ្វើដំណើរនៃយោគាវចរកុលបុត្រអ្នកប្រាថ្នា នឹងទៅកាន់ព្រះនិព្វាន ឲ្យបានសម្រេចដូចបំណង។ពាក្យដែលពោលសរសើរព្រះនិព្វានថា ជាធម៌ដ៏ឧត្ដមដូចពោលមកហើយនេះ រាប់ថាជា ពុទ្ធសាសនា ពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធរាល់ព្រះអង្គដែលបានត្រាស់ក្នុងកាលទាំងពួង តែងទ្រង់ប្រដៅដូច្នេះ។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
ដោយ៥០០០ឆ្នាំ
images/articles/189/Unti3456tled-1.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៩៧,៨៤២ ដង)
ទង់ព្រះពុទ្ធសាសនាបានធ្វើការបង្ហាញរូបរាង និងចាប់បង្ហូតនៅក្នុងប្រទេសខ្មែរគឺ នាឱកាសបុណ្យពាក់កណ្តាលសាសនា ក្នុងពុទ្ធសករាជ២៥០០នៅទីក្រុងភ្នំពេញគឺក្រោយពេលដែលសម្តេចព្រះសង្ឃរាជ ជួន ណាត យាងមកពីប្រជុំមហាសន្និបាតប្រមុខដឹកសង្ឃពុទ្ធសាសនាទូទាំងពិភពលោក នាប្រទេសឥណ្ឌារួចនោះ។
ទង់ព្រះពុទ្ធសាសនា មានប្រាំពណ៌ ហើយពណ៌នីមួយៗ តំណាងព្រះរាជសកម្មភាពព្រះសម្មាសម្ពុទ្ធ និងផ្តល់ជាគតិអប់រំដល់ពុទ្ធសានិកដូចតទៅ:
* ពណ៌ខៀវ តំណាងអោយព្រះរាជសកម្មភាពព្រះពុទ្ធ កាលទ្រង់ស្ម័គ្រ ព្រះទ័យឆ្កៀលព្រះនេត្រទាំងសងខាង បូជាថ្វាយដល់ឥន្ទព្រាហ្មណ៏ ដើម្បីប្រាថ្នាការត្រាស់ដឹង ។
តាមរយ:ពណ៌ខៀវ តំណាងព្រះរាជសកម្មភាពនេះ គឺចង់អប់រំទូន្មានពុទ្ធសាសនិកទាំងអស់ឲ្យ មានភាពជ្រះថ្លាហ៊ានលះបង់វត្ថុជាទីស្រលាញ់ដើម្បីជួយសង្គ្រោះជនស្រោចស្រង់មនុស្សពីអន្លង់ទុក្ខ ពីអន្លង់អវិជ្ជា ឆ្ពោះទៅកាន់ ទីបរមសុខ។
* ពណ៌លៀង តំណាងព្រះរាជសកម្មភាពព្រះពុទ្ធ ដែលទ្រង់បានពន្លះសាច់ សម្រក់ឈាមរបស់ព្រះអង្គឲ្យដល់ឥន្ទ្រព្រាហ្មណ៏ ដើម្បីបំពេញសាច់ខ្វះខាត និង លាបលន តុបតែងលំអរបង្គ្រប់សាច់បដិមាពុទ្ធអង្គ ដែលខ្វះចន្លោះ បំណងសម្រេចការត្រាស់ដឹង ។
តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់បណ្តុំបណ្តាលកម្លាំង សទ្ធាដល់ ពុទ្ធបរិសទ្ធឲ្យរួមគ្នា បរិច្ចាគអ្វីៗដែលខ្លួនមាន ដើម្បីរួមចំណែកកសាងបដិមាស្នងព្រះពុទ្ធអង្គ សម្រាប់ទុកជាទីសក្ការ:បូជាតរៀងរហូតទៅ ។
* ពណ៌ក្រហម តំណាងកាល ដែលព្រះពុទ្ធស្ម័គ្រ ព្រះហទ័យពុះទ្រូងរូង យកថ្លើម និងឈាមតាមការចង់បានរបស់ពេទ្យហ្ម ដើម្បីយកទៅបឺតស្រូបពិសពស់ពីព្រោះព្រះមាតាដែលត្រូវពស់អសិរពិសចឹក ហើយតម្រូវត្រង់ឳសថ បែបនេះ ទើបសង្ក្រោះអាយុជីវិតព្រះមាតាព្រះអង្គបាន ។
តាមរយ:ពណ៌ ព្រះរាជសកម្មភាពនេះ គឺជាការផ្តល់ដំបូន្មានពុទ្ធបរិស័ទ្ធ ត្រូវមានសន្តានចិត្តតបគុណមាតាបិតាដែលជា ” ព្រះរស់” អោយបានល្អទោះបីជាខ្លួនត្រូវលះបង់ជីវិតក៏ដោយ។
* ពណ៌គ្រាប់ខ្នុរ ឬ ហង្សបាទ តំណាងព្រះរាជសកម្មភាពព្រះពុទ្ធសម្រេច ព្រះទ័យប្រគល់ជីវិតអោយយក្សស៊ី ប្តូរនឹងជីវិតមាតាដែលយក្សចង់ស៊ី ឲ្យលោកមានជីវិតរស់រានតទៅទៀត។
តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់ធ្វើកាអប់រំពុទ្ធសាសនិកឲ្យមានចិត្តកត្តញ្ញូកតវេទីចំពោះមាតាបិតា តាមរយ:ការផ្គត់ផ្គង់ ទំនុកបម្រុងបាយទឹកជូនលោកទាំងពីរ អោយបានឆ្អែតឆ្អល់មិនខ្លួនជាប្រចាំ។
* ពណ៌ស តំណាងព្រះរាជសកម្មភាពព្រះពុទ្ធ កាលដែលព្រះអង្គយោងយកកំណើតជាព្រះវេស្សន្ត ពេលនោះទ្រង់បានប្រទានដំរីស បច្ច័យនាគជាដំរីមង្គល នគរស្រីពិរាស្រ្ត ទៅឲ្យអ្នកស្រុក កលិង្គរាស្រ្ត ដើម្បីជួយស្រោចស្រង់រាស្រ្តនគរនោះពីការរាំងស្ងួតពីទុរភិក្ស។
តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់អប់រំ ពុទ្ធបរិស័ទ្ធឲ្យមានចិត្តចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកស្រុកដ៏ទៃ ក្រៅពីជាតិខ្លួន សម្រាប់ឲ្យពួកគេមានលិទ្ធភាពអាចរស់នៅសុខសាន្ត មិនប្រកាន់ពណ៌ សម្បុរជាតិសាសន៍ឡើយ។
ដកស្រង់ពីសៀវភៅពុទ្ធិវប្បធ៌មទូទៅ
ដោយ៥០០០ឆ្នាំ
images/articles/1935/2026-07-14_12_43_57-Untitled_-_Notepad.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១០,៤២០ ដង)
អារម្មណប្បច្ច័យគឺជាជីវិតប្រចាំថ្ងៃ នៃចិត្តចេតសិក ។រូបកាយជាធាតុមិនដឹង មិនគិត មិនពិចារណា មិនសោយអារម្មណ៍ មិនមែនជាសត្វ ប៉ុន្តែអាស្រ័យនឹងរូបកាយ នេះមានចិត្តចេតសិកកើតឡើងបន្តជាប់ខណៈគ្នា មានរបៀបត្រឹមត្រូវជា ចិត្តនិយាម គឺទំនៀមទៀងទាត់ ជាវិធីតាមច្បាប់កំណត់នៃការកើត តាមជាតិ តាមកិច្ច តាមស្ថាន តាមអារម្មណ៍ ៘ ចិត្តចេតសិកជាធម្មជាតិដឹងនូវអារម្មណ៍ដែលអារម្មណ៍នោះ បាននាំឱ្យចិត្តចេតសិកហ្នឹងឯងកើតឡើង ដោយ អារម្មណប្បច្ច័យ ព្រោះចិត្តចេតសិក មិនអាចដឹងអារម្មណ៍ ដទៃណា ក្រៅអំពីអារម្មណ៍ដែលនាំឱ្យខ្លួនឯងកើតឡើង ហ្នឹងទេ ។ បុគ្គលពិចារណានូវទានដែលបានឱ្យហើយក្តី ឬពិចារណានូវកុសលដទៃៗទៀតក្តី ដោយចិត្តជ្រះថ្លា តាមពិត បុគ្គលអ្នកពិចារណានោះ ក៏គឺជាមហាកុសលចិត្ត ៨ដួង ចេតសិក ៣៣ ហ្នឹងឯង មិនមែនជាគ្រហស្ថ ឬ បព្វជិត ឡើយ ។
ការពិចារណាចំពោះកុសល ដែលបានសន្សំទុកល្អ ហើយ ក្នុងកាលមុន បុគ្គលអ្នកពិចារណានោះ មានចិត្ត ជ្រះថ្លាយ៉ាងណាៗ ប៉ុន្តែដែលថាបុគ្គលនោះក៏គឺ មហាកុសល ចិត្ត និង ចេតសិកជាតួពិចារណា កើតរលត់បន្តគ្នា ដោយ មានបុណ្យកុសលក្នុងកាលមុនជាអារម្មណប្បច្ច័យ ។ ទោះជាបុគ្គលអ្នកពិចារណាឈានក្តី បុគ្គលអ្នកពិចារណាគោត្រភូវោទានៈក្តី បុគ្គលអ្នកពិចារណាមគ្គក្តី មិន មានអ្វីក្រៅអំពីមហាកុសលចិត្តុប្បាទ ជាតួពិចារណាតែ ប៉ុណ្ណោះ ពិចារណាហើយរលត់ទៅ សូន្យទៅ ត្រូវចិត្តុប្បាទ ថ្មីៗកើតបន្ត សុទ្ធតែជា ធម្មាគឺពួកបរមត្ថធម៌ ជាតំណនៃ សង្ខារធម៌សុទ្ធ រកសត្វក្នុងគំនរនៃសង្ខារធម៌ពុំមានឡើយ នៅផ្ទះចិត្តចេតសិកផ្សេង អាស្រ័យអារម្មណប្បច្ច័យ នៅឯផ្ទះ ចេញទៅផ្សារ ចិត្តចេតសិកផ្សេង អាស្រ័យអារម្មណប្បច្ច័យនៅឯផ្សារ ឃើញរូបចិត្តចេតសិកផ្សេង ឮ សំឡេង ចិត្តចេតសិកផ្សេង ធំក្លិន ដឹងរស ដឹងផោដ្ឋព្វៈ ចិត្ត ចេតសិកផ្សេង មិនមានតួខ្លួន តួសត្វបុគ្គល ជា អ្នកដឹងអារម្មណ៍ឡើយ កាលចិត្តចេតសិករលត់ អស់ពុំមានសល់ ដោយប្រការណា សេចក្តីដឹងខ្លួនថា អញ នៅក្នុងរូបក្ខន្ធសុទ្ធនេះ ពុំមានទេ ។
ព្រះអរិយបុគ្គល ពុំមានសេចក្តីត្រិះរិះថា ចិត្តចេតសិក ជាខ្លួនអញ ហើយក៏មិនបានត្រិះរិះថា មានខ្លួនអញផ្សេង អំពីចិត្តចេតសិកទៀតដែរ ។ ដោយឡែកអំពីរូបកាយ ក្នុងជីវិតប្រចាំថ្ងៃ មិនមាន អ្វីក្រៅអំពីការប្រព្រឹត្តិទៅនៃចិត្តចេតសិកដែលជាតួដឹងអារម្មណ៍ឡើយ ។ ចិត្តចេតសិក មិនមានអ្វីជារបស់ខ្លួនសោះ កាលដែល កើតឡើងហើយការពារតែខ្លួនឯងមិនបានផង តាមពិត ចិត្តចេតសិក រូប គឺគ្រាន់តែជាផលនៃបច្ច័យតែប៉ុណ្ណោះ ។
ការសិក្សាអំពីអារម្មណប្បច្ច័យ មានប្រយោជន៍ធំ ធេងដល់ការយល់អំពីជីវិតពិត និង មានប្រយោជន៍យ៉ាង សំខាន់ គឺជំនួយដល់ការចំរើនសតិប្បដ្ឋាន ។ បុគ្គលដែលមិនបានអប់រំចិត្តក្នុងធម៌របស់ព្រះអរិយៈ មិនបានហ្វឹកហាត់ចិត្តក្នុងធម៌របស់សប្បុរស រមែងមិនបាន ឃ្លាតឆ្ងាយអំពីបញ្ចក្ខន្ធឡើយ ជាប់ដោយចំណងគឺ សេចក្តី ប្រកាន់ថា បញ្ចក្ខន្ធជាខ្លួនអញ ។
បុគ្គលដែលប្រកាន់មាំនូវបញ្ចក្ខន្ធ រមែងនិយមចូល ចិត្តធ្វើការងារមិនជាប្រយោជន៍ ដោយសំគាល់ថា មានខ្លឹម សារក្នុងជីវិតរបស់ខ្លួន គឺដោយច្រើននិយមការងារដែល សប្បាយរីករាយភ្លើតភ្លើន ជួបជុំគ្នានិយាយសើចលេង ៘ ហើយក៏និយមចូលចិត្តណាស់ដែរ ក្នុងការនិយាយ រឿងប្លែកៗរបស់អ្នកដទៃ សូម្បីកំហុសបន្តិចបន្តួចរបស់គេ ក៏ខំចាំទុកមិនភ្លេច សំរាប់និយាយនៅពេលជួបអ្នកនេះ អ្នក នោះ ព្រោះគិតថា បើបាននិយាយអំពីរឿងអាក្រក់របស់គេ ច្រើននាក់ទៅ ធ្វើឱ្យខ្លួនឯងបានប្រសើរឡើង ដូច្នេះហើយ ទើបបានជាពោលថា ខ្ញុំមិនអញ្ចឹងទេ ។
ម៉្យាងទៀត អ្នកប្រកាន់មាំចំពោះបញ្ចក្ខន្ធ និយម បង្ករឿងឈ្លោះ ចូលចិត្តស្តីបន្ទោសឱ្យអ្នកដទៃ ហើយឆ្ងាញ់ ក្នុងការនិយាយពាក្យបញ្ឈឺចិត្តឱ្យគេណាស់ ព្រោះថាបើអ្នក ដទៃណា ដែលខ្លួនឯងបានអន់ចិត្តជាមួយនោះ អ្នកដទៃ នោះគេបានសុខសប្បាយ ខ្លួនឯង ឯណេះទៅជាបាយមិន ឆ្ងាញ់ មេ្ល៉ាះហើយនឹករករឿងរករ៉ាវយ៉ាងនេះយ៉ាងនោះ ដែលជាការឥតប្រយោជន៍ យ៉ាងហោចណាស់ ក៏បាននិយាយពាក្យស៊កសៀតឱ្យគេខ្លះដែរ ទើបខ្លួនឯងគិតថា បានសុខ ចិត្ត ។ សត្វលោកដោយច្រើន តែងតែអន់ចិត្ត ដោយគិតថា អ្នកនេះ អ្នកនោះ បំភ្លេចខ្លួនចោល ទាំងដែលខ្លួនឯងធ្លាប់ បានជួយទំនុកបំរុង ឬធ្លាប់បានផ្តល់ឱ្យនូវអ្វីៗទោះតិចទោះ ច្រើនក្តី ក៏ក្នុងគំនិតគិតថា គេនោះបានជំពាក់ខ្លួនឯងទៅ ហើយ ដូច្នេះគេមិនសមបំភ្លេចខ្លួនឡើយ ។
តាមពិតមនុស្សលោក គួរតែខិតខំកសាងខ្លួន រៀន សូត្រការងារល្អៗអំពីអ្នកដទៃ ព្រោះថា ការកើតមកជា មនុស្ស គឺកើតមកដើម្បីប្រយោជន៍ គួរជ្រះថ្លាក្នុងការ បំពេញសេចក្តីល្អឱ្យបានច្រើនឡើងៗ ព្រោះ កម្របានណាស់នូវឱកាសពេលវេលានៃការ យល់ដឹងអំពីគុណប្រយោជន៍នៃអំពើល្អ ។ ពិតណាស់ ឱកាសពេលវេលានៃការបានយល់ បាន ដឹង អំពីប្រយោជន៍របស់គុណធម៌ទាំងពួង ហៅពេញសែន ក្រ ដូច្នេះបុគ្គលមិនគួរប្រមាទក្នុងការបណ្តែតបណ្តោយ ពេលវេលាឡើយ ។ ការចំណាយពេលវេលា ប្រកែកតវ៉ា យកឈ្នះ យក ចាញ់ រក្សាទុកនូវការប្រកាន់អញ គឺអញមិនចាញ់ឯង អញ ស៊ីបាយអញ ប្រាក់ចាយកំលាំងរបស់អញ យកការឈ្លោះស្តី ថា ធ្វើជាអាជ្ញារបស់ខ្លួន យកមានៈលើកធ្វើជាទង់ឱ្យខ្ពស់ នេះហើយការរស់នៅក្នុងគំនរភ្នក់ភ្លើង និង ជាការបាត់បង់ របស់ដ៏មានតំលៃ ហើយបានមកវិញនូវរបស់ដែលមាន ទោស ប្រៀបដូចបុគ្គលចំណាយដុំមាស ដុំពេជ្រ ទៅដូរយក ខ្ទួយ ក្អែប មកទុកក្នុងផ្ទះអញ្ចឹងដែរ ។
ការចំណាយពេលវេលា ដើម្បីបានសប្បាយនៅក្នុង កាមគុណ និង ចំណាយពេលវេលាដើម្បីនិយាយគ្នាពីនេះ ពីនោះ ឥតប្រយោជន៍ ប្រៀបដូចជាការបណ្តេញមនុស្សល្អ ស្លូតត្រង់ ជាមនុស្សបានការចោល ហើយហៅយកនូវមនុស្សខូច មនុស្សអែបអប បញ្ជោរលើកជើងលើកដៃ ឱ្យមក នៅជាមួយធ្វើការងារក្នុងផ្ទះ អញ្ចឹងដែរ ។ ការសង្រួមកាយ-វាចា-ចិត្ត ពិតជាមិនងាយសង្រួមបានមែនក៏ដោយ ប៉ុន្តែគុណធម៌គឺ សេចក្តីព្យាយាម ព្រោះ សេចក្តីសង្វេគជាបទដ្ឋាន បានរុញច្រានឱ្យបុគ្គលឃ្លាតចេញ អំពីបាបកម្មបន្តិចម្តងៗ បានទៅជាអ្នកសង្រួមដ៏ប្រពៃ យប់ ថ្ងៃប្រព្រឹត្តទៅដោយសេចក្តីមិនប្រមាទ ។
បុគ្គលអ្នកសង្រួម មានចិត្តស្ថិតនៅក្រោមម្លប់ព្រះ ធម៌ដ៏ត្រជាក់ មិនខឹងក្រោធ ឬអាក់អន់ចិត្តចំពោះអ្នកណាៗ ព្រោះតែការមិនជំពាក់ចិត្តនៅក្នុងលោក ។ បុគ្គលអ្នកសង្រួមមានមេត្តាចំពោះសព្វសត្វនានា ព្រោះឃើញសព្វសត្វទាំងអស់ប្រាថ្នាសេចក្តីសុខ មានករុណា ព្រោះឃើញសត្វលោកកំពុងតែប្រឹងរត់គេចចេញអំពី សេចក្តីទុក្ខ ទាំងដែលមិនបានដឹងផ្លូវ ដើម្បីរត់ឱ្យបានរួចផុត ចាកអំពីទុក្ខនោះផង ។ បុគ្គលអ្នកសង្រួម មានវាចាពិរោះ និយាយទៅរក អ្នកដទៃដោយទឹកចិត្តមានមេត្តា មានករុណា ពាក្យសំដីជា ផ្កា ជាទឹកឃ្មុំ ពាក្យសំដីមានប្រយោជន៍ ផ្អែមស្រទន់ ធ្វើឱ្យ អ្នកស្តាប់ស្ងប់ចិត្ត មានស្មារតី ។
បុគ្គលអ្នកសង្រួម មិនមានបំណងឱ្យអ្នកណាម្នាក់ មានសេចក្តីទុក្ខឡើយ ទោះជាបុគ្គលនោះបានធ្វើអំពើមិន ជាប្រយោជន៍មកលើលោកយ៉ាងណាក៏ដោយ លោកអ្នក សង្រួមតែងតែឱ្យអភ័យជានិច្ចជាកាល ។ បុគ្គលអ្នកសង្រួម មានចិត្តរួចផុតចាកការប្រកាន់មាំ ការជាប់ជំពាក់មាំ សុខចិត្តប្រគល់ឧបាទានក្ខន្ធ ៥ ឱ្យម្ចាស់ គេនៅក្នុងលោកនេះ ដោយអាស្រ័យព្រហ្មយានដ៏ប្រសើរ បានកើតឡើងនៅក្នុងអត្តភាពរបស់លោក ព្រហ្មយានដ៏ ប្រសើរនោះ បាននាំលោកចេញចាកឱ្យឃ្លាតឆ្ងាយអំពី ត្រើយអាយ កាត់សមុទ្រតណ្ហា ទៅកាន់ត្រើយនាយ ដែល ជាត្រើយបរមសុខ ។ បុគ្គលអ្នកសង្រួម មិនធ្វើនូវអំពើអ្វីៗដែលមាន លក្ខណៈជាប់នៅក្នុងលោកនេះឡើយ ព្រោះលោកបាន កំណត់ដឹងហើយនូវលោកនេះ និង បរលោក ដោយបញ្ញា ដ៏ប្រពៃ ។
កាយនេះ កើតឡើងដោយអាស្រ័យ សមុដ្ឋានផ្សេងៗ មានការចំរើនធំធាត់ដោយចំណីអាហារ ប៉ុន្តែទោះជាធាត់ស្គមយ៉ាង ណា ក៏ត្រឹមតែជាមហាភូតរូប ៤ គឺ ដី ទឹក ភ្លើង ខ្យល់ និងឧបាទាយរូបផ្សេងៗ ទៀតប៉ុណ្ណោះ ពុំមែនជាសត្វបុគ្គលតួខ្លួន ឡើយ ឯចំណែកវិញ្ញាណរបស់សត្វលោក បានអាស្រ័យនឹងរូបកាយនេះ ព្រោះមាន វត្ថុរូបជាទីអាស្រ័យ និងព្រោះដោយអារម្ម ណប្បច្ច័យ ទើបមានវិញ្ញាណកើតឡើង បន្តគ្នាពុំមានវិញ្ញាណណាមួយជាសត្វ ឡើយ ។ ការសិក្សាអំពីអារម្មណ៍របស់ចិត្ត និង ចេតសិក នាំ ឱ្យបានយល់អំពីការកើតរលត់នៃចិត្តចេតសិក និង នាំឱ្យ បានយល់អំពីអារម្មណ៍របស់សតិប្បដ្ឋាន ៤ ព្រមទាំងនាំឱ្យ មានការចំរើនសតិប្បដ្ឋាន-វិបស្សនា បានជាប្រក្រតីធម្មតា ក្នុងការបានដល់ទីពឹងពិតប្រាកដទៀតផង ។
ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
រៀបរៀងដោយ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត-សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/1776/2026-07-14_12_38_41-Untitled_-_Notepad.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៤,១៤៧ ដង)
- មានករណីជំទាស់ថា ការបដិបត្តិធម៌ គឺតាំងនៅក្នុងសភាពសន្ដោសមែនទេ? តែដំណើរជីវិតតាមផ្លូវលោក ត្រូវតែមានវត្ថុ របស់របរមកទំនុកបម្រុងធ្វើឲ្យសម្បូរបែប។ ដូច្នោះក្នុងរឿងនេះ ពិបាកឲ្យក្មេងបែងចែកបានណាស់។
- ឆ្លើយៈ មិនលំបាកទេ ព្រះពុទ្ធសាសនា ព្រមទទួលថាសម្ភារៈជារបស់សំខាន់ថែមទាំងមានពាក្យបង្រៀនច្រើនបែបយ៉ាង ឲ្យមានសេចក្ដីព្យាយាម ប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិឲ្យបានច្រើនៗទៀតផង។ តែរឿងអាកប្បកិរិយាចំពោះវត្ថុសម្ភារៈទាំងនោះ ទើបជារឿងសំខាន់។
- យើងមិនបានប្រើវត្ថុសម្ភារៈត្រឹមតែបានការតបស្នង គឺសេចក្ដីសុខ ដែលបណ្ដាលពីការបរិភោគប្រើប្រាស់ប៉ុណ្ណោះទេ។ តែយើងមានអាកប្បកិរិយាចំពោះវត្ថុទាំងនោះថា ជារបស់ចាំបាច់យើងត្រូវអាស្រ័យវត្ថុទាំងនោះ ទើបហៅថា បច្ច័យ គឺជាគ្រឿងទំនុកបម្រុងឲ្យមានសមត្ថភាព ក្នុងការធ្វើនូវរបស់អ្វីមួយឲ្យបានល្អប្រសើរឡើងទៀតបាន ដូចជា បើយើងសិក្សាដោយគ្មានវត្ថុសម្ភារៈតើនឹងសិក្សាបានយ៉ាងណា តែចំណុចសំខាន់មិនមែនបញ្ចប់នៅត្រឹមតែការបាននូវវត្ថុសម្ភារៈ។ វត្ថុសម្ភារៈមិនមែនជាគោលដៅ តែជាបច្ច័យ ជាមធ្យោបាយ តែមិនមែនទីបញ្ចប់។
- ពេលនេះវត្ថុសម្ភារៈ ជាមធ្យោបាយ ជាគ្រឿងទំនុកបម្រុង យើងអាស្រ័យវាដើម្បីឈានទៅកាន់វត្ថុដែលល្អស្អាត ឬដើម្បីការកសាងដែលបរិបូណ៌ដោយគុណភាព។ ត្រង់នេះឯងទើបជារឿងសំខាន់ យើងស្វែងរកវត្ថុសម្ភារៈមកក៏ពិត តែជាមួយអាកប្បកិរិយា ដែលមានគោលបំណងយ៉ាងច្បាស់លាស់ ទើបវត្ថុជាគ្រឿង ទំនុកបម្រុង ដែលជាមូលដ្ឋាននាំឲ្យសម្រេចការកសាងរបស់ដែលល្អស្អាត របស់ដែលប្រសើរខ្ពង់ខ្ពស់ក្រៃលែងឡើង។
- យ៉ាងតិចបំផុត បើយើងសម្លឹងមើលវត្ថុ ឬសេដ្ឋកិច្ចដែលជាបច្ច័យ កាលបើយើងមានវត្ថុច្រើន យើងក៏បានប្រើវាជួយដល់សង្គមឲ្យមានសេចក្ដីសុខ ចម្រើនរុងរឿង។ មិនមែនថា មានវត្ថុសម្ភារៈច្រើនប្រើសម្រាប់តែខ្លួនឯងជាធំ ស្រវឹងវង្វេងតែប៉ុណ្ណឹងនោះទេ។ អាកប្បកិរិយាយ៉ាងនេះ ទើបជារឿងសំខាន់ ហើយក៏កើតសេចក្ដីរលឹកដឹងដែលល្អស្អាត និង បែបបទនៃជីវិតក្នុងសង្គមមនុស្ស ក៏មានសម្ពន្ថភាពអនុគ្រោះដល់គ្នា ដើម្បីឲ្យបាននូវវត្ថុបំណងដែលល្អស្អាតក្រៃលែងឡើងទៅ។ អរិយធម៌នេះ គឺជាអរិយធម៌ពិតរបស់មនុស្ស។
- ទើបត្រូវតែហ្វឹកហាត់ចាប់ពីឥឡូវនេះទៅ គឺឲ្យសម្លឹងវត្ថុ សម្ភារៈ ឬសេដ្ឋកិច្ចថាជាបច្ច័យ មិនមែនសម្លឹងក្នុងន័យថា ជាគោលដៅនោះទេ។ បើមនុស្សសម្លឹងសម្ភារៈថាជាគោលដៅ ក៏ព្យាយាមរកវត្ថុសម្ភារៈនោះឲ្យច្រើនៗ ហើយស្រវឹងវង្វេងក្នុងរឿងត្រឹមតែប៉ុណ្ណោះ ហើយបានត្រឹមប្រកួតប្រជែងដណ្ដើមគ្នាតែប៉ុណ្ណោះ។
១- ព្យាយាមស្វែងរកទ្រព្យឲ្យបានច្រើន ដើម្បីបរិភោគប្រើប្រាស់តែខ្លួនឯង ប៉ុន្មានក៏មិនល្មមដែរ។
២- ប្រកួតប្រជែងបៀតបៀនគ្នា។
៣- អរិយធម៌អាប់ឱន មិនចម្រើនលូតលាស់បានឡើយ។
- តែបើសម្លឹងវត្ថុសម្ភារៈជាបច្ច័យ គេនឹងអាចកំណត់ព្រំដែននៃការបរិភោគប្រើប្រាស់ បន្ទាប់ពីនោះ បើមានច្រើន ក៏អាចយកទៅជួយទំនុកបម្រុង កសាងសង្គមក្នុងអំពើល្អ។
- គ្រប់យ៉ាងក្នុងលោកនេះ ទាំងវត្ថុ និង នាមធម៌ ជាបច្ច័យដល់គ្នានឹងគ្នា មានសម្ពន្ធភាពក្នុងការទំនុកបម្រុងគ្នាក្នុងគ្រាដំបូងបំផុតឬថា ក្នុងថ្នាក់ដែលជាមូលដ្ឋាន។ មនុស្សយើងត្រូវការសម្ភារៈដើម្បីមកទំនុកបម្រុងជីវិត បើយើងមិនមានវត្ថុ យើងក៏មិនអាចមានជីវិតល្អប្រសើរ និង ជាសុខមិនបាន យើងត្រូវអាស្រ័យសម្ភារៈទាំងនោះ តែមិនឈប់ត្រឹមនោះ មិនស្រវឹងវង្វេងក្នុងវត្ថុសម្ភារៈនោះៗ។ បើយើងយកវត្ថុសម្ភារៈទាំងនោះជាគោលដៅបញ្ចប់ យើងនឹងត្រូវមានបញ្ហាយ៉ាងពិតប្រាកដ។ តែបើយើងមានវត្ថុសម្ភារៈ ហើយដឹងច្បាស់ថា វាជាគ្រឿងជួយទំនុកបម្រុង យើងនឹងធ្វើដំណើរទៅមុខ ជួយជាសេចក្ដីសុខដល់សង្គម និង កសាងនូវអ្វីដែលល្អស្អាត ទាំងផ្លូវចិត្ត និង ផ្លូវបញ្ញា សន្ដោសនិងការចូលចិត្តក្នុងការបដិបត្តិយ៉ាងនេះ។
ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម
ដោយ៥០០០ឆ្នាំ
images/articles/2079/2026-07-13_19_06_24-Greenshot.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៣,២២៧ ដង)
មនុស្សខ្លះ សិក្សាចំណេះដឹងទូទៅបានច្រើនក៏ពិតមែន តែមិនបានហ្វឹកហាត់អប់រំទូន្មានខ្លួន ទើបប្រមាទក្នុងការធ្វើការនិយាយ និងការសម្ដែងចេញផ្សេងៗទៀត។ ការធ្វើ ការនិយាយ និងការសម្ដែងចេញផ្សេងៗទៀតរបស់មនុស្ស គឺជាការប្រាប់ឲ្យដឹងដល់ការអប់រំទូន្មានខ្លួន មិនមែនប្រាប់ពីការសិក្សានូវចំណេះដឹងផ្សេងៗនោះទេ។មនុស្សយើង បើមិនហ្វឹកហាត់អប់រំទូន្មានខ្លួនឯងហើយ ទោះជាអ្នកណាក៏ដោយ ក៏មិនអាចមកបង្វឹកឲ្យទៅជាមនុស្សល្អបានដែរ ប្រៀបដូចជាអ្នកពូកែបើករថយន្ត ថាបើរថយន្តខូចទៅហើយនោះ នឹងបើកបរយ៉ាងដូចម្ដេចទៅ។
ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត
រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស
ដោយ៥០០០ឆ្នាំ
images/articles/1311/2026-07-13_19_12_40-Greenshot.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៣,៨៨២ ដង)
ផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំ យ៉ាងណា របស់ស្អុយទាំងឡាយមានលាមកនិងសាកសពជាដើម ក៏ជាទីពេញចិត្តនៃសត្វរុយ យ៉ាងនោះដែរ ។បើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អ និងមានចិត្តល្អ រមែងប្រៀបដូចជាផ្កាឈើ តែបើកូនមានកាយកម្មមិនល្អ និងចិត្តមិនល្អទេ កូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរ ។
កូនស្រីមាសឪពុក គប្បីជ្រើសយកដោយខ្លួនឯងតើកូនត្រូវការឲ្យរុយវារោម ឬត្រូវការឲ្យឃ្មុំមកក្រេប ។បើកូនស្រីត្រូវការឲ្យឃ្មុំមកទំក្រេបកូនត្រូវបដិបត្តិខ្លួន ឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាត និងចិត្តល្អស្អាត ពោលគឺ កូនត្រូវជាមនុស្សមានសីលមានធម៌....។
បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាត កូនត្រូវបានជួបតែជាមួយរុយ ដែលនាំមកនូវសេចក្តីសៅហ្មងនិងសេចក្តីវិនាសមកដល់កូនជាពិតប្រាកដ ។ឃ្មុំក្រេបផ្កា មិនធ្វើឲ្យខូចផ្កា មានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែម ឯខ្លួនជាផ្កាសម្រេចបានជាផ្លែ ញ៉ាំងប្រយោជន៍ក្នុងលោកឲ្យបរិបូណ៌ ។
នៅនឹងខ្លួនសត្វលំអងកេសរផ្កា នេះជាឈ្មោះនៃមនុស្សល្អ បើកូនជាមនុស្សផ្កា កូននឹងមានមនុស្សល្អមករកកូន ញ៉ាំងប្រយោជន៍ឲ្យទូលំទូលាយ ម្យ៉ាងទៀត ឃ្មុំជាឈ្មោះនៃសិរីសួស្តី ។ឪសូមឲ្យពរដល់កូនស្រី សូមឲ្យកូនស្រីបានទៅជាមនុស្សល្អ ប្រៀបបីដូចជាផ្កាឈើ សូមឲ្យកូនស្រីបាឆ្លងរួចពីការសៅហ្មង កុំជាមនុស្សស្អុយឡើយ ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/2636/2026-07-13_18_58_51-Greenshot.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ៥៥,៧២២ ដង)
មិនមានអ្វីទៀងទាត់ក្នុងជីវិតឡើយ ដូច្នេះហើយទើបមិនគប្បីអួតខ្លួនឯងក្នុងរឿងអ្វីៗនោះទេ ។ ធ្វើសេចក្តីល្អ ដើម្បីខ្លួនឯងជាមនុស្សល្អ មិនមែនគ្រាន់តែដើម្បីបង្អួតបង្អរអ្នកដទៃនោះឡើយ ។ នៅក្នុងធម្មដ្ឋវគ្គ ( វគ្គទី ១៩ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា៖
ន វាក្ករណមត្តេន វណ្ណបោក្ខរតាយ វា
សាធុរូបោ នរោ ហោតិ ឥស្សុកី មច្ឆរី សឋោ ។
បុគ្គលមានសេចក្តីច្រណែន មានសេចក្តីកំណាញ់ ជាអ្នកអួតអាង ឈ្មោះថាជាមនុស្សល្អ ដោយហេតុត្រឹមតែចេះនិយាយឬ ដោយភាពជាអ្នកមានពណ៌សម្បុរល្អស្អាតនោះ មិនទាន់បានឡើយ។
យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ
ស វន្តទោសោ មេធាវី សាធុរូបោតិ វុច្ចតិ ។
លុះត្រាតែអកុសលធម៌ មានឥស្សាជាដើមនេះ ដែលបុគ្គលណាបានផ្តាច់ផ្តិល ដកឡើងធ្វើឲ្យមានឫសគល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោសៈខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជាមនុស្សល្អទៅបាន ។
ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រភាគ១១
ដោយ៥០០០ឆ្នាំ
images/articles/2575/2026-07-13_19_01_58-Greenshot.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ៥០,២៣០ ដង)
៙. សេចក្ដីល្អ ឬអាក្រក់ទាំងឡាយ ចាប់ផ្ដើមពីចិត្តទៅមុន ។ មនុស្សដែលយើងព្រមទទួលថា ជាមនុស្សល្អនោះ ព្រោះគេបានធ្វើល្អ និងនិយាយល្អ ទាំងនេះព្រោះមកអំពីមាន ការគិតល្អជាមូលដ្ឋាន ។ អាចនិយាយម្យ៉ាងទៀតថា គេតាំងចិត្តធ្វើជាមនុស្សល្អ ហើយក៏ប្រព្រឹត្តតាមការតាំងចិត្តនោះ ។ ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់យើង ជាងយើងជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលយើងចង់ឲ្យអ្នកដទៃ ធ្វើសេចក្ដីល្អឲ្យយើង គឺយើងត្រូវព្យាយាមធ្វើសេចក្ដីល្អឲ្យខ្លួនឯង ទៅតាមដែលយើងត្រូវការ ។ សេចក្ដីល្អដែលយើងធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្ត ជាពិតប្រាកដ គឺធ្វើឲ្យចិត្តបានសុខស្ងប់ ។ កាលបើចិត្តបានសុខស្ងប់ហើយ អ្វី ៗ ក៏រៀបរយទៅផងដែរ ។
៙. ចិត្តរបស់មនុស្ស សំខាន់សម្រាប់មនុស្សខ្លួនឯងណាស់ មានតម្លៃជាទីបំផុត ត្រូវថែទាំឲ្យក្រៃលែង ។ មនុស្សនឹងទៅជាបុគ្គលយ៉ាងណា គឺស្រេចហើយតែចិត្តរបស់គេនោះឯង តួយ៉ាងព្រះសិទ្ធត្ថ ដែលក្រោយមកបានជាព្រះសម្មាសម្ពុទ្ធ ក៏ព្រោះមកអំពីព្រះហឫទ័យព្រះអង្គដែរ ។ មនុស្សធម្មតា តែក្រោយមកបានក្លាយជាព្រះអរហន្ត ជាទីគោរពបូជានៃមនុស្ស និងទេវតាទាំងឡាយ ព្រោះចិត្តរបស់លោកប្រាសចាកកិលេសហ្នឹងឯង រីឯមនុស្សមានមុខមាត់ស្អាតបាតខ្លះ តែជាទីរង្កៀសដល់មនុស្សទាំងឡាយ ព្រោះចិត្តអាក្រក់ ហើយធ្វើអាក្រក់ និយាយអាក្រក់ ទៅតាមចិត្តដែលអាក្រក់នោះ ៗ ។
៙. ចំពោះចិត្តមានសេចក្ដីសំខាន់យ៉ាងណា អ្នកសិក្សាអំពីចិត្ត អាចឃើញច្បាស់បាន ។ អ្នកដែលមានជោគល្អជាទីបំផុត គឺអ្នកដែលអាចធ្វើចិត្តឲ្យជាសុខបានរាល់ថ្ងៃ និងសេចក្ដីស្ងប់ដ៏ពិតប្រាកដ នៃចិត្តនោះឯង ។ ត្រូវចាំថា បើចិត្តអាក្រក់ហើយ អ្វី ៗ ទៀតដែលអាក្រក់នឹងតាមមក តែបើចិត្តល្អវិញ សេចក្ដីល្អគ្រប់យ៉ាងនឹងតាមមកក្រោយដែរ ដូចកង់រទេះ វិលតាមស្នាមជើងគោដែលអូសនូវរទេះនោះ ឬដូចស្រមោលអន្ទោលតាមប្រាណ ដូច្នេះឯង ។
៙. យើងកើតទុក្ខទោមនស្ស ព្រោះចិត្តគិតតាក់តែងខ្លួនឯង មិនមែនព្រោះអ្នកដទៃទេ ។ ចិត្តនេះ គិតឲ្យខ្លួនឯង ខ្វះខាតរហេមរហាមក៏បាន គិតឲ្យខ្លួនឯងគ្រប់ ឡើងសល់ទៀតក៏បាន គិតឲ្យសុខ គិតឲ្យទុក្ខ បានទាំងអស់ ដូច្នេះ គួរយើងសិក្សាព្រះធម៌ ដើម្បីបានឆ្លាតក្នុងការគិត គឺយោនិសោមនសិការ ៕ សាធុ ! សាធុ ! ៚ ប.ស.វ.
ដោយ៥០០០ឆ្នាំ
images/articles/3014/2026-07-13_18_53_15-Greenshot.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ៥៥,៨១២ ដង)
មនុស្សល្អ គឺបុគ្គលណាដែលប្រព្រឹត្តអំពើល្អដោយកាយ វាចា ចិត្ត មានសីលធម៌ មានគុណធម៌ខ្ពងខ្ពស់។ ឃ្មុំតែងហើរទៅក្រេបផ្កា ប្រៀបដូចជា អ្នកប្រាថ្នាចង់បានសេចក្ដីចម្រើន តែងជួបប្រាស្រ័យនឹងមនុស្សល្អ ដូច្នោះឯង។
អ្នកណាខ្លះជាមនុស្សល្អ?អ្នកណាក៏ដោយ ឲ្យតែធ្លាប់ជួយយើង ដោយហោចទៅសូម្បីឲ្យទឹកមួយកែវ ឲ្យបាយមួយវែក ក៏ចាត់ទុកថាជាមនុស្សល្អចំពោះយើងដែរ។ អ្នកមានបំណងល្អ ចំពោះយើងមានដូចខាងក្រោម៖
១. មាតាបិតា
២. ចាស់ព្រឹទ្ធាចារ្យ រៀមច្បងក្នុងគ្រួសារ
៣. គ្រូឧបជ្ឈាចារ្យ លោកគ្រូ អ្នកគ្រូ
៤. ព្រះសង្ឃដែលបានសង្រួមកាយវាចាល្អត្រឹមត្រូវ
៥. ព្រះពុទ្ធ
បុគ្គលខាងលើនេះ សុទ្ធតែមានបំណងចង់ឲ្យយើងបានសេចក្ដីចម្រើន ទោះបីពេលខ្លះគាត់ស្ដីបន្ទោស ឬមានពាក្យសម្ដីធ្ងន់ស្រាលលើយើងក៏ដោយ ក៏យើងមិនត្រូវខឹងស្អប់គាត់ឡើយ។
មូលហេតុធ្វើឲ្យស្អប់មនុស្សល្អ
១. មច្ឆាទិដ្ឋិ យល់ខុស មិនជឿថា មានបាប មានបុណ្យ មិនជឿថា ធ្វើបាបបានផលជាទុក្ខ ធ្វើបុណ្យបានផលជាសុខទេ។
២. មិច្ឆាសង្កប្បៈ ត្រិះរិះខុស គឺកិតរកការសប្បាយតាមផ្លូវអបាយមុខ ឬតាមការជិះជាន់ កេងប្រវ័ញ្ច ធ្វើបាបអ្នកដទៃ។
៣. មិច្ឆាវាចាៈ និយាយពាក្យខុស គឺនិយាយពាក្យភូតកុហក ញុះញង់ ស៊កសៀត បំបែកបំបាក់ ជេរប្រទេចផ្ដាសារអ្នកដទៃ។
៤. មិច្ឆាកម្មន្តៈ ធ្វើការងារខុស គឺធ្វើការងារដោយខ្វះសតិស្មារតីមិនដឹងថា ការងារណាគួរធ្វើ ការងារណាមិនគួរធ្វើ ការងារណាគួរធ្វើមុន ការងារណាគួរធ្វើក្រោយ។
៥. មច្ឆាអាជីវៈ ចិញ្ចឹមជីវិតខុស គឺប្រកបមុខរបររកស៊ីខុសច្បាប់ ខុសសីលធម៌ ខុសប្រពៃណី។
៦. មិច្ឆាវាយាមៈ ព្យាយាមខុស គឺប្រឹងប្រែងព្យាយាមធ្វើកិច្ចការងារណាដែលមិនត្រឹមត្រូវ ខុសឆ្គាំឆ្គង គ្មានសីលធម៌។
៧. មិច្ឆាសតិៈ រលឹកខុស គឺនឹកតែរឿងបាប រឿងអកុសល រឿងខុស ហើយសប្បាយរីករាយក្នុងរឿងខុសនោះ។
៨. មច្ឆាសមាធិៈ តម្កល់ចិត្តខុស គឺមុះមុត ក្លាហានក្នុងរឿងខុសមិនត្រូវទំនង។
កាលបើអ្នកសន្សំគំនិតមិនល្អច្រើននៅក្នុងខ្លួន វាធ្វើឲ្យយើងមិនមានជំហរឹងមាំ មានគំនិតរវើរវាយ ធ្វើអ្វីៗមិនបានសម្រេចល្អឡើយ។
ការយល់ត្រូវ សម្មាទិដ្ឋិការយល់ត្រឹមត្រូវ គឺចំណុចផ្ដើមដំបូងនាំឲ្យមនុស្សធ្វើត្រូវ និយាយត្រូវ។ ការយល់ត្រូវកើតឡើងអាស្រ័យហេតុពីរយ៉ាង ៖
១. ស្ដាប់អ្នកដទៃ គឺស្ដាប់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ។
២. ការពិចារណា ការស្ដាប់តែម្យ៉ាង នៅមិនទាន់គ្រប់គ្រាន់ទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវទេ ត្រូវអាស្រ័យការពិចារណាបន្ថែមទៀតតើគេនិយាយនោះត្រឹមត្រូវឬទេ សមហេតុផលឬទេ មិនត្រូវជឿទាំងអស់ទេ។
កាលបើមនុស្សយល់ត្រូវ សកម្មភាពសម្ដែងចេញមកក៏ល្អ កាលបើមនុស្សធ្វើល្អ សេចក្ដីសុខរមែងកើតឡើង។
ដោយ៥០០០ឆ្នាំ
images/articles/3451/2026-07-11_10_34_11-Untitled_-_Notepad.jpg
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១២៨ ដង)
ក្នុងបណ្ដាមនុស្សរាប់ពាន់លាននាក់ មានតែមនុស្សម្នាក់គត់ ដែលអាចជួយយើងបានគ្រប់គ្រា គ្រប់វេលា គឺខ្លួនឯង ដូច្នេះ យើងមិនត្រូវក្បត់នឹងខ្លួនឯង ហើយទៅសេពគប់ចុះចូលជាមួយនឹងបាបទេ ព្រោះបាបនេះឯងដែលជាកំពូលសត្រូវនឹងខ្លួនយើង ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ
images/articles/3459/2026-07-11_16_34_14-Untitled_-_Notepad.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៣៧ ដង)
ឱកាសនេះ ថ្ងៃនេះ ជនទាំងឡាយដែលបានឮព្រះនាមនៃព្រះសម្មាសម្ពុទ្ធ ហើយធ្លាប់ក្រាបថ្វាយបង្គំ នឹងបានក្លាយជាអ្នកដែលមានសេចក្តីត្រង់ត្រាប់ (ស្មោះត្រង់ចំពោះខ្លួនឯង) ថា ដរាបណាដែលមិនទាន់ដឹងគុណរបស់ព្រះអង្គ ដែលទ្រង់សម្តែងនូវសេចក្តីពិតដែលកំពុងមាននៅក្នុងពេលឥឡូវនេះទេ គឺមិនទាន់ឈ្មោះថាស្គាល់ព្រះសម្មាសម្ពុទ្ធឡើយ។
គ្រាន់តែបានឮព្រះនាម ក៏ក្រាបថ្វាយបង្គំទៅហើយ តើក្រាបថ្វាយបង្គំត្រឹមតែព្រះនាមយ៉ាងដូចម្តេច? ហេតុដូច្នេះហើយ ការគោរពចំពោះព្រះអង្គនឹងកើនឡើង លុះត្រាតែបានយល់ដឹងនូវសេចក្តីពិតកើនឡើង រហូតដល់ប្រចក្សច្បាស់ (ដឹងច្បាស់ដោយខ្លួនឯង) នូវសេចក្តីពិត គ្មានបុគ្គលណាម្នាក់ដែលអាចមានគុណលើសជាងព្រះសម្មាសម្ពុទ្ធបានឡើយ។
ពីការដែលមិនធ្លាប់ដឹងទាល់តែសោះតាំងពីយូរលង់ណាស់មកហើយ ចាប់ផ្តើមស្តាប់ ចាប់ផ្តើមត្រិះរិះពិចារណា ចាប់ផ្តើមដឹងថាជីវិតមិនទៀងទាត់ មិនស្ថិតស្ថេរ។ បានឮដំណឹងពីមនុស្សដែលបាត់បង់ជីវិតដោយមិនបានគ្រោងទុកជាមុន គ្រោះថ្នាក់ចរាចរណ៍ស្លាប់ ជាដើម អ្វីៗក៏អាចកើតឡើងបានទាំងអស់ ទោះបីជាពេលឥឡូវនេះ ក៏មានមនុស្សស្លាប់នៅក្នុងពេលឥឡូវនេះបានដែរ កាលបើមានហេតុដែលដល់ពេលវេលាត្រូវលាចាកលោកនេះទៅ គ្មាននរណាម្នាក់អាចទប់ទល់បានឡើយ។
តែមុននឹងស្លាប់ សាកគិតមើល តើបានធ្វើអ្វីខ្លះ? សន្សំទុកគ្រប់យ៉ាង តើអាចយកទៅបានទេ? (មិនបានទេ) មានទ្រព្យសម្បត្តិច្រើន មានឈ្មោះបោះសំឡេង មានកិត្តិយស តើនៅឯណា? បើមិនគិត (វាគ្មានទេ) ហើយក៏រលត់ទៅភ្លាមៗគ្រប់ខណៈក៏មិនដឹងខ្លួន នៅតែចាំថានៅមាន ដែលជាការចងចាំខុស (សញ្ញាខុស)។
ហេតុដូច្នេះហើយ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងនូវសេចក្តីពិត ដើម្បីឱ្យដឹងហើយលះបង់នូវសេចក្តីមិនដឹង (អវិជ្ជា) ដែលជាកិលេស។ សេចក្តីមិនដឹង ល្អទេ? (មិនល្អទេ) ព្រោះហេតុនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រចក្សច្បាស់នូវអ្វីដែលប្រសើរបំផុត គឺបញ្ញា ការឃើញត្រូវតាមសេចក្តីពិតនៃអ្វីៗដែលមាន និងឃើញនូវសេចក្តីជ្រាលជ្រៅជាទីបំផុត។ ប៉ុន្តែ ដោយព្រះមហាករុណា ទ្រង់បានសម្តែងនូវអ្វីដែលព្រះអង្គបានត្រាស់ដឹងហើយ ឱ្យអ្នកដទៃបានស្តាប់ បានត្រិះរិះពិចារណា អស់រយៈពេល ៤៥ ព្រះវស្សា ប្រាកដជាមិនមែនត្រឹមតែពាក្យមួយម៉ាត់ដែលយើងបានឮនោះទេ គឺ «ធម៌ទាំងពួងជាអនត្តា» ប៉ុន្តែសេចក្តីលម្អិតនៃធម៌គឺមានច្រើនអនេក រហូតទាល់តែក្លាយជាអ្វីដែលប្រសើរបំផុតនៅក្នុងសង្សារវដ្ត ដែលមានឱកាសបានស្តាប់ព្រះធម៌ដែលធ្វើឱ្យដឹងនូវសេចក្តីពិត។
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3448/2026-07-11_10_26_54-_________________________________________________________.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៥២ ដង)
ម្នាក់ៗ ខ្វល់អើយខ្វល់ ដូចអត់ចេះស្លាប់អ៊ីចឹង ។ អប់រំមរណស្សតិ គិតដល់សេចក្ដីស្លាប់ផងទៅ ទើបមិនសូវខ្វាយខ្វល់នឹងរឿងអ្វីៗ អ្នកណាៗកូនចៅឬអ្នកដទៃ សុទ្ធតែប្រព្រឹត្តទៅតាមកម្មរបស់គេ ដល់ពេលយើងស្លាប់ គឺស្លាប់តែម្នាក់ឯងទេ ឥឡូវនៅមិនទាន់ស្លាប់ ធ្វើបុណ្យឱ្យសប្បាយចិត្តទៅ តាំងចិត្តកុំបៀតបៀនមនុស្សសត្វទាំងអស់ រៀនរស់នៅឱ្យគេបានសុខ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ
images/articles/3389/2026-06-22_09_15_14-_New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ៣០៩ ដង)
ការចម្រើនភាវនា៖ មាគ៌ាឆ្ពោះទៅរកការលះបង់កិលេស និងព្រះនិព្វាន មានតែអ្នកដែលខិតខំប្រឹងប្រែងចម្រើនភាវនា ដើម្បីលះបង់រាគាទិកិលេស និងកំចាត់ចោលនូវនីវរណធម៌ទាំង ៥ ប៉ុណ្ណោះ ទើបអាចយល់ដឹងយ៉ាងច្បាស់ថា កិច្ចការនេះមានភាពលំបាកលំបិនកម្រិតណា។ នៅក្នុងលោកនេះ គ្មានសេចក្តីព្យាយាមណាមួយដែលពិបាកស្មើនឹងការកំចាត់កិលេស ដែលដេកត្រាំនៅក្នុងសន្តានចិត្តនោះឡើយ។ ប៉ុន្តែ ចំពោះបុគ្គលដែលមិនធ្លាប់ខ្វល់ខ្វាយក្នុងការលះបង់ ឬមិនធ្លាប់ហ្វឹកហាត់អប់រំចិត្តក្នុងផ្លូវភាវនា គឺមិនអាចយល់ពីជម្រៅនៃសេចក្តីលំបាកនេះបានឡើយ។
ហេតុដូច្នេះហើយ ទើបមនុស្សភាគច្រើន យល់ច្រឡំថា ត្រឹមតែការចេះដឹង និងការយល់ធម៌តាមទ្រឹស្ដី ក៏អាចនាំឱ្យសម្រេចព្រះនិព្វានបានដែរ។ បុគ្គលសម័យនេះភាគច្រើនជានេយ្យបុគ្គល ដែលត្រូវបដិបត្តិសីល សមាធិ និងបញ្ញាតាមលំដាប់លំដោយ និងមានបែបផែនត្រឹមត្រូវ ទើបអាចសម្រេចផលបាន។ តាមពិតទៅ ទោះជាយើងមានចំណេះដឹងផ្នែកបរិយត្តិធម៌ជ្រៅជ្រះកម្រិតណាក៏ដោយ ក៏វាមិនអាចដុតរំលាយកិលេសក្នុងចិត្តបានឡើយ ប្រសិនបើយើងមិនបានបោះជំហានចូលទៅអនុវត្តសមថភាវនា និងវិបស្សនាភាវនាដោយផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានទៅដល់ការបដិបត្តិដ៏ត្រឹមត្រូវ យើងដាច់ខាតត្រូវតែសិក្សាបរិយត្តិធម៌ឱ្យបានច្បាស់លាស់ និងសេពគប់នូវសប្បុរសជន (កល្យាណមិត្ត) ដើម្បីជាប្រទីបបំភ្លឺផ្លូវ និងណែនាំតម្រង់ទិសមិនឱ្យវង្វេង។ ការរៀនសូត្រក្រោមការទូន្មានរបស់សប្បុរសជន គឺជាគ្រឹះដ៏សំខាន់បំផុត ព្រោះយើងត្រូវដឹងខ្លួនថា យើងស្ថិតនៅក្នុងថ្នាក់ «នេយ្យបុគ្គល» បុគ្គលដែលទាមទារការសិក្សា ការសួរដេញដោល និងការខិតខំប្រឹងប្រែងបដិបត្តិយ៉ាងស្វិតស្វាញ ទើបអាចសម្រេចមគ្គផល។
យើងមិនត្រូវយកខ្លួនទៅប្រៀបធៀបជាមួយ «ឧគ្ឃដិតញ្ញូបុគ្គល» និង «វិបញ្ជិតញ្ញូបុគ្គល» នោះឡើយ។ កាលបើដឹងច្បាស់ថាខ្លួនជានេយ្យបុគ្គល មានតែផ្លូវមួយគត់គឺការបង្វែរចំណេះដឹងពីទ្រឹស្ដី មកជាការអនុវត្តជាក់ស្តែងដោយសេចក្តីមិនប្រមាទ។
សូមយើងក្រឡេកទៅមើល ព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តទាំងឡាយក្នុងអតីតកាល តើព្រះអង្គបានលះបង់ និងប្រកបដោយមហាវីរិយភាពខ្លាំងក្លាប៉ុណ្ណា ទម្រាំតែអាចសម្រេចនូវលោកុត្តរធម៌បាន? ប្រសិនបើសូម្បីតែការតម្កល់ចិត្តឱ្យនឹងធឹង មានឯកគ្គតារម្មណ៍ត្រឹមតែ ៥ ទៅ ១០ នាទី យើងនៅតែមិនអាចធ្វើបានផង តើយើងមានកម្លាំងឯណាទៅបំផ្លាញឫសគល់នៃកិលេសបាន? នេះហើយជាហេតុផលដែលបញ្ជាក់ថា ការឈរជើងត្រឹមចំណេះដឹង បើគ្មានការអនុវត្ត គឺមិនអាចស្ទាបអង្អែលព្រះនិព្វានបានឡើយ។
ដើម្បីជាគ្រឿងដាស់សតិ សូមពិចារណាដល់រឿងរ៉ាវរបស់ព្រះបោឋិលត្ថេរ ដែលលោកជាអ្នកទ្រទ្រង់ព្រះត្រៃបិដកយ៉ាងស្ទាត់ជំនាញ មានសិស្សគណជាច្រើន ប៉ុន្តែខ្លួនលោកផ្ទាល់បែរជាមិនអាចសម្រេចមគ្គផលសូម្បីតែបន្តិច។ មូលហេតុគឺលោកមាន «មានះ» (សេចក្តីប្រកាន់ខ្លួន) យ៉ាងខ្លាំងក្លា ដោយអាងថាខ្លួនជាអ្នកចេះដឹងច្រើន ជាធម្មធរដ៏ល្បីល្បាញ។ សេចក្តីប្រកាន់នេះឯងបានបិទបាំងមិនឱ្យលោកយកធម៌ដែលចេះទាំងនោះ មកអនុវត្ត ឬចំរើនវិបស្សនាក្នុងចិត្តឡើយ។
លុះក្រោយមក ព្រះសម្មាសម្ពុទ្ធទ្រង់បានញ៉ាំងលោកឱ្យកើតសេចក្តីសង្វេគ ដោយទ្រង់ហៅលោកជារឿយៗថា «ព្រះបោឋិលទទេ» (បុគ្គលទទេស្អាតចាកមគ្គផល)។ ពាក្យដាស់តឿនដ៏ធ្ងន់ធ្ងរនេះ បានធ្វើឱ្យលោកភ្ញាក់រលឹក លះបង់មានះ លះបង់បរិវារ ហើយស្វែងរកសេពគប់នឹងព្រះអរហន្តដើម្បីសុំការណែនាំផ្លូវបដិបត្តិ រហូតបានសម្រេចជាព្រះអរហន្ត។ ការដែលព្រះពុទ្ធទ្រង់ប្រើពាក្យធ្ងន់ៗបែបនេះ គឺដើម្បីដាស់សតិឱ្យលោកកើតសង្វេគ និងមានសេចក្តីមិនប្រមាទ។
សរុបសេចក្តីមក ជនណាដែលប្រាថ្នារួចផុតពីទុក្ខ និងសម្រេចព្រះនិព្វាន ត្រូវតែចាប់ផ្តើមដោយការសិក្សាបរិយត្តិធម៌ឱ្យត្រឹមត្រូវ ជ្រកកោនក្រោមឱវាទនៃសប្បុរសជន ហើយបង្វែរចំណេះដឹងទាំងនោះមកជាការអនុវត្តជាក់ស្តែង ដោយការធ្វើចិត្តឱ្យស្ងប់ និងចំរើនបញ្ញា។ ធ្វើបែបនេះ ទើបអាចកំចាត់នីវរណធម៌ និងលះបង់កិលេសទាំងពួងបាន។ នៅក្នុងសង្សារវដ្តដ៏វែងឆ្ងាយ អ្វីដែលយើងមិនទាន់បានធ្វើឱ្យពេញលេញ ហើយជាកាតព្វកិច្ចចម្បងដែលនាំឱ្យយើងនៅតែអន្ទោលទៅមកក្នុងវាលវដ្តសង្សារនោះ គឺ «ការចំរើនវិបស្សនាភាវនា» នេះឯង។
បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា
ប្រភព៖ ហ្វេសប៊ុកBhikkhu Kassapa
ដោយ៥០០០ឆ្នាំ
images/articles/3462/2026-07-11_17_00_59-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៥ ដង)
នៅពេល កំណប់ទ្រព្យក្លាយជា អាសិរពិស
ព្រឹកថ្ងៃមួយ នាវាលស្រែជិតក្រុងសាវត្ថី បរិយាកាសមានភាពស្ងប់ស្ងាត់ ពន្លឺថ្ងៃដ៏កក់ក្តៅទើបតែចាប់ផ្តើមជះពន្លឺ។ ព្រះពុទ្ធអង្គព្រមទាំងព្រះអានន្ទ កំពុងយាងកាត់វាលស្រែដែលកសិករម្នាក់កំពុងភ្ជួរដី។
នៅក្នុងខណៈដែលកំពុងយាងទៅនោះ ព្រះពុទ្ធអង្គទ្រង់ទតឃើញថង់ប្រាក់ថង់មាសដ៏មហាសាល ដែលពួកចោរធ្វើឱ្យធ្លាក់ទុកនៅក្នុងរស្នាមភ្ជួរ។ ជំនួសឱ្យការត្រាស់ដល់ភាពសំណាងល្អ ឬតម្លៃរបស់វា ព្រះអង្គបែរជាមកត្រាស់នឹងព្រះអានន្ទ ដោយព្រះសូរសៀងរាបស្មើថា៖ "ម្នាលអានន្ទ អ្នកឃើញអាសិរពិសទេ?" ព្រះអានន្ទក្រាបទូលតបភ្លាមថា "ឃើញ ព្រះអង្គ! វាគឺជាអាសិរពិសដ៏កាចសាហាវ"
កសិករដែលកំពុងភ្ជួរស្រែនៅជិតនោះបានឮ ក៏មានការភ្ញាក់ផ្អើល គិតថាមានពស់ពិសដ៏ធំលាក់ខ្លួននៅត្រង់នោះមែន។ លុះព្រះពុទ្ធអង្គនិងព្រះអានន្ទយាងផុតកន្ទុយភ្នែកទៅ គាត់ក៏កាន់ដំបងបម្រុងនឹងទៅវាយពស់ដើម្បីសុវត្ថិភាព ប៉ុន្តែនៅពេលទៅដល់ចំណុចនោះ អ្វីដែលគាត់បានជួបបែរជាមិនមែនពស់ពិស... ប៉ុន្តែជាថង់ផ្ទុកមាសប្រាក់ដ៏មានតម្លៃទៅវិញ! ដោយក្តីលោភលន់ចូលមកបាំងភ្នែក កសិកររូបនោះបានភ្លេចពាក្យព្រមានអំពី "អាសិរពិស" ទៅអស់រលីង។ គាត់យកថង់មាសនោះទុក ហើយសន្សឹមៗជញ្ជូនយកទៅផ្ទះ ដើម្បីប្រើប្រាស់យ៉ាងសុខស្រួល។
គ្រោះភ័យដែលខាំត្រឡប់
ប៉ុន្តែភាពសុខស្រួលនោះពិតជាខ្លីណាស់។ ថ្ងៃបន្ទាប់មក ពួកទាហានរបស់ព្រះរាជាបានដេញតាមដានចោរដែលប្លន់ព្រះរាជទ្រព្យ រហូតមកដល់វាលស្រែ និងតាមដានក្លិនរហូតឃើញមាសដែលត្រូវបានកប់នៅក្រោមផ្ទះរបស់កសិកររូបនេះ។ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗក្នុងបទចោទប្រកាន់ថា លួចព្រះរាជទ្រព្យ ហើយតាមច្បាប់ក្នុងយុគសម័យនោះ ទោសតែមួយគត់គឺ "ប្រហារជីវិត"។
ខណៈដែលកសិករដ៏គួរឱ្យអាណិតកំពុងត្រូវបានចង និងនាំខ្លួនទៅកាន់លានប្រហារ ដោយសេចក្តីភ័យខ្លាចនិងដឹងខ្លួន គាត់មិនបានស្រែកអង្វរសុំជីវិតទេ ប៉ុន្តែបែរជាសូត្រពាក្យសម្តីរបស់ព្រះពុទ្ធអង្គដដែលៗថា "ម្នាលអានន្ទ អ្នកឃើញអាសិរពិសទេ? ឃើញ ព្រះអង្គ! វាគឺជាអាសិរពិសដ៏កាចសាហាវ" ពួកទាហានរាជបុរសបានឮដូច្នោះ ក៏នឹកប្លែកចិត្ត ទើបនាំរឿងនេះទៅក្រាបទូលព្រះបាទបសេនទិកោសល។ ព្រះរាជាទ្រង់បង្គាប់ឱ្យផ្អាកការប្រហារជីវិត និងនាំខ្លួនកសិករនោះមកចូលគាល់ព្រះពុទ្ធអង្គដើម្បីស៊ើបរកការពិត ដែលព្រះពុទ្ធអង្គទ្រង់បានបញ្ជាក់ទទួលស្គាល់ និងទ្រង់សម្តែងធម៌ឱ្យស្តាប់ថា ទ្រព្យសម្បត្តិដែលបានមកដោយមិនត្រឹមត្រូវ ហើយតាមចាក់ដោតយើងនៅពេលក្រោយ នោះឯងទើបជាអាសិរពិសដ៏ពិតប្រាកដ។
ក្រោយបញ្ចប់ព្រះធម៌ទេសនា កសិកររូបនោះក៏បានកើតដួងភ្នែកឃើញធម៌ សម្រេចជាព្រះសោតាបន្ន ហើយទទួលបានការលើកលែងទោសពីព្រះរាជា រួចផុតពីសេចក្តីស្លាប់បានយ៉ាងអស្ចារ្យ។
ហេតុអ្វីបានជាព្រឹត្តិការណ៍នេះសំខាន់ និងគំនិតពិចារណាសម្រាប់មនុស្សជំនាន់យើង
ព្រឹត្តិការណ៍នេះគឺជាមេរៀនបុរាណដ៏ល្បីល្បាញមួយ ដែលបង្ហាញឱ្យឃើញថា "លាភយសប្រាក់កាសដែលបានមកយ៉ាងមិនត្រឹមត្រូវ ឬសេចក្តីលោភលន់ដែលខ្វះសតិបញ្ញាគ្រប់គ្រង" វាមានសភាពមិនខុសពីពស់វែកដ៏កាចសាហាវ ដែលត្រៀមនឹងខាំត្រឡប់ និងបំផ្លាញជីវិតរបស់យើង គ្រួសាររបស់យើង ឬអនាគតរបស់យើងបានគ្រប់ពេល។
នៅក្នុងសង្គមបច្ចុប្បន្នដែលពោរពេញទៅដោយការល្បួងចិត្ត ឱកាសមានផ្លូវកាត់ ឬប្រាក់ពណ៌ប្រផេះ (ប្រាក់មិនស្អាតស្អំ) ជាច្រើនលើកច្រើនសាដែលយើងប្រហែលជាភ្លាត់ស្មារតីរើស "ថង់មាស" ដែលដាក់នៅចំពោះមុខឡើងមក ដោយភ្លេចពិនិត្យថាតើនៅខាងក្នុងនោះមានពិសលាក់កំបាំងនៅឡើយឬទេ មិនថាជាការងារដែលមិនមានតម្លាភាព ឬការបៀតបៀនអ្នកដទៃដើម្បីបានមកនូវភាពមានបាននោះឡើយ។
សាកល្បងឈប់គិត និងត្រឡប់មកពិចារណាជាមួយខ្លួនឯងបន្តិចថា អ្វីដែលយើងកំពុងតែរត់ដេញតាម និងស្រវាស្រទិញនៅក្នុងរាល់ថ្ងៃនេះ... តើវាជាកំណប់ទ្រព្យដែលនឹងបង្កើតសេចក្តីសុខដ៏ពិតប្រាកដ ឬគ្រាន់តែជាអាសិរពិសដ៏កាចសាហាវ ដែលកំពុងរង់ចាំពេលវេលាខាំត្រឡប់មកលើខ្លួនយើងតែប៉ុណ្ណោះ?
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3447/2026-07-11_10_24_0___.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤១ ដង)
យើងមិនមានថ្ងៃបាន នូវរបស់ជាទីពេញចិត្តពិតប្រាកដនោះឡើយ ដរាបដែលយើងមិនហ្វឹកហាត់ឱ្យចេះពេញចិត្តជាមួយនឹងរបស់ដែលយើងមាននេះទេ គឺបានភ្លាមថាហ្នឹងហើយដែលខ្ញុំពេញចិត្ត ក្រោយមកថាមិនមែនទេ ឯណោះទៅវិញទេតើ តែរហូតយ៉ាងហ្នឹងឯង ។ ម្យ៉ាងទៀត បើយើងនៅតែប្រកាន់សព្វគ្រប់ សូម្បីគ្រាន់តែរឿងបន្តិចបន្តួចទេនោះ យើងមិនអាចរកសុខជាទីពឹងពិតប្រាកដបានឡើយ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ
images/articles/3442/2026-07-11_09_57_58-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៥ ដង)
សេចក្ដីអស្ចារ្យចម្លែករបស់មហាសមុទ្រ ៨ យ៉ាង
១. មហាសមុទ្រមានទំនាបទៅដោយលំដាប់ ។
២. មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើងឬ ជោរហួសច្រាំង ។
៣. មហាសមុទ្រ មិនដែលនៅរួម ដោយសាកសពស្លាប់ បើសាកសពស្លាប់ណា មាននៅក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ។
៤. មហាសមុទ្រមានទន្លេធំៗ ទាំងឡាយណាមួយ គឺទន្លេគង្គា យមុនា អចិរវតីសរភូ មហី កាលបើទន្លេទាំងនោះ ហូរទៅដល់មហាសមុទ្រហើយ រមែងលះបង់នាមនិងគោត្រដើម(របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ។
៥. មហាសមុទ្រមានទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោចទៅរក មហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រក៏មិនប្រាកដជាស្រក ឬ ពេញដោយទឹកទន្លេនឹងធារទឹកភ្លៀងនោះឡើយ ។
៦. មហាសមុទ្រមានរសតែមួយ គឺរសប្រៃ ។
៧. មហាសមុទ្រ មានរតនៈ(ទ្រព្យជាគ្រឿងពេញចិត្ត) ច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះ គឺកែវមុក្កា កែវមណី កែវពីទូរ្យ សង្ខ សិលាកែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ។
៨. មហាសមុទ្រជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០ យោជន៍ខ្លះ មានអត្តភាព ២០០ យោជន៍ខ្លះ មានអត្តភាព ៣០០ យោជន៍ខ្លះ មានអត្តភាព ៤០០ យោជន៍ខ្លះ មានអត្តភាព ៥០០ យោជន៍ខ្លះ ។
សេចក្ដីអស្ចារ្យចម្លែករបស់ធម្មវិន័យ ៨ យ៉ាង
១. ក្នុងធម៌វិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្ដីប្រតិបត្តិ ដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្ដងទេ ។
២. សិក្ខាបទណាដែលតថាគត បានបញ្ញត្តដល់សាវកទាំងឡាយហើយ ពួកសាវកតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លង សិក្ខាបទនោះឡើយ ។
៣. បុគ្គលណាជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នានាំបុគ្គលនោះចេញមួយរំពេច បុគ្គលនោះទុកជាអង្គុយនៅក្នុងកណ្ដាលជំនុំសង្ឃ ពិតមែន ប៉ុន្តែ បុគ្គលនោះឈ្មោះនៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃក៏ឈ្មោះនៅឆ្ងាយអំពីបុគ្គលនោះដែរ ។
៤. វណ្ណៈគឺត្រកូល ៤ ពួគនេះ គឺក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈទាំងនោះចេញចាកផ្ទះបួស ក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាមនឹងគ្រាដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថាជា សមណសក្យបុត្រតែម្យ៉ាង ។
៥. ទោះបី ពួកភិក្ខុច្រើនរូបបរិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុក៏មិនប្រាកដជាខ្វះ ឬពេញដោយភិក្ខុនោះ ។
៦. ធម្មវិន័យ នេះមានរសតែមួយ គឺវិមុត្តិរស ។
៧. ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥន្ទ្រិយ៥ ពលៈ ៥ ពោជ្យង្គ ៧ និងមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។
៨. ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះក្នុងធម្មវិន័យ នោះគឺ សោតាបន្នបុគ្គលនិងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីឲ្យជាក់ច្បាស់នូវសោតាបត្តិផង សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសកទាគាមិផង អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវអនាគាមិផលផងអរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីភាវៈនៃខ្លួនជាអរហន្ដផង ។
(សុត្តន្តបិដក អង្គុត្តរនិកាយ អដ្ឋកនិបាត បឋមបណ្ណាសក មហាវគ្គ បហារាទសូត្រ បិដកលេខ ៤៨ ទំព័រ ៨៧, ខុទ្ទកនិកាយ ឧទាន សោណត្ថេរវគ្គ ឧបោសថសូត្រ បិកដលេខ ៥២ ទំព័រ ២៣៨)
ថ្ងៃព្រហស្បតិ៍ ១១រោច ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១០ ខែ ឧសភា ព.ស. ៤៥៦២ គ.ស. ២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ