Reading Article
Public date : 25, Jul 2019 (46,371 Read)
ត្រៀមខ្លួនធ្វើជាប្ដីប្រពន្ធគេ

|
អ្នកដែលចូលទៅកាន់សមរភូមិគឺសង្គ្រៀម ត្រូវត្រៀមអាវុធដាវ លំពែងជាដើម យ៉ាងណាមិញ បុរសស្ត្រី ដែលត្រូវធ្វើជាប្ដីគេ និងប្រពន្ធគេ ត្រូវត្រៀមខ្លួនក៏យ៉ាងនោះដែរ ។ ធម្មតា បុរស ស្ត្រី កាលដល់វ័យពេញកម្លោះក្រមុំហើយ តែងតែដល់នូវភាពជាអ្នកមាននូវសេចក្ដីស្រលាញ់ស្នេហា៍ ចំពោះអ្នកណាម្នាក់មិនខាន តែសូមសេចក្ដីស្នេហានោះកុំឲ្យហួសព្រំដែនប្រពៃណីឡើយ ។ រឿងសេចក្ដីស្រលាញ់កើតក្នុងចិត្ត មិនមានអ្វីអាចរារាំងបានទេ ព្រោះជាលោកិយវិស័យសម្រាប់មនុស្សសត្វដែលនៅមានរាគៈ។ តែបើចិត្តកើតមានសេចក្ដីស្រលាញ់ចំពោះអ្នកណាម្នាក់ហើយ មិនត្រូវប្រព្រឹត្តកន្លងទាំងកាយ វាចា ដែលជាហេតុខុសចាកប្រពៃណីឡើយ។
បើសេចក្ដីស្រលាញ់កើតឡើងខ្លាំង ត្រូវប្រាប់ឪពុកម្ដាយអោយចូលស្ដីដណ្ដឹងតាមមេបាយ៉ាងត្រឹមត្រូវ។ តែមុនចូលស្ដីដណ្ដឹងគេត្រូវគិតមើលខ្លួនយើងសិនថាតើខ្លួនយើងមានសមត្ថភាពគ្រប់គ្រាន់អាចធ្វើជាប្ដីគេឪពុកគេបានឬនៅ? បើមិនទាន់មានសមត្ថភាពទេ យើងត្រូវបង្អង់សិន មិនត្រូវចូលស្ដីដណ្ដឹងគេទាំងប្រញាប់ប្រញាល់នោះទេ។ តើសមត្ថភាពនោះយ៉ាងណា ទើបសមធ្វើជាប្ដីគេ? សមត្ថភាពនោះ គឺវិជ្ជាសម្បត្តិ ចរិយាសម្បត្តិ។ សម្បត្តិទាំងពីរប្រការនេះ ជាសម្បត្តិធ្វើឲ្យយើងគ្រប់គ្រងគ្រួសារបានសេចក្ដីសុខចម្រើននិងមានសុភមង្គលទៅអនាគត។ វិជ្ជាសម្បត្តិ ជាសម្បត្តិមួយក៏វិសេសវិសាលបំផុតសម្រាប់យើង បើយើងមិនទាន់មានទេ ត្រូវស្វែងរកសម្បត្តិនេះ មកទុកក្នុងខ្លួនយើងឲ្យបាន ដោយត្រូវសិក្សាបន្ថែមនូវជំនាញផ្សេងៗតាមកាលសម័យឲ្យបានច្បាស់លាស់ ដូចជាភាសាអង់គ្លេស ថៃ ចិន ជប៉ុន កុំព្យូទ័រជាដើម។ បើសិក្សាមុខវិជ្ជានោះឲ្យច្បាស់លាស់ជំនាញចេះចាំប្រាដកអាចប្រើការបានមិនមានសល់ចន្លោះ ហើយការយកចំណេះមកប្រើនោះ គឺជាសមត្ថភាពផ្ទាល់ខ្លួនយើង។ ប្រសិនបើចេះច្រើនផ្នេកតែមិនច្បាស់លាស់ណាមួយ ក៏ប្រើការមិនកើតឡើយ។ ព្រោះហេតុនោះ បើយើងតោងយកមុខវិជ្ជាណាមួយ ត្រូវយកមុខវិជ្ជានោះឲ្យច្បាស់លាស់ដូចព្រះសម្ពុទ្ធទ្រង់ត្រាស់ថា " សិល្បៈគឺសេចក្ដីឆ្លៀវឆ្លាសក្នុងហត្ថកម្មរបស់អ្នកបួសនិងគ្រហស្ថ ជាមង្គលដ៏ឧត្ដម " ព្រះសម្ពុទ្ធទ្រង់សំដៅដល់សិល្បសាស្ត្រវិជ្ជាដែលបុគ្គលចេះស្ទាត់ប្រាកដប្រជានេះជាមង្គលដ៏ឧត្ដមសម្រាប់បុរសស្ត្រីក្នុងលោក។ ដូច្នេះ វិជ្ជាសម្បត្តិ ជាគុណធម៍សំខាន់ណាស់សម្រាប់មនុស្សប្រុសស្រីដែលរស់នៅក្នុងលោកសន្និវាសនេះ ព្រោះថាបើយើងខ្វះវិជ្ជាសម្បត្តិហើយ យើងមិនអាចសាងសុភមង្គលឲ្យដល់ក្រុមគ្រួសាររបស់យើងបានឡើយ។ យើងត្រូវដឹងថា " បុគ្គុលល្ងង់ខ្លៅជាសត្រូវខ្លួនឯងនឹងអ្នកដទៃ " ។ ចំណែកសម្បត្តិមួយទៀត គឺចរិយាសម្បត្តិក៏ជាសម្បត្តិសំខាន់មួយទៀតសម្រាប់បុរស ស្ត្រីក្នុងលោកយើងនេះផងដែរ។ ចរិយាមានន័យថាប្រព្រឹត្តត្រឹមត្រូវ ធ្វើខ្លួនឲ្យជាមនុស្សល្អ សុភាពរាបសា។ ដកស្រង់ចេញពី សៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ៥០០០ឆ្នាំ |