Reading Article
Public date : 16, Jun 2020 (20,664 Read)
ត្រួតត្រាមើលខ្លួនឯង

|
ត្រួតត្រាមើលខ្លួនឯង
ប្រក្រតីមនុស្សយើង ច្រើនតែសម្លឹងមើលអ្នកដទៃពិចារណាវែកញែកគ្នាពីអ្នកដទៃ និងច្រើនតែមើលឃើញកំហុសរបស់គេប៉ុណ្ណោះ។ សភាពបែបនេះ ព្រោះមកអំពីគុណភាពរបស់ចិត្តក្នុងពេលសម្លឹងមើល។ បើអ្នកសម្លឹងមានចិត្តលំអៀង ទៅក្នុងផ្លូវដែលមិនល្អស្រេចជាមុនហើយការសម្លឹង ក៏រមែងឆៀងទៅរកតែចំណុចខ្វះខាតរបស់គេប៉ុណ្ណោះ គឺ មើលរំលងសេចក្ដីល្អប្រសើររបស់គេទៅទាំងអស់។ ក្នុងការសម្លឹងមើលនេះ ប្រសិនបើមានចិត្តលំអៀងទៅក្នុងសេចក្ដីស្រលាញ់ ដោយមានការនិយមរាប់អានគ្នាឯងមកវិញនោះ ការសម្លឹងក៏រមែងឆៀងទៅរកតែចំណុចល្អរបស់គេ សូម្បីតែចំណុចល្អនោះមានតិចក៏ឃើញច្រើន ហើយលើកយកមករៀបរាប់ពណ៌នាវែងឆ្ងាយ ឯចំណុចខ្វះខាតវិញសូម្បីមើលឃើញហើយ ក៏រំលងចោលទៅ មិនយកចិត្តទុកដាក់ឡើយ។ ទោះជាការសម្លឹងមើលអ្នកដទៃ ដោយមិនលំអៀងយ៉ាងណាដ៏ដោយ ក៏មិនប្រសើរដូចជាការសម្លឹងមើលខ្លួនឯងដែរ។ ជាការពិត ដែលថាមានមនុស្សមិនតិចនាក់ មានការសប្បាយចិត្តក្នុងការចាំចាប់កំហុសអ្នកដទៃ ឬថាមានសេចក្ដីសុខក្នុងការប្រជុំគ្នា និយាយនិន្ទាពីអ្នកនេះ អ្នកនោះ ព្រមទាំងខាតពេលក្នុងការតាមដានរឿងរ៉ាវ ព្រមខូចពេលក្នុងការរង់ចាំមើលផសចាញឈ្នះរបស់គេ ព្រមឲ្យពេលវេលាសម្លាប់ជីវិតរបស់ខ្លួន ដោយគ្រាន់តែប្ដូរយកបាននូវការសប្បាយចិត្តបន្តិចបន្តួច ឬដោយគ្រាន់តែបានស្រណុកមាត់ក្នុងការនិយាយពីគេប៉ុណ្ណោះ។ អ្នកណាយ៉ាងម៉េច អ្នកណាធ្វើអ្វី នៅឯណា គឺដឹងសព្វដឹងគ្រប់ល្អិតល្អន់ហ្មត់ចត់ ថែមទាំងចេះវែងញែកទៀតផង ថាវាគួរតែយ៉ាងនេះ វាគួរតែយ៉ាងនោះ គឺតាំងខ្លួនជាអ្នកជំនាញក្នុងគ្រប់រឿង។ ក្នុងពេលដែលអង្គុយវែកញែកពីរឿងអ្នកដទៃនោះរឿងរបស់ខ្លួនឯងនិងរឿងក្នុងក្រុមគ្រួសាររបស់ខ្លួនក៏កំពុងតែនៅដោះស្រាយមិនចេញ នៅខ្វះខាតប្រាក់ ណាមួយកអត់ការធ្វើ ឯប្ដីប្រពន្ធខ្លួនឯងមិនសូវត្រូវគ្នា ។ល។ បញ្ហាទាំងអស់នេះត្រឡប់មិនគិត មិនពិចារណារកការដោះស្រាយ រវល់តែទៅគិតរឿងអ្នកដទៃ ដែលមិនមែនជារឿងរបស់ខ្លួនឯងសោះ។ ព្រោះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឲ្យសម្លឹងមើលរឿងរ៉ាវរបស់ខ្លួនឯងឲ្យច្រើន តើអ្វីដែលខ្លួនឯងបានធ្វើហើយ និងអ្វីដែលខ្លួនឯងមិនទាន់បានធ្វើ។ ម្យ៉ាងទៀតត្រូវពិនិត្យមើលទោសកំហុស ឬចំណុចខ្វះខាតរបស់ខ្លួន ទោះជាលំបាកក្នុងការសម្លឹងមើលយ៉ាងណាក៏ដោយព្រោះជាធម្មតា ចិត្តរបស់យើងមិនងាយព្រមទទួលនូវការភ្លាំងភ្លាត់ ថាជាកំហុសរបស់ខ្លួនឯងឡើយ។ ដើម្បីសេចក្ដីចម្រើននៃខ្លួនឯង យើងត្រូវតែព្យាយាមពិចារណា ពេលពិចារណាឃើញទោសកំហុសរបស់ខ្លួនហើយ ក៏ជាភ័ព្វសំណាង ព្រោះយើងនឹងបានកែតម្រូវឲ្យបានល្អវិញ។ អ្នកដែលសម្លឹងឃើញការខ្វះខាតរបស់ខ្លួនឯងបាន រាប់ថាជាមនុស្សប្រសើរ ហើយបើព្រមទទួលការភ្លាំងភ្លាត់ដែលជាកំហុសនោះ ថែមទាំងអាចកែលម្អដល់ខ្លួនឲ្យបាននូវសេចក្ដីសង្រួមតទៅទៀតបាន គឺចាត់ថាជាកំពូលមនុស្សរកបានដោយកម្រក្នុងលោក។ មានចោរពីរនាក់ដើរចូលទៅក្នុងវត្ត ចោរម្នាក់ភ្ញាក់ខ្លួនឃើញកំហុស ខំប្រឹងស្ដាប់ធម៌បានទៅជាមនុស្សល្អ ឯចោរម្នាក់ទៀតលួចទ្រព្យពីវត្តបានមក។ ចោរដែលនៅតែជាចោរនោះ បានបន្ទោសស្ដីដល់ម្នាក់ទៀតដែលឈប់ធ្វើចោរថាជាមនុស្សល្ងង់ខ្លៅ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា បុគ្គលណា ល្ងង់ហើយបានដឹងថាខ្លួនឯងល្ងង់ បុគ្គលនោះ អាចនឹងបានជាបណ្ឌិត ឯបុគ្គលណា ល្ងង់តែសម្គាល់ខ្លួនថាជាបណ្ឌិតបុគ្គលនោះ ពិតជាបុគ្គលល្ងង់ ព្រោះមិនព្រមរៀនដឹងពីអ្នកដទៃ ដោយគិតថាខ្លួនឯងឆ្លាតហើយ ដូច្នោះគេទើបជាបុគ្គលល្ងង់រហូតទៅ។ ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ ដោយ៥០០០ឆ្នាំ |