Reading Article
Public date : 21, Aug 2019 (19,795 Read)
កូនអើយអាសូរទឹកភ្នែកម៉ែផង

|
កូនអើយអាសូរទឹកភ្នែកម៉ែផង
តាំងពីដើមមក កូនតែងធ្វើឲ្យម៉ែលំបាកទាំងផ្លូវកាយ លំបាកទាំងផ្លូវចិត្ត ហើយកូនក៏មិនដែលចាប់អារម្មណ៍នឹកឃើញដល់ សេចក្ដីលំបាករបស់ម៉ែឡើយ កូនធ្វើហីៗ ព្រងើយកន្តើយនឹងម៉ែ ម៉ែបានសុខសប្បាយឬម៉ែមានទុក្ខលំបាកយ៉ាកយ៉ាប់យ៉ាងណាក៏ដោយ ក៏កូនទាំងឡាយមិនសូវខ្វល់ពីម៉ែឡើយ ម៉ែមិនមែនធ្វើគុណទៅហើយ ចង់បានសំណងពីកូនវិញនោះទេ តែម៉ែក៏ចង់ឲ្យកូនចេះនឹកគិតដល់ម៉ែខ្លះផង ចង់ឲ្យមានរូបម៉ែនៅក្នុងចិត្តរបស់កូនផង និងចង់ឲ្យកូនមើលឃើញសេចក្ដីល្អរបស់ម៉ែដែលម៉ែខំលះបង់ចំពោះកូនខ្លះផង ជាពិសេសគឺម៉ែចង់ឲ្យកូនអាសូរដល់ទឹកនេត្រារបស់ម៉ែ ដែលស្រក់ហូរមកផងព្រោះម៉ែចាស់ណាស់ហើយ កូនអើយម៉ែឈឺចាប់ណាស់ពេលដែលម៉ែឃើញកូនធ្វើព្រងើយដាក់ម៉ែ ហាក់បីដូចជាអ្នកដទៃដូច្នេះ ម៉ែអត់ម៉ែឃ្លាន ម៉ែហេវហត់អស់កម្លាំងក៏កូនមិនគិត កូនគិតតែការងាររបស់កូន រហូតដល់ភ្លេចម៉ែដែលចាស់ជរាដេកគ្រាំគ្រានៅឯផ្ទះ រងចាំមើលផ្លូវកូនប្រុសស្រីមកថែរក្សា យកអាហារមកឲ្យម៉ែបរិភោគតែគ្មានឃើញស្រមោលកូនណាម្នាក់ឡើយ ចាំបាត់ចាំបាត់ចាំស្ងាត់សូន្យឈឹង ចាំបុត្រព្រលឹងចាំមួយជីវិត ចាំកូនបាត់សូន្យចាំទាំងខ្លោចចិត្ត ចាំបុត្រស្នេហ៍ស្និទ្ធស្ទើរស្វិតបេះដូង។ ចាំអើយសែនចាំចាំកូនប្រុសស្រី ចាំរៀងរាល់ថ្ងៃចាំថ្លៃនួនល្អង ចាំមើលផ្លូវកូនស្ងួនមាសស្នេហ៍ស្នង ចាំរាប់លានដងក៏ម៉ែនៅចាំ....!!!។ ពេលខ្លះម៉ែឃើញកូនអ្នកដទៃ គេមានអាហារឆ្ងាញ់ៗ មកជូនម្ដាយគេបរិភោគ ម៉ែឃ្លានណាស់ ម៉ែសម្លឹងមើលអាហាររបស់គេដោយការស្រេកឃ្លានយ៉ាងក្រៃលែង ព្រោះម៉ែមិនបានបរិភោគអាហារបែបនោះឡើយ ម៉ែតែងប្រាថ្នាចង់ឲ្យកូនរបស់ម៉ែទិញអាហារបែបនោះ មកជូនម៉ែបរិភោគ តែម៉ែមិនហ៊ានហាមាត់ប្រាប់កូន ព្រោះម៉ែខ្លាចកូនមិនមានលុយទិញឲ្យម៉ែ ខ្លាចកូនលំបាក ម៉ែចាំឲ្យកូននឹកឃើញដោយខ្លួនឯង ដោយមិនចាំបាច់ម៉ែប្រាប់ ទោះបីម៉ែចាំរហូតដល់ម៉ែក្ស័យជីវិត ក៏កូនទាំងឡាយមិននឹកឃើញដល់ម៉ែដែរ កូនគេបរិភោគឆ្ងាញ់ៗតែខ្លួនឯង គ្មាននឹកគិតដល់ម៉ែទេ ហើយក៏គ្មានកូនណាទៅសួរម៉ែថា ម៉ែ តើម៉ែចង់ពិសាអ្វីទៅចាំកូនទិញជូនម៉ែពិសា មានតែទៅសួរថា ម៉ែ ម៉ែមានអ្វីហូបទេ ឲ្យខ្ញុំសូមហូបផង ព្រោះថ្ងៃនេះខ្ញុំអត់បាយតាំងពីព្រឹកម្ល៉េះ ម៉ែទោះបីជាខ្លួនឯងមិនទាន់ឆ្អែកគ្រប់គ្រាន់ក៏ដោយ ពេលដែលឮថាកូនអត់ម៉ែឲ្យកូនភ្លាម ដោយមិនគិតពីខ្លួនឯងឡើយ តែកូន ដែលមានចិត្តដូចជាម៉ែទេ? កូនមានគិតពីម៉ែដូចម៉ែគិតកូនដែរទេ? ម៉ែស៊ូអត់មាត់ឯង ឲ្យតែកូនបានរបស់ម៉ែបានបរិភោគឆ្អែត គឺម៉ែមិនគិតឡើយ ម៉ែបានអ្វីឆ្ងាញ់ ម៉ែមិនដែលហ៊ានបរិភោគម្នាក់ឯងទេ ម៉ែលាក់លៀមទុកឲ្យកូន ម៉ែខ្លាចកូនរបស់ម៉ែអត់ ខ្លាចកូនរបស់ម៉ែឃ្លាន តែកូនវិញបានអ្វីឆ្ងាញ់បរិភោគមិនសូវគិតដល់ម៉ែទេ កូនលាក់លៀមទុកបរិភោគតែខ្លួនឯង ទោះបីជាម៉ែអត់ម៉ែឃ្លានយ៉ាងណាក៏ដោយ ក៏កូនមិនគិត កូនគិតតែម្យ៉ាងគត់គឺគិតក្រពះខ្លួនឯង។ ហើយមានពេលខ្លះទៀតនោះ ម៉ែស្រក់ទឹកភ្នែកពេលដែលបាត់កូនមិនឃើញមកមើលម៉ែ ម៉ែឈឺរងាក៏តែម្នាក់ឯង ម៉ែអត់ម៉ែឃ្លានតែម្នាក់ឯង ហើយម៉ែស្រក់ទឹកភ្នែកក៏លួចសម្រក់តែម្នាក់ឯង ក្នុងចិត្តម៉ែគឺសែនឯកោណាស់តើកូនដឹងទេ ម្ដេចក៏កូនមិនអាសូរដល់ទឹកភ្នែកម៉ែខ្លះផង។ ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក ដោយ៥០០០ឆ្នាំ |