Reading Article
Public date : 01, Dec 2022 (16,057 Read)
គណបលិពោធ

|
គណបលិពោធ
គណៈភិក្ខុអ្នករៀនព្រះសូត្រក្ដី គណៈរបស់ភិក្ខុអ្នករៀនអភិធម្មក្ដី ឈ្មោះថា គណៈ ភិក្ខុណាកាលឲ្យឧទ្ទេសខ្លះ បរិបុច្ឆាខ្លះដល់គណៈនោះ រមែងមិនបានឱកាសសម្រាប់បំពេញសមណធម៌គណៈរមែងជាបលិពោធដល់ភិក្ខុនោះ គណៈបលិពោធនោះ លោកគប្បីកាត់ចេញដោយឧបាយដូចតទៅនេះ គឺបើការងារ (រៀនសូត្រ) របស់ភិក្ខុនោះសម្រេចបានច្រើនហើយ ការងារដែលនៅសល់តិចលោកគប្បីធ្វើការងារនោះឲ្យស្រេច ហើយទើបចូលទៅព្រៃចុះ, បើការងារដែលហើយបានតិច ដែលនៅសល់ច្រើន (លោកគប្បីចូលទៅរកគណវាចក (អ្នកទូន្មាន) អ្នកដទៃឲ្យទូន្មានជំនួស កុំគប្បីទៅ (ឆ្ងាយ) ឲ្យលើសពី ១ យោជន៍ គប្បីចូលទៅរកគណវាចកដទៃ (ដែលស្ថិតនៅសំណាក់) ខាងក្នុងទីកំណត់ ១ យោជន៍ សូមអង្វរឲ្យលោកជួយសង្គ្រោះដល់ភិក្ខុក្នុងគណៈរបស់ខ្លួន ដោយសង្គហវិធីមានឲ្យឧទ្ទេសជាដើម (ជំនួសខ្លួនចុះ)។ ប្រសិនបើរកមិនបាន ដូចពោលមកនេះទេ ក៏គប្បីប្រាប់ (ភិក្ខុទាំងនេះ) ថា "អាវុសោទាំងឡាយ កិច្ចឯណានីមួយរបស់ខ្ញុំមាន ខ្ញុំ(មិនអាចបង្រៀនពួកលោកតទៅទៀតបានទេ) និមន្តលោកទាំងឡាយទៅរកកន្លែង (រៀន) តាមសប្បាយចុះ" ដូច្នេះហើយ គប្បីលះបង់គណៈនោះចោលហើយចេញទៅចម្រើនកម្មដ្ឋានរបស់ខ្លួនចុះ។ ដកស្រង់ចេញពីសៀវភៅ កម្មដ្ឋាននិទ្ទេស រៀបរៀងដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |