Reading Article
Public date : 28, Jul 2019 (9,334 Read)
មនុស្សគួរដល់ការហ្វឹកហាត់

|
មនុស្សគួរដល់ការហ្វឹកហាត់
មនុស្សដែលគួរឲ្យគោរព គឺមនុស្សដែលបំពេញតួនាទីរបស់ខ្លួនដ៏យ៉ាងល្អជាទីបំផុត មានការអើពើយកចិត្តទុកដាក់ចំពោះអ្នកតូចទាប ទាំងកិរិយាមារយាទ ទាំងវាចា និងទាំងទឹកចិត្ត។ មនុស្សដែលគួរឲ្យសរសើរ គឺមនុស្សដែលបានធ្វើនូវប្រយោជន៍ឲ្យដល់ខ្លួនឯង និងសង្គម ស័ក្ដិសមក្នុងភាពនៃខ្លួនជាមនុស្សដែលជាអ្នកមានចិត្តប្រសើរខ្ពង់ខ្ពស់។ មនុស្សដែលឆ្លាតក្នុងការនិយាយ គឺមនុស្សណាដែលនិយាយមិនឲ្យទាស់ត្រចៀកនៃអ្នកស្ដាប់ និយាយឲ្យគេសប្បាយចិត្ត មានសេចក្ដីសុខនៅពេលដែលគេបានស្ដាប់ឮ មិននិយាយលើកតម្កើងខ្លួនឯង ហើយបង្អាប់បង្អោនអ្នកដទៃ។ មនុស្សដែលចេះអត់អន់ចំពោះពាក្យសម្ដីអ្នកដទៃ គឺមនុស្សដែលមិនក្ដៅក្រហាយចិត្ត នៅពេលដែលបានស្ដាប់ឮពាក្យអាក្រក់គ្រោតគ្រាតពីអ្នកដទៃ ជាអ្នករក្សាចិត្តបានដោយល្អ មិនទទួលយកអារម្មណ៍ខាងក្រៅមកទម្លាយនូវសេចក្ដីសុខស្ងប់នៃចិត្តរបស់ខ្លួនឡើយ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |