Reading Article
Public date : 28, Jul 2019 (10,814 Read)
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ

|
សូមកូនជាមនុស្សល្អប្រៀបដូចជាផ្កាឈើ
ផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំ យ៉ាងណា របស់ស្អុយទាំងឡាយមានលាមកនិងសាកសពជាដើម ក៏ជាទីពេញចិត្តនៃសត្វរុយ យ៉ាងនោះដែរ ។ បើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អ និងមានចិត្តល្អ រមែងប្រៀបដូចជាផ្កាឈើ តែបើកូនមានកាយកម្មមិនល្អ និងចិត្តមិនល្អទេ កូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរ ។ កូនស្រីមាសឪពុក គប្បីជ្រើសយកដោយខ្លួនឯងតើកូនត្រូវការឲ្យរុយវារោម ឬត្រូវការឲ្យឃ្មុំមកក្រេប ។ បើកូនស្រីត្រូវការឲ្យឃ្មុំមកទំក្រេបកូនត្រូវបដិបត្តិខ្លួន ឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាត និងចិត្តល្អស្អាត ពោលគឺ កូនត្រូវជាមនុស្សមានសីលមានធម៌ ....។ បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាត កូនត្រូវបានជួបតែជាមួយរុយ ដែលនាំមកនូវសេចក្តីសៅហ្មងនិងសេចក្តីវិនាសមកដល់កូនជាពិតប្រាកដ ។ ឃ្មុំក្រេបផ្កា មិនធ្វើឲ្យខូចផ្កា មានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែម ឯខ្លួនជាផ្កាសម្រេចបានជាផ្លែ ញ៉ាំងប្រយោជន៍ក្នុងលោកឲ្យបរិបូណ៌ ។ នៅនឹងខ្លួនសត្វលំអងកេសរផ្កា នេះជាឈ្មោះនៃមនុស្សល្អ បើកូនជាមនុស្សផ្កា កូននឹងមានមនុស្សល្អមករកកូន ញ៉ាំងប្រយោជន៍ឲ្យទូលំទូលាយ ម្យ៉ាងទៀត ឃ្មុំជាឈ្មោះនៃសិរីសួស្តី ។ ឪសូមឲ្យពរដល់កូនស្រី សូមឲ្យកូនស្រីបានទៅជាមនុស្សល្អ ប្រៀបបីដូចជាផ្កាឈើ សូមឲ្យកូនស្រីបាឆ្លងរួចពីការសៅហ្មង កុំជាមនុស្សស្អុយឡើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ កូនមាសឪពុក រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |