Reading Article
Public date : 24, Jul 2019 (16,016 Read)
កុំត្រចៀកស្រាល

|
កូនជាទីស្រឡាញ់! ក្នុងពេលសន្ទនាគ្នានោះ រមែងគេចមិនផុតពីការលើកយកបុគ្គលនេះ បុគ្គលនោះ មកនិន្ទា ឬពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយ ។ កូនត្រូវហាត់ធ្វើចិត្តឲ្យធ្ងន់ក្នុងរឿងនេះ ព្រមទាំងឲ្យធ្ងន់ត្រចៀកផង ពោលគឺកុំជាមនុស្សត្រចៀកស្រាល ជឿពាក្យនិយាយរបស់អ្នកណាៗដោយងាយៗនោះ ។
ដោយចំពោះយ៉ាងសំខាន់ បើកូនជាអ្នកធំ ជាអ្នកបង្គាប់បញ្ជា ជាអ្នកដឹកនាំ ឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ ជាអ្នកដឹកនាំ ឬក៏ជាមេគ្រួសារកូនត្រូវតែប្រយ័ត្នឲ្យណាស់ ព្រោះមានមនុស្សខ្លះនិយាយដោយមិនទទួលខុសត្រូវ និយាយទៅតាមចិត្តដែលចង់និយាយ មិនគិតដល់ផលដែលប៉ះពាល់ទៅលើអ្នកដទៃថាតើអ្នកដទៃក្តៅក្រហាយ ឬខូចកេរ្តិ៍ឈ្មោះយ៉ាងណា ។ អ្នកខ្លះនិយាយព្រោះស្រួលមាត់ ចង់ឃើញអ្នកស្តាប់យកចិត្តទុកដាក់នឹងស្តាប់ ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួន ។ អ្នកខ្លះនិយាយព្រោះត្រូវការឲ្យគេបែកបាក់គ្នាខ្លះទៀតនិយាយព្រោះចង់សង្កត់សង្កិនគេ ។ ល ។ មានសព្វមានគ្រប់រឿងរ៉ាវក្នុងពាក្យសម្តីអ្នកនិយាយ ។ កូនស្តាប់មនុស្សទាំងឡាយនិយាយហើយ កូនត្រូវថ្លឹងថ្លែងឲ្យល្អ កុំប្រញាប់ជឿ ត្រូវទុកពាក្យសម្តីអ្នកដទៃនឹងត្រចៀកសិនចុះ កុំទាន់យកមកប្រើការ ត្រូវពិសោធ ត្រូវពិចារណាឲ្យបានសព្វគ្រប់ ដូច្នេះកូននឹងមិនបានខូចចិត្តមិនបានក្តៅក្រហាយក្នុងកាលជាខាងក្រោយឡើយ ។ មនុស្សត្រចៀកស្រាលឆាប់ជឿគេពេក រមែងធ្វើឲ្យខ្លួនឯងក្តៅក្រហាយស្តាយក្រោយ បែបនេះមានច្រើននាក់ណាស់មកហើយ ។ ម្យ៉ាងទៀតមនុស្សត្រចៀកស្រាលនោះរមែងធ្វើឲ្យភរិយាស្វាមីខ្លួនឯងលែងលះគ្នា ចែកផ្លូវគ្នាដើរ ធ្វើឲ្យគ្រួសារដួលរលំ នៅមិនជាសុខ ពុំនោះទេ ត្រូវសង្ស័យ គ្នាឬត្រូវក្រំចិត្ត ។ ល។ បែបនេះក៏មានច្រើនមក ហើយដែឬដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុន ទើបជាការល្អ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ពាក្យពេចន៍ម៉ែឪ រៀបរបៀដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |