អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៩,៥៩៤ ដង)
រឿងទហរភិក្ខុ

|
រឿងទហរភិក្ខុ
( ចាក ឋា. ប. ) ( គុណនៃការស្តាប់នូវមហាវេស្សន្តរជាតក ) បានឮថា មានភិក្ខុកំឡោះមួយរូបនៅក្នុងតិស្សមហាវិហារ នាមហាគ្រាម ។ ថ្ងៃមួយបានឮដំណឹងថា ព្រះថេរៈឈ្មោះមហាជាតកភាណកៈ នឹងមកសំដែងនូវមហាវេស្សន្តរជាតក ក៏ប្រកបដោយពាន់នៃគាថា ក៏ចេញពីតិស្សមហាវិហារ នោះទៅអស់ផ្លូវ ៩យោជន៍តែមួយថ្ងៃ ព្រះថេរៈក៏ប្រារព្ធសំដែងនូវធម្មកថា ក្នុងខណៈនោះមែន ។
ភិក្ខុកំឡោះនោះ ក៏កំណត់ស្មារតីចងចាំតែគាថាខាងដើម និងចុងប៉ុណ្ណោះ មិនបានទាំងអស់ព្រោះលោកមកអស់ផ្លូវដ៏ឆ្ងាយ លោកម្ចាស់បានពោលនូវពាក្យនេះ ក្នុងកាលដែលខ្លួនក្រោកឡើងហើយឈរទ្រហ៊ោយំ ដោយអស់សេចក្តីសង្ឃឹមថា ការមកអស់ផ្លូវឆ្ងាយរបស់ខ្លួន នឹងសាបសូន្យឥតអំពើ ។ លំដាប់នោះមានមនុស្សម្នាក់បានឮសម្រែកយំ ក៏ទៅទូលសួរព្រះថេរៈថា បពិត្រលោកម្ចាស់ដ៏ចំរើន អម្បាញមិញនេះ មានភិក្ខុកំឡោះមូយរូបមកអំពីតិស្សមហាវិហារដើម្បីស្តាប់នូវធម្មកថារបស់លោកម្ចាស់ ហើយឈរស្រែកយំដោយអស់សង្ឃឹមថា ការមករបស់អញឥតអំពើសោះព្រោះលោកមានការនឿយលំបាកក្នុងដំណើរ ដែលមកអស់ផ្លូវឆ្ងាយនេះជាខ្លាំង ។ ព្រះថេរៈប្រាប់ថា បើដូច្នោះអ្នកទៅលួងលោមលោកថា ស្អែកនេះអាត្មានឹងសំដែងម្តងទៀត ។ ឧបាសកក៏ទៅទូលភិក្ខុកំឡោះនោះតាមថេរៈដីកា ។ លុះថ្ងៃស្អែកឡើងព្រះថេរៈក៏សំដែងម្តងទៀត ។ ភិក្ខុកឡោះនោះចងចិត្តចាំស្តាប់ដោយគោរព ក៏បានសម្រេចដល់ថ្នាក់ធម៌ឈ្មោះសោតៈ បានជាសោតាបន្នបុគ្គលមួយរូបក្នុងថ្ងៃនោះ ។ ( ព្រះមហា សំ សុខ និសិ្សតសាលាបាលីជាន់ខ្ពស់ ) អត្តបទនេះវាយបញ្ចូលដោយកញ្ញា ហេង សំដាណែត ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅ ប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |