អានអត្ថបទ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៨,៨២០ ដង)
មិត្តមានសន្ដានល្អ

|
ម្នាលគហបតិបុត្ត មនុស្ស ៤ ពួកនេះ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ គឺ មិត្តមានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថាជាមិត្តមានសន្ដានល្អ ១ មិត្តមានសេចក្ដីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្ដានល្អ ១ ។
ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ រក្សាមិត្តដែលធ្វេសប្រហែល ១ រក្សាសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្ដីភិតភ័យ ១ កាលបើកិច្ចដែលត្រូវធ្វើកើតឡើងហើយ តែងជួយផ្ដល់ភោគៈជាទ្វិគុណជាងទ្រព្យដែលមិត្តត្រូវការនោះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ប្រាប់នូវអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវអាថ៌កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ ១ សូម្បីជីវិតក៏ហ៊ានលះបង់ដើម្បីប្រយោជន៍ដល់មិត្ត (ស៊ូប្ដូរជីវិត) ១។ ម្នាលគហបតិបុត្តមិត្តរួមសុខទុក្ខ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាង គឺ ហាមមិត្តឲ្យឃ្លាតចាកអំពើអាក្រក់ ១ ដឹកនាំឲ្យមិត្តតម្កល់នៅតែក្នុងអំពើល្អ ១ ឲ្យបានស្ដាប់ពាក្យដែលមិនធ្លាប់បានស្ដាប់ ១ ប្រាប់ផ្លូវឋានសួគ៌ ១។ ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។ ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងគឺ ជួយព្រួយចិត្តពីព្រោះមិត្តបានសេចក្ដីវិនាស ១ ជួយត្រេកអរ ព្រោះមិត្តបានសេចក្ដីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរតែមនុស្សដែលពណ៌នាគុណមិត្ត ១។ ម្នាលគហបតិបុត្ត មិត្តមានសេចក្ដីឈឺឆ្អាល ជាមិត្តមានសន្ដានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់បានសម្ដែងសេចក្ដីនេះ លុះព្រះសុគតជាសាស្ដាត្រាស់សេចក្ដីនេះហើយ ទើបទ្រង់សម្ដែងពាក្យជាគាថាព័ន្ធ តទៅទៀតថា (ជាសេចក្ដីប្រែ) មិត្តដែលមានឧបការៈ សម្លាញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ប្រយោជន៍ មិត្តដែលមានសេចក្ដីឈឺឆ្អាល។ បណ្ឌិតស្គាល់ជាក់នូវបុគ្គលទាំង ៤ ពួកនុ៎ះថាជាមិត្តមែនទែនហើយគប្បីចូលទៅអង្គុយជិតស្និទ្ធស្នា ដូចជាមាតានិងបុត្តដែលកើតពីទ្រូង។ អ្នកប្រាជ្ញបរិបូរណ៌ដោយសីល តែងរុងរឿងដូចជាភ្លើងដែលភ្លឺដូច្នោះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជាគំនរដូចជាឃ្មុំដូច្នោះឯង។ ភោគៈទាំងឡាយតែងដល់នូវការពូនជាគំនរ ដូចជាដំបូកដែលកណ្ដៀរពូនដូច្នោះឯង។ គ្រហស្ថក្នុងត្រកូល បានសន្សំភោគៈទាំងឡាយយ៉ាងនេះហើយ ទើបអាង (តាំងខ្លួន)។ កុលបុត្តដែលចែកភោគៈទាំងឡាយជា ៤ ចំណែកគឺ បរិភោគទាំងឡាយ ១ ចំណែកប្រកបការងារពីរចំណែក ទាំងតម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយ (ទៅខាងមុខ) កុលបុត្រនោះឈ្មោះថា ចងបាច់មិត្តទាំងឡាយបាន។ ដកស្រង់ចេញពីសៀវភៅ មិត្តល្អ រៀបរៀងដោយ សុវណ្ណជោតោ ភួង សុវណ្ណ ដោយ៥០០០ឆ្នាំ |