Reading Article
Public date : 29, Jul 2019 (9,024 Read)
សប្បាយសម្បជញ្ញៈ

|
សប្បាយសម្បជញ្ញៈ
សប្បាយសម្បជញ្ញៈ ដឹងឋានជាទីសប្បាយនោះមានអធិប្បាយថា៖ ភិក្ខុអ្នកប្រកបដោយសម្បជញ្ញៈរមែងពិចារណារកដំណើរជាទីសប្បាយ និងមិនសប្បាយជាមុនថា វេលាដែលអាត្មាអញនៅក្នុងទីនោះ ៗ តើនឹងបានអារម្មណ៍ជាទីសប្បាយឬទេ? បើឃើញថានឹងយកអារម្មណ៍ឲ្យជាទីសប្បាយមិនបាន ក៏ឈប់បង្អង់ លុះបានពេលដែលកើតអារម្មណ៍ជាទីសប្បាយទើបទៅ យ៉ាងនេះជាដើម ឈ្មោះថា សប្បាយសម្បជញ្ញៈ។ ដូចម្ដេចដែលហៅថា ដំណើរប្រកបដោយប្រយោជន៍ឲ្យកើតសេចក្ដីសប្បាយ? ដំណើរដែលទៅមើលព្រះចេតិយឬពោធិព្រឹក្ស ហៅថាដំណើរប្រកបដោយប្រយោជន៍ឲ្យកើតសេចក្ដីសប្បាយដោយពិតប៉ុន្តែ បើព្រះចេតិយឬមហាពោធិព្រឹក្សនោះមានបរិស័ទទៅប្រជុំគ្នាដើម្បីធ្វើមហាបូជា អស់ពួកមហាជនទាំងស្ត្រីទាំងបុរស ក៏សុទ្ធតែតាក់តែងរាងកាយដោយគ្រឿងប្រដាប់សមគួរតាមទ្រព្យរៀងខ្លួន ល្អល្អះ ដូចរូបគំនូរ ដើរត្រាច់ចរច្រវាត់ទៅមក។ ចិត្តរបស់ភិក្ខុដែលទៅក្នុងទីមានសភាពដូច្នោះ រមែងកើតសេចក្ដីជំពាក់ក្នុងឥដ្ឋារម្មណ៍ កើតសេចក្ដីថ្នាំងថ្នាក់ក្នុងអនិដ្ឋារម្មណ៍ កើតសេចក្ដីភាន់ច្រឡំក្នុងកិរិយាក្រឡេកឃើញអារម្មណ៍ ដែលប្រឡេកមើលមិនស្មើ រមែងត្រូវអាបត្តិកាយសំសគ្គៈព្រោះការប៉ះពាល់ផង រមែងកើតសេចក្ដីអន្តរាយដល់ជីវិតព្រហ្មចរិយៈផង។ ទីដែលមានសភាពដូច្នោះ ឈ្មោះថា ជាទីមិនសប្បាយ។ លុះតែទីដែលមិនមានសេចក្ដីអន្តរាយដូច្នោះទើបឈ្មោះថា ជាទីសប្បាយ។ ព្រោះហេតុដូច្នោះ ភិក្ខុដែលនឹងទៅថ្វាយបង្គំព្រះចេតិយឬមហាពោធិព្រឹក្សនោះ ត្រូវប្រតិបត្តិក្នុងសប្បាយសម្បជញ្ញៈ គឺពិចារណាឲ្យឃើញទីសប្បាយ និងមិនសប្បាយនេះឲ្យច្រើននៅក្នុងសន្ដានជាមុនសិនហើយសឹមទៅ ដ្បិតសប្បាយសម្បជញ្ញៈនេះ ជាធម៌ដ៏សំខាន់ក្រៃពេកក្នុងការដែលធ្វើចិត្តឲ្យស្ថិតនៅក្នុងសាសនធម៌មិនឲ្យកម្រើក ទោះបីនឹងទៅទស្សនាការព្រះសង្ឃក៏គប្បីឲ្យមានសប្បាយសម្បជញ្ញៈទាំងអស់។ បើមនុស្សទាំងឡាយធ្វើមហាមណ្ឌបក្នុងស្រុក ហើយគេស្ដាប់ធម៌អស់ ១ យប់ទាល់ភ្លឺក្នុងទីណា ទីនោះតែងមានមហាជនប្រជុំគ្នាច្រើនផង តែងមានសេចក្ដីអន្តរាយ ដូចន័យដែលពោលមកហើយផង ទីណាមានសភាពដូច្នោះ ទីនោះក៏ឈ្មោះថា ជាទីមិនសប្បាយលុះតែទីដែលមិនមានសេចក្ដីអន្តរាយ ទើបឈ្មោះថាទីសប្បាយទោះបីនឹងទៅទស្សនាការព្រះមហាថេរៈដែលមានបរិស័ទជាបរិវារច្រើន មានញាតិញោមច្រើនក៏មានន័យដូច្នោះដែរ។ ហេតុនេះ ភិក្ខុក្នុងព្រះពុទ្ធសាសនាដែលជាអ្នកឃើញភ័យក្នុងវដ្ដៈ គប្បីប្រតិបត្តិក្នុងសប្បាយសម្បជញ្ញៈនេះឲ្យច្រើននៅក្នុងខន្ធសន្ដាន បើនឹងទៅនមស្ការព្រះសង្ឃឬព្រះមហាថេរៈដូច្នោះក៏ត្រូវទៅតាមទំនងដែលគួរឲ្យកើតអារម្មណ៍ជាទីសប្បាយចុះ បើឃើញថាមិនស្រួលក៏កុំគប្បីទៅឡើយ។ ទោះបីនឹងទៅមើលអសុភក៏សឹងដូចគ្នា គប្បីទៅក្នុងការគួរ គប្បីតាំងសប្បាយសម្បជញ្ញៈទុកជាត្រីមុខ។ ព្រោះកិរិយាដែលទៅពិចារណាអសុភក្នុងកាលដ៏គួរនោះ រមែងនាំមកនូវផលានិសង្សជាច្រើន។ ព្រះអដ្ឋកថាចារ្យនាំយកនិទានមកតាំងទុក៖
រឿងសាមណេរ និងភិក្ខុឃើញអសុភ ដូចបានឬមកថា មានភិក្ខុកម្លោះ ១ រូបនាំសាមណេរ ១ រូបចូលទៅក្នុងព្រៃដើម្បីរកឈើស្ទន្ត សាមណេរចៀសចេញពីផ្លូវដើរទៅមុខបន្តិចបានឃើញអសុភ បានពិចារណាយកជាអសុភកម្មដ្ឋាន ក៏កើតបឋមជ្ឈាន ហើយធ្វើបឋមជ្ឈាននោះជាទីតាំង ពិចារណាសង្ខារជាវិបស្សនា ក៏ធ្វើឲ្យជាក់ច្បាស់នូវផល ៣ គឺ៖ សោតាបត្តិផល សកទាគាមិផល និង អនាគាមិផល កំពុងតែពិចារណាកម្មដ្ឋានដើម្បីឲ្យបានមគ្គនិងផលខាងលើគឺព្រះអរហត្តផលតទៅ។ ឯភិក្ខុកម្លោះនោះកាលបើមិនឃើញសាមណេរក៏ស្រែកហៅ។ សាមណេរនោះគិតថា៖ តាំងពីអាត្មាអញបួសមកដល់ឥឡូវនេះ មិនដែលឲ្យភិក្ខុស្រែកហៅធ្ងន់មាត់ដល់ពីរម៉ាត់ឡើយ ណ្ហើយចុះចាំថ្ងៃក្រោយសឹមចម្រើនព្រះកម្មដ្ឋានទៀតធ្វើលោកុត្តរញ្ញាណដែលជាខាងលើឲ្យកើតឡើង។ លុះសាមណេរនោះគិតដូច្នោះហើយ ក៏សួរភិក្ខុថា៖ មានការអ្វីលោកម្ចាស់? ភិក្ខុកម្លោះនោះប្រាប់ថា៖ ចូរមកអាយ!។ ភិក្ខុហៅតែមួយម៉ាត់ សាមណេរក៏ទៅភ្លាមហើយប្រាប់ភិក្ខុនោះថា សូមលោកម្ចាស់និមន្តទៅតាមផ្លូវនេះ ទៅឈរក្នុងទីដែលខ្ញុំព្រះករុណាឈរអម្បាញ់មិញនោះ បែរមុខទៅទិសខាងកើតហើយនិមន្តសម្លឹងមើលមួយស្របក់ចុះ នឹងបានឃើញរបស់អ្វីមួយដែលពេញចិត្តមិនខាន។
កាលភិក្ខុកម្លោះធ្វើតាមពាក្យសាមណេរហើយទៅពិចារណាអសុភកម្មដ្ឋាននោះ ក៏បានសម្រេចអនាគាមិផលដូចសាមណេរនោះដែរ។ គួរអស្ចារ្យណាស់ហ្ន៎! អសុភតែមួយអាចឲ្យប្រយោជន៍ដល់សាធុជន ២ រូប គឺសាមណេរនិងភិក្ខុដោយប្រការដូច្នេះ។ ហេតុនេះ អ្នកប្រាជ្ញគួរសន្និដ្ឋានថា ការដែលទៅថ្វាយបង្គំព្រះចេតិយ និងមហាពោធិព្រឹក្ស ឬទៅថ្វាយបង្គំព្រះសង្ឃថេរៈនោះ បើបានទៅក្នុងកាលដ៏គួរនឹងទៅហើយ តែងនាំមកនូវប្រយោជន៍ដល់ខ្លួនជាច្រើន ដូចពោលមកនេះ។ កិរិយាពិចារណា រកកាលដ៏សប្បាយក្នុងវេលាដែលនឹងទៅថ្វាយបង្គំព្រះចេតិយ និងមហាពោធិព្រឹក្ស ទៅថ្វាយបង្គំព្រះសង្ឃនិងព្រះសង្ឃថេរៈ ឬទៅមើលអសុភនោះឯង បានឈ្មោះថា សប្បាយសម្បជញ្ញៈ។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |