Reading Article
Public date : 05, Jan 2023 (35,207 Read)
រឿងនាងលតា

|
រឿងនាងលតា
( ចាក វិ. ខុ. ) ( គុណនៃការរក្សាឧបោសថសីល តាំងពីក្មេងដ៏រាបដល់ចាស់ ) កាលព្រះសម្មាសម្ពុទ្ធបរមគ្រូ គង់នៅក្នុងជេតវនមហាវិហារ ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី នាក្រុងសាវត្ថី ។ កាលនោះមានធីតាម្នាក់ឈ្មោះនាងលតា ជាកូនរបស់សាវត្ថីឧបាសក ។
នាងលតាធីតានោះ ជាស្រ្តីមានប្រាជ្ញាឈ្លាសវៃ ចេះដឹងនូវច្បាប់ព្រះពុទ្ធសាសនាជាច្រើន មាតាបិតាបានរៀបឲ្យមានគូស្វាមីភរិយា ក្នុងពេលដែលរៀបអាវាហមង្គលនោះ បាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានទៅថ្វាយភត្ត លុះរៀបមង្គលការហើយ ក៏បញ្ជូនឲ្យទៅនៅក្នុងសំណាក់មាតាបិតាក្មេក ។ នាងលតា ជាស្រ្តីមានមារយាទល្អត្រឹមត្រូវ ខំប្រតិបត្តិបំរើស្វាមីនិងមាតាបិតាក្មេកដោយគោរព ទាំងមានចិត្តអាណិតអាសូរដល់ទាសកម្មករ របស់នាងតែងចែកចាយសំពត់សាវអាវស្បៃម្ហូបចំណី ដល់ទាសកម្មកររឿយៗ។វេលាថ្ងៃឧបោសថនាងបានរក្សាឧបោសថសីលជានិច្ចពុំដែលខានឡើយ ។ ឯមាតាបិតាក្មេក ឃើញកូនប្រសាមានចរិយាល្អដូច្នោះ ក៏មានសេចក្តីស្រឡាញ់ពេញចិត្តជាទីបំផុត ព្រោះជាអ្នកមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដូចគ្នា ។ ក្នុងកាលជាខាងក្រោយមក នាងលតានោះ ក៏ធ្វើមរណកាលទៅបានទៅកើតជាធីតារបស់ស្តេចវេស្សវ័ណនាស្ថានចាតុមហារាជិកាទេវលោក មានឈ្មោះថាលតាដូចឈ្មោះក្នុងស្ថានមនុស្ស ។ ឯព្រះបាទវេស្សវ័ណនោះ មានព្រះរាជធីតា ៥ អង្គគឺ ៖ នាងលតា ១, សជ្ជា ១, បវរា ១, អច្ឆិមុតី ១, សុត្រា ១ ។ កាលបើនាងធីតាទាំង ៥ នេះកើតហើយ សក្កទេវរាជក៏នាំយកទៅស្ថានត្រៃត្រឹង្ស ឲ្យធ្វើជាបាទបរិចារិការបស់ព្រះអង្គ តែងឲ្យនាងទាំង ៥ លេងរបាំថ្វាយទតរាល់ៗថ្ងៃ ។ ថ្ងៃមួយធីតាទាំង ៥ បានជជែកគ្នាថា យើងទាំងអស់គ្នានេះអ្នកណារាំច្រៀងពីរោះល្អជាងគេ នាងមួយថាខ្លួនគ្រាន់បើ នាងមួយទៀតថាខ្លួនគ្រាន់បើជាង ជជែកមិនដាច់ស្រេច ក៏នាំគ្នាទៅថ្វាយបង្គំព្រះបាទវេស្សវ័ណជាបិតាហើយទទួលសួរថា បពិត្រព្រះបិតា នាងខ្ញុំទាំង ៥ រូបនេះ នាងណារាំច្រៀងល្អពីរោះជាងគេ? ។ ព្រះបាទវេស្សវ័ណបានឮព្រះបុត្រីសួរដូច្នេះ ហើយក៏ប្រាប់ថា ម្នាលកូនសំឡាញ់ឪពុក បើនាងចង់ដឹង ចូរនាំគ្នាទៅរាំច្រៀងក្នុងទីប្រជុំជននៃទេវតាក្បែរមាត់ស្រះអនោតត្ត នាព្រៃហេមពាន្តឯណោះទើបដឹងប្រាកដបាន ។ ព្រះរាជបុត្រីទាំង ៥ អង្គ ក៏នាំគ្នាទៅរាំច្រៀងក្បែរមាត់ស្រះអនោតត្ត តាមព្រះរាជបញ្ជារបស់បិតា។ ក្នុងពេលនោះទេវតាទាំងឡាយបានដឹងដំណឹងនោះហើយ ក៏នាំគ្នាឈូឆរទៅប្រជុំនៅព្រៃហេមពាន្ត ច្រើនមីដេរដាសពេញព្រៃទាំងមូល ។ ពេលនោះព្រះរាជបុត្រីក៏ឡើងរាំច្រៀងម្តងម្នាក់ៗ ដរាបដល់អស់ ៤ នាក់ នៅសល់តែនាងលតាមួយមិនទាន់ច្រៀង។ កាលបើធីតាទាំង ៤ នោះច្រៀងចប់ហើយ ពួកទេវតាទាំងឡាយ ក៏នៅស្ងប់ឈឹងឥតឮសូរស័ព្ទសាធុការឡើយ ។ បន្ទាប់ពីនោះ មកនាងលតាក៏ក្រោកឡើងរាំ ស្រែកច្រៀងមានសំឡេងពីរោះ ឮណែនពេញព្រៃហេមពាន្តទាំងមូល លុះរាំច្រៀងចប់ហើយពួកទេវតាទាំងឡាយក៏ស្រែកឲ្យពរស័ព្ទសាធុការឮលាន់កក្រើកញាប់ញ័រពេញព្រៃហេមពាន្ត ។ លំដាប់នោះនាងសុត្រាជាព្រះរាជបុត្រីពៅបង្អស់ នឹកស្ញើចអស្ចារ្យក្នុងចិត្តទើបសួរទៅនាងលតាជាបងថា បងបានធ្វើបុណ្យដូចម្តេចពីជាតិមុន បានជាមានរូបល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើន? ។ នាងលតាប្រាប់ថា បានជាបងមានរូបល្អ មានសំឡេងពីរោះ មានប្រាជ្ញាច្រើនដូច្នេះ កាលពីជាតិមុន បងបានរក្សាឧបោសថសីលតាំងពីក្មេងដរាបដល់ចាស់ ពុំដែលឲ្យដាច់ធ្លុះធ្លាយម្តងណាឡើយ ។ វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំនិទានជាតកភាគ១ របស់ព្រះបាឡាត់ឧត្តមលិខិត សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្តលង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ព្រះគ្រូចៅអធិការ វត្តកល្យាណមិត្តខ្សាច់ពោយនិងលោកអាចារ្យ ចយ ធិន ដែលបានផ្តល់សៀវភៅប្រជុំនិទានជាតកនេះ។ ដោយ៥០០០ឆ្នាំ |