អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១១,៧០៥ ដង)
រឿងសញ្ចីវមាណព

|
រឿងសញ្ចីវមាណព
(ចាក ស. ឯ.) (សង្គ្រោះអសប្បុរស នឹងវិនាសខ្លួនដោយពិត) កាលកន្លងទៅហើយ មានមាណពម្នាក់ឈ្មោះសញ្ជីវះ បានសិក្សាមន្តវិជ្ជាការជាមួយនឹងសិស្ស៥០០រូបក្នុងសំណាក់អាចារ្យទិសាបាមោក្ខ នាក្រុងពារាណសី។ សញ្ជីវមាណពបានសុំលោកអាចារ្យរៀនមន្តប្រស់សត្វស្លាប់ ឲ្យរស់មកវិញ។ លុះមន្តវិជ្ជាសាស្ត្របានសម្រេចហើយ ថ្ងៃមួយមាណពនោះ បានចូលទៅរកអុស ក្នុងមហាវ័នជាមួយនឹងសិស្សនានា បានប្រទះខ្លាស្លាប់១ ក៏ពោលប្រាប់គេថា ភឿនទាំងឡាយ ចាំមើលខ្ញុំប្រស់សាកមើលចុះ រួចគេរត់ឡើងដើមឈើទាំងអស់គ្នាទៅ ។ សញ្ជីវមាណពក៏តាំងរាយមន្តប្រស់ខ្លានោះ ហើយយកម្រាមដៃផ្ទាត់ផង ។ ខ្លាក៏រស់ឡើងភ្លាម ហើយស្ទុះទៅខាំមាណពនោះស្លាប់ទើបដួលគ្រុបទៅវិញ ។ ខ្លានឹងមាណពក៏ស្លាប់ក្នុងទីជាមួយគ្នា ក្នុងពេលនោះឯង ។ សិស្សទាំងឡាយ ក៏នាំរឿងនោះ មកជម្រាបអាចារ្យៗ ក៏ពោល ថានែអ្នកទាំងឡាយ ជនណាដែលបានលើកដំកើង សង្គ្រោះអសប្បុរស ហើយធ្វើសក្ការះរាប់អានក្នុងទីមិនសមគួរ ជននោះតែងតែបានសេចក្តីទុក្ខលំបាកវិនាសខ្លួនប្រាណ សាបសូន្យ ចាកជីវិតដូចជា សញ្ជីវមាណពនេះជាកំណត់ព្រោះអសប្បុរស មើលមិនឃើញអ្នកសង្គ្រោះទេ ទើបពោលគាថា តទៅទៀតថាៈ អសន្តំ យោ បគ្គណ្ហាតិ អសន្តមូបសេវតិ តមេវ ឃាសំ កុរុតេ ព្យគ្ឃោ សញ្ជីវកំ យថា ។
អ្នកណាលើកដំកើងនឹងគប់រកអសប្បុរស អសប្បុរសនោះ តែងតែធ្វើអ្នកដំកើង ឲ្យទៅជាចំណីរបស់ខ្លួនដូចខ្លានឹងមាណពឈ្មោះសញ្ជីវះ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |