Reading Article
Public date : 26, Jul 2019 (16,891 Read)
ភ្លើងច្រណែន

|
កូនជាទីស្រឡាញ់!
មានធម្មជាតិម៉្យាង នៅពេលកើតដល់អ្នកណាហើយ នឹងធ្វើឲ្យអ្នកនោះក្តៅងំក្នុងចិត្ត កើតការញាប់ញ័រក្នុងទ្រូង និងឈឺផ្សា ធម្មជាតិដែលថាមកនេះ គឺការច្រណែន ឬឫស្សា ។ ការច្រណែនកើតឡើងក្នុងចិត្ត នៅពេលឃើញអ្នកដទៃបានល្អជាងខ្លួន ក្រៃលែងមែនទែន គឺអ្នកដែលបានល្អជាងខ្លួននោះ ជាសត្រូវ ឬជាគូប្រកួតនឹងខ្លួនឯង ដែលធ្វើឲ្យការច្រណែនរឹងរឹតតែឡើងកម្លាំងខ្លាំងឡើយ ។ អ្នកដែលមាននូវការច្រណែន រមែងបាត់បង់នូវសេចក្តីសុខដោយមិនដឹងខ្លួន ឃើញអ្វីៗចេះតែទាស់មុខទាស់មាត់ ទាស់ភ្នែកទាស់ត្រចៀកទាំងអស់ គឺជាការដូរផ្លាស់ពីទឹកចិត្តមេត្តាករុណា មកជាចិត្តឥតគុណធម៌ មានការចង្អៀតចង្អល់នឹងអ្នកដទៃជានិច្ច ។ ការច្រណែននេះអាចសាហាវ និងក្តៅខ្លាំងណាស់ កូនអើយ រហូតដល់ថ្នាក់សម្លាប់គ្នា ដូច្នេះហើយទើបហៅថាភ្លើង ។ ភ្លើងច្រណែននេះ នៅពេលឆេះឡើងហើយរមែងដុតចិត្តមនុស្សឲ្យក្តៅរោលរាលរហូតគ្រប់ពេល ។ ភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយៗ ប៉ុន្តែដ៏ដោយសារឃើញសត្រូវ ឬគូប្រជែងបានល្អប៉ុណ្ណោះប្រសិនបើ អ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញ បាបធម៌ឥស្សា គឺការច្រណែននឹងមិនកើតឡើងឡើយ ។ ពេលកូនបានដឹងដូច្នេះហើយ កូនត្រូវប្រយ័ត្នឲ្យណាស់ចំពោះបាបធម៌ប្រភេទនេះ ដើម្បីកុំឲ្យកើតឡើងបាន កូនត្រូវហ្វឹកហាត់ឲ្យជាមនុស្សចិត្តទូលាយ ។ អ្នកដទៃ មិនថាជាមិត្ត ឬជាសត្រូវ មិនថាជាមនុស្សដែលកូនស្រឡាញ់ ឬស្អប់ឡើយ គឺគេមានសិទ្ធបានទទួលនូវសេចក្តីសម្រេច ក្នុងរឿងផ្សេងៗដូចជាមនុស្សទូទៅដែរ ។ បើកូនត្រេកអររីករាយជាមួយគេមិនបានទេ កូនគួរតែដាក់ចិត្តឲ្យព្រងើយធ្វើដូចជាមិនដឹង មិនឃើញអ៊ីចឹងទៅ ឬថាត្រឹមតែចិត្តឃើញ ត្រឹមតែចិត្តឮ ត្រឹមតែចិត្តដឹងរឿងជាដើមប៉ុណ្ណោះទៅ ទើបវាមិនត្រូវភ្លើងឆេះ ។ អ្វីៗកើតឡើងសុទ្ធតែមានហេតុត្រឹមត្រូវ យើងមិនដឹងថាត្រូវទៅច្រណែននឹងគេយ៉ាងដូចម្តេចនោះឡើយ ។ កូនត្រូវចាំទុកថា " កុំចង់បានរបស់ដែលអត់ កុំជាប់ចិត្តនឹងរបស់ដែលមាន អ្វីៗកើតព្រោះមានហេតុ អ្វីៗដែលកើតឡើងហើយ សុទ្ធតែប្រែប្រួល " ។ បើកូនខ្វះគុណធម៌ កូននឹងច្រណែនចំពោះសេចក្តីល្អរបស់គេ ដូច្នេះអ្នកក្តៅក្រហាយពិតៗ គឺជាខ្លួនកូន មិនមែនគេទេ ។ រឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូង ឲ្យឆេះតែខ្លួនឯងគ្រប់គ្រានោះ វាជាការល្ងង់ណាស់ ។ ចូរកូនកុំជាមនុស្សល្ងង់ខ្លៅឡើយ កុំច្រណែននឹងគេ កុំដុតចិត្តដុតទ្រូងខ្លួនឯងឲ្យសោះណាកូនណ៎ា ។ ដកស្រង់ចេញពីសៀវភៅ " ពាក្យពេជន៍ម៉ែឪ " រៀបរៀងដោយលោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |