Reading Article
Public date : 16, Jan 2022 (36,623 Read)
វាសនាបារមី

|
វាសនាបារមី យើងបានយល់ដឹងជាទូទៅថា បើអ្នកមានហើយ នឹងជាមនុស្សសម្បូរទៅដោយសេចក្តីសុខ លាភយស នឹងឋានៈមុខនាទី ។ មនុស្សដេលមានវាសនាបារមីល្អ រមែងជាទីរាប់អាន គោរពស្រឡាញ់របស់មនុស្សគ្រប់ជានថ្នាក់ បើមានបុគ្គលណាប៉ងប្រទូសស្ររ៉ាយ ឬច្រណែនឈ្នានីសគិតផ្តួលរលំ រមែងប្រព្រឹត្តទៅមិនបានឡើយ ត្រឡប់បែជាទៅចាញ់ខ្លួនឯងវិញ ។
វាសនាបារមីនេះ សម្តៅទៅលើសេចក្តីល្អដែលបានសន្សំទុកមកយូរហើយ រហូតក្លាយជាបុណ្យបារមីដែលសម្បូរណ៍ពេញទី អាចតបស្នងផលឲ្យដល់អ្នកធ្វើ បានសម្រេចតាមប្រាថ្នា ។ មនុស្សយើងអាចសាងបំពេញនូវវាសនាបារមីនោះបាន គឺធ្វើឲ្យកើតមានក្នុងខ្លួន ដោយបដិបត្តិចម្រើនគុណធម៌ ៣ ប្រការ ៖ ១ បុព្វេកតបុញ្ញតា ភាពជាអ្នកមានបុណ្យបានធ្វើទុកក្នុងកាលមុន ។ ពាក្យថា “ មុន “ ក្នុងទីនេះមាន ២ ផ្នែកគឺ ក្នុងជាតិមុន ៗ នឹងក្នុងជាតិនេះឯង ។ បុណ្យដែលបានធ្វើក្នុងជាតិមុន ៗ ដូចជា ធ្លាប់ឲ្យទានមកច្រើន ធ្លាប់រក្សាសីលបានបរិសុទ្ធ ធ្លាប់អំរប់ចិត្តបានល្អជាដើម ដូច្នេះរមែងតបស្នងឲ្យអ្នកធ្វើតាំងតែអំពីបដិសន្ធិ ដូចជាកើតក្នុងត្រកូលខ្ពស់ មានសម្បត្តិច្រើន កើតមកមានរូបរាងល្អ មានប្រាជ្ញាឈ្លាសវៃជាដើម ជាប្រភេទមនុស្សអ្នកមានបុណ្យបារមីមកកើត ។
ចំណែកបុណ្យដែលបានធ្វើក្នុងថ្ងៃមុន ៗ ក្នុងជាតិនេះនោះ សម្តៅដល់ការដែលបានកើតមកជាមនុស្សហើយ មិនបានប្រមាទក្នុងជីវិត តាំងចិត្តធ្វើសេចក្តីល្អផ្សេង ៗ ចេះប្រយ័ត្នប្រយែង និងឧស្សាហ៍ព្យាយាម ។ មនុស្សដែលមានបុណ្យបានធ្វើទុកមកទាំងពីរផ្នែកគឺទាំងសេចក្តីល្អក្នុងជាតិមុន និងសេចក្តីល្អក្នុងជាតិនេះ បុណ្យវាសនាបារមីនេះឯង រមែងធានារ៉ាប់រងជីវិតក្នុងការធ្វើឲ្យជីវិតឈានទៅដល់សេចក្តីសម្រេច ។ ២ សប្បុរិសូបសំសេវ ការបានទៅសេពគប់ជាមួយនឹងសប្បុរស ។ គុណធម៌ទី ២ នេះ សោយអាស្រ័យជានៅក្នុងប្រទេសដ៏សមគួរ គឺប្រទេស ឬកន្លែងដែលមានសប្បុរស នេះជាគុណធម៌ដ៏សំខាន់ក្នុងបច្ចុប្បន្នជាតិ ព្រោះការសេពគប់នឹងសប្បុរសនាំឲ្យបានស្តាប់នូវព្រះធម៌ ដែលជាប្រទីបបំភ្លឺប្រាប់អំពីការពិតនៃជីវិត ។ ការបានស្តាប់ព្រះធម៌នាំមកនូវបញ្ញា ដែលជាការជ្រោមជ្រែងដល់វាសនាបារមីដ៏សំខាន់បំផុត ។
៣ អត្តសម្មាបណិធិ ការតម្កល់ខ្លួនដោយប្រពៃ ។ គុណធម៌ទី ៣ នេះ បានដល់ការប្រព្រឹត្តប្រតិបត្តិល្អ គឺជាមនុស្ស ដែលប្រកាន់យកនូវគុណធម៌ជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងជីវិត្ត ។ មនុស្សយើងពិតមែនតែមានបុណ្យវាសនាចាស់បានសាងទុកមក តែបើបច្ចុប្បន្នជាមនុស្សប្រមាទឡេះឡោះ ប្រព្រឹត្តតែអំពើថោកទាបផ្សេង ៗ បុណ្យវាសនាដែលបានសាងពីមុននោះ រមែងកប់បាត់ មិនបានឲ្យផលសម្រេចឡើយ ។
ផ្ទុយមកវិញ បើវាសនាបារមីចាស់ដែលបានសាងមក ពុំសូវសម្បូណ៍យ៉ាងណាក៏ដោយ តែបច្ចុប្បន្នបានប្រព្រឹត្តល្អ បដិបត្តិដោយប្រពៃ តម្កល់ខ្លួនក្នុងសទ្ធា សីល សុតៈ និងបញ្ញា មិនញាប់ញ័រទៅតាមអំណាចនៃវត្ថុញុះញង់ក្នុងលោក រមែងធ្វើឲ្យមានវាសនាបារមីដល់ព្រមដោយសព្វគ្រប់ ។ សរុបសេចក្តីមក គ្រប់គ្នាមានឳកាសបំពេញវាសនាបារមី ។ ប្រសិនបើគុណធម៌ទី ១ មិនបានបំពេញ ព្រោះកាលដែលកន្លងទៅ ត្រូវសេចក្តីប្រមាទសង្កត់ តែមនុស្សយើង អាចបំពេញបាននូវគុណធម៌ទាំងពីរប្រការចុងក្រោយ គឺអាចធ្វើបានក្នុងជាតិនេះ ។ ក្មេងចេញពីស្រុកស្រែមក បានជារដ្ឋមន្រ្តី មនុស្សដែលរត់ពីស្រុកក្រៅមក មានខោអាវតែមួយចង្កេះ អាចបានជាសេដ្ឋី មនុស្សអ្នកបម្រើគេ អាចបានជាព្រះរាជាទាំងអស់នេះមានមកជាហូរហែរ ជាការបញ្ជាក់ប្រាប់អំពីបុណ្យវាសនាបារមីរបស់មនុស្សយើង ។ ដកស្រង់ចេញពីសៀវភៅៈ ពន្លឺនៃព្រះធម៌ រៀបរៀងដោយៈ លោកគ្រូ អគ្គបណ្ឌិត ប៊ុត សាវង្ស
វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា
ដោយ៥០០០ឆ្នាំ |