Reading Article
Public date : 24, Aug 2020 (32,056 Read)
លក្ខណៈរបស់អមិត្ត

|
លក្ខណៈរបស់អមិត្ត ៤ យ៉ាង
បិដក
ចត្តារោមេ គហបតិបុត្ត អមិត្តា មិត្តប្បដិរូបកា វេទិតព្វា អញ្ញទត្ថុហរោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ វចីបរមោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ អនុប្បិយកាណី អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ អបាយសហាយោ អមិត្តោ មិត្តប្បដិរូបកោ វេទិតព្វោ ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ៤ ពួកនេះ គឺអ្នកត្រូវស្គាល់មនុស្សដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែនមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សល្អតែសម្តីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្តថាមិនមែនមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សជាសម្លាញ់ ក្នុងការវិនាសភោគៈ ទាំងឡាយថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១ ។
អដ្ឋកថា
ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីសម្តែងអំពីមនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ជាបុគ្គលពាលថា បុគ្គលណាធ្វើយ៉ាងនេះ សេចក្តីវិនាសរមែងកើតមានដល់បុគ្គលនោះ ឬថាភ័យផ្សេងៗ អន្តរាយទាំងឡាយ និងឧបសគ្គណានីមួយៗ រមែងកើតឡើងព្រោះតែអាស្រ័យបុគ្គលពាល ព្រោះហេតុដូច្នោះ មិនគួរសេពគប់បុគ្គលពាលដែលមានសភាពបែបនេះ ។ ដូច្នេះ ទើបទ្រង់ត្រាស់នូវព្រះតម្រាស់ជាដើមថា ម្នាលគហបតីបុត្ត្ មនុស្សដែលមិនមែន ជាមិត្តគ្រាន់តែជាមិត្តប្លម មាន ៤ ពួកនេះដូច្នេះ។
![]() បទថា អញ្ញទត្ថុហរោ (និយាយរកប្រយោជន៍) មានសេចក្តីថា ខ្លួនឯងមកហើយដោយដៃទទេ នាំយករបស់ណានីមួយទៅដោយចំណែកម៉្យាង។
បទថា វីចបរមោ (ល្អតែសម្តី) មានសេចក្តីថា ល្អបានត្រឹមតែសម្តី ប៉ុន្តែគ្មានបានធ្វើអ្វីទាំងអស់។
បទថា អនុប្បិយកាណី (និយាយចាក់បណ្តោយឲ្យគាប់ចិត្ត) គឺនិយាយចាក់បណ្តោយតាម។
បទថា អបាយសហាយោ (សម្លាញ់ក្នុងផ្លូវវិនាស) គឺសម្លាញ់ក្នុងផ្លូវវិនាសនៃភោគៈទាំងឡាយ។
ព្រះមានព្រះភាគ ទ្រង់ត្រាស់សម្តែងអំពីមនុស្សដែលមិនមែនជាមិត្ត ៤ ពួកយ៉ាងនេះហើយ គ្រាដែលទ្រង់បែងចែកនូវហេតុនីមួយៗ ក្នុងមនុស្សដែលមិនមែនជាមិត្តនោះ ដោយហេតុ ៤ យ៉ាង ទើបទ្រង់ត្រាស់នូវពាក្យជាដើមថា ម្នាលគហបតិបុត្ត ស្ថាន ៤ យ៉ាងដូច្នេះ។
ដោយ៥០០០ឆ្នាំ
|