Reading Article
Public date : 13, Mar 2023 (5,226 Read)
បទុមជាតក

|
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុទាំងឡាយដែលបូជាដោយកម្រងផ្កាដល់អានន្ទពោធិ៍ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា យថា កេសា ច
មស្សូ ច ដូច្នេះជាដើម ។ រឿងរ៉ាវរបស់ជាតកនេះ នឹងមានក្នុងកាលិង្គពោធិជាតក ។ ពោធិព្រឹក្សនោះ បានឈ្មោះថា អានន្ទពោធិ៍ ព្រោះជាដើមពោធិ៍ដែលព្រះអានន្ទដាំ ។ ពិតមែនហើយ សេចក្ដីដែលព្រះថេរៈដាំដើមពោធិ៍ ត្រង់ខ្លោងទ្វារវត្តជេតពន បានផ្សព្វផ្សាយទៅទូទាំងសកលជម្ពូទ្វីប ។ គ្រានោះ ភិក្ខុទាំងឡាយដែលរស់នៅជនបទ គិតថា ពួកយើងធ្វើការបូជាកម្រងផ្កាដល់ អានន្ទពោធិ៍ ដូច្នេះហើយ នាំគ្នាមកកាន់វត្តជេតពន ថ្វាយបង្គំព្រះសាស្ដា ក្នុងថ្ងៃស្អែក បានចូលទៅកាន់ក្រុងសាវត្ថី ទៅកាន់ផ្លូវដែលមាន (គេលក់) ផ្កាឧប្បល មិនបានផ្កា ទើបប្រាប់ព្រះអានន្ទត្ថេរថា ម្នាលអាវុសោ ពួកខ្ញុំគិតថា នឹងធ្វើការបូជាកម្រងផ្កាដល់ដើមពោធិ៍ ទើបទៅកាន់ផ្លូវដែលមានផ្កាឧប្បល តែពួកខ្ញុំមិនបានផ្កាសូម្បីមួយកម្រងឡើយ ។ ព្រះថេរៈពោលថា ម្នាលអ្នកមានអាយុទាំងឡាយ ខ្ញុំនឹងនាំមក ដូច្នេះហើយ ទើបទៅកាន់ឧប្បលវិថី ហើយឲ្យលើកឡើងនូវបាច់ផ្កាឧប្បលខៀវដ៏ច្រើន មកហើយ បានឲ្យដល់ភិក្ខុទាំងនោះ ។ ភិក្ខុទាំងនោះ កាន់យកផ្កាឧប្បលខៀវទាំងនោះហើយ នាំគ្នាធ្វើការបូជាដល់ដើមពោធិ៍ ។ ភិក្ខុទាំងឡាយស្ដាប់រឿងនោះហើយ បានមកប្រជុំគ្នាក្នុងធម្មសភា ញ៉ាំងគុណកថារបស់ព្រះថេរៈឲ្យកើតឡើងថា ម្នាលអាវុសោ ភិក្ខុជនបទទាំងឡាយជាអ្នកមិនមានបុណ្យ ទៅកាន់ឧប្បលវិថី មិនបាននូវកម្រងផ្កា ចំណែកព្រះថេរៈគ្រាន់តែទៅប៉ុណ្ណោះ បានឲ្យគេនាំមក ។ ព្រះសាស្ដាយាងមកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នាដោយកថាអ្វី ? ភិក្ខុទាំងឡាយទូលថា ដោយកថាឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុងកាលឥឡូវនេះទេ ដែលអ្នកឈ្លាសក្នុងការពោល ឈ្លាសក្នុងកថា ហើយបានកម្រងផ្កានោះ សូម្បីក្នុងកាលមុន មានអ្នកឈ្លាសហើយបានកម្រងផ្កាដូចគ្នា ទើបទ្រង់នាំអតីតនិទានមកសម្ដែងថា ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបានជាសេដ្ឋីបុត្រ ។ មានផ្កាបទុមទាំងឡាយរីកស្រស់ ក្នុងស្រះមួយដែលនៅខាងក្នុងនគរនេះ ។ បុរសដែលដាច់ច្រមុះម្នាក់រក្សាស្រះនោះ ។ លំដាប់នោះ ថ្ងៃមួយ កាលគេវាយស្គរប្រកាសការសម្ដែងមហោស្រពក្នុងនគរពារាណសី សេដ្ឋីបុត្រ ៣ នាក់ ប្រាថ្នានឹងប្រដាប់តាក់តែងនូវកម្រងផ្កា ដើម្បីលេងនូវមហោស្រព ទើបគិតថា យើងនឹងពណ៌នាគុណដែលមិនមានពិតរបស់បុរសដាច់ច្រមុះ ហើយនឹងសូមនូវកម្រងផ្កា ដូច្នេះហើយ ក្នុងវេលាដែលបុរសដាច់ច្រមុះកាច់ផ្កាបទុម បានទៅជិតស្រះ ហើយឈរនៅនឹងកន្លែងមួយ ។ បណ្ដាសេដ្ឋីបុត្រទាំង ៣ នោះ សេដ្ឋីបុត្រម្នាក់ កាលនឹងហៅបុរសនោះ ទើបពោលគាថាទី ១ ថា យថា កេសា ច មស្សូ ច, ឆិន្នំ ឆិន្នំ វិរូហតិ; ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។ សក់ក្ដី ពុកមាត់ក្ដី ដែលគេកោរ កាត់ចោលហើយ រមែងដុះឡើងវិញ យ៉ាងណា សូមឲ្យច្រមុះ របស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។ បុរសក្រហតច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម ។ លំដាប់នោះ សេដ្ឋីបុត្រទី ២ ក៏ពោលគាថាទី ២ ថា យថា សារទិកំ ពីជំ, ខេត្តេ វុត្តំ វិរូហតិ; ឯវំ រុហតុ តេ នាសា, បទុមំ ទេហិ យាចិតោ។ ពូជក្នុងសរទកាល (រដូវរងាហើយ) ដែលគេព្រោះក្នុងស្រែ រមែងលូតលាស់ យ៉ាងណាមិញ សូមឲ្យច្រមុះរបស់អ្នកដុះឡើងវិញ យ៉ាងនោះដែរ យើងសូមផ្កាឈូកហើយ អ្នកចូរឲ្យ ។ បណ្ដាបទទាំងនោះ បទថា សារទិកំ សេចក្ដីថា ពូជដែលបរិបូណ៌ដោយសាច់ ដែលបុគ្គលកាន់យកក្នុងសរទសម័យ ហើយរក្សាទុក ។ បុរសដាច់ច្រមុះនោះក្រោធខឹងហើយ ទើបមិនឲ្យផ្កាបទុម សូម្បីដល់សេដ្ឋីបុត្រនោះ ។ លំដាប់នោះ សេដ្ឋីបុត្រទី ៣ បានពោលគាថាទី ៣ ថា ឧភោបិ បលបន្តេតេ, អបិ បទ្មានិ ទស្សតិ; វជ្ជុំ វា តេ ន វា វជ្ជុំ, នត្ថិ នាសាយ រូហនា; ទេហិ សម្ម បទុមានិ, អហំ យាចាមិ យាចិតោ។ ជនទាំងពីរនាក់នេះ និយាយកុហក ដោយគិតថា ធ្វើដូចម្ដេចហ្ន៎ (បុរសនេះ) នឹងឲ្យផ្កាឈូកទាំងឡាយខ្លះ ទោះជនទាំងពីរនាក់នោះ ពោលក្ដី មិនពោលក្ដី ការដុះឡើងនៃច្រមុះគ្មានទេ ម្នាលសម្លាញ់ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ យើងសូមហើយ សូមអ្នកឲ្យផ្កាឈូកទាំងឡាយ ។ បណ្ដាបទទាំងនោះ បទថា ឧភោបិ បលបន្តេតេ សេចក្ដីថា សូម្បីបុរសទាំង ២ នេះ ពោលមុសា ។ បទថា អបិ បទ្មានិ សេចក្ដីថា បុរសទាំង ២ នោះគិតថា បុរសដាច់ច្រមុះនឹងឲ្យផ្កាបទុមដល់យើង ទើបពោលយ៉ាងនោះ ។ បទថា វជ្ជុំ វា តេ ន វា វជ្ជុំ សេចក្ដីថា បុរសទាំងនោះ នឹងគប្បីពោល ឬមិនពោលយ៉ាងនេះថា ច្រមុះរបស់អ្នកនឹងដុះឡើង ឈ្មោះថា ពាក្យរបស់បុរសទាំងនោះ មិនជាប្រមាណ ច្រមុះមិនមានការដុះ សូម្បីដោយប្រការទាំងពួង ចំណែកយើងនឹងមិនពោលដោយអាស្រ័យច្រមុះរបស់អ្នក យើងនឹងសូមតែម្យ៉ាង ម្នាលសម្លាញ់ អ្នកដែលយើងសូមហើយ ចូរឲ្យផ្កាបទុមដល់យើង ។ បុរសដែលរក្សាស្រះបទុមនោះស្ដាប់ពាក្យនោះហើយ ទើបពោលថា សេដ្ឋីបុត្រទាំង ២ នេះ ពោលមុសាវាទ ចំណែកលោកពោលតាមសភាពពិត ផ្កាបទុមទាំងឡាយនេះសមគួរដល់លោក ដូច្នេះហើយកាន់យកបាច់ផ្កាបទុមដ៏ធំឲ្យដល់សេដ្ឋីបុត្រទី ៣ នោះ រួចទើបទៅកាន់ស្រះបទុមរបស់ខ្លួនវិញ ។ ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាតកថា តទា បទុមលាភី សេដ្ឋិបុត្តោ អហមេវ អហោសិំ សេដ្ឋីបុត្រដែលបានផ្កាបទុមក្នុងកាលនោះ បានមកជា តថាគត នេះឯង ។ |