Reading Article
Public date : 18, Jan 2020 (41,387 Read)
សំវរធម៌ជាស្វ័យត្រាណយ៉ាងធំរបស់របស់នគរកាយ

|
រឿងយក្ខិនីស៊ីមនុស្ស
(ចាក តេ. ឯ.) (សំវរធម៌ជាស្វ័យត្រាណយ៉ាងធំរបស់របស់នគរកាយ) កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយរាជ្យក្នុងក្រុងពារាណសី មានព្រះរាជឱរស ១០០ ព្រះអង្គ ព្រះពោធិសត្វជាព្រះរាជបុត្រពៅបង្អស់ ។ សម័យមួយ ព្រះពោធិសត្វទ្រង់ព្រះចិន្តាថា អញនឹងបានរាជសម្បត្តិ ឬមិនបាន ? ទើបថ្វាយបង្គំសួរព្រះបច្ចេកពុទ្ធ ដែលតែងនិមន្តមកឆាន់រាល់ថ្ងៃក្នុងវាំងអំពីរឿងនោះលោកថ្វាយព្រះពរថា ព្រះអង្គម្ចាស់មិនបានសោយរាជ្យក្នុងនគរនេះទេ បានក្នុងនគរតក្កសិលា នាដែនគន្ធារឯនោះ បើទ្រង់យាងទៅនឹងបានសោយរាជ្យ ក្នុងថ្ងៃទី៧ អំពីថ្ងៃនេះទៅតែផ្លូវដែលទៅនោះបើដើរកាត់ព្រៃចម្ងាយ ៥០ យោជន៍បើដើរតាមផ្លូវវាងចម្ងាយ ១២០ យោជន៍ ក្នុងផ្លូវកាត់ព្រៃ ៥០ យោជន៍នោះ មានអន្តរាយធំដោយយក្ខិនី ។បើបុរសណាវង្វេងដោយរូបសម្លេង ក្លិនរស សម្ផស្ស មុខជានឹងបានចំណីយក្ខិនីមិនខាន បើទ្រង់មានសំវរធម៌សង្រួមមិនរវល់នឹងយក្ខិនីទាំងនោះ មុខជាទ្រង់នឹងបានសោយរាជ្យសម្បត្តិក្នុងក្រុងតក្កសិលាក្នុងថ្ងៃទី ៧ មិនខាន ។ ព្រះពោធិសត្វ តាំងចិត្តកាន់តាមឱវាទព្រះបច្ចេកពុទ្ធមិនលះបង់ ហើយនិមន្តព្រះបច្ចេកពុទ្ធឲ្យបង្រៀនព្រះបរត្ភដើម្បីការពារព្រះអង្គ ទ្រង់ថ្វាយបង្គំលាព្រះជនកជននីហើយទ្រង់យាងចេញចាកព្រះនគរ ជាមួយនឹងអមាត្យ ៥ នាក់ ដែលស្ម័គ្រចិត្តតាមព្រះអង្គទៅ ។ ទ្រង់យាងកាត់វាលចូលព្រៃ ៗ ឯយក្ខិនីក៏និមិត្តរូបតាមមាយារបស់វា ។ បុរសទាំង៥ នាក់វង្វងនឹងរូប សម្លេង ក្លិនរស សម្ផស្សរបស់យក្ខិនី ទោះបីព្រះពោធសត្វឃាត់ហាមយ៉ាងណា ក៏មិនស្តាប់ ធ្វើជាអស់កម្លាំងកៀចដេកសពតាមក្នុងទីនោះ ត្រូវយក្ខិនីស៊ីអស់ឥតសល់ម្នាក់ ។ នៅសល់តែព្រះពោធិសត្វមួយព្រះអង្គឯង ដែលទ្រង់មានសំវរថម៌ ។ នាងយក្ខិនីគិតថា"បុរសនេះមានកិរិយានឹងនួនណាស់" អញនឹងដើរតាមចាប់ស៊ីឲ្យទាល់តែបាន ទើបនិម្មិតជានាងកល្យាណី មានរូបល្អដូចស្រីទេពអប្សរ ដើរតាមក្រោយព្រះពោធិសត្វទៅ ។ មានមនុស្សដែលទៅធ្វើការក្នុងព្រៃ បានឃើញយក្ខិនីក្លែងភេទនោះសួរថា បុរសដែលដើរខាងមុខជាអ្វីនឹងនាង យក្ខិនីថាពស្តាខ្ញុំ ពោធិសត្វត្រាស់ថា នាងនេះមិនមែនជាភរិយាយើងទេ គឺ ជាយក្ខិនី វាចាប់ស៊ីគ្នាយើងអស់ ៥ នាក់ហើយ យក្ខិនីថាធម្មតាបុរស តែពេលណាខឹងហើយ តែងថាភរិយាខ្លួនជាយក្ខិនី មិនថាភរិយារបស់ខ្លួនដូច្នេះឯង ។ បន្តិចខាងយក្ខិនីក៏ធ្វើជាស្រីមានគភ៌ ហើយក៏ធ្វើជាពរកូន ដើរតាមព្រះពោធិសត្វប្រាប់គេដូចមុន យក្ខិនីក៏និយាយការពារដូចមុនដែរ ។ កាលព្រះពោធិសត្វទៅដល់នគរតក្កសិលាហើយ នាងយក្ខិនីនិមិត្តជាស្រីក្រមុំល្អស្រស់ ដើរតាមព្រះពោធិសត្វតទៅទៀតព្រះពោធិសត្វ ទ្រង់មិនរវល់ផងសោះ ទ្រង់ប្រថាប់ក្នុងសាលាក្រៅនគរ នាងយក្ខិនីឈរក្បែរទ្វារសាលា មិនហ៊ានចូលទៅជិត ដោយចាញ់បារមីរបស់ព្រះពោធិសត្វ ។ សម័យនោះ ព្រះចៅក្រុងតក្កសិលា ទ្រង់យាងទៅឧទ្យាន បានទតព្រះនេត្រឃើញនាងយក្ខិនី ក៏ទ្រង់ពេញព្រះហឬទ័យ ឲ្យរាជបុរសទៅសួរ លុះទ្រង់ជ្រាបសេចក្តីអំពីព្រះពោធិសត្វថា នាងនោះជាយក្ខិនី មិនមែនជាភរិយា ក៏ទ្រង់យល់ថា ស្វាមីរបស់នាងមិនពេញចិត្ត បាននិយាយយ៉ាងនេះ ហើយទ្រង់ហៅនាងយក្ខិនីឲ្យជិះលើដំរី យាងចូលក្នុងព្រះបរមរាជវាំង តាំងជាអគ្គមហេសីទៅ ។ យប់នោះព្រះរាជាទ្រង់ផ្ទំនឹងអគ្គមហេសីថ្មី ស្កប់ព្រះហឬទ័យហើយ នាងយក្ខិនី ក៏ធ្វើកល់មាយាយំក្សឹកក្សួលថាខ្ញុំព្រះអង្គជាស្រីដែលព្រះអង្គ ទ្រង់រើសពីផ្លូវមក តាំងជាអគ្គមហេសី មុខជាស្រីស្នំព្រះអង្គច្រណែនឬស្យានឹងខ្ញុំម្ចាស់ ធ្វើបានខ្ញុំម្ចាស់ឲ្យក្តៅក្រហាយមិនខាន ហេតុនេះសូមព្រះអង្គទ្រង់ព្រះរាជទានអំណាចក្នុងប្រទេសទាំងមូល ដល់ខ្ញុំម្ចាស់ចុះ ។ ព្រះរាជាមិនព្រមព្រះរាជទានឲ្យតាមសូម ទ្រង់ឲ្យអំណាចតែត្រឹមក្នុងវាំងប៉ុណ្ណោះ ។ យក្ខិនីព្រមទទួលដោយរីករាយ ។ ដល់ពេលយប់ ព្រះរាជាទ្រង់ផ្ទំនឹងយក្ខិនីលក់ស្និទ្ធហើយ យក្ខិនី ក៏ត្រឡប់ទៅកាន់នគរយក្ស នាំពួកយក្សមកជាច្រើន ខ្លួននាងក៏ប្រហារព្រះរាជក្ស័យព្រះជន្ម ហើយស៊ីសាច់ហុតឈាមជាអាហារ នៅសល់តែឆ្អឹងប៉ុណ្ណោះឯយក្ខិនីដទៃទៀត ក៏នាំគ្នាចាប់សត្វនិងមនុស្សទាំងឡាយក្នុងវាំងស៊ីអស់គ្មានសល់ម្នាក់ ហើយនាំគ្នាត្រឡប់ទៅកាន់នគរយក្សវិញ ។ លុះព្រឹកឡើង មនុស្សទាំងឡាយ ដែលនៅខាងក្រៅព្រះនគរ បានឃើញទ្វារ ព្រះរាជវាំងបិទខុសធម្មតាក៏សង្ស័យ នាំគ្នាគាស់ទ្វារចូលទៅ ឃើញសុទ្ធតែគំនរឆ្អឹង ទើបប្រជុំគ្នានិយាយថា បុរសនោះគេនិយាយពិត គេបានប្រាប់ហើយថា នាងនោះជាយក្ខិនី មិនមែនភរិយារបស់គេទេ តែព្រះរាជាយើងមិនជឿ ទ្រង់យកមកតាំងជាអគ្គមហេសីឥឡូវនាងយក្ខិនីនោះឯង វានាំគ្នាមកស៊ីមនុស្សក្នុងវាំងទាំងអស់ នៅសល់តែឆ្អឹងដូច្នេះ ។ ឯព្រះពោធិសត្វក្នុងយប់នោះ ព្រះអង្គទ្រង់ស្វាធ្យាយព្រះបវិត្តសូត្រ កាន់ព្រះខ័នប្រថាប់ឈររហូតទាល់តែព្រះអរុណរះ ។ ពួកប្រជាជនទាំងឡាយក្នុងព្រះនគរ ក៏នាំគ្នាសំអាតព្រះរាជវាំងស្អាតល្អហើយ ប្រឹក្សាគ្នាថា បុរសដែលយក្ខិនីថាជាស្វាមីរបស់វានោះជាមនុស្សអស្ចារ្យ មានប្រាជ្ញាវៃឆ្លាត បើយើងទាំងឡាយបានបុរសនោះ មកធ្វើជាមហាក្សត្រប្រមុខរដ្ឋយើងប្រសើរណាស់ ។ លំដាប់នោះ ពួកនាម៉ឺនសព្វមុខមន្ត្រីសេនាយោធានិងប្រជាជនទាំងឡាយ ព្រមព្រៀងគ្នាទៅគាល់ព្រះពោធិសត្វ អញ្ជើញព្រះអង្គឲ្យសោយរាជ្យសម្បត្តិក្នុងព្រះនគរនោះបានហើយ ហែហមចូលទៅក្នុងព្រះរាជវាំង អភិសេកជាក្សត្រគ្រងរាជ្យ ថ្វាយព្រះបរមនាមថា ព្រះបាទតក្កសិលា ។ ព្រះពោធិសត្វ ទ្រង់សោយរាជ្យសម្បត្តិប្រកបដោយទសពិធរាជធម៌ ញ៉ាំងប្រជាពលរដ្ឋទាំងប្រទេសឲ្យបានសន្តិសុខ សន្តិភាបដរាបដល់ទីបំផុតព្រះជន្មវស្សាហោង ។ អត្ថបទនេះដកស្រង់ចេញពីសៀរភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |