Reading Article
Public date : 24, Nov 2020 (14,302 Read)
រឿងអ្នកកំណាញ់

|
រឿងអ្នកកំណាញ់
(ចាក អ. សុ.) (ម្តាយឪពុកតែងប្រាថ្នាប្រយោជន៍ឲ្យបុត្រធីតា) ក្នុងក្រុងពារាណសី មានសេដ្ឋីម្នាក់មានសម្បត្តិ៨០កោដិ ជាមនុស្សមានសទ្ធាយ៉ាងស៊ប់សួន បានចំណាយទ្រព្យកសាងសាលាទាន៦គឺក្បែរទ្វារនគរទាំង៤ ត្រង់កណ្តាលនគរ១ ក្បែរទ្វារនៃនិវេសន៍១ ហើយតែងបរិច្ចាកទ្រព្យ៦សែនកហាបណះរាល់ថ្ងៃ ចែកចាយដល់ស្មូមយាចកមកសុំគ្រប់ៗរូប ។ បុរសនោះឲ្យទានយ៉ាងនេះជារៀងរាល់ថ្ងៃ ហើយបានទូន្មានកូនរបស់ខ្លួនថាកូនអ្នកកុំលះបង់ចោលទាណវង្សរបស់អញនេះ លុះស្លាប់ទៅ ក៏បានទៅកើតជាសក្កទេវរាជ ។ កូនសេដ្ឋីនោះ បានបំពេញតាមវង្សបិតាដែរ ពេលស្លាប់ទៅបានកើតជាចន្ទទេវបុត្រ ។ កូនសេដ្ឋី(គឺកូនចន្ទទេវបុត្រ) បានប្រព្រឹត្តតាមវង្សបិតាក៏បានកើតជាសុរិយទេវបុត្រ កូនសុរិយទេវបុត្របានធ្វើតាមលំនាំនោះក៏បានកកើតជាមាតលីទេវបុត្រ កូនមាតលី បានធ្វើទានតាមលំអានវង្សត្រកូលទៀត ក៏បានកើតជាបញ្ចសិខទេវបុត្រ ។ ប្លែកតែកូនបញ្ចសិខទេវបុត្រ ឈ្មោះកោសិយ ពេលឥតពីបិតាទៅបានទទួលតំណែងជាសេដ្ឋីមានទ្រព្យ៨០កោដិតែជាមនុស្សស្វិតស្វាញណាស់ ។ ថ្ងៃមួយកោសិយសេដ្ឋីគិតថា ជីតា ជីតាទូតអញ ជាមនុស្សពោលពិត ចំណាយទ្រព្យដែលខ្លួនរកបានលំបាក ឲ្យជាទានង្នកដទៃ អញនឹងរក្សាទ្រព្យនេះឲ្យគង់វង្ស មិនឲ្យទានដល់អ្នកណាឡើយ លុះគិតដូច្នោះហើយក៏ឲ្យគេរុះរើសាលាទាន យកមកដុតភ្លើងចោលអស់ជាមនុស្សមានសេចក្តីកំណាញ់ស្វិតស្វាញណាស់ បានប្រមូលទ្រព្យយកមកទុកមិនដែលចាយវាយអ្វីសោះ ទាំងមិនឲ្យដល់ដូនប្រពន្ធទាំងឡាយ ចាយវាយផងដែរ ។ កោសិយសេដ្ឋីនោះ បរិភោគតែបាយលាយកន្ទក់ដែលច្របូកច្របល់ដោយទឹកបាយ ស្លៀកសំពត់មានសាច់ក្រាស់ៗ ដេកលើគ្រែឆត្រដែលគេធ្វើជារបៀបស្លឹក ធ្វើដំណើរទៅណាមកណាតែដោយរថចាស់ដែលទឹមដោយគោចាស់ដូចគ្នា ។ សេដ្ឋីអសប្បុរសនោះ បានទ្រព្យទាំងប៉ុណ្ណេះ វិស័យដូចជាឆ្កែបានដុងព្រោះគាត់មិនចាយវាយសោះ ។ ថ្ងៃមួយសេដ្ឋីនោះទៅគាល់ព្រះរាជាហើយបានចូលទៅហៅសេដ្ឋីបន្ទាប់ម្នាក់ ឲ្យទៅជាមួយ ។ខណៈនោះសេដ្ឋីបន្ទាប់កំពុងតែបរិភោគបាយាស ដែលគេតាក់តែង ដោយកំទេចស្ករក្រាមមានរស់ផ្អែម ដែលលាយឡំដោយទឹកដោះខាប់នឹងជូរ កាលឃើញកោសីសេដ្ឋីមកដល់ ក៏ក្រោកឡើងទទួលដោយរាក់ទាក់ថា បពិត្រលោកមហាសេដ្ឋីសូមលោកអញ្ជើញចូឡមកអង្គុយលើអាសនៈ នេះបរិភោគបាយាស ជាមួយខ្ញុំ ។ កោសិយសេដ្ឋីគ្រាន់តែឃើញបាយាស ក៏ស្រក់ទឹកមាត់ចង់បរិភោគណាស់តែធ្វើម្តេចសេចក្តីកំណាញ់ហាមឃាត់ចិត្តគាត់ឲ្យគិតឃើញថា ប្រសិនបើអញបរិភោគក្នុងពេលនេះ អញនឹងធើ្វទទួលគាត់នេះ ដែលទៅឯផ្ទះអញវិញកាលបើយ៉ាងនេះទ្រព្យអញនឹងវិនាសដោយពិត ណ្ហើយកុំទៅចុះល្អជាងលុះគិតដូច្នេះហើយ ក៏អង្គុយក្នុងទីនោះ ទោះជាសេដ្ឋីបន្ទាប់អង្វរឲ្យបរិភោគយ៉ាងណា ក៏នៅតែពោលថា ទេខ្ញុំទើបនឹងបរិភោគរួចអម្បាញមិញនេះឯងកាលសេដ្ឋីបន្ទាប់បរិភោគរួចហើយ ក៏បបួលគ្នាទៅគាល់ស្តេច លុះត្រឡប់មកផ្ទះរៀងៗខ្លួនវិញ ទុកជាចំណង់ក្នុងបាយាសនោះគ្របសង្កត់យ៉ាងណា ក៏កោសិយសេដ្ឋីទ្រាំអត់ណាស់ មិនហ៊ានប្រាប់គេទេ ខ្លាចអស់ទ្រព្យ ។ ចំណង់នោះ ក៏បណ្តាលឲ្យកើតរោគលឿង ។ ទោះកើតរោគយ៉ាងនេះក៏ដោយក៏នៅតែមិនបា្រប់គេ ដរាបដល់មានកំលាំងពលំខ្សោយទៅជាលំដាប់ ក៏ចូលទៅដេកសន្ធឹងសន្ធៃនៅលើដំណេក ។ ប្រពន្ធដឹងហើយក៏ពោលថា អ្នកជាមនុស្សក្រណាស់ឬ? ខ្ញុំនឹងចាត់ចែងចំអិនបាយាស ឲ្យល្មម ដល់អ្នកនៅក្នុង ក្រុងពារណសីទាំងអស់ ។ កោសិយឮពាក្យនោះហើយ ក៏ហាក់ដូចជាគេយកដំបង មកសំពងចំក្បាលគាត់ ទើបពោលប្រាប់ប្រពន្ធថា អញដឹងជានាងឯងកូនថៅកែហើយតែទ្រព្យនាំមកពីផ្ទះនាងក៏មាន ចូរយកទ្រព្យនោះចែកចាយ ហើយចំអិនបាយាសដល់អ្នកនគរទាំងឡាយចុះ ។ប្រពន្ធថា បើដូច្នោះខ្ញុំនឹងចំអិនឲ្យល្មមដល់ជនដែលនៅក្នុងផ្លូវជាមួយគ្នាបានឬទេ? ប្រយោជន៍អ្វីដល់ជនទាំងនោះប្រពន្ធ បើដូច្នោះ ខ្ញុំនឹងចំអិនដល់ជនជិតខាង គ្រប់ប្រាំពីរៗផ្ទះរាប់ពីផ្ទះយើង ឲ្យល្មមដល់ជនជាបរិវារ ឲ្យល្មមដល់ជនជាញាតិ ក៏សេដ្ឋីមិនព្រម ។ នាងប្រពន្ធពោលថា បើដូច្នោះខ្ញុំនឹងចំអិនឲ្យល្មមតែ អ្នកនឹងខ្ញុំ ។ សេដ្ឋីថាលោតែចង់អ្វីដែរ? នាងមិនគួរបរិភោគទេ ។នាងប្រពន្ធក៏ពោលថា អើខ្ញុំចំអិនឲ្យល្មមតែអ្នក ។ សេដ្ឋីថា អើបើយ៉ាងហ្នឹងបាន តែនាងកុំចំអិនក្នុងទីនេះខ្លាចគេមកសុំ ចូរនាងយកអង្ករមួយទូកដៃ ទឹកដោះស្រស់មួយចិបស្ករក្រាមប៉ុនម្រាមដៃ សប្បិបន្តិចទឹកឃ្មុំ នឹងអំបែងមួយមកឲ្យអញយកទៅចំអិនក្នុងព្រៃឯណោះ ទើបគ្មាននរណាមកសុំ ហើយអញនឹងបានបរិភោគគ្រប់គ្រាន់។ នាងប្រពន្ធក៏ធ្វើតាមបង្គាប់ ។ កោសិយសេដ្ឋីបានឲ្យខ្ញុំកំដរម្នាក់កាន់របស់ទាំងអស់នោះចូលទៅក្នុងព្រៃ ហើយរៀបចំចង្ក្រានក្បែរឈើមួយដើមនាឆ្នេរស្ទឹងទើបឲ្យខ្ញុំកំដរទៅរកអុសនឹងទឹកយកមកទុកឲ្យហើយ បង្គាប់ថា ចូរឯងទៅចាំមើលផ្លូវ ក្រែងមាននរណាគេមក ចូរបា្រប់ដល់អញកុំខាន ហើយបង្កាត់ភ្លើងចំអិនបាយាសខ្លួនឯង ។ ខណៈនោះ សក្កទេវរាជរំពឹងមើលវង្សទានរបស់ខ្លួន បានដឹងរឿងរ៉ាវទាំងអស់ទើបទ្រង់ព្រះចិន្តាថាៈ យី! កោសិយសេដ្ឋី កំណាញ់អ្វីក៏កំណាញ់ម្លេះបានទាំងផ្តាច់បង់វង្សទានរបស់អញទៀត បើស្លាប់ទៅនឹងកើតក្នុងនរកពិតដូច្នេះគួរអញទៅឲ្យឱវាទ ឲ្យធ្វើបុណ្យទានទើបគួរ លុះគិតយ៉ាងនេះហើយក៏ប្រាប់ទេវបុត្តជាកូនចៅឲ្យដឹងរឿងរ៉ាវនោះ ហើយប្រាប់ថាអញទៅមុន អ្នកទាំងអស់គ្នាចូរទៅតាមលំដាប់លំដោយ ក្នុងពេលដែលអញអង្គុយសុំបាយាសនោះប្រាប់រួចហើយ ក៏និម្មិតខ្លួនជាព្រាហ្មណ៍ចូលទៅរកកោសិយសេដ្ឋីសួរថា នែអ្នកដ៏ចំរើនផ្លូវណាហ្ន ដែលទៅក្រុងពារាណសី ? សេដ្ឋីឆ្លើយថា អ្នកឆ្កួតទេឬ បានជាមិនស្គាល់ផ្លូវទៅក្រុងពារាណសី នុះផ្លូវ ។ ព្រះឥន្ទព្រាហ្មណ៍ធើ្វហាក់ដូចជាមិនឮ ហើយចូលទៅជិតសួរថា អ្នកនិយាយថាម៉េច? សេដ្ឋីសំឡុកថា នែព្រាហ្មណ៍ថ្លង់ចង្រៃ ! ឯងមកខាងណេះធ្វើអ្វី ថានុះផ្លូវទៅពារាណសី ។ ឥន្ទព្រាហ្មណ៍និយាយថា អ្នកដ៏ចំរើន ហេតុអ្វីបានជាអ្នកស្រែក? ផ្សែងភ្លើងមានស្រាប់ហើយ អ្នកត្រូវការចំអិនបាយាសហើយ និមន្តព្រាហ្មណ៍មកឲ្យឆាន់ក៏អញ្ជើញចំអិនចុះខ្ញុំនឹងបានចំណែកបន្តិចក្នុងពេលដែលព្រាហ្មណ៍ទាំងឡាយឆាន់ ។ សេដ្ឋីគំរាមថា យើងឥតត្រូវការនិមន្តព្រាហ្មណ៍ មកឆាន់ទេចូរឯងទៅពីនេះឲ្យឆាប់ ។ ឥន្ទព្រាហ្មណ៍និយាយថា បើដូច្នោះ ខ្ញុំនឹងបានចំណែកបន្តិចក្នុងពេលដែលអ្នកបរិភោគ ។ សេដ្ឋីប្រាប់ថាៈ សូម្បីតែបាយមួយគ្រាប់ក៏ខ្ញុំមិនឲ្យដល់អ្នកដែរព្រោះយើងចំអិនល្មមតែស៊ីម្នាក់ឯង ។ ឥន្ទព្រាហ្មណ៍ឮពាក្យនោះហើយក៏ពោលគាថា ថាៈ "បុគ្គលត្រូវតែឲ្យវត្ថុតិចពីវត្ថុតិច ពាក់កណ្តាលពីរពាក់កណ្តាល ច្រើនពីច្រើន ការមិនឲ្យសោះមិនគួរទេ ម្នាលកោសិយៈ ហេតុនោះខ្ញុំមកប្រាប់ឲ្យអ្នកឯងឲ្យទានផង បរិភោគផង ឡើងកាន់ផ្លូវដ៏ប្រសើរ ផង បុគ្គលស៊ីតែឯកឯងមិនបានសុខទេ"។ សេដ្ឋីឮពាក្យនោះក៏ពោលថា ម្នាលព្រាហ្មណ៍អ្នកពោលនេះត្រូវអ្នកនឹងបានចំណែកបន្តិចចូរអង្គុយសិនចុះ ។ ឥន្ទព្រាហ្មណ៍ក៏អង្គុយចុះ ។ លំដាប់នោះចន្ទទេវបុត្តមកនិយាយតាមន័យនោះហើយពោលគាថា "បុគ្គលណាបើភ្ញៀវអង្គុយចុះហើយ បរិភោគ ភោចនតែម្នាក់ឯងកាបូជានឹងការកប់កំណាប់។ទ្រព្យទុករបស់បុគ្គលនោះជាការសាបសូន្យពិត ម្នាលកោសិយៈ ហេតុនោះខ្ញុំមកប្រាប់ឲ្យអ្នកឯងឲ្យទានផង បរិភោគផង ឡើងកាន់ផ្លូវដ៏ប្រសើរផងបុគ្គលស៊ីម្នាក់ឯងមិនបានសុខទេ"។ សេដ្ឋីពោលថា អើចូរអង្គុយសិនចុះយើងនឹងឲ្យអ្នកបន្តិច ។ ចន្ទទេវបុត្រក៏អង្គុយចុះតាមបង្គាប់ ។ បន្ទាប់មកសុរិយទេវបុត្របានថ្លែងខ្លួនជាពា្រហ្មណ៍មកសួរសុំតាមន័យនោះដែរ ហើយពោលគាថា ថា"បុគ្គលណាបើភ្ញៀវអង្គុយចុះ ហើយមិនបរិភោគភោជនតែម្នាក់ឯង ការមុខនឹងការកប់កំណប់ទ្រព្យទុករបស់បុគ្គលនោះតែងមានពិត ម្នាលកោសិយៈ ហេតុនោះខ្ញុំមកប្រាប់អ្នកឯងឲ្យទានផង បរិភោគផង ឡើងកាន់ផ្លូវដ៏ប្រសើរផង បុគ្គលស៊ីតែម្នាក់ឯងមិនបានសុខទេ" ។ បន្ទាប់មកមាតលីទេវបុត្រមកពោលថែមថា " បុគ្គលណា បូជាស្រះទាំងអស់ គឺស្ទឹងក្តី ព្រះបោក្ខរណីក្តី កំពង់ឈ្មោះទោណះក្តី ឈ្មោះតិម្តរុក្តីស្ទឹងធំដែលមានខ្សែរទឹកហូរខ្មាញ់ក្តី ឬបុគ្គលណាបើភ្ញៀវមកអង្គុយហើយមិន បរិភោគម្នាក់ឯង ការបូជានឹងការកប់កំណប់ទ្រព្យទុករបស់ជននោះក្នុងទី មានស្ទឹងជាដើម រមែងមានពិត ម្នាលកោសិយៈហេតុនោះខ្ញុំមកប្រាប់អ្នក ឯងឲ្យៗទានផង បរិភោគផងឡើងកាន់ផ្លូវដ៏ប្រសើរផង បុគ្គលស៊ីម្នាក់ឯង មិនបានសុខទេ" ។ លំដាប់នោះបញ្ជសិខទេវបុត្រក៏មកពោលបន្ថែមទៀតថា "បុគ្គលណាបើភ្ញៀវមកអង្គុយហើយ បរិភោគម្នាក់ឯង បុគ្គលនោះតែង គ្រលៀស លេបផ្លែសន្ទូច ព្រមទាំងនុយដែលមានខ្សែរវែង ម្នាលកោសិយៈហេតុនោះ ខ្ញុំមកប្រាប់អ្នកឲ្យៗទានផង បរិភោគឡើងកាន់ផ្លូវដ៏ប្រសើរផងបុគ្គលស៊ីម្នាក់ ឯងមិនបានសុខទេ"។ សេដ្ឋីឮពាក្យទាំងនោះ ក៏ត្អូញត្អែរដោយសេចក្តីទុក្ខព្រួយស្ទើរមិនដាច់ចិត្តនឹងឲ្យ ពោលថា ដូច្នោះ ចូរអ្នកអង្គុយសិនចុះនឹងបានចំណែកបន្តិចដែរបញ្ចសិខក៏អង្គុយតាមបង្គាប់ ។ កាលទេវបុត្រ៥អង្គចុះ ហើយ សេដ្ឋីក៏ចំអិនបាយាសជាស្រេច ទើបឲ្យព្រាហ្មណ៍ទាំង៥យកស្លឹកឈើមក ខ្លួននឹងចែកបន្តិចៗឲ្យ ។ ទេវបុត្រទាំងឡាយអង្គុយក្នុងទីនោះ ក៏លាដៃទៅឈោងបេះស្លឹកជ្រៃដ៏ធំពីព្រៃហេមពាន្តមកឲ្យសេដ្ឋីៗប្រកែកថា ស្លឹកនោះធំណាស់ខ្ញុំមិនឲ្យទេចូរបេះស្លឹកគគីរមកវិញ ។ ទេវបុត្រក៏បេះស្លឹកគគីរមកឲ្យ ។ ឯស្លឹកគគីរនោះ មួយសន្លឹកៗប៉ុនផែនក្តារ ។ សេដ្ឋីក៏ចែកបាយាសមួយវែកៗដល់ទេវបុត្រទាំងនោះ ។ លុះឲ្យរួចហើយ ក៏កាន់យកឆ្នាំងបាយាសមកអង្គុយបរិភោគ ។ តស្មី ខណេ ក្នុងខណនោះគួរអស្ចារ្យណាស់ បញ្ចសិខទេវបុត្រក៏និម្មិតខ្លួនជាឆ្កែ ហើយនោមច្រាសមុខសេដ្ឋីនឹងទេវបុត្រទាំង៤នោះទើបរត់ទៅ ។ទេវបុត្រព្រាហ្មណ៍ទាំងឡាយ យកដៃខ្ទប់បាយាសរបស់ខ្លួន ។ ឯសេដ្ឋីក៏ធ្វើតាម ។ ទុកជាសេដ្ឋីបិទក៏មិនជិត ទឹកនោមឆ្កែនៅតែធ្លាក់មក ត្រូវខ្នងដៃគាត់ដដែល ។ សេដ្ឋីចង់លាងដៃក៏ពោលប្រាប់ថា អ្នកទាំងឡាយមើលឆ្នាំងបាយខ្ញុំផងទើបគាត់ចុះទៅកាន់ស្ទឹង ។លំដាប់នោះឆ្កែក៏មកនោមដាក់ឆ្នាំងបាយទៀត។ សេដ្ឋីក្តៅណាស់ កាន់ដំបងយ៉ាងធំស្ទុះដេញតាមឆ្កែនោះ ។ ឆ្កែក្លាយខ្លួនធំប៉ុនសេះអាជានេយ្យភ្លាម ទើបស្ទុះមករកខាំសេដ្ឋីវិញ ។ សេដ្ឋីភ័យខ្លាចស្លាប់ក៏រត់មកឲ្យព្រាហ្មណ៍ជួយ តែឥតអំពើសោះ ព្រាហ្មណ៍គេហោះទៅថិតនៅលើអាកាសឯណោះ ទើបសេដ្ឋីសួរថា អ្នកទាំងឡាយជាអ្វី? លំដាប់នោះឥន្ទព្រាហ្មណ៍ឆ្លើយថា ព្រាហ្មណ៍នេះជាចន្ទទេវបុត្រ នេះជាសុរិយទេវបុត្រ យើងមកនេះមិនមែនប្រាថ្នាសុំបាយាសអ្នកស៊ីទេ តែអ្នកត្រូវជាញាតិនឹងយើងឥឡូវនេះអ្នកជាមនុស្សកំណាញ់ ឯអ្នកកំណាញ់ទាំងឡាយតែងតែកើតក្នុងនរកអ្នកមិនកំណាញ់គេកើតឯឋានសួគ៌ឯណោះ ដែរមកនេះ ក៏ព្រោះតែមានសេចក្តីអនុគ្រោះចំពោះអ្នកទេតើ! ។ សេដ្ឋីអរណាស់គិតថា ឱហ្ន! ទេវបុត្រទាំងនេះគេប្រាថ្នាប្រយោជន៍ដល់អញ មកស្តារអញចេញពីនរក យកទៅដាក់នៅឋានសួគ៌ ហើយទទួលពរក្នុងសំណាក់ព្រះឥន្ទថា ចាប់ពីពេលនេះទៅវត្ថុពាក់កណ្តាលៗពីពំនូតបាយដែលខ្ញុំមិនឲ្យគ្មានទេ សូម្បីទឹកមួយកំបង់បើខ្ញុំបានហើយមិនឲ្យអ្នកដទៃ ក៏ខ្ញុំមិនផឹកដែរ ។ សក្កទេវរាជ បានទូន្មានកោសិយ ឲ្យមានសេចក្តីជ្រះថ្លាចំពោះទានផ្សេងៗ ហើយឲ្យនិច្ចសីលស្រេច ទើបហោះទៅកាន់ទេវលោក ជាមួយទេវបុត្រទាំងនោះវិញ ។ ថ្លែងពីកោសិយសេដ្ឋីពេលត្រឡប់ទៅផ្ទះវិញ បានទទួលសុំព្រះរាជានុញ្ញាត ចែកចាយទានដល់អ្នកស្មូមយាចកហើយ បានធ្វើសាលាមួយជាចន្លោះនៃស្ទឹងគង្គានឹងជាតស្រះក្នុងហេមពាន្តប្រទេស ចេញទៅបួសនៅសំណាក់ក្នុងសាលានោះអស់កាលដ៏យូ លុះស្លាប់ទៅ ក៏បានកើតជាឧបបាតិកទេវបុត្រ ។ ដំណឹងក៏លេចឮដល់សក្កទេវរាជ ទើបព្រះអង្គត្រាស់បង្គាប់ឲ្យ មាតលិយកវេជយន្តរថទៅទទួលឲ្យមកកាន់សំណាក់ព្រះអង្គ ហើយទ្រង់មានព្រះទ័យសោមនស្សណាស់បានព្រះរាជទានធីតាមួយអង្គព្រះនាមនាង ហិរិទេវីដល់ឧបបាតិកទេវបុត្រនោះ ។ គ្រឿងឥស្សរិយយសមានប្រមាណមិនបានក៏កើតឡើងដល់ឧបបាតិកទេវបុត្រនោះឯង ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |