Reading Article
Public date : 28, Jul 2019 (13,128 Read)
មិត្តមាននូវឧបការៈ

|
មិត្តមាននូវឧបការៈ
មិត្តល្អជំពូកទី ១ ជាមិត្តមាននូវឧបការៈមានលក្ខណៈ ៤យ៉ាងគឺៈ ១- បមត្តំ រក្ខតិ រក្សាមិត្តដែលធ្វេសប្រហែស មនុស្សយើងមានការប្រមាទ ពោលគឺការបាត់បង់នូវសតិជារឿយៗ រហូតដល់ទៅមានពេលខ្លះហ៊ានបរិភោគនូវទឹកស្រវឹង បន្ថែមអោយខ្លួនឯងដែលមានសតិទន់ខ្សោយស្រាប់ទៅហើយនោះ ឲ្យរឹងរឹតតែវិបត្តិស្មារតី លែងដឹងខុសត្រូវអ្វីទាំងអស់ទៀតផង ក្នុងការប្រមាទបែបនេះ មិត្តមាននូវឧបការៈ រមែងជួយរក្សាការពារ ព្រោះថាបុគ្គលអ្នកប្រមាទមិនអាចរក្សាខ្លួនឯងបានឡើយ ដូច្នេះទើបយើងត្រូវមាននូវមិត្តល្អ មិត្តមានឧបការៈ។ លោកសេដ្ឋីពិតជាមាននូវអ្វី ដែលអ្នកក្រខ្សត់មិនបានប្រាកដណាស់ ប៉ុន្តែសេដ្ឋីមិនអាចមាននូវអ្វី ដែលមនុស្សទ័លក្រមាន ក៏ពិតប្រាកដផងដែរ ដូច្នេះការចងមិត្ត មិនចំពោះទៅសំដៅរកតែអ្នកមានទ្រព្យច្រើននោះទេ រឿងសំខាន់នៅលើគុណធម៌។ គុណធម៌ឬចិត្តសប្បុរស មិនមែនជារបស់ដាក់លក់ សម្រាប់ឲ្យអ្នកមានប្រាក់ទិញយកនោះឡើយ ព្រោះថាចិត្តសប្បុរសមានតម្លៃជាងមាសប្រាក់ទាំងអស់ ទាល់តេបុគ្គលអប់រំនូវគុណធម៌ឲ្យច្រើនៗទើបអាចមានទៅបាន នូវចិត្តសប្បុរសនេះ។ ២- បមត្តស្ស សាបតេយ្យំ រក្ខតិ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស មិត្តមាននូវឧបការៈ បានគិតថា សម្លាញ់របស់យើងបានចេញទៅក្រៅផ្ទះ មានការធ្វេសប្រហែសចោលផ្ទះសម្បែង ទ្រព្យសម្បត្តិទីកន្លែង ម្លោះហើយរបស់នោះៗវាអាចបាត់បង់ទៅដោយប្រការផ្សេងៗបាន លុះគិតដូច្នេះហើយ ក៏ទៅកាន់ផ្ទះសម្បែង ដើម្បីគយគន់ឬឃ្លាំចាំមើលថែរក្សានូវផ្ទះសម្បែង ឬ ទ្រព្យសម្បត្តិទាំងឡាយទាំងពួងនោះ។ ការថែរក្សាទ្រព្យសម្បត្តិ វាជាការងារមួយចាំបាច់ ទោះជាត្រូវចំណាយទុនខ្លះក៏ដោយ ព្រោះការគង់វង់នៃទ្រព្យសម្បត្តិគឺជាកាំជណ្ដើរសម្រាប់ឈានឡើងទៅរកអ្វីមួយ ដែលខ្លួនឯងចង់បាន ប៉ុន្តែវាក៏ជាមាត់ជ្រោះដ៏រអិលផងដែរ។ ព្រោះតែប្រហែសជាមួយប្រាក់ មនុស្សខ្លះត្រូវជំពាក់បំណុលគេសងមិនរួច រហូតដល់ស្លាប់ទៅ ទុកបំណុលឲ្យកូនចៅខ្មោចម៉ែឪក្លាយជាសត្រូវរបស់កូនទៀតផង ក្រពះតូចតែមួយសោះ ដូចម្ដេចក៏ត្រូវជំពាក់បំណុលគេច្រើនម្លេះ នេះជារឿងគួរពិចារណា។ មនុស្សខ្លះរកតែកូនមួយគ្មាន ប៉ុន្តែល្មោភលោភលន់គ្មានព្រំដែន មិនចេះធ្វើទាន ហាក់ដូចជាទុកចាយទៅជាតិក្រោយទៀតអ៊ីចឹងឯង។ ជីវិតនេះកើតមក មិនមែនដើម្បីបានលុយ ឬដើម្បីបានអ្វីដទៃទៀតនោះទេ តាមពិតជីវិតកើតមកចៀសមិនផុតពីស្លាប់ឡើយ ប្រៀបដូចជាស្លឹកឈើ ប៉ុន្តែប្រយោជន៍ខ្លឹមសារនៃការបរិភោគអាហារ បន្តការរស់មួយថ្ងៃៗនោះ គឺព្រោះដើម្បីស្វែងរកការមិនស្លាប់ពិតប្រាកដមួយ បើមិនដូច្នេះទេ វាមិនខុសអ្វីអំពីការដែលមនុស្សល្ងង់ ខំប្រឹងដងទឹកដាក់ពាក់ធ្លុះនោះឡើយ គឺវាបានតែការនឿយហត់អត់ប្រយោជន៍។ មិនដែលមានអ្នកណាទៅឆោតល្ងង់ ដោយខំប្រឹងជញ្ជូនពន្លឺថ្ងៃទុកក្នុងផ្ទះ សម្រាប់បំភ្លឺពេលយប់ទៀតនោះទេ ព្រោះផ្ទះវាមិនចេះទុកដាក់នូវពន្លៃថ្ងៃអ្វីនោះឡើយ តែដល់ពេលយប់វាងងឹតហើយ យ៉ាងណាមិញ ការងារដែលគេធ្វើនៅពេលមានជីវិតរស់នៅគេមិនធ្វើដើម្បីសេចក្ដីស្លាប់នោះទេ ប៉ុន្តែគេធ្វើដើម្បីខ្លួនឲ្យរួចអំពីជីវិតនេះ ដែលតែងតែកើតស្លាប់នោះឯង។ ការថែរក្សានូវសម្បត្តិទ្រព្យ សម្រាប់ទំនុកបំរុងឲ្យដល់ជីវិតគឺការរស់ ពិតជាមានប្រយោជន៍ប្រាកដណាស់ បើជីវិតនេះជាគ្រឿងទ្រទ្រង់នូវសេចក្ដីល្អ ការងារជាកុសលនោះ។ ៣- ភីតស្ស បដិសរណំ ហោតិ ជាទីពឹងពំនាក់ជាក់ប្រាកដ ចំពោះមិត្តនៅពេលមានភ័យ គឺនៅពេលមិត្តមានវិបត្តភ័យព្រួយអំពីរឿងអ្វីមួយ មិត្តដែលមាននូវឧបការៈបានពោលដូច្នេះថា << មិត្តឯងកុំភ័យ កុំព្រួយអ្វីឡើយ កាលបើសម្លាញ់ដូចជារូបខ្ញុំនេះនៅរស់ មិត្តឯងកុំខ្លាចឲ្យសោះ >> ហើយក៏ជួយដោះស្រាយ កម្ចាត់បង់នូវភយន្តរាយនោះៗបាន។ ការជួយអ្នកដទៃ មានការជួយមិត្តជាដើម បុគ្គលគប្បីធ្វើដោយរួសរាន់ មិនចាំបាច់រួញរា ដោយរវល់តែគិតថាក្រែងគេមិនដឹងគុណយើងនោះទេ តាមពិត ការជួយសង្គ្រោះអ្នកដទៃ គឺជាសក្ការៈសម្រាប់បូជាចំពោះព្រះពុទ្ធ ព្រោះជាការប្រព្រឹត្តតាមឱវាទរបស់ព្រះអង្គ ម្យ៉ាងទៀតយើងគោរពសេចក្ដីល្អនោះៗ ព្រោះសេចក្ដីល្អអាចជួយមនុស្សឲ្យរួចផុតចាកទុក្ខបាន បើយើងយល់ដឹងក្នុងសេចក្ដីទាំងអស់នេះ ក៏មិនចាំបាច់រវល់ខ្វល់អ្វី អំពីរឿងអ្នកដទៃដឹងឬមិនដឹងនោះឡើយ ហើយថែមទាំងធ្វើដោយប្រញាប់ប្រញាល់ទៀតផង ព្រោះថាបើបុគ្គលធ្វើនូវសេចក្ដីល្អយឺតពេក ដូចជាគេដើរតាមផ្លូវរអិលនោះ ឈ្មោះថាទុកឱកាសឲ្យចិត្តត្រេកអរនឹងបាន។ សត្វលោកដែលកើតមកហើយ សុទ្ធសឹងតែត្រូវការសេចក្ដីសុខ ដូច្នេះបើយើងមិនបានជួយទំនុកបំរុងគេទេ កុំតែបៀតបៀនគេដើម្បីសេចក្ដីសប្បាយរបស់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួនឲ្យសោះ ដូចជាការចាប់សត្វយកមកទុកក្រុងក្នុងទ្រុងតូចចង្អៀត ចាប់ត្រី ចាប់បក្សាបក្សី ដើម្បីសេចក្ដីសប្បាយកែការអផ្សុករបស់ខ្លួននោះ វាជាអំពើខ្វះមនុស្សធម៌ មនុស្សយើងមិនគួរលោភលន់អ្វីពេកពន់នោះទេ ព្រោះថា បានកើតមកជាមនុស្សទៅហើយគួរតែជួយសង្គ្រោះ ចំពោះសត្វលោកដែលមាននូវសេចក្ដីទុក្ខលំបាកជាការជប់លៀងក្នុងជីវិតមង្គល ដែលបុណ្យបានផ្ដល់កំណើត ឲ្យយើងបានកើតជាមនុស្ស។ ៤- ឧប្បន្នេសុ កិច្ចេសុ ករណីយេសុ តទ្ទិគុណំ ភោគំ អនុប្បទេតិ កាលបើកិច្ចដែលត្រូវធ្វើ កើតឡើយហើយ តែងជួយផ្លូវនូវភោគៈជាទ្វិគុណ ជាងទ្រព្យដែលមិត្តត្រូវការ បើមិត្តត្រូវការមួយរយដើម្បីដោះស្រាយបញ្ហា ក៏ពោលទៅមិត្តសម្លាញ់នោះថា << សម្លាញ់អើយ មួយរយវាមិនគ្រប់គ្រន់ទេ កិច្ចការហ្នឹងនោះ ចូលសម្លាញ់យកពីររយទៅ កុំឲ្យវាផុតផើយ >> ហើយក៏បានឲ្យទៅដោយចិត្តស្មោះត្រង់ នេះជាលក្ខណៈមិត្តមាននូវឧបការៈ។ ជីវិតមនុស្សមានតម្លៃជាងប្រាប់មួយរយដុល្លា ព្រោះជីវិតមនុស្សមិនមែនបានមកដោយការទិញដូរទេ គឺគ្រប់គ្នាដែលបានកើតមកជាមនុស្សអាស្រ័យបុណ្យ មហាសេដ្ឋី មហាមូលធន ក៏មិនអាចទិញជីវិតរបស់ខ្លួនទុកនៅឲ្យរស់រហូតបានឡើយ ទោះជាមានសម្បត្តិច្រើនប៉ុនណាក៏ដោយ តែដល់ពេលត្រូវស្លាប់ វាត្រូវតែស្លាប់ ដូច្នេះបើយើងមិនបានជួយអ្នកដទៃជាទ្វិគុណទេ ក៏គួរតែជួយតាមការស្នើសុំ តែបើមិនបានជួយតាមស្នើសុំ ក៏កុំតែបៀតបៀនសម្លាប់គេ ដោយគ្រាន់តែបានប្រាក់កម្រៃប៉ុណ្ណោះ ឬប៉ុណ្ណោះទៅ គឺវានៅក្នុងថ្នាក់គ្រាន់បើដែរ មិនមែនថាល្អនោះទេ ប៉ុន្តែវាមិនបានឈ្មោះថាជាមនុស្សព្រៃផ្សៃ។ ជីវិតអ្នកដទៃម្នាក់ ពិតមែនតែមិនមែនជាប្រាក់ពីរឬបីរយដុល្លា ដែលយើងស៊ីឈ្នួលបានមក ប៉ុន្តែជីវិតអ្នកដទៃម្នាក់នោះ គឺមានតម្លៃសម្រាប់ក្រុមគ្រួសាររបស់គេណាស់ គេស្ដាយស្រណោះយំសោកបោកខ្លួន នៅពេលដែលបុគ្គលណាម្នាក់ ជាទីស្រលាញ់របស់គេត្រូវបាត់បង់ជីវិត។ មនុស្សយើងទាល់តែចេះឲ្យតម្លៃជីវិតអ្នកដទៃផង ទើបជីវិតរបស់ខ្លួនវាមានតម្លៃ យើងមិនអាចយកឈ្នះអ្នកដទៃដោយសេចក្ដីអាក្រក់ អំពើអាក្រក់របស់ខ្លួនឯង បានទេ តាមពិតនៅពេលគំនិតអាក្រក់កើតឡើង ចង់បៀតបៀនអ្នកដទៃនោះ យើងឈ្មោះថាចាញ់ស្រេចបាត់ទៅហើយ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |