អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤,២៨៤ ដង)
រឿងកសកព្រាហ្មណ៍

|
រឿងកសកព្រាហ្មណ៍
(ចាក ឧ ប) (គុណនៃការមិនយំសោក មិនអាឡោះអាល័យ) កាលកន្លងទៅហើយ ព្រះពោធិសត្វសោយព្រះជាតិជាព្រាហ្មណ៍អ្នកធ្វើស្រែ នៅក្នុងពារាណសី។ ក្នុងត្រកូលនោះមានជន ៦ នាក់គឺព្រះពោធិសត្វ១ នាងព្រាហ្មណី១ កូនប្រុស១ ភរិយារបស់កូនប្រុស១ កូនស្រី១ ខ្ញុំស្រី១។
ព្រះពោធិសត្វតែងរំលឹកទូន្មានដល់ជនទំាង ៥ នាក់ ឲ្យខំចំរើននូវមរណសតិថា សេចក្តីស្លាប់របស់សត្វទំាងឡាយទៀត ជីវិតរបស់សត្វទាំងឡាយមិនទៀង សង្ខាធម៌ទាំងឡាយមិនទៀង មានកិរិយាអស់ទៅនឹងសូន្យទៅជាធម្មតា អ្នកទំាងឡាយចូរកុំប្រមាទក្នុងវេលាយប់និងថ្ងៃ។ ជនទាំង ៥ នាក់នោះស្ថិតក្នុងឱវាទរបស់ព្រះពោធិសត្វ ខំចំរើនមរណសតិរាល់វេលារាត្រី មិនដែលធ្វេសប្រហែសឡើយ។ ថ្ងៃមួយព្រះពោធិសត្វនាំកូនប្រុសទៅភ្ជួរស្រែ។ កូនប្រុសបានប្រមូលសំរាមដុតក្បែរដំបូក ក្នុងដំបូកនោះមានពស់វែកមួយកាចសាហាវជាទីបំផុត ផ្សែងភ្លើងចូលភ្នែកក៏ស្ទុះមកចឹកកូននោះទៅ។ ព្រះបាទពោធិសត្វដឹងថាកូនស្លាប់ហើយ បានលើកយកទៅផ្តេកក្រោមដើមឈើមួយ ឥតមានយំសោកស្តាយអាឡោះអាល័យឡើយ គ្រាន់តែកំណត់ទុកក្នុងចិត្តថា សង្ខាទាំងឡាយមិនទៀង ក៏ទៅភ្ជួរស្រែវិញទៅ មួយស្របក់បានឃើញបុរសស្និទ្ធស្នាលម្នាក់ ដើរទៅជិត ក៏សួរថា អ្នកឯងទៅផ្ទះឬ?។ បុរសអ្នកស្និទ្ធស្នាលប្រាប់ថា ខ្ញុំទៅឥឡូវនេះ។ ព្រះពោធិសត្វនិយាយថា បើដូច្នោះអ្នកទៅផ្ទះខ្ញុំផងទៅប្រាប់ដល់ភរិយារបស់ខ្ញុំ ឲ្យយកបាយមួយចំអែតមក ហើយនំាគ្នាទំាង ៤ នាក់មកផង។ ជនទំាង ៤ នាក់ក៏មកតាមបង្កាប់របស់ព្រះពោធិសត្វ មកដល់ឃើញកូនស្លាប់ ជនទំាង ៤ នាក់ឥតមានយំសោកអាឡោះ អាល័យឡើយ លុះព្រះពោធិសត្វបរិភោគហើយក៏នាំគ្នាកាច់ផ្កាបូជា ហើយដុតរំលាយសពនោះទៅក្នុងពេលនោះក្តៅក្រហាយដល់អាសនៈរបស់ព្រះឥន្ទ្រ។ ដោយអំណាចគុណនៃមរណសតិ ដែលជនទំាងនោះចំរើនហើយដោយល្អ ព្រះឥន្រ្ទជ្រាបហេតុនេះហើយ មានចិត្តត្រេកអររីករាយ ចុះមកសួរនូវហេតុដែលមិនយំសោករបស់ជនទំាងនោះថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីបានជាមិនយំសោក។ ព្រះពោធិសត្វនិយាយប្រាប់ព្រះឥន្រ្ទថាៈ ឧរគោវ តចំ ជិណំ ហិត្វា គច្ឆតិ សន្តនុំ ឯវំ សរីរេ និព្ភោគេបេតេ កាលកតេ សតិ
ឌយ្ហមានោ ន ជានាតិ ញានីនំ បរិទេវិតំ។
តស្មា ឯតំ ន សោចាមិ គតោ សោ តស្ស យា គតិ។
កូនខ្ញុំបានលះបង់រូបកាយរបស់ខ្លួនទៅហើយ ដូចជាពស់ដែលសកនូវសំណកចាស់ដូច្នោះដែរ សេរិកាយរបស់កូនខ្ញុំដែលទៅកាន់បរលោកហើយ ជារបស់ប្រើការមិនកើត ខ្ញុំដុតក៏កូនខ្ញុំមិនដឹង ការយំសោករបស់ញាតិទំាងឡាយ ក៏កូនខ្ញុំមិនដឹង គិតរស់កូនខ្ញុំទៅទីណា កូនខ្ញុំទៅកើតក្នុងទីនោះហើយ ព្រះហេតុនោះបានជាខ្ញុំមិនយំសោក។ ភរិយារបស់ព្រះពោធិសត្វនិយាយប្រាប់ព្រះឥន្រ្ទថាៈ
អនវ្ហាតោ តតោ អាគា អននុញ្ញាតោ ឥតោ គតោ យថាគតោ តថា គតោ តត្ថ កា បរិទេវនា
ឌយ្ហមាណ ន ជានាតិ ញាតីនំ បរិទេវិតំ។
តស្មា វរតំ ន សោចាមិ គតោ សោតស្ស យា គតិ។
កូនខ្ញុំដែលបានធ្វើដំណើរពីលោកដ៏ទៃមកនៅផ្ទះរបស់ខ្ញុំ ក៏ខ្ញុំមិនបានទៅរកមក លះបង់ពីលោកនេះទៅកាន់លោកដ៏ទៃវិញ ក៏ខ្ញុំមិនបានអនុញ្ញាតឲ្យទៅ ស្រេចតែនឹងទៅមក ការយំសោកក្នុងដំណើរទៅមកនោះដូចម្តេចកើត កូនរបស់ខ្ញុំគេដុតក៏មិនដឹង ការយំសោករបស់ញាតិទំាងឡាយក៏មិនដឹង គតិរបស់កូនខ្ញុំទៅណាកូនខ្ញុំទៅកើតក្នុងទីនោះហើយ ព្រោះហេតុនោះបានជាខ្ញុំមិនយំសោក។ កូនស្រីរបស់ព្រះពោធិសត្វ និយាយប្រាប់ព្រះឥន្រ្ទថាៈ សចេ រោទេ កិសា អស្សំ តស្សា មេ កឹ ឥលំ សិយា ញាតិមិត្តសុមាជ្ជានំ ភិយ្យោ នោ អរតី សិយា
ឌយ្ហមានោ ន ជានាតិ ញាតីនំ បរិទេវិតំ ។
តស្មា ឯតំ ន សោចាមិ គតោ សោ តស្ស យា គាតិ។
បើខ្ញុំយំសោកនឹងជាស្រ្តីស្គមស្រកស្រុតសាច់ ផលនៃការយំសោកឥតមានដល់ខ្ញុំទេ មានតែសេចក្តីថ្នាំងថ្នាក់ចិត្តដ៏ក្រៃលែងដល់ញាតិមិត្តសម្លាញ់របស់់យើងខ្ញុំទំាងឡាយ បងរបស់ខ្ញុំគេដុតក៏គាត់មិនដឹង ការយំសោករបស់ញាតិមិត្តទំាងឡាយ ក៏គាត់មិនដឹង គតិរបស់់បងខ្ញុំទៅទីណា គាត់ទៅកើតក្នុងទីនោះហើយ ព្រោះហេតុនោះបានជាខ្ញុំមិនយំសោក។ កូនប្រសាររបស់ព្រះពោធិសត្វនិយាយប្រាប់ព្រះឥន្រ្ទថាៈ យថាបិ ទារកោ ចន្ទំ គច្ឆន្តំ អនុរោទតិ ឯវំ សម្បទមេវេតំ យោ បេតមនុសោចតិ
ឌយ្ហមានោ ន ជានាតិ ញាតីនំ បរិទេវិតំ ។
តស្មា ឯតំ ន សោចាមិ គតោ សោ តស្ស យា គតិ។
បុគ្គលណា សោកស្តាយនូវជនដែលទៅកាន់បរលោកហើយ បុគ្គលនោះ ដូចជាក្មេងតូចដែលយំចង់បានព្រះចន្ទកំពុងចរព្ធដ៏អាកាសដូច្នោះឯង ពាក្យនេះជាពាក្យឧបមានៃការមិនសោកស្តាយរបស់ខ្ញុំ ស្វាមីខ្ញុំគេដុតក៏លោកមិនដឹង ការយំសោករបស់ញាតិមិត្តទាំងឡាយ ក៏លោកមិនដឹង គតិរបស់ស្វាមីខ្ញុំទៅណា លោកទៅកើតក្នុងទីនោះហើយ ព្រោះហេតុនេះហើយបានជាខ្ញុំមិនយំសោក។ ខ្ញុំស្រីនិយាយប្រាប់ព្រះព្រះឥន្រ្ទថាៈ យថា ព្រហេ្ម ឧទកុម្ភោ ភិន្នោ អប្បដិសន្ធីយោ ឯវំ សម្បទមេវេតំ យោ បេតមនុសោចតិ
ឌយ្ហមានោ ន ជានាតិ ញាតី បរិទេវតំ ។
តស្មា ឯតំ ន សោចាមិ គតោ សោ តស្ស យា គតិ។
បពិត្រអ្នកប្រសើរ ក្អមទឹកដែលបែកហើយ មិនអាចបុគ្គលណាតភ្ជាប់បានឡើយ មានឧបមាយ៉ាងណា បុគ្គលដែលសោកស្តាយនូវជនអ្នកទៅកាន់បរលោកហើយក៏ដូច្នោះដែរ នេះជាពាក្យឧបមានៃការមិនសោកស្តាយរបស់ខ្ញុំ ចៅហ្វាយខ្ញុំគេដុតក៏លោកមិនដឹង ការយំសោករបស់ញាតិមិត្តទំាងឡាយក៏លោកមិនដឹង គតិរបស់ចៅហ្វាយខ្ញុំទៅទីណា លោកទៅកើតក្នុងទីនោះហើយ ព្រោះហេតុនេះបានជាខ្ញុំមិនយំសោក។ ព្រះឥន្រ្ទបានស្តាប់នូវធម្មកថា របស់ជនទាំង ៥ នាក់នោះហើយមានសេចក្តីជ្រះថ្លាដ៏ក្រៃលែង ទើបនិយាយប្រាប់ជនទំាងនោះថា ចាប់តំាងពីថ្ងៃនេះទៅ អ្នកទាំងឡាយកុំធ្វើការដោយដៃខ្លួនឯងឡើយ ខ្ញុំជាស្តេចនៃទេវតា នឹងញុំាងផ្ទះរបស់អ្នកឲ្យពេញព្រៀបដោយកែវទាំង ៧ ប្រការ អ្នកទំាងឡាយចូរឲ្យទាន រក្សាសីលចំរើនមេត្តាភេវនាចុះ។ ព្រះឥន្រ្ទយកកែវទៅចាក់គរក្នុងផ្ទះជនទាំង ៥ នាក់នោះហើយ ក៏ត្រឡប់ទៅស្ថានទេវលោកវិញ។ ដោយ៥០០០ឆ្នាំ |