Reading Article
Public date : 20, Jul 2020 (51,869 Read)
គុណនិងទោសនៃការប្រើប្រាស់ទ្រព្យសម្បត្តិ

|
ភោគៈ (ទ្រព្យសម្បត្តិ)ជាវត្ថុធាតុឬធនធានមួយដែលមនុស្សអោយតំលៃបំផុត ជាពិសេសគឺមាសប្រាក់ឬឧបករណ៍ប្រើប្រាស់ ។ ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវព្យាយាម ស្វះស្វែងរកដោយកម្លាំងកាយនិងចិត្ត ទាំងយប់និងទាំងថ្ងៃ។ព្រោះហេតុដូចម្ដេច? ។ព្រោះ តែគុណតម្លៃនិងគុណសម្បត្តិរបស់វា។ ព្រោះតែគុណតម្លៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរដែល មនុស្សយើងគួរតែពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណសម្បត្តិ និង គុណវិបត្តិ។
![]() គុណវិបត្តិ ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ គេត្រូវធ្វើ ការ នឿយហត់ទាំងយប់ថ្ងៃដោយច្រើនអន្លើ ប៉ុន្តែពេលបានមកហើយបែរជាមិនស្គាល់ តម្លៃ របស់វា។គេចាយប្រើប្រាស់ខុសវិធី គោលបំណង ឬមិនស្គាល់ប្រមាណក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគលោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផងហើយក៏ប្រព្រឹត្តិ មិនគប្បីចំពោះមនុស្សសត្វផងដែរ។ មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស់ក្នុងអំពើអបាយមុខទាំងឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារទាំងមូល។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថាគុណវិបត្តិនៃការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា «អ្នកដែលជាប់ជំពាក់ក្នុងការបរិភោគមានចំនួនច្រើនក្នុងលោកនេះ»។
![]() «មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ បរិភោគច្រើនពេកទៅ ទុក្ខមកនៅមិនរសាយ» ។ គុណសម្បត្តិ ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍ដល់ខ្លួននិង សង្គមផង ទើបនៅជាសុខ។
វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ ១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ ២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ ៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ ៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នកដែលចែកឋានទៅហើយ,បង់ពន្ឋដារអោយរដ្ឋ,ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតានិងជួយសង្គ្រោះដល់អ្នកក្រខ្សត់ព្រមដោយធ្វើបុណ្យអោយទានតាមជំនឿសាសនាដែលខ្លួនគោរពរាប់អាន និងប្រតិបត្តិតាម។ ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យសម្បត្តិយកទៅប្រព្រឹត្ដិអំពើអបាយមុខទាំងឡាយណា ដែលជាហេតុនាំមកនូវសេចក្ដីវិនាស។ ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា ១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បម្រុងមាតាបិតា ញាតិអោយនៅជាសុខ ២.ពីរចំណែកដើម្បីយកមកធ្វើវិនិយោគទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី ៣.មួយចំណែកបម្រុង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព ឬសន្សំសំចៃ ដើម្បីប្រើប្រាស់ក្នុងថ្ងៃតទៅខាងមុខ ៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិច្ចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។ ![]() «បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់ដណ្ដប់ដោយសេចក្ដីប្រាថ្នាក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា «មានចំនួនតិចណាស់ក្នុងលោកនេះ»។ ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុងកាមនិងភោគៈទាំងឡាយប្រាថ្នាជ្រុលជ្រប់ក្នុងកាមទាំងឡាយ មិនដឹងនូវទោសដែលប្រព្រឹត្តល្មើសដូចជាពួកម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វនោះរមែងមានសេចក្ដីក្ដៅក្រហាយក្នុងកាលជាខាងក្រោយ ព្រោះថា ផលនៃកម្មនោះជាផលលាមក»។ «សារត្ដា កាមភោគេសុ គិន្ធា កាមេសុ មិច្ឆិតា អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ បច្ឆាសំ កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ»។ (ស.សំ. ស.អប្បសូត្រទី៦.ទ.២១២) មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ បែងចែក ចាយវាយស្គាល់ហេតុផល ការពារមុខក្រោយ កោយយកផល ទោសមិនកើតដល់ព្រោះសម្គាល់ (តម្លៃ) ទ្រព្យ។
ប្រភព ដោយ៥០០០ឆ្នាំ |