អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៥១២ ដង)
បុគ្គលដែលមានប្រក្រតីចម្រើនសតិប្បដ្ឋាន

|
អនុស្សតិ បុគ្គលដែលមានប្រក្រតីចម្រើនសតិប្បដ្ឋាន តែងមានចិត្តបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យនៃព្រះអរហន្តទាំងឡាយ ។
ព្រះអរហន្តទាំងឡាយ មិនមានភ័យ មិនមានកង្វល់ មិនប្រកាន់ មិនជាប់ជំពាក់ មិនអាល័យ មិនត្រូវការដោយតណ្ហាសូម្បីតែជីវិតរស់នៅ មានព្រះហឫទ័យស្អាតបរិសុទ្ធអស់កាលជានិច្ចទល់នឹងបរិនិព្វាន ។ ព្រះហឫទ័យដ៏ស្ងប់ត្រជាក់និងភ្លឺស្វាងត្រចះត្រចង់ដោយពន្លឺបញ្ញា ព្រមដោយព្រះហឫទ័យករុណាចំពោះសត្វលោក ប្រាដកដូចជារមណីយដ្ឋាននៃចិត្តពុទ្ធបរិស័ទរមែងរីករាយដោយបីតិ បស្សទ្ធិ សុខស្ងប់ដ៏សែនមនោរម្យក្រៃលែង ។ ធម្មជាតិចិត្ត តែងតែធ្លាក់ចុះក្នុងកាមដោយកាមវិតក្ក តែងជាប់ជំពាក់ តែងខ្វាយខ្វល់ក្នុងរឿងផ្សេងៗ ដូច្នេះការងារដែលពុទ្ធបរិស័ទអាចហ្វឹកហាត់អប់រំចិត្ត ឲ្យចិត្ត ចេះបង្អោនទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យ នៃព្រះអរហន្តបាន គឺជាការប្រពៃក្រៃលែង ប្រៀបដូចរាជហង្ស ដែលមិនត្រេកអរនឹងស្រះទឹកក្នុងភូមិត្រកូលចណ្ឌាល ព្រោះស្រះនោះស្មោកគ្រោកមិនស្អាត តែងរាជហង្ស រមែងត្រេកអរចំពោះស្រះបោក្ខរណីក្នុងដែនដីនៃព្រៃហិមពាន្ត ដូច្នោះឯង ។ ក្នុងបិដកលេខ ៤៦ ទំព័រ ១២-១៥ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងចំពោះព្រះសក្យមហានាមថា បពិត្រមហានាម ក្នុងសម័យណា អរិយសាវ័ករលឹករឿយៗនូវគុណនៃព្រះតថាគត... រលឹករឿយៗនូវគុណព្រះធម៌... រលឹករឿយៗនូវគុណនៃព្រះសង្ឃ ក្នុងសម័យនោះ អរិយសាវ័កនោះ គឺមិនត្រូវរាគៈ រួបរឹតចិត្តបានឡើយ ទាំងដែលក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ រមែងជាចិត្តត្រង់ព្រោះប្រារព្ធនូវគុណនៃព្រះតថាគត... ព្រោះប្រារព្ធនូវគុណនៃព្រះធម៌... ព្រោះប្រារព្ធនូវគុណនៃព្រះសង្ឃ ។ បពិត្រមហានាម លុះអរិយសាវ័កមានចិត្តត្រង់ហើយ រមែងបាននូវការដឹងអត្ថ បាននូវការដឹងធម៌ បាននូវសេចក្តីរីករាយប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមាន សេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់មាំ ។ បពិត្រមហានាម អរិយសាវ័កនោះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ក្នុងពួកសត្វដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈគឺវិបស្សនាចម្រើនពុទ្ធានុស្សតិ... ចម្រើនធម្មនុស្សតិ... ចម្រើនសង្ឃានុស្សតិកម្មដ្ឋាន ។ ក្នុងការដែលពុទ្ធបរិស័ទ បង្អោនចិត្តទៅរកសេចក្តីស្ងប់ស្ងាត់ក្នុងព្រះហឫទ័យនៃព្រះអរហន្ត ដូចដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងហើយ សន្តានចិត្តនៃពុទ្ធបរិស័ទរមែងមានដូចតទៅ ៖ មិនត្រូវរាគៈរួបរឹត មិនត្រូវទោសៈរួបរឹត ព្រោះប្រារព្ធនូវគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ កាលដែលចិត្តត្រង់ហើយ រមែងបាននូវការដឹងអត្ថគឺសេចក្តីនៃព្រះពុទ្ធដីកា និងបាននូវសេចក្តីរីករាយប្រកបដោយធម៌ គឺបាននូវបីតិបាមោជ្ជក្នុងបាលីនិងអត្ថកថា ។ ធម៌ ៥ យ៉ាង កើតជាមួយចិត្តដែលបង្អោនទៅរកព្រះហឫទ័យដ៏ស្ងប់នៃព្រះអរហន្តនោះគឺ ១- បោមោជ្ជ រីករាយយ៉ាងស្រទន់ ២- បីតិ រីករាយឆ្អែតកាយឆ្អែតចិត្ត ៣- បស្សទ្ធិ ស្ងប់រម្ងាប់ការក្រវាយក្រវល់ ៤- សុខ សុខស្ងប់ក្នុងចិត្ត ៥- សមាធិ ឯកគ្គតាធ្វើឲ្យចិត្តតម្កល់មាំ ។ នៅមានគុណជាតិ ៣ យ៉ាងទៀតគឺ ១- វិសមគតាយ បជាយ សមប្បត្តោ វិហរតិ ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វដែលប្រាសចាកការស្ងប់រម្ងាប់ ។ ២- សព្យាបជ្ឈាយ បជាយ អព្យាបជ្ឈោវិហរតិ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វដែលមានសេចក្តីចង្អៀតចង្អល់ ។ ៣- ធម្មស្សោតំ សមាបន្នោ ជាអ្នកសម្រេចនូវ ធម្មស្សោតៈ គឺវិបស្សនា ។ ស្រង់ចាកពីសៀវភៅ " ព្រះថេរីគាថា ភាគ២ " រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត-សាវង្ស ។ ដោយ៥០០០ឆ្នាំ |