Reading Article
Public date : 25, Jul 2021 (9,532 Read)
ឧបាយប្រចាំជីវិត

|
ឧបាយប្រចាំជីវិត
ដើម្បីបន្ថូរបន្ថយចិត្តកុំឲ្យលិចលង់ទៅក្នុងអំពើទុច្ចរិតផ្សេងៗ គួរគិតពិចារណាដល់គ្រោះថ្នាក់ ការវិនាសអន្តរធានរបស់ពិភពលោក ដែលទុកជាផ្ទះសំបែងជាគូហាឬជាអន្លង់របស់យើងគេ ដែលយើងគេត្រូវតែកើត ត្រូវតែនៅអាស្រ័យ គេរត់ចៀសចេញមិនរួច។ ធម្មតាអ្នកនៅក្នុងផ្ទះដែលចាក់សោជាប់មាំមួន ហើយប្រហែសធ្វេសមិននឹកនាដល់គ្រោះថ្នាក់គិតតែដេកសប្បាយក្នុងផ្ទះ បណ្ដោយសតិស្មារតីឲ្យវង្វេងភ្លេចបាត់កូនសោ ដល់វេលាភ្លើងឆេះផ្ទះ ស្រាប់តែភ័យញ័រចំប្រប់ស្លុតព្រលឹងរត់ស្រែកអន្ទះសាទទួលទុក្ខសោកយ៉ាងមហិមា ដរាបដល់ភ្លើងឆេះខ្ទេចខ្ទីប្រកាច់ស្លាប់ក្នុងគំនរភ្លើងនោះ។ មានឧបមាយ៉ាងណាមិញ ពួកសត្តនិករក្នុងលោក ដែលងោកងក់ស្លុះស្លុងគំនិតក្នុងអំពើទុច្ចរិតផ្សេងៗ មិនបាននឹកដល់គ្រោះថ្នាក់ប្រចាំជីវិត គិតតែសប្បាយហួសហេតុ ខុសលំនាំអ្នកប្រាជ្ញក៏ដូច្នោះដែរ។ ធម្មតាអ្នកប្រាជ្ញ អ្នកមានគំនិតប្រព្រឹត្តទៅមុនជីវិត តែងរិះរកឧបាយដើម្បីចៀសវាងគ្រោះថ្នាក់ប្រចាំជីវិតទុកមុនជាដរាប មិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គុកពានពារលើគំនរគ្រោះថ្នាក់ឡើយ។ ឧបាយដែលនឹងចៀសវាងគ្រោះថ្នាក់នោះមានតែមួយទេ គឺសុចរិតធម៌ សុចរិតកាយ គឺមិនបៀតបៀនជីវិតរបស់ខ្លួននិងសត្វដទៃ មិនលួចប្លន់បុត្រភរិយាស្វាមីនិងទ្រព្យសម្បត្តិរបស់ជនដទៃនិងមិនផឹកសុរាជាដើម។ សុចរិត វាចា គឺមិននិយាយកុហកភូតភរញុះញង់ បំបែកបំបាក់ចាក់ចុចធ្វើឲ្យអ្នកដទៃវិនាសជាដើម សុចរិតចិត្ត គឺមិនគុំកួនព្យាបាទអ្នកដទៃនិងមិនរបឹងរឹងរូសចចេសជំទាស់នឹងសភាវៈពិត ចេះជឿកម្មនិងផលរបស់កម្មជាដើម។ បើបុគ្គលណាមានសុចរិតធម៌នេះហើយ បុគ្គលនោះជាបណ្ឌិតមានគំនិតល្អ មិនបណ្ដោយឲ្យជីវិតលឿនទៅប៉ះទង្គុកពានពារលើគំនរគ្រោះថ្នាក់ឡើយ។ ឯគ្រោះថ្នាក់នោះ មានដោយសង្ខេបមានពីរយ៉ាងគឺ ១- គ្រោះថ្នាក់មិនប្រចាំកាល ២- គ្រោះថ្នាក់ប្រចាំកាល ១- គ្រោះថ្នាក់មិនប្រចាំកាលនោះ បានដល់គ្រោះថ្នាក់របស់សត្វដូចជាក្នុងបច្ចុប្បកាលនេះ។ ក្នុងប្រទេសមួយ តំបន់មួយជាមួយគ្នា សត្វខ្លះមានគ្រោះថ្នាក់ ខ្លះបានសុខចម្រើន ជួនកាលថ្ងៃខែឆ្នាំនេះ សត្វនោះមានគ្រោះថ្នាក់ ថ្ងៃខែឆ្នាំនោះ សត្វនោះមានគ្រោះថ្នាក់មិនកំណត់កាលកំណត់សត្វ ដូច្នេះហៅថាគ្រោះថ្នាក់មិនប្រចាំកាល។ ២- គ្រោះថ្នាក់ប្រចាំកាលនោះ បានដល់គ្រោះថ្នាក់ប្រចាំអាយុផែនដីយូរអង្វែងណាស់ទើបមានម្ដង។ គ្រោះថ្នាក់នេះធំក្រៃលែងធំ ដែលពាក្យចាស់ទុំតែងនិយាយថា កើតអន្តរធានភ្លើងឆេះទឹកភ្លើងឆេះដី ភ្លើងប្រល័យកប្ប។ ក្នុងពេលភ្លើងប្រល័យកប្បនោះ ពួកសត្តនិករដែលនៅលើផែកដីទាំងប៉ុន្មាននិងនៅក្នុងស្ថានសួគ៌ទៅដល់ត្រឹមសុទ្ធាវាសព្រហ្ម ត្រូវទទួលគ្រោះថ្នាក់ទាំងអស់ចំពោះសត្វណាដែលធ្វេសប្រហែស មិនអើពើនឹងសុចរិតធម៌ ព្រោះក្នុងពេលនោះ ធម្មតាកុសលាកុសលកម្មនិងសង្ខារត្រូវបែងចែកសត្វ គឺសត្វណាដែលល្មោភប្រព្រឹត្តអំពើទុច្ចរិត សត្វនោះត្រូវទៅជួបជុំកើតក្នុងពេលនោះទីនោះ សត្វណាដែលបានប្រព្រឹត្តសុចរិតធម៌ហ្មត់ចង់ល្អ សត្វនោះត្រូវទៅកើតនៅកន្លែងសុខក្សេមក្សាន្ត មានទៅកើតក្នុងសុទ្ធាវាសព្រហ្មជាដើម មិនបាននៅច្រឡូកច្រឡំជាមួយនឹងពួកអ្នកដែលប្រព្រឹត្តទុច្ចរិតនោះឡើយ ដូច្នេះហៅថាគ្រោះថ្នាក់ប្រចាំកាល។ គ្រោះថ្នាក់នេះកាន់តែលឿនជិតមកដល់ហើយ ព្រោះតែដីដែលយើងនៅអាស្រ័យសព្វថ្ងៃនេះ មានឈ្មោះតាមអាយុហៅថា ភទ្ទកប្ប មានព្រះពុទ្ធ៥ព្រះអង្គត្រូវឧប្បត្តិកើតឡើងក្នុងរយៈកាលអាយុផែនដីនេះ ឥឡូវបរិនិព្វានផុត៤ព្រះអង្គទៅហើយ គឺព្រះពុទ្ធកកុសន្ធោ កោនាគមនោ កស្បបោ គោតមោ នៅសល់តែព្រះអង្គអរិយមេត្តេយ្យមួយអង្គទៀតទេត្រូវភ្លើងប្រល័យកប្បហើយ។ ដកស្រង់ចេញពីសៀវភៅ កប្បកថា ដោយ៥០០០ឆ្នាំ |