Reading Article
Public date : 22, May 2020 (24,440 Read)
អធិប្បាយពាក្យថាគុណ

|
អធិប្បាយពាក្យថាគុណ
ពាក្យថាគុណនេះ សំដៅយកសេចក្ដីល្អ សេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ប្រការ គឺជាគុណជាតិជាទីប្រាថ្នា នៃសព្វសត្វក្នុងលោក ព្រោះថាសេចក្ដីសុខក្សេមក្សាន្ត ដែលអាចសម្រេចទៅបាន លុះតែមនុស្សទាំងអស់គ្នា ជាអ្នករស់នៅប្រកបដោយគុណ ជាអ្នកមានគុណ បរិបូរណ៌ដោយគុណ ស្មើដូចគ្នាជាសមធម៌។ គុណធម៌ បានដល់សេចក្ដីល្អ ជាសភាវៈប្រាសចាកទុក្ខទោសភ័យពៀរវេរាទាំងពួង ដូចជាសុចរិតធម៌ ការប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត ដោយឥតមានការបៀតបៀនគ្នាដោយ កាយ វាចា ចិត្ត ប្រព្រឹត្តទៅជាសុខក្នុងសង្គមគ្រួសារ សង្គមជាតិ សង្គមលោក ឬក៏ដូចជាទាន ភាវនា ទាំងបីនេះ ជាគុណជាតិដែលមនុស្សគ្រប់រូប ត្រូវហាត់រៀនខំសន្សំធ្វើបដិបត្តិឲ្យបានជាឧបនិស្ស័យប្បច្ច័យ ជាប់ក្នុងសន្ដានចិត្តជាប្រចាំ ដូចជាការចេះជួយគ្នា ដោយកម្លាំងកាយ វាចាចិត្ត កម្លាំងទ្រព្យជួយដល់គ្នាក្នុងពេលដែលមានសេចក្ដីខ្វះខាត ក្រខ្សត់អត់ឃ្លាន ឬជួយបំពេញនូវតម្រូវការអ្វីមួយ ដែលកើតមានឡើង។ ការគោរពសិទ្ធិ ការឲ្យអភ័យ ការមិនបៀតបៀន ជីវិតសត្វដទៃ កុំថាឡើយដល់ទៅសម្លាប់ បំបាត់បង់ជីវិតគេនោះ សូម្បីតែបៀតបៀន ឲ្យដល់នូវសេចក្ដីទុក្ខសោកដោយប្រការណាៗ ក៏ទេដែរ។ ការវៀរចាកទ្រព្យសម្បត្តិ មិនប្រព្រឹត្តឆ្គាំឆ្គងជាមួយកូន ប្រពន្ធអ្នកដទៃ មិនភូតភរកុហកបោកប្រាស់ ដោយសម្ដីមិនពិតជាអ្នកមានស្មារតី យប់ថ្ងៃមិនប្រមាទ ដោយអំណាចនៃទឹកស្រវឹង។ ការចម្រើនភាវនាឲ្យកើតបញ្ញា យល់ច្បាស់នូវហេតុការណ៌ពិត ឃើញច្បាស់ពីជីវិត សព្វសត្វរមែងឋិតក្នុងរង្វង់នៃសេចក្ដីទុកសោកស្មើដូចគ្នា។ ចម្រើនមេត្តាចិត្តគិតអាណិតករុណា ប្រណីដល់សព្វសត្វលោក រួមរស់នៅក្នុងភាពមេត្រី ស្រឡាញ់ ប្រកបដោយចិន្តាថ្លាបរិសុទ្ធ អាចរួមរស់នៅក្នុងសង្គមគ្រួសារ សង្គមជាតិ សង្គមលោក ដោយសមធម៌ មិនប្រកាន់រើសអើង តម្កើងខ្លួន មិនមើលងាយដល់អ្នកដទៃ។ ពាក្យថាគុណធម៌ គឺសេចក្ដីល្អនេះ មានច្រើនប្រការណាស់ តាមព្រះពុទ្ធសម្រាស់នៃព្រះបរមសាស្ដាសម្មាសម្ពុទ្ធជាម្ចាស់ គឺជាសភាវធម៌ ជានាមធម៌សុទ្ធសាធ តែជាគុណជាតិមានតម្លៃក្រៃពេកណាស់ ដែលមនុស្សគ្រប់រូប ត្រូវព្យាយាមខំសន្សំ ឲ្យកើតមានក្នុងសន្ធសន្តាន ដើម្បីឲ្យបានជាមនុស្ស នាមពីរោះ ឈ្មោះថាជាអ្នកមានគុណ មានសេចក្ដីល្អ មានតម្លៃដោយពិត។ សមដូចពាក្យថា វត្ថុ សម្ភារៈដែលឈ្មោះថាល្អ សំដៅយកត្រង់គុណភាព របស់ឬវត្ថុណាដែលមានគុណភាពល្អ វត្ថុឬរបស់នោះ រមែងជាទីពេញនិយមនៃអ្នកផងទាំងពួង និងជារបស់ដែលមានតម្លៃខ្ពស់ ផ្ទុយអំពីវត្ថុដែលខ្វះគុណភាព ទោះបីជាល្អដោយពណ៌ សណ្ឋានរាងរៅយ៉ាងណា ក៏គ្រាន់តែបានបង្ហាញ បង្អួតសម្រស់ខាងក្រៅ មួយពេល មួយខណៈប៉ុណ្ណោះ ពុំអាចប្រើប្រាស់ ឬរក្សាសម្រាប់ពណ៌នោះឲ្យឋិតថេរចិរកាលបានយូរនោះទេ។ ចំណែកឯមនុស្ស ក៏មិនខុសគ្នាដែរ ដែលអាចកំណត់កត់សម្គាល់បានថាជាមនុស្សល្អជាមនុស្សគួរគោរពកោតក្រែងជាមនុស្សប្រកបដោយកិត្តិយសខ្ពស់ខ្ពស់ប្រសើរ គឺសំដៅយកមនុស្សដែលមានគុណធម៌ ទើបធ្វើឲ្យមានការគោរពកោតក្រែង លើកកម្ពស់ឲ្យតម្លៃ ទាំងក្នុងទីជិតទីឆ្ងាយ ទាំងនៅចំពោះមុខ និងកំបាំងមុខបានដោយពិត។ ដកស្រង់ចេញពីសៀវភៅ គុណមាតាបិតា រៀបរៀងដោយ ឧបាសក ម៉ិញ សាវ៉ាន ដោយ៥០០០ឆ្នាំ |