អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៣៤,៦២៧ ដង)
សេលសូត្រ

|
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចយាងទៅកាន់អង្គុត្តរាបជនបទ ព្រមទាំងភិក្ខុសង្ឃ ១២៥០ អង្គ ដែលជាព្រះភិក្ខុសង្ឃក្នុងចតុរង្គសន្និបាតនោះឯង ។ សម័យនោះ កេណិយជដិល បានចូលគាល់ព្រះដ៏មានព្រះភាគ ស្ដាប់ព្រះធម្មទេសនា មានសេចក្តីជ្រះថ្លា អារាធនាព្រះដ៏មានព្រះភាគ និងព្រះភិក្ខុសង្ឃទាំងអស់អង្គ ទទួលភត្តាហារក្នុងថ្ងៃស្អែក ។
ដោយ៥០០០ឆ្នាំក្នុងសម័យនោះដែរ សេលព្រាហ្មណ៍ អាស្រ័យនៅក្នុងអាបណនិគម ចេះចប់ក្នុងគម្ពីរត្រៃវេទ និងគម្ពីរផ្សេងៗទៀត បង្រៀនកូនសិស្ស ៣០០ នាក់ ហើយសេលព្រាហ្មណ៍នេះឯងធ្លាប់ជាទីជ្រះថ្លារបស់កេណិយជដិលរហូតមក ។ សេលព្រាហ្មណ៍ ព្រមទាំងកូនសិស្ស បានចូលទៅកាន់អាស្រមរបស់កេណិយជដិល ក៏បានឃើញមនុស្សទាំងឡាយ កំពុងតែធ្វើកិច្ចការផ្សេងៗ អ៊ូអរក្នុងទីនោះ លុះសាកសួរដឹងរឿងថា មានការរៀបចំថ្វាយទានចំពោះព្រះសម្មាសម្ពុទ្ធ និងភិក្ខុសង្ឃ សេលព្រាហ្មណ៍មានសេចក្តីត្រេកអរដ៏ក្រៃលែងទាំងសួរបញ្ជាក់ពាក្យថាព្រះពុទ្ធជាច្រើនដងទៀតផង ហើយបានគិតថា ពាក្យថាព្រះពុទ្ធនេះ រកបានដោយក្រក្នុងលោក ។ សេលព្រាហ្មណ៍បានចូលគាល់ព្រះដ៏មានព្រះភាគ បានឃើញនូវមហាបុរិសលក្ខណៈ ៣២ ប្រការរបស់ព្រះដ៏មានព្រះភាគសព្វគ្រប់ហើយ ទើបបានពោលសរសើរ ក្នុងទីចំពោះព្រះភក្ត្រនៃព្រះដ៏មានព្រះភាគ ដូច្នេះថាបពិត្រព្រះដ៏មានបុណ្យ ព្រះអង្គមានព្រះកាយពេញលេញ មានព្រះសរីរៈល្អ មានកំពស់និងទំហំសមសួន អ្នកផងមើលមិនចេះឆ្អែតឆ្អន់ មានសម្បុរដូចមាស មានព្រះទាឋាសស្អាត ទ្រង់ប្រកប ដោយសេចក្ដីព្យាយាម មហាបុរិសលក្ខណទាំងឡាយ ដែលមានដល់ជនអ្នកមានកំណើតល្អយ៉ាងណា មហាបុរិសលក្ខណៈទាំងអស់នោះ ក៏មានក្នុងព្រះកាយរបស់ព្រះអង្គយ៉ាងនោះដែរ ព្រះអង្គមានព្រះនេត្រថ្លា មានព្រះភក្ត្រស្រស់បស់ មានព្រះអង្គាវយវៈត្រង់ដូចជាអង្គព្រហ្ម មានព្រះរស្មី មានព្រះញាណដ៏ល្អ ទ្រង់ខ្លាចភ័យក្នុងសង្សារវដ្ដ ទ្រង់មានព្រះតចៈភ្លឺដូចមាស រុងរឿងកណ្ដាលពពួកសមណៈដូចជាព្រះអាទិត្យ ព្រះអង្គមានពន្លឺដ៏ថ្លៃថ្លាយ៉ាងនេះ ត្រូវការអ្វីដោយសមណភាព គួរណាស់តែសោយរាជ្យជាស្ដេចចក្រពត្តិ ( ទូន្មានប្រជាជន ឲ្យត្រឹមត្រូវតាមធម៌ ) ដូចជាសារថីដ៏ឧត្ដម ទ្រង់គ្រប់គ្រងផែនដីរហូតដល់សមុទ្រទាំង ៤ ជាទីបំផុត ជាស្ដេចឈ្នះសង្គ្រាម ជាឥស្សរៈនៃជម្ពូទ្វីប ពួកខត្តិយជាតិដែលសោយរាជ្យ ដោយភោគសម្បត្តិ ចូលមកជាក្សត្រិយ៍ចំណុះព្រះអង្គ បពិត្រព្រះគោតម សូមព្រះអង្គសោយរាជសម្បត្តិ ជាព្រះរាជាធិរាជដ៏ធំជាងមនុស្ស ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ តថាគតជាស្ដេចព្រោះធម៌ ប្រសើរដោយគុណឥតបុគ្គលណាស្មើ ញ៉ាំងចក្រជាចក្រដែលបុគ្គលដទៃឲ្យប្រព្រឹត្តទៅមិនកើត ឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ ក្រាបបង្គំទូលថាបើដូច្នោះ ព្រះអង្គជាព្រះសម្ពុទ្ធ បានត្រាស់ដឹងហើយតើព្រះអង្គត្រាស់ថា តថាគតជាស្ដេចព្រោះធម៌ហើយ ប្រសើរដោយគុណ ឥតបុគ្គលណាស្មើ ញ៉ាំងចក្រឲ្យប្រព្រឹត្តទៅតាមធម៌បានសេលព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតម សូមព្រះអង្គប្រាប់ខ្ញុំ ចុះលោកណាជាសេនាបតី ជាសាវ័ករបស់ព្រះសាស្ដា ចុះលោកណាញ៉ាំងធម្មចក្រដែលព្រះអង្គឲ្យប្រព្រឹត្តទៅហើយនេះ ឲ្យប្រព្រឹត្តទៅបានព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសេលព្រាហ្មណ៍ ធម្មចក្រណា ដែលតថាគតឲ្យប្រព្រឹត្តទៅ សារីបុត្តជាអនុជាត ក៏ញ៉ាំងធម្មចក្រនោះ ឲ្យប្រព្រឹត្តទៅ ទុក្ខសច្ច និងនិរោធសច្ច ដែលតថាគតត្រូវដឹងច្បាស់ ក៏តថាគតបានដឹងច្បាស់ហើយ មគ្គសច្ចដែលតថាគតត្រូវអប់រំ ក៏តថាគត បានអប់រំហើយ សមុទយសច្ច ដែលតថាគតត្រូវលះបង់ ក៏តថាគត បានលះបង់ហើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុនោះ បានជាតថាគតឈ្មោះថាព្រះពុទ្ធ ម្នាលព្រាហ្មណ៍ អ្នកចូរនាំបង់ ជម្រះបង់ នូវសេចក្ដីសង្ស័យក្នុងតថាគតចេញ ការជួបប្រទះនឹងព្រះសម្ពុទ្ធទាំងឡាយរឿយៗ គេមិនងាយនឹងបានទេ ការកើតប្រាកដឡើងក្នុងលោករឿយៗ នៃព្រះសម្ពុទ្ធទាំងឡាយ ក៏គេមិនងាយនឹងបានដែរ ម្នាលព្រាហ្មណ៍ តថាគតហ្នឹងឯងជាព្រះពុទ្ធ ជាពេទ្យវះ មិនមានពេទ្យដទៃប្រសើរជាងឡើយ មានសភាពជាអ្នកប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារ និងសេនារបស់មារ ធ្វើពួកសត្រូវទាំងអស់ ឲ្យលុះក្នុងអំណាចបាន ឥតមានភ័យអំពីអ្វី រមែងរីករាយ ទើបសេលព្រាហ្មណ៍ និយាយនឹងពួកមាណពទាំងនោះថា ម្នាលអ្នកទាំងឡាយដ៏ចម្រើន ចូរអ្នកទាំងឡាយស្ដាប់ នូវព្រះពុទ្ធដីកានេះចុះ ព្រះមានចក្ខុ ជាពេទ្យវះ ( ដ៏ប្រសើរ ) មានព្យាយាមធំ ទ្រង់មានព្រះពុទ្ធដីកាមកទាំងប៉ុន្មាន ដូចជាសីហៈបន្លឺក្នុងព្រៃ នរណាបានឃើញព្រះសាស្ដា មានសភាពជាបុគ្គលប្រសើរ កន្លងបង់នូវសេចក្ដីប្រៀបផ្ទឹម ជាអ្នកញាំញីនូវមារនិងសេនានៃមារហើយ ( ដូចម្ដេចឡើយ ) នឹងអត់ទ្រាំមិនជ្រះថ្លាបាន សូម្បីជនអ្នកកើតក្នុង ត្រកូលដ៏ថោកទាប ( ក៏គង់ជ្រះថ្លានឹងព្រះអង្គដែរ ) អ្នកណាចូលចិត្តតាមខ្ញុំ អ្នកនោះចូរមក អ្នកណាមិនចូលចិត្តទេ អ្នកនោះចូរទៅចុះ ខ្ញុំនឹងបួសក្នុងសម្នាក់នៃព្រះសម្ពុទ្ធ ព្រះអង្គមានប្រាជ្ញាដ៏ប្រសើរ ក្នុងទីនេះហើយ ពួកមាណពទាំងអស់ ក៏និយាយនឹងសេលព្រាហ្មណ៍ថា បើលោកដ៏ចម្រើន ពេញចិត្តនឹងសាសនា របស់ព្រះសម្មាសម្ពុទ្ធយ៉ាងនេះ យើងទាំងឡាយក៏នឹងបួសក្នុងសម្នាក់ព្រះសម្ពុទ្ធ ទ្រង់មានប្រាជ្ញាដ៏ប្រសើរដែរ ( សេលព្រាហ្មណ៍ក្រាបបង្គំទូលថា ) ព្រាហ្មណ៍ទាំង ៣០០ នាក់នេះ លើកកម្បង់អញ្ជលីសូមផ្នួស បពិត្រព្រះមានបុណ្យ យើងទាំងឡាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសម្នាក់ព្រះអង្គព្រះមានព្រះភាគត្រាស់ថា ម្នាលសេលព្រាហ្មណ៍ ព្រហ្មចរិយៈដែលតថាគតសម្ដែង ដោយប្រពៃហើយ ជាព្រហ្មចរិយៈដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង ឲ្យផលមិនរង់ចាំកាល បព្វជ្ជារបស់បុគ្គលអ្នកមិនប្រហែសធ្វេស ជាអ្នកសិក្សា ជាបព្វជ្ជាមិនសោះសូន្យទេ ។ សេលព្រាហ្មណ៍ ព្រមទាំងបរិស័ទ ក៏បានបព្វជ្ជានិងឧបសម្បទា ក្នុងសម្នាក់នៃព្រះមានព្រះភាគ ។ ថ្ងៃស្អែកឡើង ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃទាំងអស់អង្គ បានទទួលចង្ហាន់របស់កេណិយជដិល នៅក្នុងអាស្រមបទរបស់គាត់ រួចហើយព្រះអង្គទ្រង់អនុមោទនាគាថា ២ ព្រះគាថា ៖ អគ្គិហុត្តមុខា យញ្ញា សាវិត្តិ ឆន្ទសោ មុខំ រាជា មុខំ មនុស្សានំ នទីនំ សាគរោ មុខំ ។ យញ្ញទាំងឡាយ មានការបូជាភ្លើងជាប្រធាន គម្ពីរសាវិត្តិសាស្ត្រ ជាប្រធាននៃឆន្ទសាស្ត្រ ព្រះរាជាជាប្រធាននៃពួកមនុស្ស សាគរជាប្រធាននៃពួកនទី ។ នក្ខត្តានំ មុខំ ចន្ទោ អាទិច្ចោ តបតំ មុខំ បុញ្ញមាកង្ខមានានំ សង្ឃោ វេ យជតំ មុខន្តិ ។ ព្រះចន្ទជាប្រធាននៃពួកផ្កាយ ព្រះអាទិត្យជាប្រធាននៃពួកកម្ដៅ ព្រះសង្ឃក៏ជាប្រធាននៃមនុស្សទាំងឡាយដែលប្រាថ្នាបុណ្យហើយបូជា ។ សេលភិក្ខុ ព្រមដោយបរិស័ទ បានព្យាយាមបដិបត្តិ មិនជាយូរប៉ុន្មាន ក៏បានអស់នូវអាសវក្កិលេស នាំគ្នាចូលគាល់ព្រះដ៏មានព្រះភាគ ហើយបានពោលគាថាទាំងឡាយថ្វាយព្រះអង្គ ដែលមានសេចក្តីថាបពិត្រព្រះអង្គទ្រង់មានបញ្ញាចក្ខុ យើងខ្ញុំទាំងឡាយ បានដល់នូវទីពឹង រាប់មកដល់ថ្ងៃនេះ គម្រប់ជា ៨ ថ្ងៃហើយ បពិត្រព្រះមានបុណ្យ យើងខ្ញុំទាំងឡាយ បានទូន្មានខ្លួនតាមព្រះសាសនារបស់ព្រះអង្គអស់ ៧ រាត្រីហើយ ព្រះអង្គជាព្រះពុទ្ធ ព្រះអង្គជាបរមសាស្ដា ព្រះអង្គជាអ្នកប្រាជ្ញគ្របសង្កត់នូវមារ ព្រះអង្គជាអ្នកឈ្លាសវៃ ក្នុងអនុសយធម៌ ទ្រង់ឆ្លង ( ចាកសង្សារវដ្ដ ) បានដោយព្រះអង្គឯង ហើយទ្រង់ចម្លងពពួកសត្វនេះឲ្យឆ្លងបានផង ព្រះអង្គកន្លងផុតឧបធិ ព្រះអង្គទម្លាយ នូវអាសវៈទាំងឡាយ ព្រះអង្គមិនមានឧបាទាន ទ្រង់លះបង់នូវភ័យដែលគួរឲ្យខ្លាចទាំងអស់ ដូចសីហៈ ភិក្ខុទាំង ៣០០ រូបនេះ ឈរប្រណម្យអញ្ជលី បពិត្រព្រះអង្គអ្នកមានព្យាយាម សូមព្រះអង្គលាព្រះបាទទាំងគូ ពួកនាគគឺភិក្ខុ សូមក្រាបថ្វាយបង្គំចំពោះព្រះអង្គជាបរមសាស្ដា ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ |