Reading Article
Public date : 28, Jul 2019 (12,826 Read)
មនុស្សស្លឹកឈើជ្រុះ និងមនុស្សផ្កាយ

|
មនុស្សខ្លះប្រៀបដីដូចជាស្លឹកឈើជ្រុះ ស្រេចតែខ្យល់បក់ទៅខាងណា ក៏ទៅខាងនោះ មិនមានទិសដៅនៃជីវិតពិតប្រាកដឡើយ មនុស្សដែលមានសភាពបែបនេះ គឺមានច្រើននៅក្នុងលោក។
មនុស្សខ្លះ ប្រៀបបីដូចជាផ្កាយ ដែលដើរទៅតាមផ្លូវរបស់ខ្លួន មានឧត្ដមគតិនិងដំណើរជីវិតពិតប្រាកដមនុស្សដូចនេះមានតិចនៅក្នុងលោក ប៉ុន្តែច្រើនតែបានជួបប្រសព្វនូវសេចក្ដីសម្រេចដ៏ធំធេង និងជាទីគោរពរាប់អាចលើកតម្កើងនៃពពួកជនក្នុងលោក។ បើយើងមិនអាចកំណត់ដំណើរនៃជីវិតរបស់យើងបានទេ សង្គមហ្នឹងឯងរមែងកំណត់ឲ្យយើងដើរតាម មានជីវិតបណ្ដោយទៅតាមខ្យល់ គឺលោកធម៌ ដែលប្រាសចាកទិសដៅ ព្រោះថាសង្គមមានការច្របូកច្របល់លាយឡំគ្រប់បែបយ៉ាង ច្រើនទៅដោយការប្រជែង ល្មោភលោភលន់ និងព្យាបាទបៀតបៀន។ មនុស្សដែលអាចបង្គាប់ខ្លួនឯង ឲ្យឋិននៅក្នុងផ្លូវដែលឆ្ពោះទៅរកទិសដៅនៃសេចក្ដីសម្រេចបាន គឺមនុស្សដែលចេះគិត មានសតិបញ្ញា មានការព្យាយាម អត់អន់ប្រព្រឹត្តទៅតាមគន្លងផ្លូវនៃសប្បុរសទាំងឡាយ។ មនុស្សផ្កាយ គឺជាមនុស្សដែលធ្វើឲ្យខ្លួនឯង និងសង្គមមានសេចក្ដីសុខស្ងប់ មានលក្ខណៈផ្ទុយទាំងស្រុងពីមនុស្សស្លឹកឈើជ្រុះ។
ឥឡូវនេះ អ្នកជាមនុស្សបែបណាដែរ? ធ្វើអ្វីទៅតាមតែតណ្ហា នឹងជួបសោកាមហាខ្វាយខ្វល់ ធ្វើអ្វីទៅតាមបញ្ញាយល់ នឹងបានអស់ខ្វល់សល់តែសុខ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |