Reading Article
Public date : 06, Jul 2021 (11,574 Read)
ឧបវាទកម្ម

|
ឧបវាទកម្ម
ឧបវាទកម្មនេះ ព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់ហាមប្រាមពុទ្ធបរិស័ទមិនឲ្យប្រព្រឹត្តធ្វើ ជាដាច់ខាត, ព្រោះជាកម្មមានទោសធ្ងន់ អាចឃាត់ផ្លូវសួគ៌និងព្រះនិព្វានដល់អ្នកដែលធ្វើក៏មាន ដូចអរិយូបវាទកម្ម ដែលជាសគ្គាវរណៈ ( ឃាត់សួគ៌ ) និង មគ្គាវរណៈ ( ឃាត់មគ្គផលព្រះនិព្វាន ) នោះឯង។ កម្មដែលបុគ្គលមានចិត្តទុច្ចរិតចង់បង្ខូចប្រយោជន៍របស់ព្រះអរិយបុគ្គល គឺ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ ឬព្រះអរហន្តជាសាវ័ករបស់ព្រះពុទ្ធ ក៏ពោលត្មះតិះដៀល ឬជេរដោយអន្តិមវត្ថុ ឬ ដោយកិរិយាកំចាត់បង់នូវគុណ គឺ បន្ទាប បន្ថោក ព្រះអរិយបុគ្គលទាំងនោះ ហៅថា អរិយូបវាទកម្ម ដោយហោចទៅសូម្បីតែពោលតិះដៀលគ្រហស្ថ ដែលបានសម្រេចសោតា ក៏ចាត់ជាអរិយូបវាទកម្មដែរ។ ពោលថា " ជនទាំងនេះ មិនមានសមណធម៌ ឬថាជនទាំងនេះ មិនមែនជាសមណៈទេ " ដូច្នេះ ហៅថា ពោលតិះដៀលដោយអន្តិមវត្ថុ។ ពោលថា " ជនទាំងនេះ មិនមានឈាន មិនមានវិមោក្ខ មិនមានមគ្គ មិនមានផល " ដូច្នេះហៅថា ពោលតិះដៀលដោយកិរិយាកំចាត់បង់នូវគុណ។ ទោះបីព្រះអរិយបុគ្គលនោះ ដឹងក្ដី មិនដឹងក្ដី ក៏ហៅថា អរិយូបវាទកម្មដូចគ្នា, កម្មទាំងនោះ ជាកម្មដ៏ធ្ងន់ ឃាត់សួគ៌ផល ឃាត់មគ្គផលព្រះនិព្វានផង។ ដើម្បីបញ្ជាក់សេចក្ដីនេះឲ្យច្បាស់លាស់ សូមនាំរឿងព្រះថេរៈ និងភិក្ខុកម្លោះមកសំដែងជា ឧទាហរណ៍ ដូចតទៅនេះ ៖ រឿង ព្រះថេរៈ និងភិក្ខុកម្លោះ បានឮមកថា មានព្រះថេរៈ ១ រូប និងភិក្ខុកម្លោះ ១ រូប ត្រេចទៅបិណ្ឌបាត់ក្នុងស្រុកមួយ។ កាលលោកទាំងនោះទៅដល់ផ្ទះជាដំបូង បានបបរ ១ បោយ។ ព្រះថេរៈកើតរោគខ្យល់មិនស្រួលក្នុងផ្ទះ ក៏គិតថា៖ - " ឱ! បបរនេះ ជាទីសប្បាយដល់អាត្មាអញហើយ អញនឹងហុតបបរនេះទាន់នៅក្ដៅ ដើម្បីឲ្យបាត់ឈឺពោះ " ។ កាលបើលោកគិតដូច្នោះ ក៏អង្គុយលើកំណាត់ឈើដែរមនុស្សទាំងឡាយគេនាំមកបម្រុងធ្វើធរណី ហើយហុតបបរនោះទៅ។ ភិក្ខុកម្លោះឃើញដូច្នោះនឹកខ្ពើម ក៏ពោលពាក្យទ្រគោះថា ៖ - " ឱ! តាចាស់នេះ ឃ្លានអាក្រក់ណាស់តើ, ធ្វើបែបនេះនាំឲ្យកើតអាស្រូវភាសដល់អញ" ។ លុះព្រះថេរៈ ត្រេចទៅក្នុងស្រុក ហើយវិលទៅដល់វត្តវិញ សួរភិក្ខុកម្លោះនោះថា៖ - " អាវុសោ ! លោកបានតម្កល់នូវគុណវិសេសអ្វីក្នុងព្រះសាសនានេះដែរឬ? " ។ ភិក្ខុកម្លោះប្រាប់ថា ៖ - " ព្រះករុណាលោកម្ចាស់ ខ្ញុំព្រះករុណាបានសម្រេចស្រោតាហើយ " ។ ព្រះថេរៈពោលថា ៖
- " អាវុសោ ! បើដូច្នោះលោកកុំធ្វើព្យាយាមដើម្បីរកមគ្គខាងលើទៀតឡើយ, មិនបានទេ ; ព្រោះលោកពោលត្មះតិះដៀលព្រះខីណាស្រពហើយ " ។ ភិក្ខុកម្លោះក៏សូមស្មាលាទោសនឹងព្រះថេរៈក្នុងខណៈនោះ។ ដោយហេតុដែលខូចស្មាលាទោសនោះ ភិក្ខុនោះឯង ក៏នៅជាប្រក្រតី គឺនឹងព្យាយាមធ្វើមគ្គខាងលើតទៅទៀតក៏បាន មិនឃាត់សួគ៌ ឃាត់មគ្គឡើយ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |