Reading Article
Public date : 25, Jul 2021 (29,416 Read)
ម៉ែប្រឹងចិញ្ចឹមកូនទាំងទឹកភ្នែក

|
ម៉ែប្រឹងចិញ្ចឹមកូនទាំងទឹកភ្នែក
ម៉ែស៊ូគ្រប់បែបយ៉ាង និងឆ្លងកាត់ឧបសគ្គរាប់រយជំពូក ក្នុងការចិញ្ចឹមកូន ម៉ែប្រឹងប្រែងណាស់ព្រោះម៉ែខ្លាចកូនអត់ឃ្លាន ទោះការងារធ្ងន់ស្រាល់យ៉ាងណាក៏ដោយ ក៏ម៉ែធ្វើទាំងអស់ឥតរាថយឡើយ ព្រោះម៉ែនឹកឃើញថា បើម៉ែមិនធ្វើ មិនរក ម៉ែគ្មានអ្វីយកមកចិញ្ចឹមកូនទេ ដូច្នេះការងារអ្វីក៏ដោយ ឲ្យតែបានកម្រៃ ដើម្បីបានចិញ្ចឹមកូន ការងារនោះម៉ែធ្វើទាំងអស់ ព្រោះម៉ែនឹកស្រណោះអាណិតកូន ម៉ែលួចពួនយំតែម្នាក់ឯង ពេលណាដែលម៉ែរកលុយមិនបាន ដើម្បីទិញបាយឲ្យកូនបរិភោគ។ ជំហានដំបូងនៃការគិតរបស់ម៉ែ គឺម៉ែគិតដល់កូនមុនគិតអ្វីទាំងអស់ ព្រោះកូនសំខាន់ណាស់នៅក្នុងជីវិតម៉ែ ការលះបង់ពេលវេលា លះបង់កម្លាំងកាយចិត្ត បង្ហូរញើសឈាម បង្ហូរទឹកភ្នែក និងការប្រឹងប្រែងសព្វគ្រប់បែបយ៉ាងរបស់ម៉ែរាល់ថ្ងៃនេះ គឺដើម្បីកូនតែប៉ុណ្ណោះ មិនមែនម៉ែធ្វើដើម្បីជីវិតម៉ែម្នាក់នោះទេ គឺម៉ែធ្វើដើម្បីជីវិតកូនប្រុសស្រីគ្រប់គ្នា។ ពេលខ្លះម៉ែធ្វើការងារបណ្ដើរ បីកូនតាមបណ្ដើរដៃម្ខាងធ្វើការងារស៊ីឈ្នួលគេ ដៃម្ខាងទៀតឱបកូន ម៉ែមិនហ៊ានទុកកូនឲ្យនៅតែម្នាក់ឯងទេ ខ្លាចកូនមានគ្រោះថ្នាក់ និងខ្លាចកូនស្រែកយំរកម៉ែ ពេលដែលម៉ែមិននៅជិតកូន ម៉ែលំបាកណាស់កូនអើយ តែទោះបីជាម៉ែលំបាកយ៉ាងណាក៏ដោយ ក៏ម៉ែមិនដែលថ្ងូរមួយម៉ាត់ ថាម៉ែពិបាកឡើយម៉ែនៅតែធ្វើការងារដើម្បីចិញ្ចឹមកូនជានិច្ច។ ទោះបីជាម៉ែក្រីក្រខ្វះសព្វគ្រប់ក៏ដោយ តែម៉ែមិនដែលបោះបង់កូនចោលឡើយ ម៉ែខំប្រឹងចិញ្ចឹមកូនឲ្យរស់ដោយដៃរបស់ម៉ែ រហូតកូនធំដឹងក្ដីគ្រប់គ្នា ទោះក្ដៅរងាភ្លៀងផ្គរយ៉ាងណា ម៉ែនៅតែធ្វើការគ្មានថ្ងៃសម្រាកឡើយ។ ម៉ែទទួលនូវអង្រែកជីវិតធ្ងន់ណាស់ ស្ទើរតែទ្រាំទ្រទៅមុខទៀតលែងបាន ព្រោះវាធ្ងន់ណាស់សម្រាប់ម៉ែ តែម៉ែនៅតែតស៊ូទទួលនូវអង្រែកដ៏ធ្ងន់នេះ ដើម្បីស្វែងរកអនាគតដ៏ល្អសម្រាប់កូន។ ពេលខ្លះម៉ែធ្លាក់ខ្លួនឈឺ តែម៉ែមិនទម្រន់ខ្លួនឡើយ ម៉ែនៅតែទៅធ្វើការស៊ីឈ្នួលគេ ទាំងឈឺក៏មាន ម៉ែទទូរក្រមានៅហាលក្ដៅ ញើសរបស់ម៉ែហូរជោគខ្លួនប្រាណ ម៉ែយកដៃជូតញើសដែលហូរមក ទាំងទុរន់ទុរា ម៉ែស្ទើរតែតស៊ូធ្វើទៅទៀតមិនបាន ព្រោះម៉ែគ្មានកម្លាំងកម្ហែងនឹងធ្វើការងារបន្តទៀតទេ តែពេលដែលម៉ែនឹកឃើញដល់កូនទាំងឡាយ ដែលនៅតូចៗពឹងលើម៉ែទាំងស្រុង ម៉ែក៏ខំប្រឹងធ្វើការងារទាំងឈឺ ធ្វើការងារទាំងទឹកភ្នែកស្រក់ហូរជោកលើភ័ក្ត្ររបស់ម៉ែ ក្នុងចិត្តរបស់ម៉ែគិតទៅតែកូនគ្រប់ពេលវេលាទាំងអស់។ កូននឹកឃើញពេលមួយនោះ គឺពេលដែលអត់ខ្លាំងគ្មានអង្ករច្រកឆ្នាំង ម៉ែនឹងអង្គុយមើលមុខគ្នាទាំងហេវហត់អស់កម្លាំង ម៉ែស្រក់ទឹកភ្នែកច្រោកខ្ទប់មុខយំខ្លាំងៗព្រោះម៉ែខ្លោចចិត្តអាណិតកូនយ៉ាងក្រៃលែង ដែលម៉ែគ្មានអ្វីឲ្យកូនបរិភោគ ពេលខ្លះម៉ែរកបានបន្តិចបន្តួច ម៉ែស៊ូអត់ខ្លួនឯង ឲ្យតែកូនបានញ៉ាំគ្រប់គ្រាន់ ម៉ែអើយ!... ម៉ែពិតជាល្អចំពោះកូនណាស់ ម៉ែជាព្រះដែលថ្នាក់ថ្នមកូន គ្រប់ពេលដែលកូនត្រូវការម៉ែ ម៉ែហ៊ានពលីកម្មចំពោះកូនគ្រប់យ៉ាង ឥតស្ដាយស្រណោះឡើយ នេះហើយគឺជាការលះបង់របស់ម៉ែចំពោះកូន !...។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |