Reading Article
Public date : 29, Jul 2019 (10,312 Read)
ទន់ភ្លន់

|
បាយដែលបរិភោគទទួលទៀន បើរឹងស្រួយពេកទៅក៏គេលំបាកទំពា ពិបាកលេប ឯសំពត់អាវស្លៀកពាក់វិញ បើសាច់គ្រោតគ្រាតខ្លាំង ក៏មិនមានអ្នកណានិយមស្លៀកពាក់ដែរ។ បាយដែលគេនិយមបរិភោគ គឺបាយទន់មានជ័រ ល្មមល្មៃ មិនជ្រាយពេក មិនស្រួយពេក នឹងមិនឆៅ ឯសំពត់អាវគឺគេត្រូវការសំពត់សាច់ម៉ដ្ឋ សាច់ទន់ល្អល្អិតស្លៀកពាក់ទៅសប្បាយកាយ។
សេចក្ដីនោះយ៉ាងណាចំពោះមនុស្សយើងដែលមានកិរិយារឹងៗគ្រោតគ្រាត មិនចេះទន់ភ្លន់ មានពាក្យសម្ដីមិនសុភាពរាបសា រមែងមិនមានបុគ្គលណានិយមចូលចិត្តរាប់រកឡើយ ព្រោះរឿងគ្រោតគ្រាត ច្រងេងច្រងាង មិនទន់ភ្លន់ មិនរាប់សា រមែងមិនជាការពេញចិត្តរបស់មនុស្សដោយទូទៅ។ កិរិយាទន់ភ្លន់ វាចាសុភាពជាស្នេហ៍ដ៏ប្រសើរធ្វើឲ្យមនុស្សនិយមចូលចិត្តស្និតស្នាល ដូចបាយល្អមានរសជាតិគួរដល់ការទទួលទាន និងដូចសំពត់សាច់ម៉ដ្ឋ ទន់ល្មៃដែលជាទីពេញនិយមនៃមនុស្សទាំងឡាយដូច្នោះឯង។ ដោយហេតុនេះ មនុស្សដែលមានកិរិយាមារយាទល្អ និងមានពាក្យសម្ដីទន់ភ្លន់ រាបសា ដូចផ្កាក្រអូប ឬផ្អែមល្ហែមដូចទឹកឃ្មុំ ទើបមានប្រៀបលើមនុស្សដែលរឹងគ្រោតគ្រាត ខាងផ្នែកចរិយាមារយាទ និងពាក្យសម្ដី។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |