អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,១៦៨ ដង)
រឿងនាគប្រេត

|
(សមណេរសួរថា) អ្នកទៅមុនគេបង្អស់ជិះដំរីស ឯអ្នកទៅកណ្តាលគេ ជិះរថ ទឹមសេះអស្សតរ ចំណែកកញ្ញាមកខាងក្រោយគេ ទៅដោយវភ្លឺស្វាងរុងរឿង សព្វទិសទាំង ១០ ។ ឯអ្នកទាំងឡាយ (ដែលមកក្រោយគេបង្អស់) មានដៃកាន់ដំបង មានមុខជោកដោយទឹកភ្នែកមានខ្លួនបែកធ្លាយ ហើយផឹកនូវខ្ទុះនិងឈាម នៃគ្នានិងគ្នា ជាអាហារ អ្នកទាំងឡាយ កាលកើតជាមនុស្ស តើបានធ្វើអំពើដូចម្តេចខ្លះ ។
(នាងប្រេតតបថា) បុគ្គលណាទៅដោយដំរីស ដ៏ប្រសើរមានជើង ៤ មុនគេ បុគ្គលនោះ ជាបុត្រច្បងរបស់ខ្ញុំ បានថ្វាយទានហើយ ក៏បានជួបសេចក្តីសុខ ។ បុគ្គលណាទៅដោយរថទឹមសេះ ៤ មានដំណើរល្អក្នុងទីកណ្តាល បុគ្គលនោះជាបុត្តកណ្តាលរបស់ខ្ញុំ ជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង ។ នារីណាប្រកបដោយបញ្ញា មានភ្នែកថ្លាដូចម្រឹគ ទៅដោយវក្រោយគេ នារីនោះ ជាធីតាពៅបង្អស់របស់ខ្ញុំ ជាអ្នកមានសេចក្តីសុខតែងរីករាយ តាមចំណែកផលទានពាក់កណ្តាល ។ អំពីជាតិមុន ជនទាំងនុ៎ះ ជាអ្នកមានចិត្តជ្រះថ្លា បានឲ្យទានដល់ពួកសមណៈ និងព្រាហ្មណ៍ ចំណែកយើងខ្ញុំទាំងឡាយវិញ ជាអ្នកកំណាញ់ ជេរប្រទេចផ្តាសា សមណព្រាហ្មណ៍ ទាំងឡាយ ឯជនទាំងនេះ លុះឲ្យហើយទើបគេបម្រើ (ដោយកាមគុណ) ចំណែកពួកយើងទើបក្រៀមស្ងួត ដូចដើមបបុស ដែលហាលថ្ងៃដូច្នោះ ។ (សមណេរសួរថា) ភោជនាហារ របស់អ្នកទាំងឡាយ ដូចម្តេចទៅ ទីដេក របស់អ្នកដូចម្តេចទៅ ចុះអ្នកទាំងឡាយមានបាបធម៌ដ៏ក្រៃលែង ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅ ដូចម្តេច ភោជនាហារទាំងឡាយដ៏ច្រើន មិនមែនជារបស់តិចតួចឡើយ ឥឡូវនេះ អ្នកដល់នូវសេចក្តីទុក្ខ ព្រោះប្រាសចាកសេចក្តីសុខ ។ (នាងប្រេតតបថា) យើងខ្ញុំទាំងឡាយ សម្លាប់នូវគ្នានឹងគ្នា ហើយក្របផឹកនូវខ្ទុះនិងឈាម ទុកជាផឹកច្រើន ក៏មិនបាត់ស្រេកឃ្លាន យើងខ្ញុំទាំងឡាយ ក៏នៅតែស្រេកឃ្លានដដែល ។ ជនទាំងឡាយណា ជាអ្នកមិនចែកចាយឲ្យទាន ជនទាំងនោះ លុះលះលោកនេះទៅហើយ រមែងទៅកើត ក្នុងឋានយមលោក តែងខ្សឹកខ្សួល ដូចយើងខ្ញុំទាំងឡាយ ជនទាំងឡាយណា បាននូវសម្បត្តិទាំងឡាយ ហើយ តែជាអ្នកកំណាញ់ មិនបរិភោគផង មិនធ្វើបុណ្យផង ។ ជនទាំងនោះ ជាអ្នកមានសេចក្តីស្រេកឃ្លានគ្របសង្កត់ ក្នុងលោកខាងមុខ ក្នុងកាលជាខាងក្រោយមក ជនទាំងនោះ រមែងឆេះរោលរាលក្តៅ ក្រហាយ អស់កាលជាយូរអង្វែង ព្រោះបានធ្វើនូវកម្មមានផលជាទុក្ខ តែទទួលផលជាទុក្ខ មានផលដ៏ក្តៅក្រហាយ ។ ទ្រព្យសម្បត្តិជារបស់មិនទៀង ជីវិតក្នុងលោកនេះ ជារបស់មិនទៀត បណ្ឌិតដឹងនូវរបស់មិនទៀង តាមសភាពរបស់មិនទៀងហើយ គប្បីធ្វើនូវទីពឹង ។ ជនទាំងឡាយណា អ្នកឈ្លាសក្នុងព្រះសទ្ធម្មដឹងច្បាស់យ៉ាងនេះ ជនទាំងនោះឈ្មោះថា ជាអ្នកមិនធ្វេសប្រហែសក្នុងទាន ព្រោះបានស្តាប់ពាក្យនៃព្រះអរហន្តទាំងឡាយ ។ ចប់ រឿងនាគប្រេត ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៦ ទំព័រ ១៤-១៧ ដោយ៥០០០ឆ្នាំ
|