Reading Article
Public date : 13, Jul 2021 (20,380 Read)
ពាក្យថាបព្វជិត

|
ពាក្យថាបព្វជិត
បុគ្គលដែលសម្លាប់ឬបៀតបៀនគេតាមអំពើចិត្ត ដែលឥតអធិវាសនក្ខន្តី នោះ ដោយហោចទៅ សូម្បីតែសម្លាប់សត្វតូចៗ មានល្បោមនិងមូសជាដើម ឲ្យវិនាសចាកជីវិត ក៏ហៅថា បព្វជិត មិនកើត។ ព្រោះហេតុអ្វីបានជាពោលដូច្នោះ? ព្រោះហេតុមិនទាន់បណ្ដេញបំបរមន្ទិលនៅឡើយ, លុះតែជាអ្នកបណ្ដេញបំបរមន្ទិលចោលចេញ ទើបហៅថា បព្វជិត បាន, ដូចមានពុទ្ធភាសិតថា៖ បញ្វជយមត្តនោ មលំ តស្មា បព្វជិតោតិ វុច្ចតិ
សេចក្ដីថា អ្នកដែលបណ្ដេញបំបរនូវមន្ទិលរបស់ខ្លួនឲ្យឃ្លាតចេញបាន ទើបតថាគតហៅថា បព្វជិត ដោយហេតុដែលគេបណ្ដេញបំបរនូវមន្ទិលនោះឯង។ កាលដែលបណ្ដេញនូវមន្ទិលជាលក្ខណៈគ្រឿងសម្គាល់របស់បព្វជិត។ អ្វីហៅថា មន្ទិល? កិលេសដែលធ្វើចិត្តឲ្យសៅហ្មង ដូចវត្ថុពណ៌ខ្មៅ មានធ្យូងជាដើម ដែលធ្វើរបស់ស្អាតឲ្យប្រឡាក់ខូចទៅ លោកហៅថា មន្ទិល។ មន្ទិលមាន ៩ ប្រការ ១. កោធ សេចក្ដីក្រោធខឹង ២. មក្ខ សេចក្ដីលុបគុណគេ ៣. ឥស្សា សេចក្ដីច្រណែន ៤. មច្ឆរិយ សេចក្ដីកំណាញ់ ៥. មាយា លាក់ពុតកំហូច ៦. សាថេយ្យ សេចក្ដីអួតអាង ៧. មុសា សេចក្ដីកុហក ៨. បាបិច្ឆ សេចក្ដីប្រាថ្នាលាមក ៩. មិច្ឆាទិដ្ឋិ សេចក្ដីយល់ឆ្វេងអំពីការពិត។ បណ្ដាលអកុសលទាំង ៩ នេះ, កាលបើអកុសលណាមួយកើតឡើងហើយ ក៏ធ្វើចិត្តឲ្យកករល្អក់មិនជ្រះថ្លា; ហេតុដូច្នោះបានជាលោកហៅថា "មន្ទិល" ; អ្នកដែលកំចាត់បង់មន្ទិលក្នុងខ្លួនឲ្យអស់ទៅបាន ទើបគួរហៅថា បព្វជិត មែន; ទោះបីកំចាត់បង់មិនទាន់បានទាំងអស់ តែតាំងចិត្តប្រុងនឹងកំចាត់បង់ឲ្យអស់តទៅ ក៏គួរហៅថា បព្វជិត បានដែរ។ ឯបុគ្គលដែលសម្លាប់សត្វដទៃ ឬបៀតបៀនសត្វដទៃ ក៏ព្រោះតែមន្ទិលទាំងនេះជ្រកសម្ងំនៅក្នុងសន្ដានទាំងអស់។ ន័យមួយទៀត បព្វជិត ប្រែថា " អ្នកវៀរ " គឺវៀរចាកទោសដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ឃាត់មិនឲ្យធ្វើ តាំងអំពីវៀរចាក មេថុនធម្ម, អទិន្នាទាន, មនុស្សវិគ្គហៈ និងឧត្តរិមនុស្សធម្ម ជាដើមទៅ, ព្រោះអំពើ ៤ យ៉ាងនេះ ជាហេតុនាំឲ្យប្រទូស្ដ និងបៀតបៀនអ្នកដទៃ។ បុគ្គលចំពូកខ្លះ អាស្រ័យមេថុនធម្មជាហេតុ ក៏ប្រទូស្ដនិងបៀតបៀនគ្នា ដរាបចាក់កាប់សម្លាប់គ្នាជាទីបំផុតក៏មាន; បុគ្គលចំពូកខ្លះ ចង់បានទ្រព្យរបស់គេ ក៏ប្រទូស្ដនិងបៀតបៀនម្ចាស់ទ្រព្យគេក៏មាន; និងសេចក្ដីគោរពរាប់អានអំពីអ្នកដទៃ ក៏និយាយបញ្ឆោតគេដោយឧត្តវិមនុស្សធម្មក៏មាន ; អំពើអម្បាលនេះជាដើម ហៅថាប្រទូស្ដ ថាបៀតបៀនអ្នកដទៃ, ជាអករណីកិច្ចដែលព្រះភគវន្តមុនីបរមគ្រូជាម្ចាស់ទ្រង់ហាមប្រាមអ្នកបួសក្នុងព្រះពុទ្ធសាសនាមិនឲ្យធ្វើជាដាច់ខាត។ ហេតុនោះ បុគ្គលដែលឋិតនៅក្នុងភេទជាបព្វជិត គួរតែវៀរចាកទោសដែលទ្រង់បញ្ញត្ត ខំប្រតិបត្តិតាមគុណដែលទ្រង់អនុញ្ញាត, បើមិនវៀរចាកទោសដែលទ្រង់បញ្ញត្តដូចសំដែងមកនេះទេ នឹងហៅថា បព្វជិត ដូចម្ដេចបាន។ ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ |