Reading Article
Public date : 08, Feb 2022 (20,445 Read)
ការលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ

|
ការលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ
សម្រាប់អ្នកដែលលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ ដែលមានម្ចាស់មើលថែទាំ រមែងជាអទិន្នាទាន ចំណែកការលួចទ្រព្យដែលគេបូជាចំពោះបូជនីយវត្ថុ ដែលមិនមានម្ចាស់មើលថែទាំរក្សា រមែងមិនជាអទិន្នាទាន ព្រោះលោកអ្នកចងក្រងគម្ពីរសារត្ថទីបនីដីកា និងកង្ខាវិតរណីដីកា បានវិនិច្ឆ័យថា ទេវតាយ បន ឧទ្ទិស្ស ពលិកម្មំ ករោន្តេហិ រុក្ខាទីសុ លម្ពិតសាដកេ វត្តព្វមេវ នត្ថិ តញ្ច ខោ អារក្ខកេហិ អបរិគ្គហិ តេយេវ បរិគ្គហិតំ បន គហេតុំ ន វដ្តតិ។ ប្រែថា ការកាន់យកសំពត់ដែលព្យួរលើដើមឈើជាដើម ដែលមនុស្សទាំងឡាយធ្វើពលិកម្មដល់ទេវតានោះ រមែងមិនមានទោស តែសេចក្ដីនេះសំដៅយកសំពត់នោះមិនមានអ្នករក្សាហួងហែង ទើបសមគួរកាន់យកបាន តែបើសំពត់នោះមានអ្នករក្សាហួងហែង រមែងមិនសមគួរ។ ការលួចបូជនីយវត្ថុមានអ្នករក្សា បូជនីយវត្ថុ មានព្រះពុទ្ធរូបព្រះសារីរិកធាតុជាដើម មានអ្នករក្សាថែទាំ ប៉ុន្តែស្ថានទីតាំងនោះមិនសមរម្យ គឺស្មោកគ្រោកមិនស្អាត កាលបើមានបុគ្គលណាម្នាក់មានសទ្ធាកសាងនូវទីកន្លែងស្អាតសមរម្យ ហើយបាននាំយកបូជនីយវត្ថុនោះទៅតម្កល់ទុកសម្រាប់គោរពដោយចិត្តជ្រះថ្លា មិនមែននាំយកទៅដោយថេយ្យចិត្តទេ សូម្បីមិនបានសុំអនុញ្ញាតអំពីអ្នករក្សា ក៏មិនឈ្មោះថា អទិន្នាទានឡើយ ឧទាហរណ៍ដូចសក្កទេវរាជព្រះអង្គជាសោតាបន្នបុគ្គល បាននាំយកព្រះចង្កូមកែវអំពីភ្នួងសក់របស់ទោណព្រាហ្មណ៍ ដើម្បីកសាងចេតិយតម្កល់ទុកសម្រាប់គោរពបូជាក្នុងភពតាវត្តិង្សរហូតសព្វថ្ងៃនេះ មានឈ្មោះថា ចូឡាមណីចេតិយ។ ការកាន់យករបស់សក្កទេវរាជនេះ មិនឈ្មោះថា អទិន្នាទាន ព្រោះទ្រង់បានពិចារណាឃើញថា ទោណព្រាហ្មណ៍មិនអាចនឹងធ្វើសក្ការៈបូជានូវព្រះចង្កូមកែវនេះឲ្យសមគួរបានឡើយ។
ទោសច្រើន ឬ ទោសតិចរបស់អទិន្នាទាន បើវត្ថុដែលលួចបានមកនោះ មានតម្លៃច្រើន ក៏មានទោសច្រើន បើវត្ថុដែលលួចបានមកនោះ មានតម្លៃតិច ក៏មានទោសតិច តែបើវត្ថុដែលលួចមកនោះ មានតម្លៃស្មើគ្នាក៏ត្រូវវិនិច្ឆ័យតាមម្ចាស់ទ្រព្យ អ្នកមានគុណធម៌ឬមិនមានគុណធម៌ បើម្ចាស់ទ្រព្យជាអ្នកមិនមានសីល ក៏មានទោសតិច បើម្ចាស់ទ្រព្យជាអ្នកមានសីល មានគុណធម៌ ក៏មានទោសច្រើនតាមលំដាប់។ ការលួចទ្រព្យរបស់ព្រះខីណាស្រព គឺព្រះអរហន្ត រមែងមានទោសច្រើនក្រៃលែង។ ដកស្រង់ចេញពីសៀវភៅ សីល៥ជាធម៌របស់មនុស្ស រៀបរៀងដោយ មេត្តាបាលោ ទឹម សឿត ដោយ៥០០០ឆ្នាំ |