អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,០៨២ ដង)
ចន្ទីសូត្រ

|
ចន្ទីសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័នជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រឹះ ។ គ្រានោះ នាងចុន្ទីរាជកុមារីមានរថ ៥០០ និង កុមារី ៥០០ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ថ្វាយបង្គំព្រះមានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ ។
លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយបានក្រាបទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន រាជកុមារឈ្មោះចុន្ទៈជាបងខ្ញុំព្រះអង្គនោះនិយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារវៀរចាកមុសាវាទ វៀវចាកសុរាមេរយជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុំបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គសូមសួរព្រះដ៏មានព្រះភាគថា បុគ្គលជ្រះថ្លាក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មានសភាពដូម្តេចលុះបែកធ្លាយរាងកាយសា្លប់ទៅ បានទៅកើតសុគតិ មិនទៅកើតក្នុងទុគ្គតិ បំពេញក្នុងសីល មានសភាពដូម្តេចលុះបែកធ្លាយរាងកាយសា្លប់ទៅ បានទៅកើតសុគតិ មិនទៅកើតក្នុងទុគ្គតិ ទេ ។ ម្នាលនាងចុន្ទីរាប់តាំងពីពពួកសត្វឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តីមានរូបក្តី ឥតរូបក្តី មានសញ្ញាក្តី ឥតសញ្ញាក្តីនេសញ្ញានាសញ្ញាក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធប្រាកដប្រសើរជាងពួកសត្វទាំងនោះ ។ ម្នាលនាងចុន្ទីពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះពុទ្ធពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលអ្នកជ្រះថា្ល ក្នុងបុគ្គលដ៏ប្រសើរ ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំងប៉ុន្មានវិរាគធម៌ គឺធម៌ញ៉ាំងសេចក្តី ស្រវឹងឲ្យទ្រុឌទ្រោម នាំចេញនូវសេចក្តីស្រេកឃ្លាន គាស់រំលីងនូវសេចក្តីអាល័យផ្តាច់បង់នូវវដ្តៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខមិនមានគ្រឿងចាក់ដោត ប្រាកដជាប្រសើរ ជាងពួកធម៌ទាំងនោះ ។ ម្នាលនាងចចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំងប៉ុន្មាន សង្ឃសាវ័ករបស់តថាគត បើរាប់ជាគូបុរសមាន៤ គូ បើរាប់រៀងជាបុគ្គលមាន៨ សង្ឃទាំងនោះ ជាសង្ឃសាវ័កនៃព្រះដ៏មានព្រះភាគ ជាអ្នកគួរ ទទួលចតុប្បច្ច័យ ដែលបុគ្គលឧទ្ទិសចំពោះ ហើយនាំមកបូជាគួរទទួលអគន្តុកទាន ដែលបុគ្គលជឿនូវកម្មនិងផលនៃកម្មហើយបូជា គួរដាក់អញ្ជលិកម្មដែលសត្វលោកគប្បីធ្វើជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ប្រាកដជាប្រសើរ ជាងសង្ឃឬគណៈទាំងនោះ ។ មា្នលនាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ផលដ៏ប្រសើររមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈ សរសើរទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាលមិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញុជនសរសើរហើយមិនប៉ះពាល់ ដោយតណ្ហានិងទិដ្ឋិ ប្រព្រឹត្តទៅដើម្បីសមាធិនេះប្រាកដជាប្រសើរ ជាងសីលទាំងនោះ ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែលព្រះអរិយៈសរសើរហើយ ពួកបុគ្គលទាំងនោះឈ្មោះថាបានបំពេញក្នុងសីលដ៏ប្រសើរ ។ អគ្គតោ វេ បសន្មនំ អគ្គំ ធម្មំ វិជានតំ អគ្គេ ពុទ្ធេ បសន្មានំ ទក្ខិណេយ្យេ អនុត្តរេ អគ្គេ ធម្ម បសន្មានំ វិរាគូបសមេ សុខេ អគ្គស្មី ទានំ ទទតំ អគ្គំ បុញ្ញំ បវឌ្ឍតិ អគ្គំ អាយុ ច វណ្ណោ ច យសោ កិត្តិ សុខំ ពលំ ។ បុណ្យដ៏ប្រសើរផង អាយុដ៏ប្រសើរផង សម្បុរកាយដ៏ប្រសើរផង យសស័ក្តិដ៏ប្រសើរផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏ប្រសើរផង កម្លាំងដ៏ប្រសើរផង រមែងចម្រើនដល់ពួកបុគ្គលអ្នកដឹងច្បាស់នូវធម៌ដ៏ប្រសើរ ដែលជាទក្ខិណេយ្យបុគ្គល រកបុគ្គលដទៃ ក្រៃលែងជាងគ្មាន ធម៌ស្ងប់រំងាប់ នាំមកនូវសុខ ជ្រះថ្លាក្នុងព្រះសង្ឃដ៏ប្រសើរ ជាបុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទានចំពោះបុគ្គលដ៏ប្រសើរ ។ អគ្គស្ស ទាតា មេធាវី អគ្គធម្មសមាហិតោ ទេតាឬមនុស្ស ដល់នូវសេចក្តីប្រសើររមែងរីករាយ។ អដ្ឋកថា
បទថា បញ្ចហិ រថសតេហិ ដោយសេចក្តីថាព្រះនាងចុន្ទី (ព្រះរាជធីតានៃព្រះបាទពិម្ពិសារ) សោយព្រះក្រយាព្រឹកហើយ បានចូលគាល់ព្រះជនក សូមឲ្យចាត់ចែងនូវរថ ៥០០ គ្រឿងដើម្បីរថទាំងនោះហែហមចូលគាល់ព្រះបរមសាស្តា ។ ព្រះរាជធីតាមាននូវព្រះតម្រិះថា យើងនឹងទូលសួរចំណុចដែលបានសន្ទនា នូវបញ្ហាដែលយើងឲ្យប្រព្រឹត្តទៅជាមួយនឹងព្រះជេដ្ឋភាតា ។ ដូច្នេះហើយក៏បានកាន់យកផ្កាកម្រង និង គ្រឿងក្រអូបជាដើម ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បទថា អរិយកន្តានិ សីលានិ បានដល់សីលដែលសម្បយុត្តដោយមគ្គនិងផល ។ ក៏សីលទាំងនោះជាសីលដែលគួរប្រាថ្នាគួរត្រេកអរបស់ព្រះអរិយៈទាំងឡាយព្រោះហេតុនោះ ទើបមិនលះបង់សូម្បីក្នុងភពដទៃ ។
|