អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២២ (អាន: ៤,២២៨ ដង)
រឿងមហាបទុមមាណព

|
រស្មីពណ៌ក្រហមៈ ជាតំណាងកាលដែលព្រះអង្គសោយព្រះជាតិជាមហាបទុម មាណព ។ គ្រានោះ មានពស់មួយ ប្រកបដោយអសិរពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គ ក៏ទ្រង់យកកាំបិតមកពុះទ្រូង លូកយកបេះដូងមកផ្សំធ្វើថ្នាំ ព្យាបាលមាតាព្រះអង្គឲ្យមាន ជីវិតឡើងវិញ ។ សេចក្តីលំអិតមានដូចតទៅនេះ៖
មានរឿងតំណាលថា ក្នុងអតីតកាល មានព្រះមហាក្សត្រមួយអង្គព្រះនាម សេនរាជ គ្រងរាជសម្បត្តិក្នុង នគរអង្គវតី មានមហេសីព្រះនាម សុមេខលារាជទេវី ជានារីទ្រង់មានរូប ឆោមក្រៃលែង ។ គ្រានោះ ព្រះពោធិសត្វច្យុតចាកឋានតុសិតមកចាប់បដិសន្ធិក្នុងព្រះឧទរ នៃព្រះរាជទេវី ។ កាលណោះ មានព្រះមហាក្សត្រមួយអង្គព្រះនាម កូជរាជ ទ្រង់បានពត៌មានពីមនុស្សទាំងឡាយថា ព្រះនាង សុមេខលារាជទេវី ទ្រង់មានព្រះរូបឆោមក្រៃលែងលើផែនដី ក៏មានព្រះទ័យស្នេហាប្រតិព័ទ្ធយ៉ាងខ្លាំងទើបទ្រង់កេណ្ឌទ័ពលើកចេញទៅព័ទ្ធ នគរអង្គវតី ហើយទ្រង់បញ្ជូនរាជទូតឲ្យទៅថ្លែងរាជសារដល់ព្រះបាទសេនរាជៗមានតម្រិះថា “ឱ! អស់រាស្ត្រប្រជាទាំងឡាយ នឹងដល់នូវសេចក្តីវិនាសអន្តរាយទាំងអាយុជីវិត ទាំងទ្រព្យសម្បត្តិក្នុង គ្រានេះជាមិនខាន” ។ ឯពួកអ្នកនគរ បានប្រមូលផ្តុំគ្នាជាពួក ជាក្រុម ចូលក្រាប បង្គំទូលសុំទទួលអាសាការពាររាជបល័្លង្ក ។ តែព្រះអង្គពុំយល់ព្រមដោយទ្រង់ខ្លាចក្រែង អន្តរាយអាយុរបស់ប្រជាជន ។ ឯពួកសេនាយោធា ក៏លើកទ័ពចេញទៅច្បាំងតាមទំនើងខ្លួន ដោយគ្មានអគ្គបញ្ជាការ ទេ ដោយក្តីស្ម័គ្រចិត្តរៀងៗខ្លួន ម្លោះហើយ ការប្រយុទ្ធឥតមានយុទ្ធសាស្ត្រ និងរបៀបរៀប រយត្រឹមត្រូវ ក៏បណ្តាលឲ្យទទួលការបរាជ័យ ។ ចំណែកឯព្រះបាទសេនរាជ បានទ្រង់ជ្រាប ព៌តមានហើយ ព្រះអង្គក៏ម្នីម្នាដោះព្រះកាយចេញពីនគរ ដោយមានព្រះអគ្គមហេសីស្វាមី ភក្តីស្ម័គ្រចិត្តទៅតាមហែព្រះអង្គផង ។ ក្សត្រាក្សត្រីទាំងពីរព្រះអង្គ ទ្រង់ឈមព្រះភ័ក្រ្តសំដៅ ទៅព្រៃហេមពាន្ត ទ្រង់ចូលព្រៃ ចេញពីព្រៃឆ្លងកាត់វាលអស់ផ្លូវសែនឆ្ងាយដរាបឆ្នេរទន្លេ គង្គាដ៏ធំមួយ ទើបទ្រង់កាប់ឈើធ្វើជាក្បូន រួចស្រេចហើយក៏ឲ្យព្រះរាជអគ្គមហេសីគង់លើ ក្បូនឈើនោះឆ្លងទៅត្រើយនាយ ។ ពេលដែលក្បូនដល់ពាក់កណ្តាលទន្លេ ស្រាប់តែមាន ខ្យល់ព្យុះអាកាសវាទមួយបក់បោកយ៉ាងខ្លាំងបណ្តាលឲ្យក្បូននោះដាច់ចំណង ក្សត្រទាំងពីរអង្គក៏ព្រាត់ទៅទីទៃពីគ្នានាគ្រានោះឯង ។ ព្រះរាជទេវីត្រូវខ្យល់រលកបក់បោកទៅដល់ត្រើយមុន ក្រឡេកមើលព្រះស្វាមីពុំឃើញ ទ្រង់ព្រះកន្សែងសោកាជាពន្លឹក ហើយត្រាច់រកតាមឆ្នេរគង្គា ជូនជាក្រឡេកមើលទៅ កណ្តាលទន្លេ ក៏បានឃើញព្រះស្វាមី លិចអណ្តែតៗ ទ្រង់ភិតភ័យតក្កមាក្រែងព្រះស្វាមីក្ស័យព្រះជន្មា ទើបព្រះនាងតាំងសច្ចកិរិយាធិដ្ឋានសុំឲ្យផ្ទៃគង្គា មានសណ្ឋានរឹងដូចប្រថពី ។ គ្រានោះគួរឲ្យអស្ចារ្យណាស់ ផ្ទៃទឹកគង្គាក៏រឹងគួរឲ្យចម្លែក ទើបព្រះនាងយាត្រាលើខ្នងទឹក ទៅរកស្វាមីនាកណ្តាលទន្លេគង្គា ស្រង់ព្រះស្វាមីពីទឹកហើយឲ្យយាត្រាតាមព្រះនាងដរាប ដល់ត្រើយ ។ ព្រះរាជាទ្រង់ស្ងើចសរសើរបុណ្យបារមីព្រះនាងដោយប្រការផ្សេងៗ ហើយ ក្សត្រាក្សត្រីយាត្រាសំដៅទៅព្រៃព្រះហេមពាន្តដើម្បីទ្រង់ផ្នួសជាតាបសឥសី ។ កាលណោះ ក្រឡាអាសនៈ នៃព្រះអមរិន្ទ សម្តែងឧណ្ហាការជាចម្លែកទើបទ្រង់បើក ទិព្វចក្ខុទតមកមើលមនុស្សលោក ក៏ទ្រង់បានជ្រាបព្រឹត្តិការហេតុសព្វគ្រប់ ទើបទ្រង់មាន ទេវបញ្ជាឲ្យវិស្សកម្មទេវបុត្រ ចុះមកនិម្មិតជាបណ្ណសាលាពីរខ្នងសម្រាប់ក្សត្រាក្សត្រីទាំងពីរៗ ក៏ទ្រង់ជ្រាបថា បណ្ណសាលានេះកើតឡើងដោយទេវានុភាព អនុគ្រោះចំពោះព្រះអង្គ ទើបស្តេចចូលទៅក្នុងបណ្ណសាលា ហើយទ្រង់ព្រះផ្នួសជាឥសីតាមប្រពៃណី ។ ព្រះមហាក្សត្រគង់នៅក្នុងបណ្ណសាលានាព្រៃហេមពាន្ត ដោយក្តីសុខជាមួយនឹងព្រះ មហេសី ដែលតែងតែយាងទៅស្វែងរកមើមឈើព្រៃសម្រាប់ធ្វើអាហារឥតមានកង្វះខាត ឡើយ ។ ព្រះរាជាតែងទ្រង់បន្លឺនូវព្រះឧទានថា សុខស្រួលណាស់នៅទីនេះ ។ ប៉ុន្តែ ក្តីសុខ ក្សេមក្សាន្តនេះ មិនបានឋិតថេរទេ មិនយូរប៉ុន្មាន ទ្រង់ក៏ប្រឈួនជាទម្ងន់ ហើយទ្រង់សោយ ទិវង្គត់ទៅ ។ ឯព្រះរាជទេវី ទ្រង់ព្រះកន្សែងសោយសោកលើសលន់ពន់ប្រមាណស្ទើរក្ស័យ ព្រះជន្មទៅជាមួយនឹងព្រះស្វាមី ។ លុះបន្ទោបង់នូវសេចក្តីសោកបានខ្លះហើយទើបព្រះនាង ថ្វាយបង្គំព្រះសព សុំខមាទោសតាមប្រពៃណីរួចហើយ ទើបព្រះនាងរៀបពិធីបូជាព្រះសព ព្រះស្វាមី ។ រាល់ទិវារាត្រី ព្រះនាងតែងតែនឹកឃើញព្រះស្វាមី ធើ្វឲ្យព្រះនាងអាឡោះ អាល័យស្ទើរតែទៅជាវិកលចរិត ។ ឯព្រះគ៌ភព្រះនាងកាន់តែចាស់ខែហើយ នៅទីបំផុត ព្រះនាងក៏ប្រសូត្រព្រះរាជបុត្រ ។ ដោយបុណ្យបារមីរបស់ព្រះរាជបុត្រ ពេលនោះក៏មានហេតុអស្ចារ្យកើតប្រាកដឡើង គឺមានផ្កាឈូកមាសយ៉ាងធំផុសឡើងទ្រព្រះរាជកុមារ ។ ព្រះនាងទតឃើញដូច្នោះ ក៏មានព្រះ ទ័យត្រេកអរយ៉ាងខ្លាំង ក៏ទ្រង់ជ្រាបថា ព្រះរាជកុមារនេះ មានបុណ្យបារមី ទើបទ្រង់តាំង នាមថា មហាបទុមកុមារ ។ លុះព្រះកុមារមានវ័យចម្រើនឡើង បានទូលសួររកព្រះបិតា ព្រះនាងក៏រៀបរាប់ប្រាប់ ព្រះរាជកុមារតាមដំណើររឿងចប់សព្វគ្រប់ ។ រៀងរាល់ថ្ងៃព្រះរាជកុមារតែងតែសុំព្រះមាតា ទៅព្រៃដើម្បីរកផលាផល និងមើមឈើជំនួសមាតា តែមាតាមិនយល់ព្រម ដោយទ្រង់យល់ ថា ព្រះរាជបុត្រនៅក្មេងពេក ។ ព្រះរាជកុមារជាមនុស្សមានប្រាជ្ញា និងប្រកបដោយកតញ្ញូតាមធម៌ ចង់តបគុណព្រះ មាតា និងខ្លាចព្រះមាតាជួបប្រទះនូវហេតុភេទណាមួយ ពេលដែលព្រះមាតាចេញទៅរក ផលាផល ព្រះរាជកុមារតែងតែលបទៅតាមពីក្រោយមិនឲ្យព្រះមាតាដឹងឡើយ រហូតកំណត់ទិសតំបន់បានគ្រប់ទីកន្លែងទើបត្រឡប់មកអាស្រមវិញ ។ នៅរសៀលថ្ងៃមួយ ព្រះ នាងកំពុងតែយាងត្រឡប់មកអាស្រមវិញ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ទើបព្រះនាង គេចចូលជ្រកក្រោមម្លប់ឈើធំមួយ នៅដើមឈើនោះ មានអាសិរពិសមួយលូនចេញពីរន្ធឈើនោះ ក៏ចឹកចំព្រះបាទារបស់ព្រះនាងៗស្រែក ដង្ហោយហៅព្រះរាជបុត្រ ទ្រង់ព្រះកន្សែង សោយសោកអាណិតដល់ព្រះរាជបុត្រ មិនយូរប៉ុន្មាន ព្រះនាងក៏ក្ស័យព្រះជន្មដោយពិស ពស់ដ៏សាហាវនោះទៅ ។ ឯព្រះបទុមកុមារ ពេលមិនឃើញមាតាត្រឡប់មកអាស្រមតាមប្រក្រតីវិញ ក៏សង្ស័យ ថា ប្រហែលជាព្រះមាតាមានឧបសគ្គអ្វី ទើបយាត្រារត់រកព្រះមាតា ត្រាតែបានជួបប្រទះ ហើយក៏ទ្រង់ព្រះកន្សែងសោយសោកមហិមារហូតដល់បាត់ស្មារតី ។ ពេលដឹងខ្លួនឡើង ក៏ តាំងចិត្តអធិដ្ឋានបួងសួងដល់ទេវតាទាំងឡាយថា “ខ្ញុំសុខចិត្ត លះបង់ជីវិតរបស់ខ្ញុំ សូមឲ្យ តែព្រះមាតារបស់ខ្ញុំរស់រានមានជីវិតឡើងវិញចុះ ។ គ្រានោះបណ្តាលឲ្យក្តៅដល់ព្រះឥន្ទ្រាធិរាជៗក៏និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ ចូលទៅ រកព្រះកុមារៗ ក៏សួររកថ្នាំ ។ ព្រាហ្មណ៍ចាស់ប្រាប់ថា ចូរអ្នករកសាច់បេះដូងមនុស្សរស់យក មកផ្សំ រួចបញ្ច្រកចូលទៅក្នុងមាត់មាតារបស់អ្នកមាតារបស់អ្នកនឹងរស់ឡើងវិញ ។ ពេលនោះព្រះបទុមកុមារ ក៏ងើបទៅលើអាកាស ហើយបួងសួងសុំឲ្យទេវតាទម្លាក់អាវុធចុះមក ។ អាវុធក៏ធ្លាក់ចុះមកមែនទើបព្រះកុមារ ចាប់យកកាំបិតវះកាត់យកសាច់បេះដូងចេញមកជូន ទៅតាព្រាហ្មណ៍ៗ ក៏ចាប់ដាក់ទៅក្នុងមាត់ព្រះនាង រួចសេកមន្តផ្សំផងស្រាប់តែព្រះមាតា របស់ព្រះកុមាររស់ឡើងវិញភ្លាម ហាក់ដូចជាទើបតែក្រោកពីនិន្ទ្រា ។ ចំណែកឯព្រះកុមារ វិញ ដេកដូលក្ស័យព្រះជន្មក្នុងខណៈនោះដែរ ។ ដោយអំណាចរបស់ព្រះឥន្ទ្រាធិរាជ និងកម្លាំងកត្តញ្ញូតាធម៌ ព្រះឥន្ទ្រាធិរាជក៏បានជួយស្រោចស្រង់ ព្រះរាជកុមារឲ្យមានព្រះជន្មឡើងវិញ ដូចធម្មតា ។ ព្រះវរមាតា និងព្រះ រាជបុត្រ ក៏មានព្រះទ័យសោមនស្សរីករាយក្រៃលែង ហើយនាំគ្នាត្រឡប់ទៅកាន់អាស្រម គង់នៅជាសុខក្សេមក្សាន្តដរាបដល់អស់ព្រះជន្មាយុ ។ ដោយ៥០០០ឆ្នាំ |