អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,១២៣ ដង)
បុរសថោកទាបច្រើនចាញ់បោកប្រាជ្ញាស្រី

|
រឿងនាងកល្យាណី
(ចាក លោ. ជា) (បុរសថោកទាបច្រើនចាញ់បោកប្រាជ្ញាស្រី) កាលព្រះសម្ពុទ្ធបរមគ្រូកំពុងសាងបារមីនៅឡើយ ទ្រង់សោយព្រះជាតិជាកូនសេដ្ឋីយកធ្វើជាព្រះរាជបុត្រតាំងតែពីអាយុ ៧ ឆ្នាំ។ ថ្ងៃមួយព្រះរាជាចាត់ប្រើឲធនេញ្ជយ្យបណ្ឌិតទៅបង្រ្កាបសត្រូវក្នុងបច្ចន្តជនបទ ព្រះពោធិសត្វក៏ថ្វាយបង្គំលាមាតាបិតាហើយផ្តាំនាងកល្យាណីជាភរិយាឲ្យមើលទំនុកបំរុងមាតាបិតា និងថែរក្សាខ្លួនកុំអោយសត្រូវមើលងាយ ផ្តាំស្រេចហើយក៏នាំសេនាទាហានចេញទៅ ។ មានសេចក្តីដំណាលថា ក្នុងនគរនោះមានសេនាបតីម្នាក់ ឈ្មោះឧជុកសេនាបតីជាសត្រូវនឹងព្រះពោធិសត្វ ។ កាលបើដឹងព្រះពោធិសត្វ ព្រះរាជាចាត់ឲ្យចេញទៅបង្រាបសត្រូវបាត់ហើយនៅតែនាងកល្យាណី ក៏ហៅអ្នកប្រាជ្ញ៣ នាក់នោះគឺឈ្មោះ សុន្ធរាលេយ្យបណ្ឌិត១, ឥដ្ឋារម្មណបណ្ឌិត១, អភយបណ្ឌិត១។ ឧជុកសេនាបតីនិយាយពន្យល់អ្នកប្រាជ្ញទាំង ៣ នាក់នោះថា ម្នាលបណ្ឌិត នាងកល្យាណីជាស្រ្តីក្មេងព្រាត់ប្តី ធម្មតាស្រ្តីក្មេងតែងបរិបូណ៍ដោយកាមតណ្ហាក្លៀវក្លា យើងត្រូវលួងលោមដោយកាមតណ្ហា ដើម្បីប្រកបមេថុន មុខជាបានសំរេចដោយងាយ។ អ្នកប្រាជ្ញទាំង៣ នាក់និយាយថាៈ បពិត្រលោកម្ចាស់ ការណ៍នេះមិនងាយទេ ត្បិតនាងកល្យាណីមានបរិវារច្រើន មានគ្រឿងរក្សាការពារមាំមួន យើងខ្ញុំមានអាចលួងលោមបានឡើយ។ ឧជុកសេនាបតីថាមិនក្រទេងាយណាស់ ឯស្រីជាបរិវារ វាចង់បានទ្រព្យ បើយើងឲ្យទ្រព្យវាហើយ វានឹងជួយគិតការយើងបានសម្រេចដោយងាយ។ អ្នកប្រាជ្ញ៣ នាក់ស្តាប់សេចក្តីពន្យល់នេះហើយជឿថាងាយមែន ដល់វេលាថ្ងៃរសៀលស្លៀកខោអាវស្អាតបាត ដើរក្បែរកំពែងវាំងដើរទៅមកៗ ដើម្បីបង្ហាញខ្លួនឲ្យនាងកល្យាណីឃើញ។ គ្រានោះនាងកល្យាណីអគ្គនារីរត្ន័ស្ថិតនៅលើប្រសាទ បានឃើញអាការៈរបស់អ្នកប្រាជ្ញទាំង៣ នាក់នោះប្លែកដូច្នោះ ក៏ប្រើស្រ្តីបំរើម្នាក់ដែលមានគំនិតត្រឹមត្រូវជិតដិតនឹងនាងឲ្យចុះទៅសើបការ តើអ្នកប្រាជ្ញទាំង ៣ នោះមានការដូចម្តេច? ស្រ្តីបំរើចុះទៅឈរក្បែរកំពែងវាំងធ្វើអាការៈតាមសេចក្តីបង្គាប់របស់នាង។ ឯអ្នកប្រាជ្ញទាំង៣ ឃើញស្រ្តីបំរើនោះហើយ ក៏ចូលទៅជិតនិយាយរាក់ទាក់ថា ម្នាលប្អូនស្រី ម្ចាស់នាងប្រហែលជាអផ្សុកស្ងាត់ណាស់ ព្រោះធនព្ជោយ្យបណ្ឌិតមិននៅ ចូរនាងប្រាប់បណ្តាំបងដល់នាងកល្យាណីផង ថាបណ្ឌិតនៅមានទៀតមិនទាន់អស់ទេ កុំភ័យភិតអ្វីឡើយ និយាយដូច្នេះហើយក៏ដើរចៀសចេញទៅ។ ស្រ្តីបំរើនាំពាក្យនោះទៅក្រាបទូលដល់នាងកល្យាណីៗ គិតថាអញនឹងបញ្ឆេតចាប់អ្នកប្រាជ្ញទាំង ៣ នេះអោយបាន ហើយក៏ហៅទាសកម្មកររបស់នាងទៅប្រាប់រឿងសំងាត់សព្វគ្រប់ ហើយបង្គាប់ឲ្យជីកអណ្តូងជិតកំពែងវាំង ដាក់ដងថ្លឹងលៃឲ្យល្មមដងថ្លឹងរំលងផុតទៅខាងក្រៅកំពែងវាំងបាន និងឲ្យធ្វើរានលក់ទំនិញក្បែរអណ្តូងនោះហើយឲធ្វើសាលាពីរ សាលាមួយឲ្យលក់ថ្នាំឳសថ មួយទៀតឳលក់គ្រឿងប្រដាប់ក្តារមឈូស និងតុទូជាដើម ឲ្យធ្វើសាលាមួយទៀតខ្ពស់ផុតកំពែងវាំងសម្រាប់នាងអង្គុយលេងលំហើយ។ ចាប់តាំងពីថ្ងៃនោះមក នាងកល្យាណីអគ្គនារីរ័ត្ន កាលបើថ្ងៃរសៀលត្រជាក់ហើយ នាងស្អិតស្អាងកាយយ៉ាងល្អស្រស់ទៅអង្គុយលើសាលាខ្ពស់នោះ និយាយលេងសើចក្អាកក្អាយជាមួយស្រ្តីបរិវាររបស់នាង។ ឯបណ្ឌិតទាំង៣ នាក់កាលបើត្រឡប់ពីគាល់ព្រះមហាក្សត្រហើយក៏ដើរទៅក្បែរកំពែងវាំងជិតសាលាដែលនាងកល្យាណីអង្គុយ។ បណ្តាបណ្ឌិតទាំង៣ នាក់នោះសុទ្ធរាលេយ្យបណ្ឌិតអត់ទ្រាំពុំបានដោយកាមតណ្ហាគ្របសង្កត់ខ្លាំង ក៏លួចដើរត្រលប់មកវិញមិនអោយបណ្ឌិត ២ នាក់ដឹងឡើយ។ កាលបើមកដល់ហើយក៏ចូលទៅជិតកំពែងវាំងក្បែរអណ្តូងទឹក ឃើញនាងពលត្ថីស្រីបំរើរបស់នាងកល្យាណីម្នាក់កំពុង ដងទឹកក៏និយាយខ្សឹបៗ និង ស្រ្តីនោះថាម្នាលប្អូនស្រីនាងបកដងទឹកក្នុងវេលាយប់ដូច្នេះព្រោះអ្វី? ស្រ្តីនោះប្រាប់តាមឧបាយរបស់នាងកល្យាណីថា បពិត្របណ្ឌិត ខ្ញុំនេះនាងកល្យាណីចាត់អោយមកចាំលោក ដើម្បីជំរាបការស្ងាត់កំបាំង។ សុន្ធរាលេយ្យបណ្ឌិត បានស្តាប់ពាក្យនោះហើយមានសេចក្តីរីករាយព្រឺព្រួចក្នុងចិត្តឥតឧបមា ព្រោះត្រូវចំណុចចិត្តរបស់ខ្លួន ទើបនិយាយទៅកាន់ស្រ្តីនោះថា ម្នាលប្អូនស្រីនាងអាចនាំបងចូលទៅក្នុងវាំង ដើម្បីប្រឹក្សាការសំងាត់ជាមួយនឹងនាងកល្យាណីបានឬ? ស្រ្តីនោះនិយាយថា ឳ! លោកអើយការនេះពិបាកណាស់មិនងាយទេ ព្រោះមានអ្នកចាំទ្វាច្រើនសង្កាត់ណាស់ លុះត្រាតែខ្ញុំទៅនិយាយឲ្យត្រូវនឹងអ្នកទាំងនោះសិនទើបបាន។ សុន្ធរាលេយ្យបណ្ឌិតស្តាប់ហើយនិយាយលួងលោមស្រ្តីនោះថា សូមប្អូនទៅគិតនឹងមនុស្សទាំងនោះឲ្យបងបានឬទេ? ស្រ្តីនោះថាមិនងាយទេ ប៉ុន្តែខ្ញុំមានឧបាយមួយ បើលោកព្រមតាមខ្ញុំប្រហែលចូលទៅបានងាយ គ្មានអ្នកណាដឹងឡើយ គឺខ្ញុំសង្កត់ដងថ្លឹងបង្វិលចេញទៅខាងក្រៅកំពែងវាំងវិញ បើលោកព្រមតាមខ្ញុំ ចាំស្អែកពេលយប់សូមលោកអញ្ជើញមក។ សុន្ធរាលេយ្យបណ្ឌិតថា បងត្រូវការតែយប់នេះឯង ចាំស្អែកមិនបានទេយូរណាស់។ ស្រ្តីនោះថា បើដូច្នេះឲ្យខ្ញុំធ្វើដូចម្តេចបើដងថ្លឹងនេះធ្ងន់ពេកខ្ញុំនឹងសង្កត់ម្នាក់ឯងមិនបានឡើយ បើលោកអោយប្រាក់មួយរយហាបណៈមកអោយខ្ញុំៗ ទៅជួលបុរសស្និតស្នាលនឹងខ្ញុំឲ្យមកជួយសង្កត់។ សុន្ធរាលេយ្យបណ្ឌិតស្តាប់ហើយត្រេកអរណាស់ ទើបយកឈ្នួតក្បាលខ្ចប់ប្រាក់មួយរយកហាបណៈបោះទៅស្រ្តីនោះៗ និយាយថាសូមលោករង់ចាំខ្ញុំមួយស្របក់សិន កុំអញ្ជើញទៅណាឆ្ងាយ និយាយដូច្នេះហើយ ក៏ទៅកាន់សំណាក់នាងកល្យាណីជំរាបកិច្ចការសព្វគ្រប់ នាងកល្យាណីស្តាប់បានសព្វអស់សេចក្តីហើយប្រើទាសីនោះអោយទៅហៅបុរសមានកំលាំងម្នាក់ មកបង្កាប់ថាអ្នកឯងត្រូវយកខ្សែចងដងថ្លឹងនោះអោយមាំហើយ យិតលោតរំលងទៅខាងក្រៅលំពែងវាំងទាញខ្សែអោយដងថ្លឹងនោះទាប មកអោយអាពាលនោះវាតោងដងថ្លឹង ហើយអ្នកឯងល្បួងចងវាអោយជាប់មាំនឹងដងថ្លឹងស្រេចហើយ សង្កត់លើកឲ្យត្រឡប់ចូលក្នុងកំពែងវាំងវិញ កុំស្រាយវាឡើយ អ្នកឯងរត់មកប្រាប់អញអោយឆាប់។ បុរសនោះទៅធ្វើការជាមួយនាងទាសី តាមបង្គាប់នាងកល្យាណីស្រេចហើយក៏រត់មកក្រាបទូលដល់នាង។ ឯសុន្ធរាលេយ្យបណ្ឌិតកាលបើជាប់ចំណងនឹងដងថ្លឹងហើយ ក៏មានសេចក្តីភិតភ័យញ័រញាក់សព្វខ្លួនប្រាណ សំងំនៅស្ងៀមឥតមាត់កឡើយ។ ឯនាងកល្យាណីអគ្គនារីរ័ត្ន កាលបើបុរសនិងទាសីក្រាបទូលហើយក៏បង្គាប់ថា ទុកវាចោលនៅទីនោះហើយកុំអាលស្រាយវា ចាំព្រឹកឡើងអ្នកទៅប្តឹងមហាមាត្យថា ល្ងាចមិញចោរទៅលួចដងទឹកអណ្តូងចាប់បានចងភ្ចាប់នឹងដងថ្លឹង សូមលោកទៅពិនិត្យមើលធ្វើទោសអោយតាមច្បាប់។ លុះដល់ព្រឹកឡើងមនុស្សទាំងឡាយនាំគ្នាមកគឹកកង ឯបណ្ឌិតពីរនាក់ទៀតគឺ ឥដ្ឋារម្មណបណ្ឌិត និង អភយបណ្ឌិតបានទៅមើលឃើញសុន្ធរាលេយ្យជាប់ចំណងដូចនេះ មានសេចក្តីអៀនខ្មាសគេគេចចេញទៅ ចំណែកខាងបុរសបំរើនាងកល្យាណីបានទៅប្តឹងមហាមាត្យៗ ចាត់អ្នករាជការទៅឃើញសុរន្ធរាលេយ្យបណ្ឌិតក៏មកជំរាបមហាមាត្យវិញ មហាមាត្យដឹងថាសុន្ធរាលេយ្យដូច្នោះ ក៏យកសេះជិះយ៉ាងលឿនមកដល់មួយរំពេច សួរថានែលោកបណ្ឌិតចុះហេតុអ្វីមកធ្វើយ៉ាងនេះមិនគួរសោះ។ សុន្ធរាលេយ្យបណ្ឌិតនៅស្ងៀម រកឆ្លើយថាដូចម្តេចមិនកើត ចេះតែឈ្ងោកធ្មេចភ្នែក ទើបមហាមាត្យប្រាប់បុរសបំរើអោយទៅទូលដល់ព្រះនាងកល្យាណីថា សុំដោះលែងសុន្ធរាលេយ្យបណ្ឌិត នាងកល្យាណីស្តាប់ហើយនាងចេញពីប្រាសាទទៅកាន់សាលាក្បែរអណ្តូងមានព្រះសុវណ្ណីថា បពិត្រមហាមាត្រតាមតែលោកពិចារណាតាមច្បាប់ចុះ ហើយនាងស្តីបន្ទោសតិះតៀលដល់សុន្ធរាលេយ្យយ៉ាងធ្ងន់អស្ចារ្យក្នុងកណ្តាលទីប្រជុំ ។ មហាមាត្រដោះលែងសុន្ធរាលេយ្យបណ្ឌិតពីដងថ្លឹងនាំទៅថ្វាយព្រះមហាក្សត្រ ៗ ទតឃើញហើយត្រាស់សួរថា ម្នាលសុន្ធរាលេយ្យបណ្ឌិត អញសំគាល់ថាឯង គ្រាន់បើ ចុះហេតុអ្វីបានជាឯងធ្វើដូចនេះ ឯងចង់ចូលទៅប្រលោមនាងកល្យាណីឬ? សុន្ធរាលេយ្យបណ្ឌិតទូលត្រង់ថាពិតមែន សូមមហារាជ្យទ្រង់មេត្តាព្រះ រាជទានអភ័យទោស។ ព្រះរាជាទ្រង់សណ្តាប់ហើយទ្រង់ខ្ញាល់ជាខ្លាំង មានព្រះរាជឪង្កាថាអាចង្រៃព្រហើន អាឯងហ៊ានទៅប្រលោមកូនប្រសារអញ។ សុរន្ធរាលេយ្យបណ្ឌិតភ័យញ័រខ្លួនថ្វាយបង្គំលាយកន្សែងទទូជិតក្បាលរត់ទៅ។ ដល់ព្រឹកឡើងឥដ្ឋារម្មណបណ្ឌិតគិតថា សុន្ធរាលេយ្យបណ្ឌិតល្ងង់មិនឆ្លាតបានជាអោយគេចាប់បាន ចាំអញទៅម្តងប្រលោមនាងកល្យាណីឲ្យបានដូចបំណងប្រាថ្នា។ លុះដល់ថ្ងៃរសៀលក៏ដើរទៅក្បែរសាលានាងកល្យាណី ធ្វើអាការៈទៅ មកៗ នាងកល្យាណីឃើញហើយគិតថា អញចាប់ចងបណ្ឌិតនេះមួយទៀត ក៏ដើរចូលទៅក្នុងប្រសាទប្រាប់នាងពលត្ថីស្រីបំរើដូចពេលមុន នាងពលត្ថីក៏ចុះទៅជួបនឹងឥដ្ឋារម្មណបណ្ឌិត និយាយការអោយពាក្យសំដីល្មមបណ្ឌិតនោះទុកចិត្ត ឯបណ្ឌិតនោះកាលបើទុកចិត្តជឿនាងពលត្ថីហើយក៏សួរថានាងជួយរកឧបាយធ្វើដូចម្តេចឲ្យបងចូលទៅស្រួល នាងថាបើលោកតាមខ្ញុំៗ ជួយអោយកើតការ ប៉ុន្តែលោកត្រូវអោយលុយខ្ញុំមួយរយកហាបណៈ យកទៅជួលគេជីករណ្តៅទម្លុះកំពែងវាំង លុះជីកហើយ លោកចូលចេញតាមប្រហោងរណ្តៅនោះបានស្រួលឥតមានអ្នកណាដឹងឡើយ ម្យ៉ាងទៀតសូមលោកកុំប្រញាប់ ចាំស្អែកល្ងាចសឹមអញ្ជើញមក។ ឥដ្ឋារម្មណបណ្ឌិតយល់ថាស្រួលមែន ក៏អោយលុយមួយកហាបណៈទៅនាងពលត្ថីៗ ក៏ចូលទៅក្រាបទូលដល់នាងកល្យាណីៗ ចាត់អោយមនុស្សជីករូងទម្លុះកំពែងវាំង ឲ្យយកកន្ទេលគ្របជិតហើយ ឲបុរសពីរនាក់នៅក្នុងរណ្តៅ ពីរនាក់ទៀតពួនចាំខាងក្រៅ ឲ្យចាំចាប់ឥដ្ឋារម្មណបណ្ឌិត ចងស្លាបសេករុំកន្ទេលយកទៅចងនឹងសសរខឿនកណ្តាលព្រះនគរ ត្រង់ផ្លូវបំបែកជាបួន។ មនុស្សទាំងនោះក៏ចាត់ចែងតាមបង្គាប់នាង។ លុះដល់ពេលត្រលប់ឥដ្ឋារម្មណបណ្ឌិតមកដល់ នាងពលត្ថីឈរចាំក្បែរមាត់រូងប្រាប់ថា រូងជួលគេធ្វើស្រេចហើយ សូមលោកអញ្ជើញចូលប្រញាប់ចុះ។ ឥដ្ឋារម្មណត្រេកអរណាស់ នឹកថាអញដើរតាមឧបាយនាងពលត្ថីនេះស្រួលហើយ មិនដូចសុរន្ធរាលេយ្យបណ្ឌិត ឲ្យគេចាប់ចងភ្ជាប់នឹងដងថ្លឹងនោះទេ កំពុងតែដើរចូលទៅក្នុងរូងបានពាក់កណ្តាល បុរសពីរនាក់នៅក្នុងរូងចាប់ជាប់យកខ្សែចងស្លាបសេក បុរសពីរនាក់ទៀតយកកន្ទេលរុំហើយទៅទូលដល់នាងកល្យាណីៗ ចុះពីប្រសាទឲទាសីអុជប្រទីបភ្លឺព្រោងព្រាតមើលមុខឥដ្ឋារម្មណបណ្ឌិត ហើយស្តីបន្តុះបង្អាប់អស់ចិត្ត ដល់យប់ស្ងាត់ឲ្យបុរស ៤នាក់នាំយកទៅចងភ្ជាប់នឹងសរសរខឿនកណ្តាលព្រះនគរត្រង់ផ្លូវបំបេកជា ៤ ដល់ព្រឹកឡើងមហាជនបានឃើញ ហើយផ្អើលឆោឡោទៅប្តឹងមហាមាត្រៗ មកពិនិត្យស្រាយកន្ទេល មើលឃើញឥដ្ឋារម្មណបណ្ឌិត សួរដឹងហេតុសព្វគ្រប់នាំទៅថ្វាយ ព្រះមហាក្សត្រៗ ត្រាស់សួរថាហេតុអ្វីបានជាអ្នកជាប់ចំនង? បណ្ឌិតនោះក្រាបទួលតាមត្រង់ថា ទោសដែលជាប់ចំណងនេះមកពីនាងកល្យាណី។ ព្រះមហាក្សត្រត្រាស់សួរបញ្ជាក់ថា អ្នកឯងទៅប្រលោមស្រលាញ់នាងកល្យាណីឬ? បណ្ឌិតនោះក្រាបទូលថាពិតមែន។ ព្រះមហាក្សត្រទ្រង់ខ្ញាល់ដេញឲ្យចេញពីទីនេះឆាប់។ ឥដ្ឋារម្មណបណ្ឌិតមានសេចក្តីខ្មាសអៀនខ្លាំង យកសំពត់ទទូក្បាលរត់ចេញទៅ។ ដល់ថ្ងៃក្រោយទៀតអភយបណ្ឌិតគិតថា បណ្ឌិតពីរមិនឆ្លាតចង់ស្រីប៉ុណ្ណេះមិនបាន ចាំអញម្តង គិតដូច្នេះហើយដល់ពេលរសៀល ស្លៀកពាក់ខោអាវស្អាតបាតទៅក្បែរសាលានាងកល្យាណីនារីរ័ត្នធ្វើអាការៈទៅមកៗ។ នាងកល្យាណីឃើញហើយ ក៏ប្រើអ្នកបំរើទៅហៅពាណិជអ្នកលក់ក្តារមឈូសទាំង៤ នាក់អោយចូលគាល់ហើយនាងបង្គាប់ពាណិជថា អ្នកទាំងឡាយដ៏ចំរើន អ្នកអាចឲ្យអភយបណ្ឌិតចូលទៅក្នុងក្តារមឈូស បានដោយឧបាយបែបណា អ្នកត្រូវធ្វើដោយឧបាយនោះចុះ កាលបើបានចូលទៅក្នុងក្តារមឈូសហើយ ត្រូវបិទអោយជិតសែងយកមកក្នុងវាំង ហើយមកប្រាប់យើង? អ្នកលក់ក្តារមឈូសទាំង ៤ នាក់ទូលថាអាចធ្វើបានដោយងាយ ក៏ថ្វាយបង្គំលានាងចេញទៅគួរសមរាក់ទាក់នឹងអភយបណ្ឌិតៗ ឃើញជនទាំង៤ ស្និទស្នាលនឹងខ្លួនល្មមទុកចិត្តបានហើយក៏និយាយការសំងាត់ជាមួយថា ម្នាលអ្នកដ៏ចំរើនអ្នកអាចនាំខ្ញុំទៅជួបជាមួយនាងកល្យាណីបានឬ? ជនទាំង ៤ នាក់ថាការចូលទៅពិបាកណាស់ ព្រោះមានអ្នកយាមទ្វារច្រើនកន្លែងប៉ុន្តែខ្ញុំតែងយកក្តារមឈូសទៅទុកក្នុងវាំង បើលោកព្រមតាមខ្ញុំអាចចូលទៅបានងាយ លោកឲ្យខ្ញុំតែមួយរយកហាបណៈម្នាក់បានហើយ ខ្ញុំយកទៅគិតគូរនឹងអ្នកដែលស្និទស្នាលនឹងនាងកល្យាណី។ អភយបណ្ឌិតលឺជនទាំង៤ នាក់និយាយឲ្យន័យដូច្នោះមានសេចក្តីត្រេកអរណាស់ យកលុយ ៤រយកហាបណៈអោយភ្លាម។ ជនទាំង ៤ នោះប្រាប់តាមឧបាយនាងកល្យាណីថា លោកត្រូវចូលទៅដេកក្នុងមឈូសសម្ងំឲ្យស្ងៀម ខ្ញុំទាំង ៤ នាក់គ្របអោយជិត ហើយនាំគ្នាសែងចូលទៅក្នុងវាំង លុះចូលទៅដល់ហើយ ខ្ញុំទៅជំរាបនាងកល្យាណីអោយចុះមកជួបនឹងលោក។ អភយបណ្ឌិតទទួលព្រមថាស្រួលហើយ ខ្ញុំតាមទាំងអស់ ។ ជនទាំង ៤ នាក់ក៏នាំទៅក្នុងផ្ទះឲ្យចូលទៅដេកក្នុងក្តារមឈូស លុះដេកហើយយកក្តារគម្របគ្របចងយ៉ាងជិត សែងចូលទៅក្នុងវាំង យកទៅដាក់ក្បែរប្រាសាទ ទើបទៅទូលដល់នាងកល្យាណីៗ ចុះមកឲ្យបុរសយកដែកគោលវាយយ៉ាងជិត ហើយតិះដៀលបន្ទោសបង្អាប់យ៉ាងអស្ចារ្យ ដល់វេលាជិតភ្លឺឲ្យបុរស ៤នាក់សែងយកទៅដាក់ក្បែរសួនមុខវាំង ដល់ភ្លឺច្បាស់មហាជនប្រុសស្រីដើរទៅមកឃើញក្តារមឈូស ក៏នាំគ្នាផ្អើលស្រែកឆោឡោលាន់ឮទ្រហឹងថា អ្នកណាយកខ្មោចមកចោលនៅមុខវាំងនេះ យើងទាំងឡាយត្រូវនាំគ្នាសែងយកទៅដុត អភយបណ្ឌិតឮថាគេសែងយកទៅដុតដូច្នោះ ភ័យណាស់ខំរើបំរាស់យ៉ាងខ្លាំង ប៉ុន្តែមិនអាចធ្វើក្តារមឈូសនោះអោយរបើកឡើយ។ មហាជនឮសូររើបំរាស់ដូច្នោះដឹងច្បាស់ថាខ្មោចនេះនៅរស់ទេ ក៏នាំគ្នាគាស់ក្តារមឈូសមើលឃើញអភយបណ្ឌិតដេកផ្ងាធ្វើមុខក្រៀមសូរមិននិយាយ រាជបុរសក៏នាំទៅថ្វាយស្តេច។ ព្រះរាជាត្រាស់សួរថាហេតុអ្វីអ្នកឯងធ្វើយ៉ាងនេះ អភយបណ្ឌិតឆ្លើយទូលតាមការពិតថាមកពីនាងកល្យាណី។ ព្រះរាជាត្រាស់សួរបញ្ជាក់ទៀតថា អ្នកឯងទៅប្រលោមស្រលាញ់នាងកល្យាណីឬ? ក្រាបទូលពិតមែន។ ព្រះរាជាទ្រង់ខ្ញាល់ដេញឲ្យចេញពីទីនោះឆាប់ៗ អភយបណ្ឌិតយកសំពត់ទទូក្បាលរត់ទៅ លែងហ៊ានដើរចេញវាលមិនអោយអ្នកណាឃើញឡើយ។ ចាប់ដើមពីថ្ងៃនោះមកឧជុកសេនាបតីដែលជាសត្រូវព្រះពោធិសាត់ គិតពិចារណាថាបណ្ឌិត ៣ នាក់អប្បឥតប្រាជ្ញាឲ្យស្រីបោកបាន បើដូច្នេះអញទៅចែចង់យកនាងកល្យាណីឲ្យបាន គិតដូច្នេះហើយដល់វេលាថ្ងៃរសៀល ក៏ជិះដំរីទៅចុះក្បែរសាលានាងកល្យាណី ដើរមើលផ្សារដែលនាងកល្យាណីឲ្យឈ្មួញលក់ឥវ៉ាន់។ ពេលនោះនាងកល្យាណីកំពុងអង្គុយលើសាលា នាងឃើញអាការៈរបស់សេនាបតីប្លែកទើបនាងធ្វើជាសើចក្អាកក្ងាយជាមួយពួកឈ្មួញថ្លែងអាការៈ ហាក់ដូចជាត្រូវការនឹងសេនាបតី មួយស្របក់នាងចូលទៅក្នុងប្រាសាទបាត់ទៅ។ ឯឧជុកសេនាបតីបានឃើញរូបនាង និងអាការៈរបស់នាង ក៏មានសេចក្តីស្នេហាយ៉ាងក្រៃលែង សូរពួកឈ្មួញសួរថាមានលក់ខ្លឹមចន្ទន៍ក្រហមទេ? ឈ្មួញថាមាន បើមានស្អែកយកទៅឲ្យខ្ញុំឯផ្ទះទាំងអស់។ ឧជុកសេនាបតីដែលអោយឈ្មួញយកខ្លឹមចន្ទន៍ទៅឯផ្ទះខ្លួននោះ ដើម្បីនិយាយឲ្យជួយគិតការប្រលោមនាងកល្យាណី។ ដល់ព្រឹកឡើងនាងកល្យាណីហៅឈ្មួញទៅសួរដឹងរឿងសព្វគ្រប់នាងប្រាប់ឧបាយថាៈ ថ្ងៃបន្តិចអ្នកឯងយកខ្លឹមចន្ទន៍ទៅលក់ឲ្យសេនាបតី ហើយប្រាប់ថានាងកល្យាណីប្រហែលជាត្រូវការនឹងលោក បានជាក្នុងពេលដែលលោកអញ្ជើញទៅរកខ្លឹមចន្ទន៍ នាងមានសេចក្តីរីករាយសើចក្អាកក្អាយក្នុងទីចំពោះមុខលោកបើអ្នកនិយាយដូច្នេះ សេនាបតីមុខតែពឹងឲ្យអ្នកជួយគិតការដើម្បីអញពុំខាន អ្នកត្រូវប្រាប់ថាអ្នកប្រាជ្ញ ៣ នាក់មុនបានជាមានទោសគេចាប់ទៅថ្វាយស្តេច ព្រោះទៅគិតការនឹងនាងកល្យាណី បើសិនជាគិតនឹងខ្ញុំបានសម្រេចដោយងាយ អ្នកត្រូវប្រាប់ថាបើលោកឲ្យខ្ញុំជួយគិតលោកត្រូវតាមខ្ញុំទាំងអស់ ព្រោះនាងកល្យាណីតែងយាងមកលេងក្នុងបន្ទប់ខ្ញុំ ចំណែកលោកត្រូវទៅផ្ទះពីខ្ញុំពីព្រលឹម កុំឲ្យអ្នកណាឃើញ ទៅដល់ខ្ញុំឲ្យលោកចូលទៅនៅក្នុងហិបខាងក្នុងបន្ទប់ ដល់នាងកល្យាណីចូលទៅក្នុងបន្ទប់លោកបើកហិបចេញមកជួបគ្នាហើយ ធម្មតាស្រ្តីក្មេងឥតប្តីយូរថ្ងៃបានជួបនឹងបុរសក្នុងទីស្ងាត់តែពីរនាក់ឥតប្រកែកអ្វីឡើយ។ ឧជុកសេនាបតីជាមនុស្សមានរាសីទន់ កាលបើឈ្មួញយកខ្លឹមចន្ទន៍ទៅអោយនិយាយតាមឧបាយនាងកល្យាណីបង្គាប់ហើយ មានសេចក្តីត្រេកអរក្រៃលែងយកលុយឲ្យឈ្មួញមួយរយកហាបណៈថែមលើថ្លៃខ្លឹមចនន្ទ៍ទៀត។ ឈ្មួញត្រលប់មកផ្ទះទៅទូលនាងកល្យាណីថាបានការហើយ នាងប្រាប់ថែមទៀតថា បើវាចូលទៅក្នុងហិបហើយបិទចាក់សោរឲ្យជាប់មកប្រាប់ខ្ញុំៗ នឹងឲ្យបុរសសែងដើរតាមខ្ញុំយកទៅថ្វាយស្តេច។ ចំណែកឧជុកសេនាបតីកាលបើដល់ព្រឹកហើយ ក៏រៀបចំខ្លួនប្រាណដើរចូលទៅក្នុងផ្ទះឈ្មួញឥតឲ្យអ្នកណាដឹងឡើយ ទៅដល់ឈ្មួញថ្លែងអាការៈគួរសមនាំចូលទៅក្នុងបន្ទប់ បើកហិបឲ្យចូលទៅអង្គុយស្រួលបួលបិទគ្របសង្កត់ជាប់ចាក់សោហើយ រត់ទៅអញ្ជើញនាងកល្យាណីៗ នាងកល្យាណីៗ យាងចូលមកឥតឮមាត់ឡើយ ឲ្យបុរស ៤ នាក់សែងដើរតាមក្រោយនាងចូលទៅកាន់ព្រះរាជមន្ទីរ។ ពេលនោះព្រះរាជាកំពុងប្រឹក្សាការជាមួយនាហ្មឺនមុខមន្រ្តីគ្រប់ក្រសួង បាត់តែឧជុកសេនាបតីមួយ ស្រាប់តែនាងកល្យាណី និងបុរស ៤ នាក់សែងហិបចូលទៅ ដាក់ហិបកណ្តាលទីប្រជុំ។ ព្រះរាជាទតឃើញហើយត្រាស់សួរថាម្នាល នាងដ៏ចំរើនមានការអ្វី? ហិបនេះដាក់អ្វី? នាងកល្យាណីទូលថា ហិបនេះដាក់ចោរ។ ព្រះរាជាត្រាស់សួរថានាងបានឃើញចោរឈ្មោះអ្វី? ក្រាបទូលមិនឃើញទេ។ ព្រះរាជាឲ្យរាជបុរសចាក់សោបើកឡើង ឃើញឧជុកសេនាបតីអង្គុយឈ្ងោកធ្មេចភ្នែក ព្រះរាជាទ្រង់ក្រោធពិរោធស្តីតិះដៀលថា នែអាពាលចង្រៃអាឯងខូចណាស់ប្រាកដជាទៅមើលកូនប្រសារអញហើយ។ ឧជុកសេនាបតីទាល់ប្រាជ្ញនៅស្ងៀម ទើបនាងកល្យាណីអគ្គនារីរត្ន ទូលតាមដំណើររឿងសព្វគ្រប់តាំងពីរឿងបណ្ឌិត ៣ នាក់មក។ ព្រះរាជាទ្រង់សណ្តាប់ ហើយត្រាស់បង្គាប់ឲ្យរាជបុរសទៅហៅបណ្ឌិត៣នាក់មកសួរ បណ្ឌិតទាំង៣ ឆ្លើយថាដែលទួលបង្គំភ្លាត់គំនិតធ្លាក់ខ្លួនទៅមានទោស ក៏មកតែអំពើឧជុកសេនាបតីនេះឯងជាអ្នកពន្យល់ដឹកនាំ។ ព្រះរាជាទ្រង់ក្រោធពិរោធជាខ្លាំងបន្លឺព្រះសូរសីហនាទកណ្តាលទីប្រជុំថា ឧជុកៈនេះលាមកអាក្រក់បំផុតក្នុងលោក អញលែងត្រូវការសេពគប់ជាមួយហើយ នាយពេជ្ឈឃាតចូរយកច្រវាក់មកទាក់កអាពាលទាំង៤ នេះយកទៅចងទុកក្នុងគុកចាំធនព្ជោយ្យបណ្ឌិតកូនអញមក អញនឹងធ្វើទោសជាទម្ងន់ ។ ឯនាងកល្យាណីអគ្គនារីរ័ត្ន ស្តាប់ព្រះរាជឳង្កាហើយត្រាស់តបវិញថាៈ បពិត្រព្រះភូមិន្រ្ទ ទោសរបស់ជនទាំង ៤ នាក់នេះគួរណាស់តែខ្ញុំព្រះអង្គសូមទោស ប៉ុន្តែបើខ្ញុំព្រះអង្គសូមទៅ ព្រះអង្គក្តី ស្វាមីខ្ញុំព្រះអង្គក្តី នឹងរង្គៀសចិត្តចំពោះខ្ញុំព្រះអង្គថា ប្រហែលជាប្រព្រឹត្តអនាចារ ជាមួយជនទាំង ៤ នាក់នេះ បានជាមានចិត្តមេត្តាសូមទោសឲ្យ ព្រោះហេតុនេះខ្ញុំម្ចាស់មិនសូមទោសដល់ជនទាំង ៤ នាក់នេះទេ ។ ព្រះនាងកល្យាណីថ្វាយបង្គំលាព្រះរាជបិតាត្រឡប់ទៅលំនៅរបស់ព្រះនាងវិញ ។ ចំណែកខាងជនទាំង ៤ នាក់គឺ ឧជុកសេនាបតី១ សុន្ធរាលេយ្យបណ្ឌិត១ ឥដ្ឋារម្មណបណ្ឌិត១ អភយបណ្ឌិត១ ពិជ្ឈឃាតបាននាំយកទៅដាក់ក្នុងគុក ដល់នូវសេចក្តីទុក្ខវេទនាក្នុងកាលនោះឯង ។ រឿងនេះសង្ខេបតែប៉ុណ្ណោះ ដើម្បីជាទិដ្ឋានុគតិបំភ្លឺឲ្យឃើញច្បាស់ថា ភ្លើងរាគៈតែងដុតកំឡោចសត្វ ដែលល្ងង់ឥតអប្បបញ្ញា ដែលស្រវឹងងប់ក្នុងកាមរាគ ដែលប្រព្រឹត្តអបាយមុខ ដែលលង់គំនិតទៅក្នុងស្រ្តីភាព ដែលមានចំណង់គ្របសង្កត់ស៊ប់ ឲ្យវិនាសអន្តរាយចាកយសស័ក្តិ ទ្រព្យសម្បត្តិ និង ប្រយោជន៍ក្នុងលោកទាំងពីរដោយពិតដូចរឿងរ៉ាវដែលបាននាំមកសំដែងនេះឯង ។ ដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក ។ ដោយ៥០០០ឆ្នាំ |