Reading Article
Public date : 25, Nov 2020 (65,980 Read)
រឿងខ្លាធំនិងសេក

|
កាលពីព្រេងនាយ មានភ្នំមួយឈ្មោះបំសុបពិត ស្ថិតនៅក្បែរព្រំអាណាចក្រពារាណសី។ នៅញកភ្នំនោះមានខ្លាធំមួយ មេស្លាប់ចោលទៅ នៅជាមួយបាចាស់ជរា។ កាលនោះមានសេកមួយក៏ជាសត្វសប្បុរសដែរអាស្រ័យ នៅនាភ្នំនោះ បានយកខ្លាធ្វើជាមិត្តសំឡាញ់យ៉ាងជិតស្និទ្ធ។
សម័យខាងក្រោយមកមានបុរសម្នាក់នៅ ក្នុងបច្ចន្តជនបទជាមនុស្ស អសប្បុរសឈ្លោះទាស់ប្ដីប្រពន្ធលែងលះ គ្នាមនុស្សអសប្បុរសនោះ ក៏ដើរស្ពាយបង្វិចកាត់ភ្នំបំសុបពិតនោះសំដៅទៅក្រុង ពារាណសី ទៅដល់ជើងភ្នំជួបនឹងសេកៗ ធ្វើបដិសណ្ឋារៈសួរដំណើរសព្វគ្រប់បានដឹង ថានឹងឆ្លងកាត់ភ្នំទៅក្រុងពារាណសី ក៏ប្រាប់ថា ភ្នំនេះមានខ្លាសាហាវច្រើនណាស់ អញ្ជើញទៅពុំបានទេ ក្រែងមានគ្រោះថ្នាក់អញ្ជើញវាង តាមជើងភ្នំនេះទៅវិញ។ បុរសនោះមិនព្រម ឆ្លើយប្រាប់ថាខ្ញុំចង់ប្រញាប់ស៊ូដើរកាត់ទៅចុះ។ សេកយល់អធ្យាស្រ័យហើយ ក៏និយាយប្រាប់ថាបើដូច្នោះអញ្ជើញត្រង់ញកភ្នំនេះទៅ ខ្ញុំមានពួកម៉ាក សំឡាញ់ខ្លាធំមួយបើទៅជួបប្រាប់ថា អ្នកជាមិត្តភ័ក្ត្រនឹងខ្ញុំៗ ឲ្យជូនដំណើរទៅ ក្រុងពារាណសី មើលសុខទុក្ខតាមផ្លូវឲ្យផងក្រែងសត្រូវមើលងាយ។ មនុស្សអសប្បុរស ឮដូច្នោះ មានសង្ឃឹមថានឹង ធ្វើដំណើរកាត់ភ្នំនេះបានស្រួលហើយ ក៏រកអាហារស៊ីឲ្យមាន កម្លាំងសេកក៏ បានរកផ្លែឈើឲ្យបរិភោគមិនបរិភោគតែផ្លែឈើប៉ុណ្ណោះ ដ៏យកដំបង វាយសំលាប់សេក នោះបោចអាំងស៊ីថែមទៀត លុះស៊ីហើយក៏ដើរសំដៅ ទៅរកកន្លែង ខ្លាធំដែលសេកបានប្រាប់ ខ្លាឃើញបានដឹងថាជាមិត្តសំឡាញ់នឹងសេក ក៏រាក់ទាក់ឲ្យ សំណាក់នៅមួយយប់សិន ខ្លាធំក៏ចេញទៅរកចំណីអាហារមកជប់លៀង។ ក្នុងពេល ដែលខ្លាធំចេញទៅ បុរសនោះ ជាមួយខ្លាចាស់ជាឪពុក ក៏និយាយប្រាប់ខ្លាចាស់នោះថាអម្បាញ់មិញខ្ញុំសម្លាប់សេកមួយ អាំងស៊ីឆ្ងាញ់ជាងសេកធម្មតា ដែលនិយាយយ៉ាងនេះដោយគិតថាខ្លាចាស់មិន ដឹងសេកជាមិត្ត សំឡាញ់នឹងខ្លាធំជាកូនទេ។ ឯខ្លាធំរកចំណីបាន ហើយឲ្យបុរសនោះបរិភោគឆ្អែកដេកលក់។ ខ្លាចាស់ប្រាប់ថា បុរសនេះសម្លាប់សេក មិត្រភក្តិកូន ឯងស្លាប់ហើយ។ ខ្លាធំឮហើយយំ សោក ស្ទុះរត់ទៅមើលកន្លែងដែលសេក នៅឃើញតែរោមនៅលើដីនឹកខឹងថានឹងស៊ីបុរសនេះវិញ។ ឯបុរសនោះភ្ញាក់ឡើងបាត់ ខ្លាធំ ក៏សួរខ្លាចាស់បានដឹងថាទៅមើលសេកដែលខ្លួនស៊ី ក៏កើតទោសៈចំពោះខ្លាចាស់ យកដំថ្មគប់ខ្លាចាស់នោះស្លាប់ទៅ ហើយយកដំបងមួយយ៉ាងធំឈរ ក្បែរគល់ឈើចាំ វាយសំឡាប់ខ្លាធំទៀត ប៉ុន្តែដោយខ្លាធំមានធម៌សប្បុរសមិនអាចសម្លាប់ បានឡើយ ឃើញខ្លាធំមកដល់ បុរសនោះភ័យញាប់ញ័រក្រាបថ្វាយបង្គំសុំទោស។ ខ្លាធំក្រឡេក មើលទៅឃើញឪពុកត្រូវដំបងបែកក្បាលស្លាប់ ដឹងថាបុរសនោះស្លាប់ នឹកតូចចិត្តគិតខាំបុរសនោះម្ដង។ ប៉ុន្តែធម្មតាអ្នកមានធម៌សប្បុរសតែង មានគំនិតគិតវែងឆ្ងាយ ជឿបុណ្យជឿ បាបយល់ហេតុផលច្បាស់លាស់ ទើបមានគំនិតថាមនុស្សនេះអសប្បុរសអញមិនគួរប្រទូស្ដតបឲ្យ ជាប់ពៀរនឹងវាទេ សំឡាញ់អញក្ដី ឪពុកអញក្ដី ដែលស្លាប់ ទៅគឺជាផលកម្មរបស់គាត់បាន សាងពីបុព្វជាតិមក យល់ច្បាស់ដូច្នេះហើយ ក៏និយាយរាក់ទាក់ទៅរកបុរសនោះហើយជូនដំណើរ ទៅទៀតដរាបដល់ផុតទីមានគ្រោះថ្នាក់។ ឯសេកដែលស្លាប់ទៅ បានទៅកើតនៅស្ថានសួគ៌បរិបូណ៌ដោយទិព្វសម្បត្តិដោយ អំណាចនៃសប្បុរសធម៌។ ចំណែកខាងខ្លាធំដល់អស់អាយុ ក៏បានទៅកើតនៅស្ថាន ទេវលោកដូចសេកដែរ។ សេចក្ដីពិសេស គួរសង្ស័យថាខ្លាចាប់តែសត្វស៊ីជាអាហារ ធ្វើបាណាតិបាតរាល់ពេលហេតុអ្វីក៏បានកើតស្ថានសួគ៌ដែរ? ដែលទៅកើតស្ថានសួគ៌ នោះមិនមែនអំពើបាណាតិបាតនាំទៅកើតទេ គឺសប្បុរសធម៌ដែលមានក្នុងសម័យដែល មិនគួរមាននោះទេ នាំទៅកើត មិនចាំបាច់និយាយឡើយដល់ទៅខ្លាធំ ដែលមាន សប្បុរសដល់ម្ល៉ោះ សូម្បីគ្មានសោះក៏ ដោយបើប្រសិនជាពេលជិតស្លាប់ជនចិត្ត ចាប់បាន កុសលធម៌ណាមួយហើយ ទៀតតែទៅសួគ៌សិន មិនខានដូចពុទ្ធភាសិតថា ចិត្តេ បរិសុទ្ធេ សុគតិ បាដិកង្ខា ចិត្តបរិសុទ្ធ ទៅសុគតិ។ ដកស្រង់ចេញពីសៀវភៅ ខំសាងកុសល ដោយ៥០០០ឆ្នាំ |