អានអត្ថបទ
ផ្សាយ : ១៩ មករា ឆ្នាំ២០២២ (អាន: ១៨,៤៣៤ ដង)
ឆាកល្ខោនជីវិត

|
រឿងជីវិតដែលយើងបានដឹងក្នុងការរស់នៅបច្ចុប្បន្ននេះ វារមែងកើតឡើងហើយមានការសម្ដែងនូវរឿងជីវិត ឆ្លុះបញ្ចាំងឲ្យយើងដឹងរឿងពិតដែលមានការលំបាកលំបិន ធ្វើឲ្យមនុស្សយើងមានសេចក្ដីតស៊ូ ពុះពារ ធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីតម្រូវការរបស់ខ្លួនឯង ទាំងនេះហើយបានជាលើកយកមកជាប្រធានបទក្នុងការពិចារណា។ ពេលវេលាចេះតែកន្លងទៅមិនងាយនឹងបុគ្គលណា អាចដឹងអំពីជីវិតដែលមានសព្វថ្ងៃនេះ មិនងាយនរណាម្នាក់អាចដឹងបានទេពេលណាដែលយើងបានពិចារណារឿងរ៉ាវអំពីជីវិត ធ្វើឲ្យចិត្តបានសុខស្ងប់។ ពេលនោះងាយស្រួល សម្រាប់ជីវិតដែលត្រូវដើរតួសម្ដែងក្នុងឆាកជីវិតនេះ។ ឆាកល្ខោនជីវិត រឿងភាគសម្ដែងបង្ហាញឈុតឆាក សប្បាយលំបាកជួបព្រាត់រីងរៃ ស្រេចលើអ្នកតែងលៃលកបំភ្លៃ រៀបចំអត្ថន័យហាក់ដូចរឿងពិត។ រឿងខ្លះសម្ដែងកម្សត់អន់ក្រ រស់ទាំងត្រដរព្រាត់ប្រាសស្នេហ៍ស្និទ្ធ ខ្លះជាសេដ្ឋីជាស្ដេចយ៉ាងពិត ខ្លះក៏ជាមិត្តបម្រើគេ។ ក្នុងរឿងមួយៗតែងមានវែងខ្លី មានប្រុសមានស្រីច្រើនកាំភ្លេ ខ្លះដើរតួរកាចត្រូវបានគេជេរ តួស្លូតទំនេរតែងគេអាណិត។ ឯអ្នកខ្លះទៀតឆ្លៀតដើរតួក្បត់ ខ្លះធ្វើកម្សត់ខំច្នៃប្រឌិត ធ្វើក្លែងក្លាយសោះហាក់ដូចជាពិត អ្នកមើលខ្លោចចិត្តអ្នកខ្លះសោកា។ តួអ្នកសម្ដែងគេដឹងទាំងអស់ មិនមានចន្លោះយល់សព្វកិច្ចការ ព្រោះមានអ្នកប្រាប់អ្នកតែងស្ដីថា សាកសមអស្ចារ្យដូចរឿងពិតៗ។ នេះគឺរឿងល្ខោនដែលគេតាក់តែង ហើយរៀបសម្ដែងប្រាប់ពីជីវិត ត្រៀមហើយដើរតួមើលទៅជិតស្និទ្ធ ខ្លះគេឱបរឹតយ៉ាងសមសោភា។ យ៉ាងណាជីវិតទាំងអស់ប្រុសស្រី កើតក្នុងលោកិយក៏មានដូចគ្នា មានជួបមានព្រាត់ខ្លះក៏កំព្រា លំបាកវេទនាគ្មានដែលលោះថ្ងៃ។ រឿងរ៉ាវឧបសគ្គមានគ្រប់កន្លែង វិលវល់ដូចផ្សែងទុក្ខសោកពេកក្រៃ ទឹកភ្នែកស្រក់ហូរគ្មានដែលសំចៃ ឧបទ្រព្យចង្រៃគ្មានស្រាកម្ដងណា។ នេះគឺបញ្ចក្ខន្ធនៃយើងគ្រប់ប្រាណ មិនយូរប៉ុន្មានត្រូវចោលឥតការ រស់នៅសុខៗត្រូវស្លាប់មរណា ចោលស្រែចម្ការផ្ទះប្រពន្ធប្ដី។ ជីវិតប្រៀបដូចជាការសម្ដែង រៀបចំចាត់ចែងនៅក្នុងភពបី អ្នកតែងគឺកម្មគ្មានត្រាប្រណី អ្នកក្រសេដ្ឋីចាត់មិនរើសមុខ។ ពេលខ្លះឲ្យធំមានបុណ្យសក្ដិយស ឋានៈខ្ពង់ខ្ពស់ខ្លះដូចជាប់គុក ពេលខ្លះឲ្យសុខខ្លះក៏ឲ្យទុក្ខ ខ្លះជួបឪពុកព្រាត់ប្រាសពីម៉ែ។ ខ្លះស្លាប់ពីក្មេងខ្លះរស់ដល់ចាស់ ខ្លះមានប្រាក់កាសចាយជាហូរហែ ខ្លះនៅទីក្រុងអ្នកខ្លះនៅស្រែ ខ្លះទុក្ខឥតល្ហែអ្នកខ្លះសុខសាន្ត។ តាមពិតជីវិតបីដូចឆាកល្ខោន ប្រសើរអាប់ឱនមានគ្រប់សព្វប្រាណ បើខ្លួនខ្ពង់ខ្ពស់សាងគុណកុំខាន រឿងចប់ថ្មើរម៉ានបានបុណ្យជាគ្នា។ បើខ្លួននៅក្រឲ្យក្រទៅចុះ ឲ្យតែចិត្តស្មោះព្រមស្ដាប់ធម្មា គង់មានថ្ងៃមួយអាចរួចចាកពៀរ ឡើងជិះនាវាផុតទុក្ខវិបរិត។ អស់លោកសប្បុរសជាទីស្នេហា ស្ដាប់គិតចុះណាឆាកល្ខោនជីវិត កុំលង់ចាញ់បោកកិលេសនែបនិត្យ ចូរស្ដាប់ធម៌ពិតនៃព្រះជិនស្រី។ ដោយសាមណេរ សា ចាន់រ៉ាត់ ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌ រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា ដោយ៥០០០ឆ្នាំ |