Reading Article
Public date : 21, Jul 2020 (34,483 Read)
គោលធម៌ក្នុងការរស់នៅរួមគ្នា

|
ការមានជីវិតរស់នៅរួមគ្នាក្នុងសង្គម តែងមានបញ្ហាកើតឡើង ជាពិសេសការប៉ះទង្កិចគ្នាដោយវាចា គឺការប្រើពាក្យសំដី ចិត្តគំនិតគិតខុសគ្នា និងការបៀតបៀនគ្នា។សង្គមដែលមានការបៀតបៀនគ្នា សង្គមនោះតែងរកសេចក្តីសុខបានដោយលំបាក។ ការបដិបត្តិខ្លួនដើម្បីអោយការរស់នៅរួមគ្នាក្នុងសង្គមទទួលបានមកនូវសេចក្តីសុខ ព្រះពុទ្ធសាសនាមានគោលធម៌ក្នុងការរស់នៅរួមគ្នាក្នុងសង្គមដូចខាងក្រោមនេះគឺ សង្គហវត្ថុ 4 (Means of assistance) គឺវត្ថុសំរាប់ជួយសង្គ្រោះគ្នាទៅវិញទៅមក តាមសមគួរ និងលទ្ធភាព មិនថារស់នៅទីណានោះទេ សង្គមមនុស្ស មាននាទីក្នុងការបំពេញនិង បដិបត្តិដូចជា
១.ទាន (Material donation) គឺការបែងចែកទ្រព្យសម្បត្តិធនធាន និងចំណេះដឹងរបស់ខ្លួនអោយដល់អ្នកដទៃ ដែលកំពុងខ្វះខាតដូចជា នៅពេលមានអគ្គីភ័យបាតុភូតធម្មជាតិកើតឡើង គិតមិនចេញ មិនមានគំនិតមិនមានចំណេះដឹងជាដើម។មនុស្សនៅក្នុងសង្គមតែងមានការអោយមិនអាចអត់បានទេ ទោះបីអ្នកមានឬអ្នកក្រក៏ដោយចាំបាច់ណាស់ តែការអោយខុសៗពីគ្នាបុណ្ណោះ ដូចជាអ្នកខ្លះអោយតិចអ្នកខ្លះអោយច្រើន មិនសំដៅត្រឹមតែនៅពេលមាន អគ្គីភ័យ បាតុភូតធម្មជាតិនោះទេ សម្បីការរស់នៅជាមួយគ្នាជាប្តីជាប្រពន្ធនិងបុត្តធីតាក៏មានការអោយដែររហូតដល់សង្គមទាំងមូល។ ![]() ២.បិយវជ្ជំ (Verbal advice or kindly speech) ការពោលវាចា ពិរោះពិសារ ពាក្យសុភាព ផ្អែមល្ហែមទៅកាន់បុគ្គលដទៃ ដែលកំពុងជួប នូវ សេចក្តីទុក្ខ មានការ បាត់បង់បុគ្គលជាទីស្រឡាញ់ ជាដើម។ បុគ្គលគ្រប់រូប នៅពេលមាន សេចក្តីទុក្ខ រមែងបាត់បង់ស្មារតីតែនៅពេលទទួលពាក្យពិរោះពីអ្នកដទៃ រមែងរំសាយ សេចក្តីទុក្ខនោះបាន ។អស់លោកមិត្រអ្នកអានដឹងហើយថាពាក្យពីរោះពិសារ គ្រប់សង្គមមនុស្សតែងតែស្រឡាញ់ចង់បាននិងត្រូវការគ្រប់ក្រុមគ្រួសារ ព្រមទាំងមនុស្សក្នុងស្ថាប័នជាតិនិងអន្តរជាតិ ជួយសង្គ្រោះគ្នាដោយពាក្យសំដី។ ៣.អត្ថចរិយា (Giving a helping hand or benefaction) ការប្រព្រឹត្តជាប្រយោជន៍ ជួយកិច្ចការងារ គឺការធ្វើនូវអំពើមានប្រយាជន៍សំរាប់ខ្លួនឯងផងសំរាប់អ្នកដទៃផង ដូចជាការសិក្សារៀនសូត្រ ផ្លូវលោកផ្លូវធម៌ រមែងធ្វើប្រយោជន៍សំរាប់គ្រួសារ សង្គម និងប្រទេសជាតិទាំងមូល។ ការប្រព្រឹត្តជាប្រយោជន៍វាបង្ហាញនូវតម្លៃរបស់មនុស្សនិងជាគំរូដ៏ល្អដល់អ្នកដទៃ។ ៤.សមានត្តតា (Equality) ភាពជាបុគ្គលមានខ្លួនស្មោះស្មើមិនយកប្រៀបលើគ្នា ជួយគ្នាដោះស្រាយបញ្ហាដែលកើតឡើង ថែមទាំងមិនប្រកាន់ខ្លួន មិនលើកតំកើងខ្លួនឯង មិនមានមានៈ និងទិដ្ឋិ មើលងាយអ្នកដទៃថាអ្នកនេះមិនបានស្មើខ្លួនមិនសមឱ្យខ្លួនទៅសេពគប់ ថាអញជាអ្នកមានយសសក្តិធំ មិនគួរទៅនិយាយរកចំពោះអ្នកមានយសសក្តិតូចៗ ថាអញជាអ្នកចេះ មិនគួរទៅនិយាយជាមួយអ្នកល្ងង់ជាដើម ។បើនៅក្នុងប្រទេសទាំងមូល ប្រជាពលរដ្ឋមានសង្គហវត្ថុ គ្រប់ៗគ្នានោះពិតជាធ្វើឱ្យប្រទេសទាំងមូលមានសុខ សន្តិភាព។ សង្គហវត្ថុនេះ កើតពីសេចក្តីមេត្តា(loving kindness) ករុណា (compassion) របស់មនុស្សទាំងឡាយ។ សារាណីយធម៌ 6 គុណធម៌សម្រាប់ការរស់នៅរួមគ្នា គោលសម្របសម្រួល (Conditions leading to mutual recollection) នឹករលឹករកគ្នាហើយនឹងគិតដល់គ្នាគឺ ![]() 1.មេត្តាកាយកម្ម (Friendly action)អំពើដែលធ្វើដោយកាយប្រកបដោយមេត្តាគឺការសម្តែងកិរិយាសុភាពរាបសា គោរពរាប់អានគ្នា ដូចជា សំពះ ចាប់ដៃគ្នា ទឹកមុខញញឹម ជួយហុចនេះហុចនោះ រៀបចំទុកដាក់របស់របរជាដើម។ 2. មេត្តាវចីកម្ម (Friendly speech) ជួយប្រាប់អ្វីដែលជាប្រយោជន៍ ដាស់តឿនក្រើនរំលឹកដោយបំណងល្អ ពោលវាចាសុភាពរាបសា សម្តែងសេចក្តី គោរពរាប់អានគ្នាពាក្យសំដីរីករាយរាក់ទាក់ទន់ភ្លន់ មិនទន់ជ្រាយ។ 3.មេត្តាមនោកម្ម (Friendly thoughts) ផ្គងចិត្តគិតល្អ គឺ គិតអ្វីដែលជាប្រយោជន៍ដល់គ្នាទៅវិញទៅមក នឹកគិតរកគ្នាដោយសុទិដ្ឋិនិយម គិតក្នុងគោលបំណងរកវិធីសាស្ត្រល្អៗក្នុងនាមជាមនុស្សរស់នៅក្នុងសង្គមរួមគ្នា។ 4. សាធារណភោគិតា ឬ អប្បដិវត្តភោគី (Sharing of gains) កាលបើបានវត្ថុណានីមួយមកដោយសុចរិត ទោះតិចតួចក្តីក៏យកមកចែករំលែកគ្នាបរិភោគតាមលទ្ធភាពនិងតាមសមគួរដល់កាលនិងបុគ្គល មិនហួងហែងទុកតែម្នាក់ឯង។ 5. សីលសាមញ្ញតា (Equality in moral conduct) មានកិរិយាប្រព្រឹត្តសុចរិតត្រឹមត្រូវ គោរពច្បាប់ គោរពវិន័យស្មើគ្នាតាមនាទីដែលមានគោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមកដូចគ្នា មានសីលធម៌ប្រចាំជីវិតដូចគ្នា។ 6. ទិដ្ឋិសាមញ្ញតា (Equality in view; unity in view) មានគំហើញត្រូវដូចគ្នាដែលជាគោលការណ៍ដ៏សំខាន់មានឆន្ទៈនិងឧត្តមគតិឆ្ពោះទៅរកការរំលត់ទុក្ខ ឬដោះស្រាយបញ្ហាដោយការយល់ឃើញដូចគ្នានិងស្របគ្នាពិតជានាំមកនូវសេចក្តីសុខ។ ដោយ ភិក្ខុ បាលីយុត្ត កល្យាណបាលិតោ ដោយ៥០០០ឆ្នាំ |