Reading Article
Public date : 03, Dec 2021 (19,619 Read)
ព្រះត្រៃបិដក

|
ព្រះត្រៃបិដក
ព្រះធម៌ ឬ ធម្មៈ ដែលព្រះពុទ្ធបានសម្តែង អស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានអរិយសាវ័ក ប្រមូលចងក្រង មានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤,០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចិមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា ។ ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌ត ៗ គ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។ លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ ៥០០ ឆ្នាំ ទើបព្រះសង្ឃសាវ័ក ចារឹកព្រះធម៌ ជាលាយលក្ខណ៍អក្សរ នៅកោះលង្កា ។ ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថាធម្មវិន័យគឺ ធម៌ ១ វិន័យ ១ ហើយចែកចេញជាបីផ្នែក គឺ៖ - ព្រះវិន័យបិដក មាន ១៣ ភាគ ២១,០០០ ធម្មក្ខន្ធ ។ - សុត្តន្តបិដក ឬ ព្រះសូត្រ មាន ៦៤ ភាគ ២១,០០០ ធម្មក្ខន្ធ ។ - អភិធម្មបិដក មាន ៣៣ ភាគ ៤២,០០០ ធម្មក្ខន្ធ ។ ដោយសារព្រះធម៌ទាំង ៨៤,០០០ ព្រះធម្មក្ខន្ធ ចែកចេញជាបីផ្នែក ទើបមានឈ្មោះថា តិបិដក ឬ ត្រៃបិដក បានន័យថា ឃ្លាំងបី ។ ឃ្លាំងបីនោះគឺ៖ ១ - ព្រះវិន័យបិដក ស្តីពីវិន័យច្បាប់ក្រឹត្យក្រម សម្រាប់ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ។ វិន័យនេះចែក ចេញជាពីរគឺ៖ ក - អាគារវិន័យ (វិន័យអ្នកមានផ្ទះ) ពោលដល់វិន័យសម្រាប់គ្រហស្ថ ឧបាសក និងឧបាសិកាប្រតិបត្តិ ។ ឧទាហរណ៍មាន និច្ចសីល និងឧបោសថសីល ជាដើម ។ ខ - អនាគារវិន័យ ( វិន័យអ្នកគ្មានផ្ទះ ) ពោលដល់វិន័យសម្រាប់ ភិក្ខុ ភិក្ខុនី ប្រតិបត្តិ ។ ឧទាហរណ៍មាន ទសសីល ( សម្រាប់សាមណេរ ) និងចតុប្បារិសុទ្ធសីល ជាដើម ។ ២ - ព្រះសុត្តន្តបិដក ឬ ព្រះសូត្រ ស្តីពីព្រះធម៌ដែលមានជម្រៅដោយអត្ថ ដូចជាបុញ្ញកម្ម បាបកម្ម សីលកម្ម ។ ល ។ ជាវោហារទេសនា ព្រះសាវ័កក៏អាចសម្តែងបានដែរ ។ ៣ - ព្រះអភិធម្មបិដក ឬ ព្រះអភិធម្ម ស្តីពីព្រះធម៌មានអត្ថន័យ ល្អិតសុខុម មានគម្ពីរភាពជ្រាលជ្រៅ ជាបរមត្ថទេសនា ។ ដកស្រង់ចេញពីសៀវភៅ ទ្រឹស្តីកម្មផល រៀបរៀងដោយៈ ឈុន គឹមអៀត វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |