images/articles/3448/2026-07-11_10_26_54-_________________________________________________________.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៥២ ដង)
ម្នាក់ៗ ខ្វល់អើយខ្វល់ ដូចអត់ចេះស្លាប់អ៊ីចឹង ។ អប់រំមរណស្សតិ គិតដល់សេចក្ដីស្លាប់ផងទៅ ទើបមិនសូវខ្វាយខ្វល់នឹងរឿងអ្វីៗ អ្នកណាៗកូនចៅឬអ្នកដទៃ សុទ្ធតែប្រព្រឹត្តទៅតាមកម្មរបស់គេ ដល់ពេលយើងស្លាប់ គឺស្លាប់តែម្នាក់ឯងទេ ឥឡូវនៅមិនទាន់ស្លាប់ ធ្វើបុណ្យឱ្យសប្បាយចិត្តទៅ តាំងចិត្តកុំបៀតបៀនមនុស្សសត្វទាំងអស់ រៀនរស់នៅឱ្យគេបានសុខ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ
images/articles/3389/2026-06-22_09_15_14-_New_Text_Document_txt_-_Notepad.jpg
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ៣០៩ ដង)
ការចម្រើនភាវនា៖ មាគ៌ាឆ្ពោះទៅរកការលះបង់កិលេស និងព្រះនិព្វាន មានតែអ្នកដែលខិតខំប្រឹងប្រែងចម្រើនភាវនា ដើម្បីលះបង់រាគាទិកិលេស និងកំចាត់ចោលនូវនីវរណធម៌ទាំង ៥ ប៉ុណ្ណោះ ទើបអាចយល់ដឹងយ៉ាងច្បាស់ថា កិច្ចការនេះមានភាពលំបាកលំបិនកម្រិតណា។ នៅក្នុងលោកនេះ គ្មានសេចក្តីព្យាយាមណាមួយដែលពិបាកស្មើនឹងការកំចាត់កិលេស ដែលដេកត្រាំនៅក្នុងសន្តានចិត្តនោះឡើយ។ ប៉ុន្តែ ចំពោះបុគ្គលដែលមិនធ្លាប់ខ្វល់ខ្វាយក្នុងការលះបង់ ឬមិនធ្លាប់ហ្វឹកហាត់អប់រំចិត្តក្នុងផ្លូវភាវនា គឺមិនអាចយល់ពីជម្រៅនៃសេចក្តីលំបាកនេះបានឡើយ។
ហេតុដូច្នេះហើយ ទើបមនុស្សភាគច្រើន យល់ច្រឡំថា ត្រឹមតែការចេះដឹង និងការយល់ធម៌តាមទ្រឹស្ដី ក៏អាចនាំឱ្យសម្រេចព្រះនិព្វានបានដែរ។ បុគ្គលសម័យនេះភាគច្រើនជានេយ្យបុគ្គល ដែលត្រូវបដិបត្តិសីល សមាធិ និងបញ្ញាតាមលំដាប់លំដោយ និងមានបែបផែនត្រឹមត្រូវ ទើបអាចសម្រេចផលបាន។ តាមពិតទៅ ទោះជាយើងមានចំណេះដឹងផ្នែកបរិយត្តិធម៌ជ្រៅជ្រះកម្រិតណាក៏ដោយ ក៏វាមិនអាចដុតរំលាយកិលេសក្នុងចិត្តបានឡើយ ប្រសិនបើយើងមិនបានបោះជំហានចូលទៅអនុវត្តសមថភាវនា និងវិបស្សនាភាវនាដោយផ្ទាល់។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីឈានទៅដល់ការបដិបត្តិដ៏ត្រឹមត្រូវ យើងដាច់ខាតត្រូវតែសិក្សាបរិយត្តិធម៌ឱ្យបានច្បាស់លាស់ និងសេពគប់នូវសប្បុរសជន (កល្យាណមិត្ត) ដើម្បីជាប្រទីបបំភ្លឺផ្លូវ និងណែនាំតម្រង់ទិសមិនឱ្យវង្វេង។ ការរៀនសូត្រក្រោមការទូន្មានរបស់សប្បុរសជន គឺជាគ្រឹះដ៏សំខាន់បំផុត ព្រោះយើងត្រូវដឹងខ្លួនថា យើងស្ថិតនៅក្នុងថ្នាក់ «នេយ្យបុគ្គល» បុគ្គលដែលទាមទារការសិក្សា ការសួរដេញដោល និងការខិតខំប្រឹងប្រែងបដិបត្តិយ៉ាងស្វិតស្វាញ ទើបអាចសម្រេចមគ្គផល។
យើងមិនត្រូវយកខ្លួនទៅប្រៀបធៀបជាមួយ «ឧគ្ឃដិតញ្ញូបុគ្គល» និង «វិបញ្ជិតញ្ញូបុគ្គល» នោះឡើយ។ កាលបើដឹងច្បាស់ថាខ្លួនជានេយ្យបុគ្គល មានតែផ្លូវមួយគត់គឺការបង្វែរចំណេះដឹងពីទ្រឹស្ដី មកជាការអនុវត្តជាក់ស្តែងដោយសេចក្តីមិនប្រមាទ។
សូមយើងក្រឡេកទៅមើល ព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តទាំងឡាយក្នុងអតីតកាល តើព្រះអង្គបានលះបង់ និងប្រកបដោយមហាវីរិយភាពខ្លាំងក្លាប៉ុណ្ណា ទម្រាំតែអាចសម្រេចនូវលោកុត្តរធម៌បាន? ប្រសិនបើសូម្បីតែការតម្កល់ចិត្តឱ្យនឹងធឹង មានឯកគ្គតារម្មណ៍ត្រឹមតែ ៥ ទៅ ១០ នាទី យើងនៅតែមិនអាចធ្វើបានផង តើយើងមានកម្លាំងឯណាទៅបំផ្លាញឫសគល់នៃកិលេសបាន? នេះហើយជាហេតុផលដែលបញ្ជាក់ថា ការឈរជើងត្រឹមចំណេះដឹង បើគ្មានការអនុវត្ត គឺមិនអាចស្ទាបអង្អែលព្រះនិព្វានបានឡើយ។
ដើម្បីជាគ្រឿងដាស់សតិ សូមពិចារណាដល់រឿងរ៉ាវរបស់ព្រះបោឋិលត្ថេរ ដែលលោកជាអ្នកទ្រទ្រង់ព្រះត្រៃបិដកយ៉ាងស្ទាត់ជំនាញ មានសិស្សគណជាច្រើន ប៉ុន្តែខ្លួនលោកផ្ទាល់បែរជាមិនអាចសម្រេចមគ្គផលសូម្បីតែបន្តិច។ មូលហេតុគឺលោកមាន «មានះ» (សេចក្តីប្រកាន់ខ្លួន) យ៉ាងខ្លាំងក្លា ដោយអាងថាខ្លួនជាអ្នកចេះដឹងច្រើន ជាធម្មធរដ៏ល្បីល្បាញ។ សេចក្តីប្រកាន់នេះឯងបានបិទបាំងមិនឱ្យលោកយកធម៌ដែលចេះទាំងនោះ មកអនុវត្ត ឬចំរើនវិបស្សនាក្នុងចិត្តឡើយ។
លុះក្រោយមក ព្រះសម្មាសម្ពុទ្ធទ្រង់បានញ៉ាំងលោកឱ្យកើតសេចក្តីសង្វេគ ដោយទ្រង់ហៅលោកជារឿយៗថា «ព្រះបោឋិលទទេ» (បុគ្គលទទេស្អាតចាកមគ្គផល)។ ពាក្យដាស់តឿនដ៏ធ្ងន់ធ្ងរនេះ បានធ្វើឱ្យលោកភ្ញាក់រលឹក លះបង់មានះ លះបង់បរិវារ ហើយស្វែងរកសេពគប់នឹងព្រះអរហន្តដើម្បីសុំការណែនាំផ្លូវបដិបត្តិ រហូតបានសម្រេចជាព្រះអរហន្ត។ ការដែលព្រះពុទ្ធទ្រង់ប្រើពាក្យធ្ងន់ៗបែបនេះ គឺដើម្បីដាស់សតិឱ្យលោកកើតសង្វេគ និងមានសេចក្តីមិនប្រមាទ។
សរុបសេចក្តីមក ជនណាដែលប្រាថ្នារួចផុតពីទុក្ខ និងសម្រេចព្រះនិព្វាន ត្រូវតែចាប់ផ្តើមដោយការសិក្សាបរិយត្តិធម៌ឱ្យត្រឹមត្រូវ ជ្រកកោនក្រោមឱវាទនៃសប្បុរសជន ហើយបង្វែរចំណេះដឹងទាំងនោះមកជាការអនុវត្តជាក់ស្តែង ដោយការធ្វើចិត្តឱ្យស្ងប់ និងចំរើនបញ្ញា។ ធ្វើបែបនេះ ទើបអាចកំចាត់នីវរណធម៌ និងលះបង់កិលេសទាំងពួងបាន។ នៅក្នុងសង្សារវដ្តដ៏វែងឆ្ងាយ អ្វីដែលយើងមិនទាន់បានធ្វើឱ្យពេញលេញ ហើយជាកាតព្វកិច្ចចម្បងដែលនាំឱ្យយើងនៅតែអន្ទោលទៅមកក្នុងវាលវដ្តសង្សារនោះ គឺ «ការចំរើនវិបស្សនាភាវនា» នេះឯង។
បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា
ប្រភព៖ ហ្វេសប៊ុកBhikkhu Kassapa
ដោយ៥០០០ឆ្នាំ
images/articles/3462/2026-07-11_17_00_59-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៥ ដង)
នៅពេល កំណប់ទ្រព្យក្លាយជា អាសិរពិស
ព្រឹកថ្ងៃមួយ នាវាលស្រែជិតក្រុងសាវត្ថី បរិយាកាសមានភាពស្ងប់ស្ងាត់ ពន្លឺថ្ងៃដ៏កក់ក្តៅទើបតែចាប់ផ្តើមជះពន្លឺ។ ព្រះពុទ្ធអង្គព្រមទាំងព្រះអានន្ទ កំពុងយាងកាត់វាលស្រែដែលកសិករម្នាក់កំពុងភ្ជួរដី។
នៅក្នុងខណៈដែលកំពុងយាងទៅនោះ ព្រះពុទ្ធអង្គទ្រង់ទតឃើញថង់ប្រាក់ថង់មាសដ៏មហាសាល ដែលពួកចោរធ្វើឱ្យធ្លាក់ទុកនៅក្នុងរស្នាមភ្ជួរ។ ជំនួសឱ្យការត្រាស់ដល់ភាពសំណាងល្អ ឬតម្លៃរបស់វា ព្រះអង្គបែរជាមកត្រាស់នឹងព្រះអានន្ទ ដោយព្រះសូរសៀងរាបស្មើថា៖ "ម្នាលអានន្ទ អ្នកឃើញអាសិរពិសទេ?" ព្រះអានន្ទក្រាបទូលតបភ្លាមថា "ឃើញ ព្រះអង្គ! វាគឺជាអាសិរពិសដ៏កាចសាហាវ"
កសិករដែលកំពុងភ្ជួរស្រែនៅជិតនោះបានឮ ក៏មានការភ្ញាក់ផ្អើល គិតថាមានពស់ពិសដ៏ធំលាក់ខ្លួននៅត្រង់នោះមែន។ លុះព្រះពុទ្ធអង្គនិងព្រះអានន្ទយាងផុតកន្ទុយភ្នែកទៅ គាត់ក៏កាន់ដំបងបម្រុងនឹងទៅវាយពស់ដើម្បីសុវត្ថិភាព ប៉ុន្តែនៅពេលទៅដល់ចំណុចនោះ អ្វីដែលគាត់បានជួបបែរជាមិនមែនពស់ពិស... ប៉ុន្តែជាថង់ផ្ទុកមាសប្រាក់ដ៏មានតម្លៃទៅវិញ! ដោយក្តីលោភលន់ចូលមកបាំងភ្នែក កសិកររូបនោះបានភ្លេចពាក្យព្រមានអំពី "អាសិរពិស" ទៅអស់រលីង។ គាត់យកថង់មាសនោះទុក ហើយសន្សឹមៗជញ្ជូនយកទៅផ្ទះ ដើម្បីប្រើប្រាស់យ៉ាងសុខស្រួល។
គ្រោះភ័យដែលខាំត្រឡប់
ប៉ុន្តែភាពសុខស្រួលនោះពិតជាខ្លីណាស់។ ថ្ងៃបន្ទាប់មក ពួកទាហានរបស់ព្រះរាជាបានដេញតាមដានចោរដែលប្លន់ព្រះរាជទ្រព្យ រហូតមកដល់វាលស្រែ និងតាមដានក្លិនរហូតឃើញមាសដែលត្រូវបានកប់នៅក្រោមផ្ទះរបស់កសិកររូបនេះ។ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗក្នុងបទចោទប្រកាន់ថា លួចព្រះរាជទ្រព្យ ហើយតាមច្បាប់ក្នុងយុគសម័យនោះ ទោសតែមួយគត់គឺ "ប្រហារជីវិត"។
ខណៈដែលកសិករដ៏គួរឱ្យអាណិតកំពុងត្រូវបានចង និងនាំខ្លួនទៅកាន់លានប្រហារ ដោយសេចក្តីភ័យខ្លាចនិងដឹងខ្លួន គាត់មិនបានស្រែកអង្វរសុំជីវិតទេ ប៉ុន្តែបែរជាសូត្រពាក្យសម្តីរបស់ព្រះពុទ្ធអង្គដដែលៗថា "ម្នាលអានន្ទ អ្នកឃើញអាសិរពិសទេ? ឃើញ ព្រះអង្គ! វាគឺជាអាសិរពិសដ៏កាចសាហាវ" ពួកទាហានរាជបុរសបានឮដូច្នោះ ក៏នឹកប្លែកចិត្ត ទើបនាំរឿងនេះទៅក្រាបទូលព្រះបាទបសេនទិកោសល។ ព្រះរាជាទ្រង់បង្គាប់ឱ្យផ្អាកការប្រហារជីវិត និងនាំខ្លួនកសិករនោះមកចូលគាល់ព្រះពុទ្ធអង្គដើម្បីស៊ើបរកការពិត ដែលព្រះពុទ្ធអង្គទ្រង់បានបញ្ជាក់ទទួលស្គាល់ និងទ្រង់សម្តែងធម៌ឱ្យស្តាប់ថា ទ្រព្យសម្បត្តិដែលបានមកដោយមិនត្រឹមត្រូវ ហើយតាមចាក់ដោតយើងនៅពេលក្រោយ នោះឯងទើបជាអាសិរពិសដ៏ពិតប្រាកដ។
ក្រោយបញ្ចប់ព្រះធម៌ទេសនា កសិកររូបនោះក៏បានកើតដួងភ្នែកឃើញធម៌ សម្រេចជាព្រះសោតាបន្ន ហើយទទួលបានការលើកលែងទោសពីព្រះរាជា រួចផុតពីសេចក្តីស្លាប់បានយ៉ាងអស្ចារ្យ។
ហេតុអ្វីបានជាព្រឹត្តិការណ៍នេះសំខាន់ និងគំនិតពិចារណាសម្រាប់មនុស្សជំនាន់យើង
ព្រឹត្តិការណ៍នេះគឺជាមេរៀនបុរាណដ៏ល្បីល្បាញមួយ ដែលបង្ហាញឱ្យឃើញថា "លាភយសប្រាក់កាសដែលបានមកយ៉ាងមិនត្រឹមត្រូវ ឬសេចក្តីលោភលន់ដែលខ្វះសតិបញ្ញាគ្រប់គ្រង" វាមានសភាពមិនខុសពីពស់វែកដ៏កាចសាហាវ ដែលត្រៀមនឹងខាំត្រឡប់ និងបំផ្លាញជីវិតរបស់យើង គ្រួសាររបស់យើង ឬអនាគតរបស់យើងបានគ្រប់ពេល។
នៅក្នុងសង្គមបច្ចុប្បន្នដែលពោរពេញទៅដោយការល្បួងចិត្ត ឱកាសមានផ្លូវកាត់ ឬប្រាក់ពណ៌ប្រផេះ (ប្រាក់មិនស្អាតស្អំ) ជាច្រើនលើកច្រើនសាដែលយើងប្រហែលជាភ្លាត់ស្មារតីរើស "ថង់មាស" ដែលដាក់នៅចំពោះមុខឡើងមក ដោយភ្លេចពិនិត្យថាតើនៅខាងក្នុងនោះមានពិសលាក់កំបាំងនៅឡើយឬទេ មិនថាជាការងារដែលមិនមានតម្លាភាព ឬការបៀតបៀនអ្នកដទៃដើម្បីបានមកនូវភាពមានបាននោះឡើយ។
សាកល្បងឈប់គិត និងត្រឡប់មកពិចារណាជាមួយខ្លួនឯងបន្តិចថា អ្វីដែលយើងកំពុងតែរត់ដេញតាម និងស្រវាស្រទិញនៅក្នុងរាល់ថ្ងៃនេះ... តើវាជាកំណប់ទ្រព្យដែលនឹងបង្កើតសេចក្តីសុខដ៏ពិតប្រាកដ ឬគ្រាន់តែជាអាសិរពិសដ៏កាចសាហាវ ដែលកំពុងរង់ចាំពេលវេលាខាំត្រឡប់មកលើខ្លួនយើងតែប៉ុណ្ណោះ?
ប្រភពៈ ហ្វេសប៊ុកLong Ti (ធម្មចរិយា ឡេង ពិសិទ្ធិ)
ដោយ៥០០០ឆ្នាំ
images/articles/3447/2026-07-11_10_24_0___.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤១ ដង)
យើងមិនមានថ្ងៃបាន នូវរបស់ជាទីពេញចិត្តពិតប្រាកដនោះឡើយ ដរាបដែលយើងមិនហ្វឹកហាត់ឱ្យចេះពេញចិត្តជាមួយនឹងរបស់ដែលយើងមាននេះទេ គឺបានភ្លាមថាហ្នឹងហើយដែលខ្ញុំពេញចិត្ត ក្រោយមកថាមិនមែនទេ ឯណោះទៅវិញទេតើ តែរហូតយ៉ាងហ្នឹងឯង ។ ម្យ៉ាងទៀត បើយើងនៅតែប្រកាន់សព្វគ្រប់ សូម្បីគ្រាន់តែរឿងបន្តិចបន្តួចទេនោះ យើងមិនអាចរកសុខជាទីពឹងពិតប្រាកដបានឡើយ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ
images/articles/3442/2026-07-11_09_57_58-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៥៥ ដង)
សេចក្ដីអស្ចារ្យចម្លែករបស់មហាសមុទ្រ ៨ យ៉ាង
១. មហាសមុទ្រមានទំនាបទៅដោយលំដាប់ ។
២. មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនដែលឡើងឬ ជោរហួសច្រាំង ។
៣. មហាសមុទ្រ មិនដែលនៅរួម ដោយសាកសពស្លាប់ បើសាកសពស្លាប់ណា មាននៅក្នុងមហាសមុទ្រ រលកតែងបន្សាត់សាកសពស្លាប់នោះ ។
៤. មហាសមុទ្រមានទន្លេធំៗ ទាំងឡាយណាមួយ គឺទន្លេគង្គា យមុនា អចិរវតីសរភូ មហី កាលបើទន្លេទាំងនោះ ហូរទៅដល់មហាសមុទ្រហើយ រមែងលះបង់នាមនិងគោត្រដើម(របស់ខ្លួន) ហើយដល់នូវកិរិយារាប់បញ្ចូលថា មហាសមុទ្រតែម្យ៉ាង ។
៥. មហាសមុទ្រមានទឹកទន្លេទាំងឡាយណាមួយក្នុងលោក ដែលហូរស្រោចទៅរក មហាសមុទ្រក្ដី ធារទឹកភ្លៀងទាំងឡាយណា ដែលហូរធ្លាក់ចុះមកអំពីអាកាសក្ដី មហាសមុទ្រក៏មិនប្រាកដជាស្រក ឬ ពេញដោយទឹកទន្លេនឹងធារទឹកភ្លៀងនោះឡើយ ។
៦. មហាសមុទ្រមានរសតែមួយ គឺរសប្រៃ ។
៧. មហាសមុទ្រ មានរតនៈ(ទ្រព្យជាគ្រឿងពេញចិត្ត) ច្រើនយ៉ាង មិនមែនមានតែរតនៈម្យ៉ាងទេ ឯរតនៈទាំងនេះ ដែលមាននៅក្នុងមហាសមុទ្រនោះ គឺកែវមុក្កា កែវមណី កែវពីទូរ្យ សង្ខ សិលាកែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកត ។
៨. មហាសមុទ្រជាទីនៅអាស្រ័យនៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានក្នុងមហាសមុទ្រ មានអត្តភាព ១០០ យោជន៍ខ្លះ មានអត្តភាព ២០០ យោជន៍ខ្លះ មានអត្តភាព ៣០០ យោជន៍ខ្លះ មានអត្តភាព ៤០០ យោជន៍ខ្លះ មានអត្តភាព ៥០០ យោជន៍ខ្លះ ។
សេចក្ដីអស្ចារ្យចម្លែករបស់ធម្មវិន័យ ៨ យ៉ាង
១. ក្នុងធម៌វិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្ដីប្រតិបត្តិ ដោយលំដាប់ មិនមែនបានត្រាស់ដឹងអរហត្តផលតែម្ដងទេ ។
២. សិក្ខាបទណាដែលតថាគត បានបញ្ញត្តដល់សាវកទាំងឡាយហើយ ពួកសាវកតថាគត សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លង សិក្ខាបទនោះឡើយ ។
៣. បុគ្គលណាជាអ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត គួរឲ្យគេរង្កៀស បិទបាំងអំពើអាក្រក់ទុក មិនមែនជាសមណៈ ប្ដេជ្ញាខ្លួនថាជាសមណៈ ជាអ្នកប្រព្រឹត្តធម៌មិនប្រសើរ ប្ដេជ្ញាខ្លួនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃតែងប្រជុំគ្នានាំបុគ្គលនោះចេញមួយរំពេច បុគ្គលនោះទុកជាអង្គុយនៅក្នុងកណ្ដាលជំនុំសង្ឃ ពិតមែន ប៉ុន្តែ បុគ្គលនោះឈ្មោះនៅឆ្ងាយអំពីសង្ឃ ចំណែកខាងសង្ឃក៏ឈ្មោះនៅឆ្ងាយអំពីបុគ្គលនោះដែរ ។
៤. វណ្ណៈគឺត្រកូល ៤ ពួគនេះ គឺក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈទាំងនោះចេញចាកផ្ទះបួស ក្នុងធម៌វិន័យ ដែលតថាគតសំដែងហើយ រមែងលះបង់នាមនឹងគ្រាដើម (របស់ខ្លួន) ហើយដល់នូវកិរិយារាប់ថាជា សមណសក្យបុត្រតែម្យ៉ាង ។
៥. ទោះបី ពួកភិក្ខុច្រើនរូបបរិព្វានដោយអនុបាទិសេសនិព្វានធាតុ និព្វានធាតុក៏មិនប្រាកដជាខ្វះ ឬពេញដោយភិក្ខុនោះ ។
៦. ធម្មវិន័យ នេះមានរសតែមួយ គឺវិមុត្តិរស ។
៧. ធម្មវិន័យនេះ មានរតនៈច្រើនយ៉ាង មិនមែនមានត្រឹមតែមួយទេ រតនៈទាំងនេះក្នុងធម្មវិន័យនោះគឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥន្ទ្រិយ៥ ពលៈ ៥ ពោជ្យង្គ ៧ និងមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ។
៨. ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំៗ ជាច្រើន បុគ្គលទាំងនេះក្នុងធម្មវិន័យ នោះគឺ សោតាបន្នបុគ្គលនិងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីឲ្យជាក់ច្បាស់នូវសោតាបត្តិផង សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវសកទាគាមិផង អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់នូវអនាគាមិផលផងអរហន្ដ និងបុគ្គលដែលកំពុងប្រតិបត្តិដើម្បីភាវៈនៃខ្លួនជាអរហន្ដផង ។
(សុត្តន្តបិដក អង្គុត្តរនិកាយ អដ្ឋកនិបាត បឋមបណ្ណាសក មហាវគ្គ បហារាទសូត្រ បិដកលេខ ៤៨ ទំព័រ ៨៧, ខុទ្ទកនិកាយ ឧទាន សោណត្ថេរវគ្គ ឧបោសថសូត្រ បិកដលេខ ៥២ ទំព័រ ២៣៨)
ថ្ងៃព្រហស្បតិ៍ ១១រោច ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០
ថ្ងៃទី ១០ ខែ ឧសភា ព.ស. ៤៥៦២ គ.ស. ២០១៨
ដោយស.ដ.វ.ថ.
ដោយ៥០០០ឆ្នាំ
images/articles/3438/2026-07-09_16_46_47-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤២ ដង)
អ្វីដែលយើងគប្បីមានដល់អ្នកដែលនៅជុំវិញខ្លួនយើង គឺទឹកចិត្ត បានដល់ចិត្តប្រកបដោយមេត្តាហ្នឹងឯង ។ បើយើងប្រាថ្នាឲ្យអ្នកដទៃមានសេចក្ដីសុខគឺយើងត្រូវតែធ្វើជាមនុស្សល្អ ព្រោះសេចក្ដីសុខរបស់អ្នកដទៃ ជាប់ទាក់ទងនឹងយើងជាមនុស្សល្អ ។ ព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងក្នុងលោកនាំមកនូវសេចក្ដីសុខដល់មនុស្សនិងទេវតាដ៏យ៉ាងក្រៃលែង ទាំងលោកិយសុខ ទាំងលោកុត្តរសុខ ដូច្នេះបុគ្គលដែលប្រព្រឹត្តល្អ សាងនូវគុណធម៌ឈ្មោះថាធ្វើនូវប្រយោជន៍ដល់ខ្លួនឯងផង ដល់អ្នកដទៃផង ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3439/2026-07-09_16_54_46-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៣៤ ដង)
អ្នកមិនប្រមាទ ប្រើប្រាស់ពេលវេលាសូម្បីត្រឹមតែមួយរាត្រី ក៏ធ្វើឲ្យអស់ទុក្ខមួយសង្សារវដ្ដបាន ចំណែកបុគ្គលប្រមាទ ប្រើប្រាស់ពេលវេលាអស់មួយជីវិត ដោះស្រាយតែសេចក្ដីទុក្ខក្នុងមួយអត្តភាពហ្នឹង មិនទាំងបានពាក់កណ្ដាលផង ទោះជាមានអ្វីៗ ក្នុងលោកនេះច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែសេចក្ដីទុក្ខនៅតែមាន ជាពិសេសទុក្ខតាមផ្លូវចិត្ត ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3435/2026-07-09_16_37_45-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៥ ដង)
ជាអានិសង្សនៃការដែលយើងបានស្ដាប់ព្រះធម៌ ធ្វើឲ្យយើងមានគ្រាប់ពូជនៃការត្រាស់ដឹងសច្ចធម៌ ដូចជាគ្រាប់ពូជនៃផ្កាឈូកដែរ ។ ឈូករមែងដុះចេញអំពីភក់ ឆ្លងកាត់ទឹក ទើបផុតចាកទឹក ហើយរីកទទួលសូរ្យសែងនៅពេលព្រឹក យ៉ាងណា នៅក្នុងការបដិបត្តិព្រះធម៌កំណត់ដឹងទុក្ខក៏ដូច្នោះដែរ យើងនឹងឃើញថាទុក្ខក្នុងជីវិតវដ្ដសង្សារដូចជាភក់ តណ្ហាដូចជាទឹក ឯការកំណត់ដឹងដែលជាតួបរិញ្ញានេះ ឧបមាដូចជាផ្កាឈូកដែលដុះឬពូជឈូកដែលដុះចេញពីក្នុងភក់រហូតដល់បរិញ្ញាសម្រេចជាលោកុត្តរ ដែលដូចជាផ្កាឈូកផុតចាកទឹក ទាំងភក់ទាំងទឹក មិនបានប្រឡាក់សើមផ្កាឈូកនោះឡើយ ។ សេចក្ដីព្យាយាមកំណត់ដឹងទុក្ខ គឺជាកិច្ចសំខាន់ក្នុងព្រះពុទ្ធសាសនាមានផ្កាឈូកជាគ្រឿងពិចារណាស្រាប់ ទម្រាំតែបានដុះផុតចាកភក់និងទឹកឆ្លងផុតអំពីឧបសគ្គ គឺត្រូវប្រឹងប្រែងទៅតាមធម្មជាតិដែលគួរដល់ការសិក្សា ។ នៅក្នុងបិដកលេខ ៤២ ទំព័រ ៩៥ ព្រះពុទ្ធគាថាខាងចុងទោណសូត្រ ព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យទោណព្រាហ្មណ៍បានស្គាល់ព្រះអង្គថាជាព្រះពុទ្ធ ៖
យេន ទេវុបបត្យស្ស គន្ធព្វោ វា វិហង្គមោ
យក្ខត្តំ យេន គច្ឆេយ្យំ មនុស្សត្តញ្ច អព្ភជេ
តេ មយ្ហំ អាសវា ខីណា វិទ្ធស្ដា វិនឡីកតា ។
តថាគត គប្បីកើតជាទេវតា ឬកើតជាគន្ធព្វ ត្រាច់ទៅតាមអាកាស ព្រោះអាសវៈណាក្ដី គប្បីដល់នូវភាពនៃខ្លួនជាយក្ខនិងជួបប្រទះនូវភាពនៃខ្លួនជាមនុស្ស ព្រោះអាសវៈណាក្ដី អាសវៈទាំងអស់នោះ របស់តថាគតអស់ហើយ បានកម្ចាត់បង់ហើយ ធ្វើឲ្យរបូតចំណងហើយ ។
បុណ្ឌរីកំ យថា ឧគ្គំ តោយេន នុបលិប្បតិ
នុបលិប្បាមិ លោកេន តស្មា ពុទ្ធោស្មិ ព្រាហ្មណាតិ ។
ផ្កាឈូកស ដុះឡើងផុតអំពីទឹក មិនជាប់ ដោយទឹកយ៉ាងណា តថាគតមិនជាប់ដោយលោកយ៉ាងនោះ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះតថាគតជាព្រះពុទ្ធ ។
នៅក្នុងបុប្ផវគ្គ ( វគ្គទី ៤ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថា
យថា សង្ការធានស្មឹ ឧជ្ឈិតស្មឹ មហាបថេ
បទុមំ តត្ថ ជាយេថ សុចិគន្ធំ មនោរមំ ។
ផ្កាឈូកទោះបីកើតក្នុងគំនរសំរាម ដែលគេចាក់ចោលក្បែរផ្លូវធំនោះ ក៏គង់មានក្លិនក្រអូប ជាទីរីករាយនៃចិត្តបាន ដូចម្ដេចមិញ ។
ឯវំ សង្ការភូតេសុ អន្ធភូតេ បុថុជ្ជនេ
អតិរោចតិ បញ្ញាយ សម្មាសម្ពុទ្ធសាវកោ ។
សាវ័ករបស់ព្រះសម្មាសម្ពុទ្ធ រមែងរុងរឿងកន្លងផុតបុថុជ្ជន្ន ទាំងឡាយ ដែលល្ងង់ខ្លៅដូចជាគំនរសំរាម ដោយប្រាជ្ញា ដូច្នោះឯង ។
ពុទ្ធបរិស័ទយើងដែលចូលចិត្តជ្រះថ្លាថ្វាយផ្កាឈូក ចំពោះព្រះសម្មាសម្ពុទ្ធ សូមកុំភ្លេចធ្វើខ្លួនឯងឲ្យជាពុទ្ធបរិស័ទផ្កាឈូក ដើម្បីថ្វាយព្រះ ពិតជាពិសេសណាស់ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3437/2026-07-09_16_43_43-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៥ ដង)
ទោះជាយើងបានដឹងថា ដប់ម្ភៃជាតិមុន យើងបានកើតជាស្អី ឬបានដឹងអ្វីៗ ទៀត ជាការដឹងពិសេសៗទាក់ទងនឹងលោកិយ សូម្បីអភិញ្ញាលោកិយក៏ដោយក៏មិនមានប្រយោជន៍ដូចដែលយើងបានដឹងថា ឥឡូវនេះ យើងកំពុងធ្វើអ្វី ហើយអ្វីដែលមិនគួរធ្វើ និងអ្វីដែលគួរធ្វើជាបន្តទៀត ការដឹងចំពោះកិច្ចដែលជាទីពឹងឲ្យរួចផុតចាកទុក្ខ ដូច្នេះ ទើបមានប្រយោជន៍ដ៏ក្រៃលែង ជាបរមត្ថប្រយោជន៍ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3436/2026-07-09_16_40_21-____________________________________.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤១ ដង)
កុំមិនធ្វើបាបទាំងពួង ដោយគ្រាន់តែខ្លាចគេដឹង ត្រូវមិនធ្វើបាបព្រោះខ្លាចបាបពិត ៗ ។ បាបរមែងបៀតបៀនដល់ខ្លួនឯងអ្នកធ្វើផង បៀតបៀនដល់អ្នកដទៃផង រមែងសៅហ្មងដល់ខ្លួនឯងអ្នកធ្វើ ទោះជាមិនមានអ្នកដទៃដឹងក៏ដោយបើទទួលទានអ្វីអំពីអ្នកឲ្យ ធ្វើឲ្យម្ចាស់ទានបានបុណ្យតិច អាចជាចោរលួចរបស់ប្រេតទៀតផង ព្រោះប្រេតមិនបានទទួលទាន ដែលញាតិឧទ្ទិសឲ្យដោយសារបដិគ្គាហកៈគឺអ្នកទទួលទ្រុស្តសីល ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3434/2026-07-09_16_31_58-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៥ ដង)
ធម្មជាតិព្រៃភ្នំ ទន្លេសមុទ្រ ព្រៃព្រឹក្សា បក្សាបក្សី ។ល។ អ្វី ៗ មានតាមធម្មជាតិរបស់ខ្លួន ។ ពាក្យថាធម្មជាតិ គឺអ្វី ៗ ដែលកើតឡើងទៅតាមសភាវៈជាហេតុ មិនមែនកើតឯង ៗ ហើយក៏មិនមានអ្នកសាងនោះដែរ ។ មនុស្សយើងជាធម្មតា មិនដែលទាស់ចិត្តអ្វីជាមួយនឹងធម្មជាតិដែលផ្សេង ៗ គ្នានោះទេ ព្រោះនឹកឃើញថាវាជាធម្មជាតិនឹងឯង មានតែគយគន់កម្សាន្តទៅទៀតផង ដូចជាគយគន់ព្រះអាទិត្យ ព្រះចន្ទ ដួងតារា ពពក មេឃ ឥន្ធនូ និងព្រៃភ្នំជាដើម។
ដែលមានការទាស់ចិត្តក្នុងរឿងខ្លះដូចជាក្ដៅពក ត្រជាក់ពេក ឬមានការភ័យខ្លាចក្នុងរឿងធម្មជាតិយ៉ាងនេះ យ៉ាងនោះ ដូចជាខ្យល់ព្យុះ ផ្គររន្ទះជាដើម តាមពិត ការទាស់ចិត្ត និងការភ័យខ្លាចនេះ ក៏ជាធម្មជាតិម្យ៉ាងក្នុងមនុស្សហ្នឹងឯង ។
កិលេសក្នុងសត្វលោកដែលចេះតែនៅមាន ដេកសម្ងំត្រាំក្នុងសន្ដាន ព្រោះនៅមិនទាន់មានបរិញ្ញា គឺបញ្ញាដែលសិក្សាយល់ដឹងអំពីធម្មជាតិក្នុងខ្លួនឯង ។ ធម្មជាតិនៃជីវិត គឺបញ្ចក្ខន្ធ ដែលមិនគួរប្រកាន់ដោយទិដ្ឋិថាជាអ្វីក្រៅអំពីបញ្ចក្ខន្ធឡើយ និងមិនគួរប្រកាន់ដោយតណ្ហាថាជារបស់យើងនោះដែរ ព្រោះបញ្ចក្ខន្ធ ជាធម្មជាតិកើតអំពីបច្ច័យ មានការអស់ទៅ សូន្យទៅជាម្ចាស់ មានជរា ព្យាធិ និងមរណៈជាធម្មតា នេះឯងធម្មជាតិនៃជីវិតដែលគួរសិក្សា ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3433/2026-07-09_11_57_13-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៦ ដង)
មានរឿងរ៉ាវនៃជីវិតឲ្យយើងសិក្សាយល់ដឹង ដូចជាកាលមុន យើងកើតទុក្ខខ្លាំងណាស់ យំសោកបោកខ្លួនតែឥឡូវនេះ យើងអាចសើចបាន ញញឹមបាន គ្រាន់តែនៅនឹកឃើញម្ដងៗ ទោះជានឹកឃើញហើយក៏ធូរស្រាលដែរមិនតានតឹងធ្ងន់ធ្ងរដូចមុននោះឡើយ និងមានរឿងរ៉ាវកើតទុក្ខផ្សេងៗ ទៀតច្រើនសន្ធឹកសន្ធាប់ណាស់ដែលក្រោយមកបានក្លាយទៅជារឿងល្អសម្រាប់ជីវិតទៅវិញដូចជានាងឥសិទាសីនាងបដាចារា កិសាគោតមី កុណ្ឌលកេសី អភយរាជកុមារ និងសន្តតិមហាមាត្យជាដើម ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3441/2026-07-09_17_01_56-____________________________________.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
បើយើងជាមនុស្សល្អពិតៗ មានការទុកចិត្តអំពីអ្នកដទៃ ត្រឹមតែប៉ុណ្ណឹងក៏ធ្វើឲ្យអ្នកដទៃបានសេចក្ដីសុខទៅហើយ ។ ការសាងទំនុកចិត្តមុនដំបូងជាការងាយគ្រាន់ទេប៉ុន្តែបើទម្លាយការទុកចិត្តនោះម្ដងហើយ វាលំបាកនឹងសាងវិញណាស់ ។ កុំភ្លេចថា ជីវិតមានសិរីសួស្ដី នៅត្រង់រស់នៅឲ្យអ្នកដទៃបានសុខ បានចម្រើន កើនប្រយោជន៍ ដូច្នេះ មនុស្សឆ្លាតល្អ គឺជាមនុស្សដែលចេះថែរក្សាសិរីសួស្ដីឲ្យខ្លួនឯង ។
បើមិនញញឹមកុំសង្ឃឹមការលក់ដូរ
បើមិនថ្លៃថ្នូរ កុំសង្ឃឹមយសសិរី ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3440/2026-07-09_16_57_50-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៦ ដង)
អ្នកមានចិត្តអប់រំដោយធម៌មេត្តា រមែងទទួលយកបាននូវការខ្វះខាតរបស់អ្នកដទៃ ដោយការឲ្យអភ័យ ដើម្បីសេចក្ដីសុខដល់អ្នកដទៃទាំងអស់នោះ ។ ផ្ទុយអំពីមេត្តាធម៌ លោភៈគិតចង់បានអ្វី ៗ អំពីអ្នកដទៃដើម្បីខ្លួនឯង ចង់បានតែអ្វី ៗ ដែលខ្លួនឯងពេញចិត្តប៉ុណ្ណោះ មិនអនុគ្រោះ មិនឲ្យអភ័យដល់ការខ្វះខាតរបស់អ្នកដទៃឡើយ ។ លោភៈ មានការហួងហែងថាជារបស់ខ្លួន ជាបច្ច័យនាំឲ្យមានការឈ្លោះប្រកែក ទាស់ទែង និងសេចក្ដីទុក្ខសោក ចំណែកមេត្តាធម៌ប្រាសចាកការជាប់ជំពាក់ មិនប្រជែងដណ្ដើមអ្វី ៗ អំពីអ្នកដទៃឡើយ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១២
ដោយ៥០០០ឆ្នាំ
images/articles/3449/2026-07-11_10_30_09-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១១៨ ដង)
រៀនស្រឡាញ់មនុស្សដែលនៅជុំវិញខ្លួនយើងឱ្យបានល្អ ព្រោះត្រូវឃើញមុខគ្នារាល់ថ្ងៃ ឃើញហើយមានមេត្តាចិត្ត គឺបានសុខ ហើយបានសន្សំបុណ្យទៀត ផ្ទុយមកវិញបើស្អប់គ្នាហើយ ឃើញគ្នារាល់ថ្ងៃទៀត វាជារឿងលំបាកទាំងអស់គ្នា ដូច្នេះត្រូវប្រយ័ត្ន កុំចេះតែប្រកាន់រឿងបន្តិចបន្តួច ត្រូវលស់លា លើកលែង ឱ្យអភ័យ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ
images/articles/3450/2026-07-11_10_32_13-Untitled_-_Notepad.jpg
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៣៣ ដង)
កូនដែលមានជោគល្អក្នុងជីវិត មិនមែនកូនដែលកើតមកហើយ មានអ្វីៗគ្រប់យ៉ាងនោះទេតែគឺជាកូនដែលបានមើលថែម៉ែឳបានយ៉ាងល្អដោយគោរពស្រឡាញ់ និងដឹងគុណ ។ កុំភ្លេចថា អ្នកដែលស្រឡាញ់យើងយ៉ាងស្មោះ គឺមាតាបិតារបស់យើងហ្នឹងហើយ ចំណែកអ្នកដទៃស្រឡាញ់យើងយ៉ាងណានោះ គប្បីពិចារណាតាមសមគួរទៅចុះ ។
សៀវភៅ សិក្សាព្រះសូត្រភាគ១៣
ដោយ៥០០០ឆ្នាំ